ប្រតិកម្មដែលបង្កឡើងឱ្យមានកន្ទួលរមាស់លើស្បែកអាចបង្កឡើងដោយមូលហេតុច្រើនយ៉ាង ដោយរាប់បញ្ចូលទាំងចំណីអាហារ បរិស្ថាន និងជម្ងឺរបស់សរីរាង្គណាមួយនៅក្នុងរាងកាយដែលបង្កឡើងដោយពពួកបាក់តេរី និងវីរុស។ បើសិនជានិយាយពីប្រតិកម្មស្បែកធ្វើឱ្យមានកន្ទួលរមាស់គឺបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាងផ្សេងៗគ្នា។ ដូចនេះចាំបាច់លោកអ្នកត្រូវពិនិត្យរកមើលមូលហេតុឱ្យច្បាស់លាស់មុននឹងធ្វើការព្យាបាល។
លោកវេជ្ជបណ្ឌិត ថៃ គា ឯកទេសជម្ងឺសើស្បែក និងកាមរោគ បានបកស្រាយអំពីមូលហេតុស្បែកមានប្រតិកម្មតាមរយៈកិច្ចសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាស្បែកមានប្រតិកម្ម?
ស្បែកដែលមានប្រតិកម្មគឺជាស្បែកដែលលេចឡើងឱ្យឃើញ ដូចជាកន្ទួលតូចធំ ក្រហមៗ រមាស់ របក ឬឡើងក្រហម ក្រហាយជាដើម បើនិយាយឱ្យចំគឺសុខភាពស្បែកដែលមានអាការខុសធម្មតា។ ករណីស្បែកដែលមានប្រតិកម្មនេះ លោកអ្នកមិនអាចមើលនឹងភ្នែកដឹងថាវាបណ្ដាលមកពីអ្វីនោះទេ គឺចាំបាច់បំផុតទាមទារឱ្យលោកអ្នកទៅជួបពិគ្រោះរោគសញ្ញាជាមួយគ្រូពេទ្យជំនាញឱ្យច្បាស់លាស់។
មូលហេតុដែលបណ្ដាលឱ្យស្បែកមានប្រតិកម្ម
ស្បែកមានប្រតិកម្មមានកត្ដារួមផ្សំជាច្រើនដែលពិបាករកឱ្យឃើញនូវមូលហេតុបំផុត។ ការពិនិត្យរកឃើញនូវមូលហេតុគឺ ទាមទារឱ្យអ្នកជម្ងឺព្យាយាមស្វែងរកមូលហេតុជាមួយគ្រូពេទ្យជំនាញទាល់តែឃើញ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។ មូលហេតុដែលបណ្ដាលឱ្យស្បែកមានប្រតិកម្មមានកត្ដាជាច្រើនដូចជា
1 . ចំណីអាហារ ៖ សារធាតុក្នុងចំណីអាហារគ្រប់ប្រភេទ និងអាហារសមុទ្រក៏ជាកត្ដាមួយរួមចំណែកឱ្យស្បែកប្រតិកម្មផងដែរ។ បើនិយាយចំពោះអាហារសមុទ្រវិញ មានលោកអ្នកមួយចំនួនយល់ឃើញថា ការដែលស្បែកមានប្រតិកម្មកន្ទួលរមាស់គឺមកពីការទទួលអាហារសមុទ្រទាំងអស់។ នោះគឺជាពាក្យមិនពិតនោះទេ ព្រោះលោកអ្នកមិនមានហេតុផលណាមួយទេ ថាមកពីការទទួលទានគ្រឿងសមុទ្របង្កឱ្យមានកន្ទួលរមាស់នោះ។ ដូចនេះយើងត្រូវរកហេតុផលឱ្យឃើញថាបណ្ដាលមកពីអាហារសមុទ្រឬយ៉ាងណា ដោយយើងរាប់បញ្ចូលទាំងអាហារសមុទ្រស្រស់ និងក្រៀម ដូចជាក្ដាមសមុទ្រ បង្កង បង្គា ឬមឹកជាដើម។ បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់ថាស្បែកមានប្រតិកម្មជាមួយអាហារសមុទ្រយ៉ាងណានោះ លោកអ្នកអាចធ្វើពិសោធន៍បានដោយខ្លួនឯង ដោយលោកអ្នកយកអាហារសមុទ្រប្រភេទណាមួយក៏បានមកស្ងោរ រួចយកមកញ៉ាំដោយមិនចាំបាច់មានលាយឡំគ្រឿងទេសនោះអ្វីទេ។ រួចចាំសង្កេតមើលថា ពីមួយទៅពីរម៉ោងក្រោយមកនៅពេលដែលវាជ្រាបសព្វទៅដល់ក្រពះវាមានចេញកន្ទួលរមាស់ឬទេ។ បើសិនជាវាមានចេញនោះបង្ហាញឱ្យឃើញច្បាស់ហើយថា គឺមកពីអាហារសមុទ្រដែលបានយកមកពិសោធន៍។ ចំពោះស្បែកដែលមានប្រតិកម្ម ជាមួយអាហារសមុទ្រ មិនប្រាកដគ្រប់អាហារសមុទ្រទាំងអស់បង្កឱ្យមានប្រតិកម្មនោះទេ វាអាចបណ្ដាលមកពីប្រភេទណាមួយ ដូចជាបង្គា ក្ដាម បង្កង ឬមឹក។ បើដឹងថាមានប្រតិកម្មជាមួយគ្រឿងសមុទ្រប្រភេទនោះហើយ គឺត្រូវតមប្រភេទអាហារនោះ។ ដូចនេះភាគច្រើនកន្ទួលរមាស់លើស្បែកគេកម្ររកឃើញពីមូលហេតុច្បាស់លាស់ណាស់ មានតែការតាមដានពិនិត្យរកមូលហេតុជាមួយគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។
2 . បរិស្ថាន ៖ បរិស្ថានជាកត្ដារួមផ្សំផងដែរ នៅពេលលោកអ្នកស្ថិតនៅក្នុងអាកាសធាតុក្ដៅស្អុះស្អាប់ ពោរពេញទៅដោយ ធូលីដី ហើយគួបផ្សំទាំងការខ្វះអនាម័យសម្អាតខ្លួនទាំងនោះ គឺងាយធ្វើឱ្យស្បែកមានប្រតិកម្មណាស់ ទៅជាកន្ទួលរមាស់ឡើងក្រហម អុចៗជាដើម។ មិនត្រឹមតែកត្ដាបរិស្ថានប៉ុណ្ណោះទេ សូម្បីតែការប្រើប្រាស់ផលិតផលសម្អាងខុស ក៏បង្កឱ្យមានប្រតិកម្មផងដែរ ហើយការប្រើប្រាស់ឱសថមួយចំនួនក៏អាចបង្កឱ្យមានប្រតិកម្មលើស្បែកមានរមាស់ផងដែរ។
3 . ជម្ងឺផ្សេងៗក្នុងរាងកាយ ៖ ក្រៅពីកត្ដាខាងលើដែលអាចបង្កឱ្យស្បែកមានប្រតិកម្មហើយនោះ លោកអ្នកត្រូវផ្ដោតទៅលើរោគសញ្ញាថ្លើម និងសត្វល្អិត។ សត្វល្អិតភាគច្រើនយើងសំដៅទៅលើសត្វល្អិតនៅក្នុងពោះវៀន ប៉ុន្ដែមានមនុស្សមួយចំនួននិយាយ ពីសត្វល្អិតក្នុងឈាម ហើយនាំគ្នាទៅពិនិត្យឈាមរកសត្វល្អិត ឱ្យតែមានរមាស់គឺមានសត្វល្អិតក្នុងឈាម តាមពិតវាគ្មានសត្វល្អិតនៅក្នុងឈាមនោះទេ។ ដូចនេះលោកអ្នកគប្បីពិនិត្យរកមើលសត្វល្អិត និងជម្ងឺថ្លើមផង ទើបជាការប្រសើរ នៅពេលដែលមិនទាន់រកមូលហេតុនៃការចេញកន្ទួលរមាស់នេះ។
ការព្យាបាលស្បែកមានប្រតិកម្ម
ការព្យាបាលស្បែកដែលមានប្រតិកម្មគឺគ្រូពេទ្យធ្វើការព្យាបាលទៅតាមរោគសញ្ញា និងមូលហេតុដែលច្បាស់លាស់។ មុនព្យាបាល គ្រូពេទ្យត្រូវរកឱ្យឃើញមូលហេតុច្បាស់លាស់ ហើយត្រូវបំបាត់មូលហេតុនោះ គឺចៀសវាងការប្រើប្រាស់ ឬប៉ះពាល់ជាមួយវត្ថុ ចំណីអាហារ ឬរបស់អ្វីមួយដែលធ្វើឱ្យមានប្រតិកម្មស្បែករបស់លោកអ្នក ដូចជាជាតិដែកក្បាលខ្សែក្រវាត់ គ្រឿងកាឡៃ ឬខ្សែនាឡិកាដែលធ្វើពីដែក។ ដូចនេះត្រូវចៀសវាងពាក់គ្រឿងដែលមានជាតិដែកទាំងអស់នេះ ហើយមុនធ្វើការព្យាបាលត្រូវសិក្សាតាមរោគសញ្ញា និងតាមព័ត៌មានពីអ្នកជម្ងឺប្រាប់មកគ្រូពេទ្យ ដូចនេះទើបអាចធ្វើការវិនិច្ឆ័យ ហើយប្រើថ្នាំដើម្បីទប់ស្កាត់។ ពេលដែលប្រើថ្នាំអាចបំបាត់កន្ទួលរមាស់បានរាប់ខែ តែវានឹងអាចចេញមកម្ដងទៀត។ បើសិនប្រតិកម្មជាប្រភេទខ្សោយគឺមិនមានគ្រោះថ្នាក់អ្វីទេ គ្រាន់ចេញកន្ទួលរមាស់ធ្វើឱ្យរំខានតែប៉ុណ្ណោះ វាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ករណីកម្រណាស់ដែលមានប្រតិកម្មជាមួយចំណីអាហារដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីព្យាបាលស្បែកដែលមានកន្ទួលរមាស់ លោកអ្នកគប្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ដើម្បីដឹងពីមូលហេតុច្បាស់លាស់ក្នុងការព្យាបាល មិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងតាមការនិយាយតៗគ្នានោះទេ។ ដើម្បីកុំឱ្យខាតបង់ពេលវេលា និងចៀងវាងបង្កឱ្យមានផលប៉ះពាល់ទាំងឡាយនៅពេលដែលធ្វើការព្យាបាលផ្ដេសផ្ដាសដោយមិនបានស្វែងរកមូលហេតុច្បាស់លាស់នោះ សូមស្វែងរកការព្យាបាលមួយដ៏ត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply