ចង្វាក់បេះដូងមានតួនាទីសំខាន់ណាស់សម្រាប់គ្រប់គ្រងចលនាចេញចូលរបស់ខ្យល់អុកស៊ីសែន និងជាសរីរាង្គមានសារៈប្រយោជន៍បំផុតសម្រាប់ធានាឱ្យបេះដូងច្របាច់បញ្ជូនឈាមទៅចិញ្ចឹមសរីរាង្គកាយទាំងអស់ ព្រោះថាបេះដូងបើមិនមានចង្វាក់កន្ដ្រាក់ទេនោះ មិនអាចឱ្យឈាមរត់ធ្វើការបែងចែកបានឡើយ។ តែប្រសិនបើកុមារមានជម្ងឺចង្វាក់បេះដូងហើយ អាចប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន ជាពិសេសអាចឱ្យកុមារសន្លប់បាត់ស្មារតីជាញឹកញាប់ និងបង្កគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ។
ដើម្បីឱ្យមាតាបិតាជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស ជម្ងឺកុមារទូទៅនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីបញ្ជាក់អំពីជម្ងឺចង្វាក់បេះដូងកុមារនេះ។
ជម្ងឺចង្វាក់បេះដូងកុមារ
ជម្ងឺចង្វាក់បេះដូងកុមារគឺជាការប្រែប្រួលនៃចង្វាក់បេះដូងដែលដើរខុសពីធម្មតា ដោយលឿនពេក ឬយឺតពេក។ ជាធម្មតា ចង្វាក់បេះដូងកុមារលោតឬដើរមានពេលវេលាកំណត់ ហើយបេះដូងលោតរាល់ថ្ងៃនេះមានចំណុចមួយដែលបញ្ចេញនូវចរន្ដអគ្គិសនី ដើម្បីធ្វើឱ្យសាច់ដុំនោះកន្ដ្រាក់ ដោយមានការកំណត់មួយមានឈ្មោះថា“ណឺស៊ីនីហ្សាល” ដែលមានកាដង់ជាក់លាក់។ លើសពីនេះ ចង្វាក់បេះដូងកុមារប្រែប្រួលទៅតាមអាយុ។ ចំពោះកុមារទើបនឹងកើត ចង្វាក់បេះដូងដែលហៅថាណឺស៊ីនីហ្សាលបញ្ចេញចរន្ដ អគ្គិសនីដើម្បីធ្វើឱ្យបេះដូង ដើរពី១១០ទៅ១៥០ដងក្នុងមួយនាទី។ ចំពោះកុមារមានអាយុ២ឆ្នាំ កាដង់នៃចង្វាក់បេះដូងដើរពី៨៥ទៅ១២៥ក្នុងមួយនាទី។ ចំពោះកុមារមានអាយុ៤ឆ្នាំប្រហែលពី៧៥ទៅ១១៥ក្នុងមួយនាទី។ ដល់ពេលកុមារមានអាយុ៦ឆ្នាំរហូតដល់មនុស្សពេញវ័យ កាដង់នៃចង្វាក់បេះដូងដើរត្រឹម៦០ទៅ១០០ក្នុងមួយនាទី។ ក្រៅពីនេះចរន្ដអគ្គិសនីមានតួនាទីទៅភ្ញោចនៅផ្នែកផ្សេងៗរបស់បេះដូង កាត់តាមបេះដូង ឆ្លងតាមណឺស៊ីនីហ្សាលមួយទៀត ដើម្បីទៅប្រមូលផ្ដុំគ្នានៅក្នុងតំបន់មួយដែលគេហៅថា ទីតាំងសម្រាប់ចែកចាយចរន្ដ។ ចរន្ដអគ្គិសនីមានខ្សែពីរ បែងចែកជាពីរមែក ដើម្បីទៅភ្ញោចផ្នែកផ្សេងៗទៀតនៃបេះដូង។ នេះបើតាមករណីចង្វាក់បេះដូងធម្មតា។ ប៉ុន្ដែបើករណីចង្វាក់បេះដូងមិនធម្មតា ឬចង្វាក់បេះដូងមានជម្ងឺត្រូវបានគេចែកជា៤ផ្នែកធំៗដូចជា ៖
១ – ចង្វាក់បេះដូងមានបញ្ហានៃការចម្លងចរន្ដអគ្គិសនីក្នុងបេះដូង។
២ – បញ្ហាចង្វាក់បេះដូងដើរញាប់ដោយសារតែមានទីតាំងនៃការបញ្ចេញចរន្ដអគ្គិសនីមិនប្រក្រតី។
៣ – ចង្វាក់បេះដូងមានបញ្ហានៃការចម្លងចរន្ដអគ្គសនីក្នុងបេះដូងគឺជាការស្ទះនៃការធ្វើដំណើររបស់ចរន្ដអគ្គិសនី មិនអាច ទៅជួយនៅតំបន់មួយចំនួនបាន ដើម្បីជួយសម្រួលដល់ចង្វាក់បេះដូង អាចបណ្ដាលឱ្យបេះដូងដើរយឺត។
៤ – បញ្ហាបេះដូងដើរញាប់ដោយសារមានទីតាំងនៃការបញ្ចេញចរន្ដអគ្គិសនីមិនប្រក្រតី គឺបណ្ដាលមកពីមានខ្សែមួយមិន ធម្មតាចម្លងពីផ្នែកខាងលើចុះមកខាងក្រោមនៃបេះដូង ធ្វើឱ្យបេះដូងដើរញាប់។ ម្យ៉ាងទៀតនៅមានចំណុចផ្សេងទៀតក៏បណ្ដាលឱ្យ ចង្វាក់បេះដូងដើរញាប់ គេហៅថា ទីតាំងនៃការបញ្ចេញចរន្ដអគ្គិសនីមិនធម្មតា។
មូលហេតុបណ្ដាលឱ្យមានជម្ងឺចង្វាក់បេះដូងកុមារ
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺចង្វាក់បេះដូងកុមារនោះ មានកត្ដាច្រើនយ៉ាងខុសៗគ្នាទៅតាមជម្ងឺចង្វាក់បេះដូង។ ប៉ុន្ដែ ហេតុផលរួមនោះអាចបណ្ដាលមកពីជម្ងឺបេះដូង ដូចជាជម្ងឺប្រើសបេះដូង ព្រោះជម្ងឺនេះអាចធ្វើឱ្យបេះដូងរីក ហើយបង្កឱ្យសាច់បេះដូងមានលក្ខណៈមិនប្រក្រតី បញ្ចេញសកម្មភាពមិនធម្មតា។ កុមារមានជម្ងឺបេះដូងពីកំណើតដូចជាថតផ្សេងៗនៃបេះដូងវាមិនស្ថិត នៅចំកន្លែងឆ្លាស់គ្នា មានន័យថាថតខាងឆ្វេងមកនៅខាងស្ដាំ ថតខាងស្ដាំមកនៅខាងឆ្វេង ឬក៏អាចបង្កឡើងដោយសារដុំនៅលើ បេះដូង បេះដូងដែលទើបនឹងវះកាត់ ជម្ងឺរលាកសាច់ដុំបេះដូង និងការពុលដោយសារថ្នាំសត្វល្អិតក៏អាចធ្វើឱ្យមានបញ្ហាចង្វាក់បេះដូងដែរ។
រោគសញ្ញាជម្ងឺចង្វាក់បេះដូង
រោគសញ្ញាចំពោះកុមារដែលកើតមានជម្ងឺចង្វាក់បេះដូងកុមារមានពីរ គឺរោគសញ្ញាបេះដូងដើរញាប់ និងរោគសញ្ញាបេះដូង ដើរយឺត។
១ – រោគសញ្ញាបេះដូងដើរញាប់ ៖ ចំពោះកុមារស្ថិតក្រោមអាយុ២ឆ្នាំ គឺមានសញ្ញាខ្សោយបេះដូង បង្ហាញអាការៈហត់បៅមិនសូវបាន ពណ៌សម្បុរឡើងប្រផេះ យំច្រើន ហើម មានការប្រែប្រួលចរិតលក្ខណៈរបស់កុមារ មានក្អួត ស្លេក មានដួលសន្លប់ ឬប្រកាច់។ ចំពោះកុមារធំអាចនិយាយបាន អាចប្រាប់បានថា មានអាការៈញ័រទ្រូង អាចដួលបាត់មាត់បាត់ក សន្លប់ដូចក្មេងតូចដែរ។
២ – រោគសញ្ញាចង្វាក់បេះដូងដើរយឺត ៖ គឺជាការកាត់ផ្ដាច់នូវការចម្លងចរន្ដអគ្គិសនីក្នុងកម្រិតណាមួយ ប្រសិនជាកន្លែង បញ្ចេញចរន្ដអគ្គិសនីខ្សោយ។ បន្ទាប់មកទៀតមានការកាត់ផ្ដាច់ចរន្ដអគ្គិសនីផ្សេងៗមកទៀត នៅតាមមែកណាមួយ ធ្វើឱ្យបេះដូង ដើរយឺតតែម្ដង។ ក្រោយមកទៀតបើបេះដូងនោះដើរយឺតមែនទែន ធ្វើឱ្យកុមារនោះខ្យល់គរ គាំងបេះដូង សន្លប់បាត់មាត់បាត់ក ហើយក៏អាចបណ្ដាលឱ្យកុមារស្លាប់បានដែរ។
វិធីព្យាបាលជម្ងឺចង្វាក់បេះដូងកុមារ
ប្រសិនបើការធ្វើរោគវិនិច្ឆ័យឃើញថា កុមារនោះមានជម្ងឺចង្វាក់បេះដូង គេអាចព្យាបាលដោយប្រើថ្នាំឬព្យាបាលដោយ លូកសរសៃចូលទៅក្នុងថង់បេះដូង ដើម្បីកៀរយកចរន្ដអគ្គិសនីដែលបញ្ចេញខុសទីកន្លែង ឬក៏ខ្សែដែលនៅខុសពីកន្លែងធម្មតា និងមានវិធីវះកាត់។ ចំពោះករណីបេះដូងដើរយឺតវិញ គេព្យាបាលដោយដាក់ថ្មបេះដូង ប្រយោជន៍ឱ្យថ្មនោះបញ្ចេញចរន្ដអគ្គិសនីជំនួយដើម្បីឱ្យ ត្រូវតាមកាដង់របស់វា។
វិធីការពារជម្ងឺចង្វាក់បេះដូងកុមារ
ប្រសិនបើជម្ងឺចង្វាក់បេះដូងនេះកើតមកពីកំណើត មិនអាចការពារបាននោះទេ។ ប្រសិនបើវាកើតឡើងដោយសារការប្រើ ប្រាស់ថ្នាំខុស ឬដោយសារជម្ងឺបេះដូងនានាអាចការពារបាន។ សូមប្រើប្រាស់ថ្នាំសង្កូវដោយទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជុំវិញ អាការៈរោគ ឬរោគសញ្ញាដែលកើតឡើងចំពោះកុមារ។
ផលប៉ះពាល់ចំពោះជម្ងឺចង្វាក់បេះដូងកុមារ
កុមារមានជម្ងឺចង្វាក់បេះដូងមានសុខភាពមិនល្អ និងថាមពលគ្រប់គ្រាន់នោះទេ ព្រោះបរិមាណឈាមដែលរត់ទៅចិញ្ចឹមទៅលើសរីរាង្គកាយផ្សេងៗរបស់កុមារនោះមិនគ្រប់គ្រាន់ ធ្វើឱ្យកុមារដួល ឬប្រកាច់ អាចខ្យល់គរ ស្លាប់តែម្ដង។ លើសពីនេះកុមារ នោះមិនធំធាត់ និងប្រាជ្ញាចុះខ្សោយ មិនចងចាំព្រឹត្ដិការណ៍មួយចំនួនទៀតផង។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកឃើញអាការកូនរបស់ខ្លួនឯងបង្ហាញសកម្មភាពឬរោគសញ្ញាខុសពីប្រក្រតីហើយនោះ ត្រូវប្រញាប់រួស រាន់មកកាន់មន្ទីរពេទ្យ ឬយកទៅជួបពិគ្រោះជាមួយនឹងពេទ្យជំនាញ ដើម្បីព្យាបាលឱ្យទាន់ហេតុការណ៍។ បើទុកយូរកុមារអាច ប្រឈមមុខទៅនឹងជម្ងឺឈឺថ្កាត់ផ្សេងៗជាមិនខាន។ តួយ៉ាងប្រសិនបើឃើញកុមារបង្ហាញរោគសញ្ញាដូចជាបេះដូងដើរញាប់ ឬមាន អាការៈដេកដួល សន្លប់ ប្រកាច់ គឺត្រូវប្រញាប់ទៅជួបពេទ្យជំនាញ ព្រោះកុមារអាចប្រឈមនឹងជម្ងឺចង្វាក់បេះដូងតែម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply