លោកអ្នកមួយចំនួនមិនទាន់ជ្រាបច្បាស់អំពីជម្ងឺខ្សោយតម្រងនោះនៅឡើយទេ ខណៈពេលដែលអាការមួយចំនួនបានបង្ហាញពីភាពចុះខ្សោយនូវភារកិច្ចបញ្ចេញជាតិពុលចេញពីក្នុងខ្លួនយើង។ ហើយការថយចុះមានពីរយ៉ាង គឺការថយចុះបន្ដិចម្ដង និងការថយចុះយ៉ាងឆាប់រហ័ស។ ការថយចុះនៃតម្រងនោមនេះហើយទើបគេហៅថា ជម្ងឺខ្សោយតម្រងនោម។
ដើម្បីចូលរួមចែករំលែកនូវបទពិសោធន៍ដែលធ្លាប់តែជួបប្រទះចំពោះផលលំបាក ដែលកើតចេញពីជម្ងឺខ្សោយតម្រងនោមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ស៊ាន វិសាល ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្ដ្រីរាជការរស់នៅ ឃុំផ្អាវ ស្រុកបាយ ខេត្ដកំពង់ចាម បានរៀបរាប់ពីផលលំបាកដែលកើតមានជម្ងឺខ្សោយតម្រងនោមនេះ។ លោក ស៊ាន វិសាល បានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា លោកគ្រូពេទ្យបាននិយាយប្រាប់គាត់ថា គាត់មានជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដោយសារមុនដំបូងនោះនៅពេលដែលលោកបញ្ចេញទឹកនោមមានអាការខ្សោយហើយនោមមិនចេញ ពិបាកនោមហើយមានអាការផ្សាៗ នោម ស្ទះ។ ខណៈនោះលោកបានទៅជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកជនមួយនៅក្នុងស្រុករបស់គាត់។ តែនៅពេលទៅដល់គ្រូពេទ្យបានត្រឹមតែឱ្យថ្នាំលេបបន្ដិចបន្ដួចតែប៉ុណ្ណោះ ដោយបញ្ជាក់ថាក្រោយពេលលេបថ្នាំនេះមានអាការធូរឡើងវិញហើយ។ លោក ស៊ាន វិសាល បានបន្ដថា នៅពេលដែលលោកបានទទួលទានថ្នាំនោះហើយ អាការមិនថយចុះដូចការអះអាងរបស់គ្រូពេទ្យឡើយ។ លុះនៅថ្ងៃមួយត្រូវនឹងថ្ងៃច័ន្ទ លោកបានមកពិនិត្យនៅមន្ទីរកាល់ម៉ែត ត្រូវបានគ្រូពេទ្យបញ្ជាក់ថា លោកមានជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ គ្រូពេទ្យបានបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ លោកមានជម្ងឺរលាកប្លោកនោម មានដុំគីសនៅក្នុងតម្រងនោម មានដំបៅក្នុងតម្រងនោម និងមានដុំខ្ទុះនៅក្នុងតម្រងនោមផងដែរ។ បន្ទាប់មកលោកបានដេកព្យាបាលជម្ងឺនេះនៅមន្ទីរពេទ្យរហូត ក្រោយពេលមានអាការធូរស្រាលឡើងវិញ លោកនៅតែបន្ដលេបថ្នាំដដែលដើម្បីព្យាបាលផ្សះមុខរបួសមួយចំនួនទៀត។ លោក ស៊ាន វិសាល បានបញ្ជាក់ទៀតថា មុនដំបូងលោកមានអាការរាករូសយ៉ាងខ្លាំងដូចមានជម្ងឺអាសន្នរោគ ហើយមានអារម្មណ៍ក្ដៅខ្លួនស្ទិញៗផងដែរ ហើយពិបាកទ្រាំទៀតផងពេលខ្លះ។
ដំបូន្មានអ្នកជំនាញ
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសជម្ងឺតម្រងនោមនៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា ជម្ងឺខ្សោយតម្រងនោមនេះគឺបណ្ដាលមកពីអ្នកជម្ងឺមួយចំនួនមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺលើសឈាមរ៉ាំរ៉ៃ និងដុំសាច់មួយចំនួនដែលមានតាំងពីកំណើតហើយមានការរីកធំនៅក្នុងសាច់អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សរសៃឈាម ដែលមានតួនាទីសំខាន់សម្រាប់នាំជាតិទឹកដើម្បីបង្គ្រប់ទឹកក្នុងតម្រងនោម។ ប៉ុន្ដែជម្ងឺតម្រងនោមនេះ ប្រសិនបើកើតឡើងមានអាការរ៉ាំរ៉ៃអាចនៅមានទឹកនោមខ្លះអាចស្មើនឹង៤០០ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃ។ ដើម្បីការពារជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនេះ គឺជំហានដំបូងត្រូវការពារជម្ងឺទឹកនោមផ្អែមឱ្យបានជាមុនសិន ព្រោះជម្ងឺនេះគឺជាដើមចមធ្វើឱ្យតម្រងនោមចុះខ្សោយតែម្ដង។ ប្រសិនបើមានជម្ងឺខ្សោយតម្រងនោមហើយ មិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ វានឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងអាចដល់អាយុជីវិតផងដែរ។ ព្រោះការបញ្ចេញនូវជាតិពុលនៅក្នុងខ្លួនយើងមិនបានគ្រប់គ្រាន់ទេនោះ ធ្វើឱ្យប្លោកនោមមានអាការហើមប៉ោងខុសប្លែកពីធម្មតា ក្នុងតម្រងនោមនេះមានសារជាតិ៣យ៉ាង គឺជាតិអ៊ុយរ៉េ ជាតិក្រេអាតេនីន និងប៉ូតាស្យូម។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់ថាលោកអ្នកដែលមានអាការក្អួតចង្អោរ និងរាករូសជាញឹកញាប់នោះ គួរតែទៅឱ្យគ្រូពេទ្យជំនាញធ្វើការពិនិត្យរករោគសញ្ញា។ ជាពិសេសលោកអ្នកដែលមានអាការបែបនេះត្រូវទៅជួបគ្រូពេទ្យផ្នែកតម្រងនោម ព្រោះថាបើជួបបញ្ហាដូច ខាងលើនេះ ប្រាកដជាមានបញ្ហាតម្រងនោមជាមិនខានឡើយ។ គួរឆាប់រួសរាន់ទៅជួបគ្រូពេទ្យដើម្បីទទួលថ្នាំមកការពារ ចៀសវាងជម្ងឺនេះកាន់តែធ្ងន់ទៅមុខ និងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply