ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលកាលពីចុងខែសីហានេះ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សាគ្នាទៅលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យថ្មីដែលស្ដីអំពីវិធានការណ៍ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ថា សេចក្ដីព្រាងអនុក្រឹត្យនេះមានគោលបំណងធ្វើការហាមឃាត់ទៅលើក្រុមហ៊ុនអាជីវកម្មផលិតផលថ្នាំជក់ ទាំងអស់នៅកម្ពុជាមិនឱ្យធ្វើការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់រូបភាពបានទេ។ លោកបន្ដថា សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានរៀបចំឡើងនៅក្នុងខែសីហា ឆ្នាំ២០១០ ហើយមិនយូរមិនឆាប់ទេ សេចក្ដីព្រាងនេះនឹងត្រូវបានទៅដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី បន្ទាប់ពីយើងទាំងអស់គ្នាបានពិនិត្យ និងឯកភាពគ្នារួចរាល់ហើយនោះ។
សេចក្ដីព្រាងអនុក្រឹត្យនេះត្រូវបានបង្កើតឡើងបន្ទាប់ពីលទ្ធផលនៃការអនុវត្ដន៍អនុក្រឹត្យស្ដីពីការបោះពុម្ព សារព្រមានសុខភាពនៅលើកញ្ចប់បារីត្រូវដល់កំណត់ឱវាទ
លោក មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានមានប្រសាសន៍ថា យើងមានការស្វាគមន៍ចំពោះការបង្កើតឱ្យមានអនុក្រឹត្យថ្មីដែលនិយាយអំពីវិធានការណ៍ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ពីក្រសួងសុខាភិបាលនោះ ប៉ុន្ដែអ្វីដែលសង្គមស៊ីវិលចង់បាននៅពេលនេះគឺថា រាល់ការអនុវត្ដន៍ច្បាប់គឺត្រូវតែមានប្រសិទ្ធភាព។ លោកបន្ដថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ក្រសួងសុខាភិបាលបានប្រកាសអនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាពនៅលើកញ្ចប់បារី ដើម្បីជំរុញឱ្យក្រុមហ៊ុនអាជីវកម្មថ្នាំជក់នៅកម្ពុជាមានការរួសរាន់អនុវត្ដសារព្រមាននេះ ដោយទុករយៈពេល៩ខែសម្រាប់ក្រុមហ៊ុនថ្នាំជក់ទាំង អស់នោះ។ ប៉ុន្ដែផ្ទុយទៅវិញ យើងបានរកឃើញថាមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះនៅកម្ពុជាដែលបានអនុវត្ដការដាក់សារព្រមាននៅលើកញ្ចប់បារី បើទោះបីជាដល់ការកំណត់ឱវាទយ៉ាងណាក៏ដោយ។
មន្ដ្រីក្រសួងសុខាភិបាលបានធ្វើការបដិសេធន៍អំពីចំនួននៃការដាក់សារព្រមាននៅលើកញ្ចប់បារី
ឯកឧត្ដម ម៉ម ប៊ុនហេង បានមានប្រសាសន៍ឱ្យដឹងថា បើតាមការជំរុញរបស់យើងបានឱ្យដឹងថា មានក្រុមហ៊ុនថ្នាំជក់ជាច្រើនបានអនុវត្ដនៅក្នុងការដាក់សារព្រមាននៅលើកញ្ចប់បារី ប៉ុន្ដែដោយឡែកមានតែមួយក្រុមហ៊ុនតែប៉ុណ្ណោះដែលមិនទាន់អនុវត្ដ ការដាក់កញ្ចប់បារីនៅឡើយទេ ដោយពួកគេសុំពន្យារពេលរង់ចាំរហូតដល់ខែតុលាទើបពួកគេដាក់។ លោកបន្ដថា ប្រសិនបើក្រសួង បានរកឃើញថា ក្រុមហ៊ុនបារីណាមិនទាន់បានដាក់សារព្រមានសុខភាពនេះនៅលើកញ្ចប់ទេ ក្រុមហ៊ុននោះនឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ ដោយឡែកអនុក្រឹត្យស្ដីពីវិធានការណ៍ចំពោះការផ្សាយពាណិជ្ចកម្មផលិតផលថ្នាំជក់បានតម្រូវដាក់ទោសទណ្ឌចំពោះ ក្រុមហ៊ុនណាដែលនៅតែជំនះចង់ផ្សាយពាណិជ្ជកម្មថ្នាំជក់ទៀត។ លោកថ្លែងថា ប្រសិនបើក្រុមហ៊ុនណាមួយមិនបានអនុវត្ដតាមការណែនាំក្នុងអនុក្រឹត្យនេះទេ ក្រសួងនឹងចាត់វិធានការណ៍ចំពោះក្រុមហ៊ុននោះ ដូចជាទី១ចេញលិខិតព្រមានជាផ្លូវការ ទី២បិទអាជីវកម្មបណ្ដោះអាសន្ន និងទី៣ ដកហូតអាជីវកម្មទាំងស្រុងតែម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply