ចុកទ្រូងគឺជារោគសញ្ញានៃជម្ងឺមួយដែលមានពាក់ព័ន្ធទៅនឹងជម្ងឺសរសៃឈាមបេះដូង។ មូលហេតុជាច្រើនដែលបង្កឱ្យមានការឈឺចុកចាប់ទ្រូងដែលបណ្ដាលមកពីការស្ទះសរសៃសឈាមបេះដូង បង្កឡើងដោយការលើសជាតិខ្លាញ់ បណ្ដាលមកពីកើតមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាមជាដើម។ ចុកទ្រូងបានបង្កឱ្យមានផលលំបាកយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកជម្ងឺ។
ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធានផ្នែកជម្ងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈ បកស្រាយអំពីមូលហេតុចុកទ្រូង ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ចុកទ្រូង
ចុកទ្រូងគឺជាការឈឺចាប់នៅនឹងកណ្ដាលដើមទ្រូងខាងក្រោយឆ្អឹងសន្ទះទ្រូង ហើយការឈឺចាប់នេះអាចរាលដាលទៅកន្លែងផ្សេងៗទៀត ដូចជាស្មា ក ថ្គាម និងដៃជាដើម ដែលមានរយៈពេលមិនលើសពី១០នាទី។ ចំពោះការឈឺចាប់នេះបណ្ដាលមកពី លោកអ្នកធ្វើចលនា ធ្វើការងារធ្ងន់ៗ ឬមួយក៏មានការភ័យខ្លាច ឬក៏រំភើបខ្លាំងពេកជាដើម។ ប៉ុន្ដែការឈឺចុកចាប់នេះនឹងបាត់ទៅវិញ នៅពេលដែលលោកអ្នកសម្រាកនៅស្ងៀមមួយកន្លែង ឈប់ធ្វើការងារ ឬក៏ទទួលទានថ្នាំពង្រីកសរសៃឈាមជាដើម។
មូលហេតុដែលបណ្ដាលឱ្យចុកទ្រូង
មូលហេតុចម្បងដែលធំជាងគេគឺបណ្ដាលមកពីការជ្រាបចូលនៃជាតិខ្លាញ់នៅក្នុងស្រទាប់សរសៃឈាមបេះដូង ដែលជាហេតុធ្វើឱ្យសរសៃឈាមបេះដូងរួមមាឌតូច ជាហេតុធ្វើឱ្យបេះដូងមិនអាចទទួលឈាមបានគ្រប់គ្រាន់ ហើយបង្កឱ្យកើតមានការឈឺចុកចាប់ទ្រូងតែម្ដង។ ចំពោះកត្ដាមួយចំនួនដែលជំរុញឱ្យលោកអ្នកមានជម្ងឺចុកទ្រូងនោះគឺ អ្នកដែលកើតមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ឬក៏អាចបណ្ដាលមកពីអ្នកដែលធាត់លើសទម្ងន់ តំណពូជ កត្ដាដែលមានអាយុច្រើន មនុស្សប្រុសចាប់ពី៦៥ មនុស្សស្រីចាប់ពី៥៥ឡើងទៅ ទាំងនេះក៏ជាហេតុធ្វើឱ្យលោកអ្នកចុកទ្រូងដែរ។ លោកអ្នកមួយចំនួនដែលមិនសូវធ្វើពលកម្មឬក៏ធ្វើលំហាត់ប្រាណ ពិសា បារី និងទទួលទានស្រា ក៏ជាចំណុចមួយដែលអាចធ្វើឱ្យលោកអ្នកងាយនឹងកើតបញ្ហាចុកទ្រូងនេះផងដែរ។
រោគសញ្ញាចុកទ្រូង
រោគសញ្ញានៃការចុកទ្រូងដែលលោកអ្នកគួរតែចាប់អារម្មណ៍គឺការឈឺចាប់នៅនឹងកណ្ដាលដើមទ្រូង ណែនទ្រូង ថប់ ដង្ហើម ធ្ងន់ៗនៅនឹងដើមទ្រូង ជួនកាលអាចឈឺក្ដៅក្រហាយ អាចច្រឡំជាមួយជម្ងឺក្រពះ។ ការឈឺចាប់នេះអាចមានការរាលដាលទៅកន្លែងផ្សេងទៀត ដូចជាឆ្អឹងថ្គាម ដៃ ម្រាមដៃ ស្មា ក ឬខ្នង នេះជាការរាលដាលនៃការឈឺចាប់។ រយៈពេលឈឺចាប់ មានរយៈពេលខ្លីគឺមិនលើសពី១០នាទីក៏បាត់ទៅវិញដោយឯងៗ។ ចំពោះការឈឺចាប់នេះគឺឈឺចាប់នៅពេលដែលលោកអ្នកធ្វើការងារធ្ងន់ៗឬក៏ឡើងជណ្ដើរ ពេលរត់ ពេលដើរទៅកន្លែងឆ្ងាយៗ ហើយនៅពេលដែលលោកអ្នកឈប់សម្រាក ការឈឺចាប់ក៏រសាយបាត់ ទៅវិញម្ដងបន្ដិចៗ។
ការធ្វើវិនិច្ឆ័យរោគ
បើសិនជាជម្ងឺស្ដែងឡើងនូវការឈឺចាប់ច្បាស់លាស់ ដូចជាមានការឈឺចាប់នៅកណ្ដាលដើមទ្រូង ហើយជាការឈឺចាប់មួយ ដែលបង្កឡើងនៅពេលធ្វើចលនា ឬក៏ធ្វើការងារ វានឹងបាត់ទៅវិញនៅពេលដែលលោកអ្នកសម្រាកស្ងៀមនៅមួយកន្លែង ឬក៏ទទួលទានថ្នាំពង្រីកសរសៃឈាមបេះដូង។ ជាទូទៅការធ្វើរោគវិនិច្ឆ័យមិនមានអ្វីជាធំដុំនោះទេ បើសិនជាលោកអ្នកមានរោគសញ្ញា ដូចដែលបានរៀបរាប់ខាងលើនេះ។ ប៉ុន្ដែនៅក្នុងករណីខ្លះរោគសញ្ញាអាចមិនច្បាស់លាស់ ដោយមានការច្រឡំជាមួយនឹងរោគក្រពះ អាចច្រឡំជាមួយជម្ងឺថ្លើម ជម្ងឺស្ដ្រេសដោយមានការពិបាកចិត្ដហើយបង្កឱ្យកើតមានថប់ដង្ហើម។ ដូចនេះទាមទារការពិនិត្យច្បាស់លាស់ ដើម្បីជ្រើសរើសនូវការព្យាបាលឱ្យបានត្រឹមត្រូវ ដោយត្រូវមកជួបជាមួយគ្រូពេទ្យ ដើម្បីវាស់ចង្វាក់បេះដូង ពិនិត្យមើលអេកូបេះដូង តាមដានចង្វាក់បេះដូងនៅពេលអ្នកជម្ងឺធ្វើចលនាជាដើម។
ផលប៉ះពាល់នៃជម្ងឺចុកទ្រូង
ជម្ងឺចុកទ្រូងនេះអាចបណ្ដាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកជម្ងឺ។ បើសិនជាការឈឺចាប់នេះ នៅតែមិនបានព្យាបាលឱ្យបានទាន់ពេលវេលា ថ្ងៃណាមួយដុំខ្លាញ់វាកាន់តែរីកធំទៅៗ អាចធ្វើឱ្យរហែក និងបាក់ដុំខ្លាញ់ ហើយបណ្ដាលឱ្យមានកកឈាមនៅក្នុងសរសៃឈាមបេះដូង។ នេះជាដំណាក់កាលធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងអាចធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិត។ លោកអ្នកត្រូវតែគិតដល់ស្ថានភាពនេះ ប្រសិនបើការឈឺចាប់មានសភាពញឹកញាប់ជាងមុន ឬការឈឺចាប់មានសភាពធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុនលើសពី២០ទៅ៣០នាទី ឬក៏ការឈឺចាប់នេះមិនធូរស្រាល ឬគ្មានប្រសិទ្ធភាពដោយសារ ប្រើថ្នាំដែលលោកអ្នកធ្លាប់ប្រើកន្លងមក។ ដូចនេះលោកអ្នកគួរតែអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ បើមិនដូច្នេះទេអាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតគ្រប់ពេលវេលាទាំងអស់។
វិធីព្យាបាលជម្ងឺចុកទ្រូង
បើសិនជាលោកអ្នកមានជម្ងឺចុកទ្រូង លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ការព្យាបាលភាគច្រើនគឺគ្រូពេទ្យ តែងតែឱ្យអ្នកជម្ងឺទទួលទានថ្នាំ ហើយករណីខ្លះត្រូវព្យាបាលដោយការពង្រីកសរសៃឈាម ដើម្បីបើកផ្លូវឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបាន។ ចំពោះលោកអ្នកមួយចំនួនដែលមានការឈឺចុកចាប់នៅនឹងដើមទ្រូង មុននឹងសម្រេចចិត្ដប្រើប្រាស់ថ្នាំ លោកអ្នក គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជាមុនសិន ដើម្បីដឹងថាតើលោកអ្នកត្រូវប្រើថ្នាំអ្វីឱ្យសមនឹងសភាពនៃជម្ងឺ។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺចុកទ្រូង
ជម្ងឺនេះកើតឡើយដោយមានមូលហេតុមួយចំនួន។ មូលហេតុទាំងនេះមានច្រើនដូចជា លោកអ្នកមានជម្ងឺទឹកនោមផ្អែម ឬជម្ងឺលើសឈាម ទាំងនេះគឺសុទ្ធតែជាធាតុបង្កដែលអាចឱ្យលោកអ្នកកើតមាននូវអាការចុកទ្រូង។ ដូចនេះនៅពេលដែលលោកអ្នក កើតនូវជម្ងឺទាំងនេះ លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។ នៅពេលដែលលោកអ្នកធាត់លើសទម្ងន់ លោកអ្នកគួរតែព្យាបាលដោយបញ្ចុះជាតិខ្លាញ់។ លោកអ្នកគួរតែឈប់ទទួលទានស្រា និងបារី ហើយត្រូវធ្វើលំហាត់ប្រាណឱ្យបាន៣០នាទីក្នុងមួយថ្ងៃ។ លោកអ្នកគួរតែទទួលទានសាច់ត្រីឱ្យបានច្រើន ត្រូវចៀសវាងការទទួលទានសាច់ដែលមានជាតិខ្លាញ់ ដូចជាសាច់មាន់ សាច់គោ សាច់ជ្រូកជាដើម។ លោកអ្នកត្រូវទទួលទានអាហារណាដែលអាចជួយការពារ សុខភាពរបស់លោកអ្នក ដូចជាបន្លែ និងផ្លែឈើឱ្យបានច្រើន ទាំងនេះគឺជាការការពារកុំឱ្យកើតមានជម្ងឺចុកទ្រូងបាន។
ដំបូន្មានអ្នកជំនាញ
ចំពោះលោកអ្នកដែលមានអាការចុកទ្រូងដូចដែលបានរៀបរាប់ខាងលើ លោកអ្នកត្រូវតែមកពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញដើម្បីស្វែងរកមូលហេតុដែលបណ្ដាលឱ្យកើតមានបញ្ហានេះ។ អ្វីដែលល្អបំផុតនោះ លោកអ្នកគួរតែចៀសវាងនូវការទទួលទានអាហារដែលមានសារជាតិខ្លាញ់ច្រើន ប័រច្រើន ដោយត្រូវប្ដូរមកទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសត្រូវតែអនុវត្ដ តាមវិធីខាងលើទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply