វិស័យ​ឯកជន​កំពុង​ទាមទារ​ឱ្យមាន​ការ​ត្រួតពិនិត្យ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​កាលពីថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០១០​នេះបាន​លើកឡើង​ថា ការ​ទៅ​ពិនិត្យ​សុខភាព​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​មិនបាន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យ​កម្មករ-កម្មការិនី​ត្រូវ​ប្រឈម​មុខ​ជាមួយ​ផល​ប៉ះពាល់​ផ្នែក​សុខភាព​នៅពេល​បំពេញ​ការងារ និង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​គោលការណ៍​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​ថា គោលការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ទាមទារ​ឱ្យ​គ្រប់គ្នា​ទៅពិនិត្យ​សុខភាព​ដើម្បី​ផែនការ​កាត់បន្ថយ​ភាព​ក្រីក្រ។ លោក​បន្តថា ការ​ពិនិត្យ​សុខភាព​មិនបាន​ដិតដល់​អាច​នាំមក​នូវ​ផល​ប៉ះពាល់​ជាច្រើន ដូចជា​កត្តា​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន និងការ​ចំណាយ​អស់​ថវិកាច្រើន​ក្នុងការ​ព្យាបាល ជម្ងឺ​ក្នុងពេល​កំពុង​ឈឺ។ លោកបាន​ថ្លែងថា ការ​ត្រួត​ពិនិត្យ​សុខភាព​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ទៅដល់​បុគ្គល។ ឧទាហរណ៍ ប្រសិនបើ​យើង​ទៅពិនិត្យ​សុខភាព​ក្នុងពេល​មិនទាន់​ឈឺ​ហើយ​បានដឹង​ថា យើងឈឺ​ជម្ងឺ​អ្វីមួយ​នោះ យើងអាច​ធ្វើការ​ព្យាបាល​បាន​ទាន់ពេល​វេលា​ភ្លាម ហើយ​មិនបាន​ចំណាយ​អស់​ថវិកា​ច្រើន ដូចពេល​ដែល​ចាប់ផ្តើម​ឈឺភ្លាម​ទៅព្យាបាល​ភ្លាម​នោះទេ។ ព្រោះ​ការ​ព្យាបាល​នៅពេល​ឈឺ ត្រូវការ​ថវិកា​ច្រើន ដូច្នេះវា​អាចធ្វើ​ឱ្យមាន​ការ​ខាតបង់​ដល់​គោលការណ៍​កាត់បន្ថយ​ភាពក្រីក្រ​ដែរ។

កម្មករ-កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ប្រមាណ​៣០ម៉ឺននាក់​នៅ​កម្ពុជា​ត្រូវ​ទាមទារ​ឱ្យទៅ​ពិនិត្យ​សុខភាព ដើម្បី​ឱ្យដឹង​ពីកាយ​សម្បទា​ក្នុងការ​បំពេញ​ការងារ​នៅតាម​រោងចក្រសហគ្រាស​ផ្សេងៗ។

កញ្ញា ទ្រី ចន្នី អាយុ២៣ឆ្នាំ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ សាំម ហ៊ាន់ បាន​ប្រាប់ឱ្យ​ដឹងថា កញ្ញា​ធ្លាប់បាន​មក​ពិនិត្យ សុខភាព​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​បានចំនួន​ពីរដង​រួចហើយ ដោយ​ការ​ពិនិត្យនេះ​ត្រូវបាន​ធ្វើឡើង​មិនមាន​លក្ខណៈ​ដិតដល់​នោះទេ គឺ​គ្រាន់តែ​ធ្វើការ​បំពេញ​ឈ្មោះ​លើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ពិនិត្យ ហើយយក​ក្រដាស​ប្រវត្តិរូប​នោះ​ទៅកាន់​បន្ទប់ទី១ ទី២ ទី៣ និង ទី៤ រួច​ជួសឈាម​រង់ចាំ​យក​សំបុត្រ​បញ្ជាក់​ត្រឡប់​មកវិញ​គឺចប់​តែម្តង។ កញ្ញា​បន្តថា គ្រូពេទ្យ​មិនបាន​ប្រាប់​ឲ្យខ្ញុំ​មក​ក្រសួង​ការងារ​ម្តងទៀត ដើម្បី​យក​លទ្ធផល​តេសឈាម​នោះទេ គឺការ​ពិនិត្យ​សុខភាព​នេះ​ត្រូវបាន​ចប់ត្រឹម​ជួសឈាម​និងឱ្យ​លិខិត​បញ្ជាក់​តែប៉ុណ្ណោះ ។ កញ្ញា​ថ្លែងថា រាល់ការ​ពិនិត្យ​សុខភាព​នៅ​ទីនោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចាប់ពី​១២០០០រៀល​រហូតដល់​ទៅ​២០០០០​រៀល។

កញ្ញា ខែម សារិម អាយុ​១៧ឆ្នាំ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​វ៉ូស៊ូ​បានប្រាប់​ឱ្យដឹង​ថា មូលហេតុ​ដែល​កញ្ញា​ទៅ​ពិនិត្យ​សុខភាព​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ គឺ​ដោយសារ​តែ​រោងចក្រដែល​កញ្ញា​ធ្វើការ​បាន​តម្រូវ​ឱ្យមាន​លិខិត​បញ្ជាក់​សុខភាព។ កញ្ញា​បន្ថមថា ខ្ញុំ​គិតថា​វាមាន​ភាព​ងាយស្រួល​ដែរ នៅពេល​ដែលការ​ពិនិត្យ​សុខភាព​មិនបាន​ទាមទារ​ឱ្យមាន​ការ​ពិនិត្យ​ច្រើនដង​នោះ ដោយ​គ្រាន់តែ​ទៅចុះ​ឈ្មោះ​និង​បង់លុយ​ឱ្យគេ​ទៅគឺ​ជាការ​ស្រេច។ កញ្ញា​បន្តថា គ្រូពេទ្យ​នៅ​ទីនោះ​គ្រាន់តែ​ធ្វើការ​ពិនិត្យ​ទៅលើ​ការវាស់​កម្ពស់ ថ្លឹង​ទម្ងន់ បំពេញ​ឈ្មោះ និង​ជួសឈាម​តែ​ប៉ុណ្ណោះ ដោយ​ឡែក​ត្រង់​ត្រចៀក បំពង់ក ច្រមុះ មាត់ និងភ្នែក​ព្រមទាំង​អវៈយវៈ​ផ្សេងទៀត​នៅលើ​ដ​ងខ្លួន គឺ​មិនបាន​ពិនិត្យ​ទេ។

លោក ចេង សិទ្ធីជ័យ ប្រធាន​ក្រុមហ៊ុន AP TSE€C បានមាន​ប្រសាសន៍​ថា ក្រុមហ៊ុន​លោក​គឺជា​ក្រុមហ៊ុន​ដែល​នាំពលករ ទៅ​បម្រើ​ការងារ​នៅប្រទេស​ម៉ាឡេសី។ លោក​បន្តថា ក្រុមហ៊ុន​តែងតែ​ជួប​ប្រទះ​នូវ​ករណី​រឿងពលករ​ទៅបម្រើ​ការងារ​នៅ​ប្រទេស ម៉ាឡេសី​ធ្លាក់ខ្លួន​ឈឺ​ហើយ​មិនអាច​បម្រើ​ការងារ​បាន និង​តម្រូវឱ្យ​ត្រឡប់​មកកម្ពុជា​វិញ។ ដូច្នេះ​មិនបាន​ដឹងទេ​ថា ការ​ពិនិត្យ​សុខភាព​នៅនាយកដ្ឋាន​ពេទ្យ​ការងារ​ជឿនលឿន​ពេក​រហូត​ដល់​រកជម្ងឺ​របស់​ពលករ​មិនឃើញ​ឬយ៉ាង​ណា​នោះទេ។

ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​បានឆ្លើយ​បំភ្លឺ​លើករណី​ខាងលើ

លោក​ទន្តបណ្ឌិត ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​បានមាន​ប្រសាសន៍​ដោយ​បដិសេធ​ថា វាជា​រឿងធម្មតា​ទេ ដែល​កម្មករ​កម្មការិនី​ចេះតែ​មាន​អារម្មណ៍ ចេះតែ​គិត ចេះតែ​ថា និង​ចេះតែ​និយាយ​ក្នុងរឿង​ដែល​ថា យើង​ធ្វើការ​ពិនិត្យ​សុខភាព​មិនបាន​ដិតដល់​នោះ ប៉ុន្តែ​ធាតុពិត​គឺយើង​បានធ្វើ​ការ​ត្រួតពិនិត្យ​លើ​រូបរាង​កាយ​របស់​ពួកគាត់​ទាំងអស់​គ្មានចន្លោះ​ទេ។ លោក​បន្តថា ជារៀង​រាល់ឆ្នាំ​យើង​តែងតែ​មាន​ភ្នាក់ងារ​ត្រួត​ពិនិត្យ​មកពី​ក្រសួង​ហិរញ្ញវត្ថុ និង​ថ្នាក់​ដឹកនាំ​នៃអគ្គនាយកដ្ឋាន ព្រមទាំង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ជាច្រើន​រូបទៀត​បាន​ចុះមក​តាមដាន​ការងារ​នៅកន្លែង​របស់​យើង។ ហើយ​ប្រសិន​បើ កន្លែង​យើង​កើតមាន​បញ្ហ​មិន​ប្រក្រតី​នោះ ពួកគេ​ច្បាស់ជា​ជូនដំណឹង​មកកាន់​យើង ព្រមទាំង​ចាត់​វិធានការណ៍​អ្វីមួយ​មកកាន់​ទីនេះ​ជាមិនខាន។ ផ្ទុយ​ទៅវិញ​យើង​មិនដែល​ឃើញ​ពួកគេ​ចាត់​វិធានការណ៍​អ្វីទេ ដូច្នេះ​ការ​លើកឡើង​របស់​កម្មករ​កម្មការិនី គឺ​ត្រូវបាន​ធ្វើឡើង​ចេញពី​អារម្មណ៍​របស់​ខ្លួនឯង​តែប៉ុណ្ណោះ។ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​បាន​សង្គត់​ធ្ងន់ថា ថ្មីៗនេះ​នាយកដ្ឋាន​ទើបតែ​បានធ្វើ​ការ​បពា្ឈប់​ការងារ​មន្ត្រី​អសកម្ម និង​អនុវត្ត​ខុស​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការ​ត្រួតពិនិត្យ​សុខភាព​មុនចូល​ធ្វើ​ការងារ​នេះ ប្រយោជន៍​បញ្ជាក់​ថាកម្មករ-​កម្មការិនី មាន​កាយ​សម្បទា​គ្រប់គ្រាន់​អាច​បម្រើ​ការងារ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *