រដ្ឋាភិបាលប្រទេសជប៉ុនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ បានបើកពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ៨៥.៨០៧ដុល្លារអាមេរិកទៅដល់អង្គការមូលនិធិភីអេចស៍របស់ជប៉ុនប្រចាំនៅកម្ពុជា សម្រាប់គម្រោងលើកកម្ពស់ សេវាសុខភាពមាតា និងទារកនៅក្នុងខេត្ដកំពង់ធំ។
លោក ម៉ាសាហ្វ៊ូមី គូរ៉ូគី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានៅស្ថានទូតជប៉ុនថា គម្រោងសម្រាប់លើកកម្ពស់សេវាសុខភាពមាតា និងទារក ដែលមានទឹកប្រាក់ចំនួន៨៥.៨០៧ដុល្លារអាមេរិកនេះ គឺផ្ដល់ឱ្យសម្រាប់វគ្គបណ្ដុះបណ្ដាលឆ្មប និងបុគ្គលិកក្នុងមណ្ឌលសុខភាពចំនួន៤ និងសម្រាប់អ្នកស្ម័គ្រចិត្ដធ្វើការផ្នែកសុខភាពផងដែរ ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកសេវាសុខភាពមាតា និងទារករបស់នៅក្នុងតំបន់គោលដៅនៃការិយាល័យស្រុកប្រតិបត្ដិបារាយ-សន្ទុក ខេត្ដកំពង់ធំ។ លោកថ្លែងថា ៖ យើងសង្ឃឹមថា នៅចុងបញ្ចប់នៃគម្រោងនេះប្រជាជនជាង៤៨.០០០នាក់ និងទទួលបានសេវាសុខភាពមាតា និងទារកបានយ៉ាងល្អប្រសើរ។
អង្គការមូនិធិជប៉ុនភីអេចស៍បានចាប់ផ្ដើមគម្រោងរបស់ខ្លួននៅឆ្នាំ២០០៨ដោយជ្រើសរើសយកមណ្ឌលសុខភាព ចំនួន៤ដែលស្ថិតនៅក្រោមការិយាល័យស្រុកប្រតិបត្ដិបារាយសន្ទុកខេត្ដកំពង់ធំ ក្នុងនោះបានធ្វើការគ្របដណ្ដប់ ប្រជាជនចំនួន៤៧០០០នាក់
លោកស្រី ណាកា តាយូស៊ិមី ប្រធានអង្គការមូលនិធិជប៉ុនភីអេចស៍ប្រចាំកម្ពុជាបានមានប្រសាសន៍ថា តាមរយៈការផ្ដល់សេវាសុខភាពដ៏សមស្របមួយដល់ស្ដ្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងសម្រាល គឺជាការចូលរួមលើកកម្ពស់សុខភាពមាតា និងទារក ដែលនេះគឺជាកត្ដាមួយចម្បងក្នុងប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាការពារដល់ពួកគេឱ្យមានសុវត្ថិភាព។ លោកស្រីថ្លែងថា ៖ បច្ចុប្បន្ននេះការផ្ដល់សេវាសុខភាពមាតានិងទារក នៅតែជាបញ្ហាលំបាកនៅឡើយទេសម្រាប់អ្នករស់នៅជនបទដាច់ស្រយាល ដែលត្រូវការទទួលយកសេវាក្នុងពេលវេលាមួយដ៏ចាំបាច់នោះ។ ហើយផលលំបាកទាំងអស់នោះវាបានជាប់ពាក់ព័ន្ធទៅនឹងកម្រិតយល់ដឹង របស់ប្រជាជននៅមានការទន់ខ្សោយ ការផ្ដល់សេវា និងប្រព័ន្ធសុខាភិបាលសាធារណៈនៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធនៅមានការខ្វះខាត។ ដូច្នេះគោលបំណងរបស់អង្គការជប៉ុនភីអេចស៍គឺជំរុញឱ្យប្រជាជននៅតំបន់ដាច់ស្រយាលមានការយល់ដឹងឱ្យបានច្រើន ដើម្បីឱ្យពួកគេងាកមកប្រើប្រាស់សេវាថែទាំសុខភាព ជាពិសេសសេវាថែទាំសុខភាពមាតា និងទារក។
លោក ស្រី ស៊ីន ប្រធានរដ្ឋបាលពេទ្យខេត្ដកំពង់ធំបានមានប្រសាសន៍ឱ្យដឹងថា ឥឡូវនេះនៅក្នុងខេត្ដរបស់លោក ស្ថានភាពមាតាដែលមកទទួលសេវាកម្មនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកាន់តែមានភាពល្អប្រសើរឡើង។ លោកថ្លែងថា ៖ “យើងតែងតែមានកម្មវិធីអប់រំផ្សព្វផ្សាយទៅកាន់ស្ដ្រីនៅតាមសហគមន៍ ដើម្បីជំរុញឱ្យពួកគេដឹងអំពីបញ្ហាប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើននៅពេលសម្រាលកូន”។ លោកថា ៖ “ក្នុង១ខែមានមាតាចំនួន៧០-៨០នាក់បានមកសម្រាលកូននៅមន្ទីរពេទ្យខេត្ដ ប៉ុន្ដែក្នុងនោះមានទារកត្រឹមតែ៣-៤ប៉ុណ្ណោះបានស្លាប់ដោយសារការសម្រាលនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply