កម្មវិធី​ផ្តល់ថ្នាំ​ទំលាក់​ព្រូន​ដល់កុមារ​កម្ពុជា​នៅតាម​សាលា បន្ត​យកចិត្ត​ទុកដាក់

ក្រុមមន្រ្តី​មកពី​ក្រសួង​សុខាភិបាល អប់រំ និង​អ្នក​ជំនាញ​ជាតិ អន្តរជាតិជាច្រើន​​រូប​បានជួប​គ្នាក្នុង​សិក្ខាសាលា ដើម្បី​ពិនិត្យ​មើល និង​បន្ត​គ្រប់គ្រង​កម្មវិធី​ទំលាក់​ដង្កូវ​ព្រូន​ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​​សាស្រ្ត និង​បាណក​សាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ក្នុងពិធី​បើក​សិក្ខាសាលា​​កាលពី​ថ្ងៃអង្គារ ទី២៨ សីហា កន្លងមក​ថា សិក្ខាសាលា​នេះគឺជា​វិភាគទាន​មួយដ៏​មានសារៈ​ប្រយោ​ជន៍​ខ្លាំងណាស់ ដើម្បី​ឆ្ពោះទៅ​សម្រេច​ទិសដៅ​របស់រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​សុខភាព និងការ​អប់រំ​រៀនសូត្រ​ចំណេះ​ទូទៅ​របស់​កុមារ។ លោក​បន្តថា មូលហេតុ​ចំបង​មួយក្នុង​ចំណោម​​មូលហេតុ​ជាច្រើន ដែល​បណ្តាលឲ្យ​កុមារ​មានភាព​ស្លេកស្លាំង​ដោយ​ខ្វះជាតិ​ដែក គឺដោយ​សារ​​សត្វប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន ដែល​ធ្វើឲ្យ​យើង​បាត់បង់​ឈាម​ជាបន្តបន្ទាប់ ហើយ​សុទ្ឋតែ​ជាមូល​ហេតុ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​លូតលាស់​របស់​កុមារ​ដោយ​ផ្ទាល់។

លោក​បន្តថា “ប្រទេស​កម្ពុជា​ចាប់តាំង​ពីឆ្នាំ​២០០៤​មក គឺជា​ប្រទេស​ទី១ដែល​បាន​អនុវត្ត​ន៍​ការ​ផ្តល់ថ្នាំ​ទំលាក់​ព្រូនដល់​សិស្ស​សាលា​បឋមសិក្សា​នៅទូទាំង​ប្រទេស​បានយ៉ាង​ទៀតទាត់​​តា​មការ​កំណត់​គ្របដណ្តប់​លើសពី​៧៥​ភាគរយ”។ លោក​បន្តថា “សមិទ្ឋិផល​នេះគឺជា​លទ្ឋផល បានមក​ពីកិច្ច​ខិតខំ​ប្រឹងប្រែង និង​សហការ​ដ៏ល្អ​ប្រសើររវាង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ឋ​នឹងជំងឺ​​គ្រុនចាញ់ នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​និងអង្គការ​អន្តរជាតិ​ជាច្រើន​ទៀត ”។

កម្មវិធី​ទំលាក់​ដង្កូវព្រូន បាន​ទទួល​ប្រាក់ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់កិច្ច​អភិវឌ្ឈ​ន៍​អន្តរជាតិ​(USAID) តាមរយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ(FHI360) ចំនួន​៧០០.០០០​ដុ​ល្លារ ស​ម្រាប់​រយៈពេល​៣ឆ្នាំ ដោយ​ចាប់ផ្តើម​ពីឆ្នាំ​២០១២ ដល់ឆ្នាំ​២០១៤​ខាងមុខ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បាន​បន្តថា “ខ្ញុំយល់​ឃើញថា​កញ្ចប់​អតិបរិមា​នៃបទ​អន្តរាគម​ន៍​នេះមាន​តំលៃ​ទាបអាច​ទទួលយក​បាន ដើម្បី​ជំនួយ​ដល់​លោកគ្រូ​អ្នកគ្រូនៅតាម​សាលា​និង​តាម​រយៈ​មន្រ្តី​សុខាភិបាល​គ្រប់​កំរិត អាច​ចូលរួម​ចំណែក​ក្នុងការ​ការពារ​កុមារ និង​ក្រុម​ប្រឈម​នឹង​ការ​ចំលង​ជំងឺ​ដង្កូវព្រូន ឲ្យ​ជៀសផុត​ពីបញ្ហា​សុខភាព​ទាំងនេះ”។ លោក​បន្តថា “នេះគឺ​ជាកិច្ច​ស​ហការ​ដ៏ល្អ​មួយ​រវាង​ក្រសួង​សុខាភិបាល និង​បណ្តា​ដៃគូ​មួយចំនួន​ទៀត គឺថា​ក្រសួង​អប់​រំ​ជា​អ្នក​​ទទួលខុស​ត្រូវ​ចំពោះ​អនាម័យ​ទូទៅ ហើយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជំងឺ​គ្រុនចាញ់​ទទួល​ខុស​​ត្រូវ​ចំពោះ​កម្មវិធី​ទំលាក់ព្រូន ដើម្បី​ធានា​ថាគ្រាប់ថ្នាំ​ទំលាក់​ព្រូន នឹងអាច​ផ្តល់ដល់​​សិ​ស្សានុ​សិស្ស​​បាន​ទៀងទាត់​ក្នុងមួយ​ឆ្នាំ២ដង និង​ក្រុម​គោលដៅ​ទាំងអស់​ក្នុង​ប្រទេស ”។

លោក ប៉ែន សារឿន ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សានៃ​ក្រសួង​អប់រំ​យុវជន និង​កីទ្បា បា​នមាន​ប្រសាសន៍​ថា កម្មវិធី​ទំលាក់​ព្រូន​យើងតែង​ធ្វើជា​រៀងរាល់​ឆ្នាំ និង​មួយឆ្នាំ​ធ្វើ​ពីរដង ដើម្បី​ជួយ​​កុមារ​ឲ្យមាន​សុខភាព​ល្អ ព្រោះ​កាលណា​ពួកគេ​មាន​សុខភាពល្អ ការ​រៀនសូត្រ​និង​សតិ​បញ្ញា​ពួកគេ​​ប្រសើរ​ទ្បើង។ ជំងឺ​ដង្កូវព្រូន​បង្កបញ្ហា​ច្រើនណាស់​ដល់​កុមារ ដូចជា​បណ្តាល​ឲ្យពួកគេ​ស្លេក​ស្លាំង ក្រេះក្រិន​រាងកាយ សតិបញ្ញានិង​ស្មារតី ប៉ុន្តែ​ជាភ័ព្វ​សំណាង​របស់​កម្ពុជា ដែល​យើងបាន​​ខិតខំ​រួមគ្នា ក្នុងការ​ផ្តល់​ថ្នាំទំលាក់​ព្រូន​ដល់កុមារ​បាន​ទទួល​ជោគជ័យ ហើយ​កម្ពុជា​គឺជា​ប្រទេស​​ទី១​ក្នុងសាកលលោក ដែលបាន​គ្របដណ្តប់​ថ្នាំទំលាក់​ព្រូន​ដល់កុមារ​លើស​ពី៩០ភាគរយ​នាពេល​
បច្ចុប្បន្ន​នេះ។

អត្ថបទដោយ ៖ គង់ សូរិយា
ចុះផ្សាយ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *