បង្ហួរនោមដើរតួនាទីសំខាន់ណាស់សម្រាប់បញ្ចេញទឹកនោម និងបញ្ចេញទឹកកាម ហើយក៏មានប្រយោជន៍ផងដែរសម្រាប់ធ្វើការទំនាក់ទំនងសរីរៈផ្សេងៗក្នុងការជួយសម្រួលដល់តម្រងនោមឱ្យមានដំណើរការល្អទៀតផង។ ប្រសិនបើបង្ហួរនោមមានបញ្ហា ដោយសារអ្វីមួយ ដូចជាគាបឬត្បៀត វានឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកជម្ងឺយ៉ាងឆាប់រហ័ស បើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។
ដើម្បីជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលជម្ងឺទូទៅ និងសុខភាពបន្ដពូជបុរសនៅសមាគមថែទាំសុខភាពកម្ពុជា ហៅកាត់ថា“រ៉ាក់”ធ្វើការបកស្រាយដូចតទៅ។
អ្វីទៅជាជម្ងឺត្បៀតបង្ហួរនោម?
ជម្ងឺត្បៀតបង្ហួរនោមគឺជាការរួមត្បៀតរង្វង់បង្ហួរនោមតូចខុសពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រងនោមមានលក្ខណៈខុសប្រក្រតី បង្កឱ្យមានផលលំបាកជាច្រើនក្នុងការបញ្ចេញទឹកនោម។
មូលហេតុបណ្ដាលឱ្យមានជម្ងឺត្បៀតបង្ហួរនោម
កត្ដាដែលបានជំរុញឱ្យមានជម្ងឺត្បៀតបង្ហួរនោមគឺបណ្ដាលមកពីការប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀតគឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមានមេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះគឺជាដើមចមដែលអាចបណ្ដាលឱ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។
រោគសញ្ញាជម្ងឺត្បៀតបង្ហួរនោម
អ្នកដែលមានជម្ងឺត្បៀតបង្ហួរនោមបានបង្ហាញជារោគសញ្ញាដូចជានោមក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។
វិធីព្យាបាលជម្ងឺត្បៀតបង្ហួរនោម
ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជម្ងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឱ្យអ្នកជម្ងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ។ ព្រោះជម្ងឺនេះជាជម្ងឺក្លាយពីជម្ងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេលវេលា។ មិនតែប៉ុណ្ណោះប្រសិនបើការព្យាបាលជម្ងឺត្បៀតបង្ហួរនោមមិនយកចិត្ដទុកដាក់់ឱ្យទាន់ពេលវេលាទេនោះ អ្នកជម្ងឺអាចប្រឈមមុខផលវិបាកធ្ងន់ធ្ងរផងដែរ។
វិធីការពារជម្ងឺត្បៀតបង្ហួរនោម
ដើម្បីការពារជម្ងឺត្បៀតបង្ហួរនោម គឺត្រូវការពារជម្ងឺកាមរោគផ្សេងៗ ដែលបានបង្កឱ្យមានរោគតាមផ្លូវទឹកនោម។ ជាពិសេសនោះបុរសដែលឧស្សាហ៍រួមភេទជាមួយដៃគូច្រើនចាប់ពីពីរនាក់ឡើងទៅ ត្រូវឧស្សាហ៍ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីស្វែងរកជម្ងឺមួយចំនួន ដូចជាជម្ងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លាជាដើម ព្រោះជម្ងឺទាំងនេះអាចបង្កហេតុឱ្យមានជម្ងឺត្បៀតបង្ហួរនោម។ លើសពីនេះលោកអ្នកបុរសៗក៏ត្រូវការពារឱ្យបានល្អផងដែរ មិនត្រូវឱ្យមានការប៉ះទង្គិចទៅលើប្រដាប់ភេទខ្លួនឯងច្រើននោះទេ ព្រោះបញ្ហានេះក៏ជាកត្ដាបង្កឱ្យមានជម្ងឺត្បៀតបង្ហួរនោមនេះដែរ។
ផលប៉ះពាល់នៃជម្ងឺត្បៀតបង្ហួរនោម
ប្រសិនបើអ្នកជម្ងឺមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជម្ងឺនេះអាចរាលដាលដល់តម្រងនោម ឬចាល់ទឹកនោម បង្កលក្ខណៈឱ្យខ្សោយតម្រងនោមតែម្ដង។ មិនតែប៉ុណ្ណោះក៏អាចជំរុញឱ្យមានផលប៉ះពាល់ដល់សរីរៈផ្សេងៗទៀតផង។ ក្រៅពីនេះក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធបញ្ជាផ្សេងៗនៃសរីរាង្គកាយ ថមថយនូវទំនាក់ទំនងនានាគ្រប់ប្រព័ន្ធចិញ្ចឹមកោសិកាទាំងអស់ផងដែរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសផុតពីជម្ងឺត្បៀតបង្ហួរនោម លោកបុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជម្ងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជម្ងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជម្ងឺនេះអាចជាដើមហេតុបង្កឱ្យមានជម្ងឺត្បៀតបង្ហួរនោម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply