វីតាមីន​(ត) ៖ វីតាមីន​សេ

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​កាលពី​លេខមុនៗ អំពី​ក្រុមវីតាមីន​អា និង​ក្រុមវីតាមីន​បេ។ ពេលនេះ​ដល់​វេនវីតាមីន​សេ បង្ហាញខ្លួន​វិញម្ដង​ហើយ។ វីតាមីនសេ​ដែលមាន​កេរ្ដិ៍ឈ្មោះល្បី​រន្ទីនេះ ពិតជា​មាន​តួនាទី និង​អត្ថ​ប្រយោជន៍​មហាសាល​មែន ឬ​ក៏អត់?

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​សេ

វីតាមីន​សេ ឬ​ហៅជា​ភាសា​គីមីសាស្ដ្រ​ថា អាស៊ីត​អាស្ក័បបិក។ អ្នកខ្លះ​បានដាក់​ឈ្មោះវីតាមីន​សេ​នេះថា​ជាវីតាមីន​ប្រព័ន្ធ​ការពារ​រាងកាយ ឬជា​វីតាមីន​ប្រឆាំង​ការ​អស់​កម្លាំង។ ប៉ុន្ដែបើ​ក្រឡេក​មើល​អត្ថ​ប្រយោជន៍​របស់​វា វីតាមីនសេ​មាន​មិន​អត្ថប្រយោជន៍​ត្រឹមតែ​ប៉ុណ្ណេះ​ឡើយ វាមាន​តួនាទី​ពិសេស​ផ្សេងទៀត​ជាច្រើន ដែលនឹង​បង្ហាញ​ជូន​ចំណុច​សំខាន់ៗ​ដូចតទៅ ៖

  • ប្រឆាំង​អុកស៊ីដកម្ម ៖ ក្នុង​ចំណោម​តួនាទី​សំខាន់ៗ វីតាមីនសេ​ជាគ្រាប់​ថ្នាំ​ប្រឆាំង​អុកស៊ីតកម្មយ៉ាង​សំខាន់ តាមរយៈ​ការ​ថែទាំ​រ៉ាឌីកាល់​សេរីរបស់​សារពាង្គកាយ។
  • ជួយ​ប្រព័ន្ធ​ការពារ​រាងកាយ ៖ វាមាន​តួនាទី​រំញោច​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជម្ងឺ​បង្កដោយ​មេរោគ បង្ការ​ជម្ងឺ​មហារីក និង​ជម្ងឺភ្នែក​ឡើង​បាយ កាត់​បន្ថយ​កម្រិត​ជាតិ​កូឡេស្ដេរ៉ុល ដោយ​បំផ្លែង​ទៅជា​អាស៊ីត​ទឹកប្រមាត់។ នេះ​គឺជា​អត្ថ​ប្រយោន៍​យ៉ាង​ធំសម្បើម​សម្រាប់​បេះដូង។
  • ជំនួយ​ស្បែក និង​បង្ការ​ភាព​ជ្រីវជ្រួញ ៖ វីតាមីន​សេ ប្រៀប​បាននឹង​ភ្នាក់ងារ​ដ៏សំខាន់​សម្រាប់ផលិត​កូឡាហ្សែន​(ស៊ីម៉ងត៍ របស់​ស្បែក) ដែលមាន​អត្ថ​ប្រយោជន៍​ជួយ​បង្ការ​ភាព​ជ្រីវជ្រួញ។
  • ជួយ​សរីរៈ​នានា ៖ វីតាមីន​សេ​ដើរតួនាទី​សំខាន់​ផងដែរ​សម្រាប់​ពង្រឹង​សាច់ដុំ សរសៃ​ឈាម ឆ្អឹង ពួរឆ្អឹង ឆ្អឹងខ្ចី អញ្ចាញ ធ្មេញ និង​ធ្មេញ។
  • ប្រឆាំង​ប្រតិកម្ម​អាឡែកស៊ី ៖ អ្នក​ដែលធ្លាប់​កើត​រោគ​ប្រតិកម្ម​មួយ​ចំនួន បាន​ទទួល​ស្គាល់​ថាវីតាមីនសេ​ជួយ​ទប់ទល់​ពេល កើតមាន​អាការ​រោគ​ប្រតិកម្ម ឬក៏​វិបត្ដិ​អាឡែកស៊ី ជាអាទិវា​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​ភាព​សាហាវ​របស់​ជម្ងឺ​ផ្ដាសាយ​ធំ និង​ហឺត។
  • ជួយឱ្យ​ស្នាម​របួស​ឆាប់ផ្សះ ៖ ចំណុច​មួយសំខាន់​ផងដែរ វីតាមីន​សេ​អាចជួយ​ពន្លឿន​ស្នាម​វះ ឬ​របួស​ដោយ​សារពេល​ធ្វើការ​វះកាត់ ឬ​គ្រោះថ្នាក់​ណាមួយ។

ក្រៅពី​នេះ​វាអាច​ជួយ​សម្រួល​ដល់ការ​ជ្រៀតចូល​នៃ​សារជាតិ​ដែក និង​ជាតិ​កាល់ស្យូម​របស់​ចំណី​អាហារ។ ម្យ៉ាងទៀត​វា អាចជួយ​កាត់​បន្ថយ​ឥទ្ធិពល​ពុល​មួយចំនួន​របស់​ថ្នាំជក់។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​សេ

ខ្លួនប្រាណ​របស់​មនុស្ស​ត្រូវការ​ទទួលទាន​ចូល​ទៅក្នុង​ខ្លួន​ជាប្រចាំ​នូវ​វីតាមីន​សេ ក្នុង​បរិមាណ​ចំនួន​ប្រមាណ​១០០​មីលីក្រាម​ជាមធ្យម។ តួលេខ​នេះអាច​កើតដល់​១២០​មីលីក្រាម​សម្រាប់ស្ដ្រី​មាន​ផ្ទៃពោះ និង​មនុស្ស​វ័យ​ចំណាស់ និង​ចំនួន​១៣០​មីលីក្រាម​ក្នុង១ថ្ងៃ​សម្រាប់​ស្ដ្រី​បំបៅកូន​ដោយ​ដោះ។ តាមពិត​ក្នុង​ស្ថានភាព​លំបាក​មួយចំនួន ដូចជា​បរិយាកាស​ពុល ជក់បារី ឬ​ស្ដ្រេស្ស គួរតែ​បង្កើនការ​ទទួលទាន​ជាតិ​វីតាមីនសេ​លើសពី​តម្រូវការ​ធម្មតា ជួន​តម្រូវ​ការ​អាចកើត​ដល់ទៅ​រាប់ពាន់​មីលីក្រាម ក្នុង​រយៈពេល​តែពីរ​បីថ្ងៃតែ​ប៉ុណ្ណោះ។

កង្វះ​វីតាមីន​សេ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្ស​យើង​ទទួលទាន​វីតាមីនសេ​មិនបាន​គ្រប់គ្រាន់​ទេ អាច​នាំឱ្យ​ប៉ះពាល់ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ​រួមមាន ដូចជា​រាក់ធ្មេញ រលាក​អញ្ចាញ​ធ្មេញ ហូរ​ឈាម ស្វិត​សាច់ដុំ ថមថយ​កម្លាំង និង​មិនសូវ​ឃ្លាន​អាហារ ពិបាក​ប្រមូល​អារម្មណ៍ កើត​រោគបង្ក​ដោយ​មេរោគ​ញឹកញាប់ ក្រផ្សះ​ដំបៅ​ឬរបួស​ស្នាម សភាព​ហេវហត់​គ្មាន​កម្លាំង​កំហែង ឬ​អាការ​ឡេះឡះ។

ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន​សេ

វីតាមីនសេ​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន ជាពិសេស​នៅក្នុង​បន្លែ​ស្រស់ និង​ផ្លែឈើ​ស្រស់​មួយចំនួន ដូចជា​ផ្លែគីវី ផ្លែឈើ​ពណ៌​ក្រហម ប៉េងប៉ោះ ផ្លែម្ទេស ផ្លែក្រូច​(ក្រូចឆ្មារ ក្រូច​ពោធិ៍សាត់) និងផ្លែ​ទំញំង​បាយជូរ។

ពេល​ដែលគួរ​ប្រើប្រាស់​ថ្នាំ​វីតាមីន​សេ

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំ​វីតាមីនសេ​បន្ថែម​មាន​ដូចត​ទៅ ៖

  • អ្នក​ជក់បារី ព្រោះថា​បារីមួយ​ដើម​ស៊ីជាតិ​វីតាមីនសេ​អស់​២៥​មីលីក្រាម
  • អ្នក​ទទួលទាន​សុរា ឬអ្នក​ញៀន​ស្រា
  • អ្នក​ស្ដ្រេស្ស អ្នក​អស់​កម្លាំង អ្នក​រងសម្ពាធ​ផ្លូវចិត្ដ និង​អ្នក​តានតឹង​អារម្មណ៍
  • អ្នកកើត​ផ្ដាសាយ​ធំ
  • អ្នកកើត​ហឺត
  • ស្ដ្រី​ប្រើថ្នាំ​ពន្យារ​កំណើត
  • មនុស្ស​ចាស់
  • អ្នក​កីឡា
  • ស្ដ្រី​មាន​ផ្ទៃពោះ និង​ស្ដ្រី​បំបៅ​ដោះកូន
  • ព្រមទាំង​ប្រើ​សម្រាប់​ករណី​ជាច្រើន​ផ្សេងទៀត ដូចជា​ពេលមាន​ជម្ងឺ​បង្ក​ដោយ​មេរោគ​ជម្ងឺមហារីក ពេល​ព្យាបាល​ដោយថ្នាំ​មួយចំនួន និង​សម្រាប់​មនុស្ស​ដែលចង់​ថែរក្សា​រាងរ៉ូវ។

តម្រូវ​ការ​ថ្នាំ​វីតាមីនសេ​ជាប្រចាំ​ថ្ងៃ

ការ​ប្រើប្រាស់​វីតាមីន​សេ អាស្រ័យ​ទៅលើ​កាលៈទេសៈ។ តម្រូវការ​អាចឡើង​ពី១០០​មីលីក្រាម​ដល់ទៅ​៤ក្រាម (៤០០០​មីលីក្រាម)​ក្នុង១ថ្ងៃ ជាអាទិការ​ប្រើប្រាស់​ពេល​ព្យាបាល​ជម្ងឺ​ផ្ដាសាយ​ធំ​ជាឧទាហរណ៍។

អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *