ច្រណែនគឺជាអារម្មណ៍របស់បុគ្គលម្នាក់ៗ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ ភាពច្រណែនអាចសម្គាល់តាមរយៈ ទឹកមុខ កាយវិការ និងពាក្យសម្ដី។ ចំពោះបុគ្គលមួយចំនួន ការសម្ដែងចេញនូវភាពច្រណែនមិនងាយនឹងមើលដឹង ឬក៏ឃើញប៉ុន្មាននោះទេ ព្រោះដោយសារការចម្រើនពេញវ័យរបស់មនុស្សម្នាក់ៗ ដូចនេះគឺពិបាកមើលឃើញណាស់ក្នុងកម្រិតធម្មតា។ ប៉ុន្ដែបើភាពច្រណែននេះមានរូបភាពធ្ងន់ធ្ងរ បុគ្គលនេះអាចនឹងស្ដែងចេញតាមរយៈទឹកមុខ ពាក្យសម្ដី អាកប្បកិរិយា ដូចជាលែងស្និទ្ធស្នាល ជាមួយអ្នកដែលគេច្រណែន លែងចង់និយាយស្ដី លែងរវល់ជាមួយជាដើម។ ភាពច្រណែនអាចនឹងកើតមានបញ្ហាផ្លូវចិត្ដ បើសិនជា មានការរួមផ្សំ និងកត្ដាផ្សេងៗជាច្រើនទៀតដែលទាក់ទងទៅនឹងភាពច្រណែន។
ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ បកស្រាយអំពីភាពច្រណែន ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ច្រណែនកើតមានទៅតាមវ័យ
ច្រណែនគឺជាអារម្មណ៍របស់មនុស្សលោកនិងរបស់បុគ្គលម្នាក់ៗ ដែលតែងតែមានស្ថានភាពច្រណែន។ ភាពច្រណែនកើតមានច្រើនចំពោះកុមារដែលមិនទាន់ពេញវ័យ។ សម្រាប់មនុស្សចាស់ មនុស្សវ័យចំណាស់ និងវ័យជំទង់ក៏មានភាពច្រណែនដែរ។
1 . ភាពច្រណែនរបស់កុមារ ៖ ជាទូទៅកត្ដាចិត្ដសាស្ដ្ររបស់កុមារដែលមិនទាន់បានលូតលាស់ពេញលេញ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដូចជាមនុស្សពេញវ័យនៅឡើយ ការបញ្ចេញអារម្មណ៍នៃភាពច្រណែនរបស់គេគឺអាចឱ្យអ្នកដែលនៅជុំវិញខ្លួនអាចមើលដឹង។ អារម្មណ៍ដែលកុមារបញ្ចេញមកខាងក្រៅ ស្ដែងឱ្យកុមារ និងក្មេងៗដទៃផ្សេងៗទៀតបានឃើញភ្លាមៗ ដោយសារតែកត្ដាចិត្ដសាស្ដ្រឬក៏ការលូតលាស់អារម្មណ៍មិនទាន់ពេញវ័យ។ ដូចជាករណីនៅក្នុងក្រុមគ្រួសារមួយ កូនៗទាំងឡាយនៅពេលដែលឪពុកម្ដាយទិញរបស់របរឱ្យដែលចែកឱ្យផ្សេងៗពីគ្នា មានក្មេងខ្លះសម្ដែងចេញនូវឥរិយាបទមិនល្អ ដូចជាទឹកមុខមិនសមរម្យ អ្នកខ្លះមិនទទួលទានអាហារដោយសារតែភាពច្រណែននឹងឪពុកម្ដាយ ដែលផ្ដល់សម្ភារៈមិនស្មើគ្នា។ នេះគឺជាប្រតិកម្មធម្មតារបស់កុមារ ដែលស្ដែងចេញឱ្យឃើញនៅក្នុងក្រុមគ្រួសារ ដោយសារតែកុមារមិនទាន់ចម្រើនវ័យបានល្អដូចជាមនុស្សពេញវ័យ។ ទាក់ទិនទៅនឹងបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដឃើញថាភាពច្រណែនរបស់កុមារកើតមានដែរ។ ប៉ុន្ដែបើទាក់ទិនទៅនឹងបញ្ហាផ្លូវចិត្ដយើងមិនអាចថា យកភាពច្រណែនមួយនេះមកធ្វើជាសម្ភារៈ ធ្វើជាឧបករណ៍ថាអាចកើតមានជម្ងឺឬក៏បញ្ហាណាមួយនេះទេ ដោយត្រូវមានរួមផ្សំនឹងរឿងរ៉ាវជាច្រើនទៀតដែលយើងអាចសន្មតថាមានជម្ងឺផ្លូវចិត្ដឬក៏បញ្ហាផ្លូវចិត្ដ។ គ្រាន់តែភាពច្រណែនធម្មតាយើងមិនអាចនិយាយបាន ថាវាជាបញ្ហាផ្លូវចិត្ដ ឬក៏ជម្ងឺផ្លូវចិត្ដនោះទេ យើងអាចនិយាយថាជាប្រតិកម្មកុមារទៅនឹងសេចក្ដីត្រូវការរបស់គេ។
2 . ភាពច្រណែនមនុស្សពេញវ័យ ៖ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ភាពច្រណែនគឺមានទៅតាមចិត្ដរបស់បុគ្គលនីមួយៗ។ ភាពច្រណែននេះមិនមែនជាជម្ងឺនោះទេ វាគឺជាអារម្មណ៍។ ក៏ប៉ុន្ដែភាពច្រណែននេះវាអាស្រ័យទៅលើបុគ្គលនីមួយៗដែរ។ ហើយអ្នកខ្លះក៏មានភាពច្រណែនដែរ ប៉ុន្ដែដោយសារគេពេញវ័យ ចរិតលក្ខណៈលូតលាស់បានប្រក្រតី បានគ្រប់គ្រាន់ ភាពច្រណែននេះមិនបានបង្ហាញឱ្យឃើញច្បាស់ឱ្យសង្គមខាងក្រៅបានឃើញច្បាស់នូវភាពច្រណែននោះទេ។ ជួនកាលបុគ្គលប្រភេទនេះបានបញ្ជាក់តាម ទឹកមុខខ្លះៗ ហើយបើអ្នកនៅជុំវិញមិនបានអង្កេតមិនបានសួរនាំតាមដានឱ្យបានត្រឹមត្រូវ នោះមិនអាចដឹងថាបុគ្គលនេះកំពុងតែមានអារម្មណ៍ច្រណែននោះទេ។ ដូចនេះវានៅតែស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់ឈានទៅដល់បញ្ហាផ្លូវចិត្ដ គឺស្ថិតនៅក្នុងក្របខណ្ឌ ច្រណែននៃអារម្មណ៍របស់មនុស្សធម្មតា ឆ្លើយតបទៅនឹងសេចក្ដីត្រូវការជុំវិញរបស់ខ្លួន។ ភាពច្រណែនរបស់មនុស្សពេញវ័យមិនសូវបង្ហាញអាកប្បកិរិយា ឬក៏មិនសូវសម្ដែងនូវទឹកមុខឬក៏ពាក្យសម្ដីឱ្យឃើញជាក់ស្ដែងដូចកាលពីកុមារនោះទេ។
រោគសញ្ញាភាពច្រណែន
ភាពច្រណែនខ្លាំងគឺស្ដែងឱ្យឃើញតាមរយៈការបញ្ចេញអាកប្បកិរិយាមិនល្អ អាចឈានទៅដល់មានអារម្មណ៍ឆេវឆាវ មួម៉ៅ ខឹង គេងមិនលក់ ទទួលទានមិនបានជាដើម។ មិនត្រឹមតែភាពច្រណែននោះទេ វានឹងអាចឈានទៅដល់បញ្ហាផ្សេងៗទៀត ដូចជាធ្វើឱ្យបុគ្គលដែលច្រណែននេះដកខ្លួនចេញពីក្រុមគ្រួសារ មិនចង់ទំនាក់ទំនងជាមួយក្រុមគ្រួសារ អាចទៅជួបមិត្ដផ្សេងទៀត អាចឈានទៅដល់តូចចិត្ដ អ្នកខ្លះឈានទៅដល់ការសេពគ្រឿងញៀនគ្រឿងស្រវឹងបានផងដែរ។ វាអាចកើតជម្ងឺធ្លាក់ទឹកចិត្ដ ដែលកើតឡើងដោយភាពច្រណែនចំពោះឪពុកម្ដាយស្រឡាញ់មិនស្មើ។ យើងមិនអាចនិយាយបានថាបុគ្គលដែលច្រណែនអាចមានបញ្ហាផ្លូវចិត្ដទាំងអស់នោះទេ។ មានបុគ្គលខ្លះតូចចិត្ដរហូតដល់អស់សង្ឃឹមស្ដីបន្ទោសខ្លួនឯង ក៏អាចគិតទៅរកសេចក្ដីស្លាប់បានដែរ។ ភាពច្រណែនខ្លះក៏អាចឈានទៅជាបញ្ហាផ្លូវចិត្ដឬជម្ងឺផ្លូវចិត្ដ ភាគច្រើនសង្កេតឃើញថាកើតមានជម្ងឺធ្លាក់ទឹកចិត្ដដោយច្រណែន ដោយអន់ចិត្ដ និងខកចិត្ដ។ ជាទូទៅបុគ្គលដែលច្រណែនខ្លះអាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សា ឆេវឆាវ អាចមានឃាតកម្មថែមទៀតផង។ ក៏ប៉ុន្ដែពេលខ្លះបុគ្គលមួយចំនួននោះមិនបានដឹងខ្លួនថាមានបញ្ហាផ្លូវចិត្ដឬក៏ជម្ងឺផ្លូវចិត្ដនោះទេ។ ជួនកាលបុគ្គលម្នាក់មានគំនិតច្រណែនដែរ តែដោយសារបុគ្គលប្រភេទនេះមានគំនិតគិតវែងឆ្ងាយ ដោយសារកត្ដាចិត្ដសាស្ដ្រចម្រើនពេញវ័យ និងដោយចេះពិចារណាចេះបែងចែកបានត្រឹមត្រូវ ភាពច្រណែនមិនរីកធំលូតលាស់ ហើយបង្កឱ្យគាត់កើតមានបញ្ហាចិត្ដដែរ។
ភាពច្រណែនបង្កបញ្ហាផ្លូវចិត្ដ
ភាពច្រណែនខ្លាំងកើតមានការឈ្នានីស និន្ទា ដែលឈានទៅដល់បញ្ហាផ្លូវចិត្ដ គឺបណ្ដាលឱ្យកើតមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ៖
- ប៉ះពាល់ទៅដល់បុគ្គលខ្លួនឯង៖ អាចកើតជាជម្ងឺផ្លូវចិត្ដ ឬក៏បញ្ហាផ្លូវចិត្ដធ្វើឱ្យក្ដៅក្រហាយ ទទួលទានអាហារមិនបាន ទទួលទានដំណេកមិនបាន កើតចំពោះបុគ្គលដែលកំពុងតែរៀនសូត្រ កើតកំពុងតែធ្វើការងារ ស្រាប់តែលែងចង់ធ្វើការងារ ឬក៏លែងចង់សិក្សា ជាហេតុដែលបណ្ដាលឱ្យបុគ្គលប្រភេទនេះកើតទៅជាអស់សង្ឃឹម ទៅជាតូចចិត្ដ ទៅជាមនុស្សមួយដែលមានបញ្ហាផ្លូវចិត្ដ ដែលអាចបង្កឱ្យបាត់បង់ការងារ ដែលធ្វើឱ្យសេដ្ឋកិច្ចថវិកាថយចុះ បាត់បង់ចំណូល ដោយសារតែមានភាពច្រណែន។ ភាពច្រណែន ធ្វើឱ្យសម្ដីឬអាកប្បកិរិយាបុគ្គលប្រភេទនេះមិនបានល្អ និយាយគ្មានសីលធម៌ ដែលធ្វើឱ្យអាប់ឱនទៅតាមពាក្យសម្ដី ទៅតាមការប្រតិកម្មឆ្លើយតបជាមួយអ្នកដែលច្រណែន។
- ប៉ះពាល់ទៅដល់ក្រុមគ្រួសារ៖ ភាពច្រណែននេះជារូបភាពតូចតាច ជួនកាលការទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ ក៏មិនសូវល្អដែរ។ តែបើច្រណែនវាជារូបភាពធំ ដោយសារការបែងចែកទ្រព្យសម្បត្ដិមិនបានត្រឹមត្រូវ បែងចែកសេចក្ដីស្រឡាញ់ មិនស្មើគ្នា ឈានទៅដល់ការប្រើប្រាស់អំពើហិង្សា ឃាតកម្មផ្សេងៗទៀតជាដើម។
- ប៉ះពាល់ទៅដល់សង្គម ៖ បើសិនជាមានបញ្ហាហិង្សាឬក៏មនុស្សឃាត ដែលប៉ះពាល់ទៅដល់គ្រួសារ និងសង្គម ធ្វើឱ្យសង្គមមើលទៅវាហាក់បីដូចជាអាប់អួ បង្កឱ្យមានភាពរញ៉េរញៃ គ្មានសីលធម៌ ឪពុកសម្លាប់កូន កូនសម្លាប់ឪ ជីដូនជីតា មាមីង បងប្អូន នេះជារូបភាពមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់សង្គម។ បុគ្គលខ្លះអាចឈានទៅដល់ការសេពគ្រឿងញៀនគ្រឿងស្រវឹង។
វិធីព្យាបាលបុគ្គលច្រណែនហើយមានបញ្ហាផ្លូវចិត្ត
កាលណាភាពច្រណែនបង្កឱ្យមានបញ្ហាផ្លូវចិត្តឬក៏ជម្ងឺផ្លូវចិត្ត លោកអ្នកគួរតែនាំសមាជិកគ្រួសារមកពិគ្រោះជាមួយអ្នកជំនាញ ដើម្បីព្យាបាលតាមបែបចិត្តសង្គម។ នៅពេលដែលមកជួបជាមួយអ្នកជំនាញផ្នែកចិត្តសាស្ត្រ អ្នកជំនាញតែងតែផ្តល់ប្រឹក្សាលើកទឹកចិត្តចំពោះអ្នកដែលមានបញ្ហាផ្លូវចិត្តកើតឡើងដោយសារភាពច្រណែន ដើម្បីកុំឱ្យមានអារម្មណ៍ច្រណែនដែលឈានទៅដល់បញ្ហផ្លូវចិត្ត។ នេះគឺជាវិធីព្យាបាលតាមបែបចិត្តសាស្ត្រ ក្នុងការដោះស្រាយសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត។ ចំពោះអ្នកដែលមានបញ្ហាផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ គឺអាចព្យាបាលដោយការប្រឹក្សា និងថ្នាំព្យាបាល។
វិធីការពារដើម្បីកុំឱ្យកើតមានច្រណែននិងវិបត្តិផ្លូវចិត្ត
ប្រសិនបើមានលក្ខណៈបែបនេះកើតឡើងដោយច្រណែនខ្លះបានបង្ហាញឱ្យដឹងឱ្យឃីញដោយបញ្ចេញតាមរយៈទឹកមុខ តាមពាក្យសម្តី តាមកាយវិការ កាលណាលោកអ្នកដែលជាឧពុកម្តាយ បងប្អូន មិត្តភក្តិ ឃើញបែបនេះហើយ លោកអ្នកត្រូវពន្យល់ណែនាំ ផ្តល់ហេតុផលដល់អ្នកដែលកើតមានភាពច្រណែន។ ត្រូវពន្យល់ហេតុផលឱ្យបុគ្គលប្រភេទនេះបានយល់ឱ្យបានច្បាស់ ហើយបើសិនជា លោកអ្នកមិនអាចជួយបុគ្គលនេះបានទេ លោកអ្នកគួរតែនាំមកជួបគ្រូពេទ្យដើម្បីផ្តល់ប្រឹក្ថា ហើយការពារកុំឱ្យកើតមានបញ្ហ ទាំងបុគ្គលខ្លួនឯង គ្រួសារ និងសង្គមខ្លួនឯងផងដែរ។
ដំបូន្មានអ្នកជំនាញ
បើសិនជាលោកអ្នកកំណត់ទិសដៅឃើញអំពីហេតុការណ៍នេះហើយ លោកអ្នកមិនគួរបណ្តោយឱ្យបុគ្គលប្រភេទនេះកើតមានភាពច្រណែនតទៅទៀតទេ គឺត្រូវណែនាំ និងផ្តល់ប្រឹក្សាដល់បុគ្គលនេះ។ ហើយបើសិនជាភាពច្រណែនកាន់តែមានសភាពធ្ងន់ធ្ងរ ត្រូវនាំមកជួបជាមួយអ្នកជំនាញ ដើម្បីការពារកុំឱ្យកើតមានបញ្ហាផ្សេងដែលមិនអាចស្មានដល់។ ជាការពិតណាស់ភាពច្រណែន គឺជាបញ្ហាអារម្មណ៍មួយដែលទាមទារត្រូវដោះស្រាយ មិនត្រូវឱ្យបញ្ហាឈានដល់ធ្ងន់ធ្ងរនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply