ជម្ងឺកញ្ជ្រឹលមិនធ្វើឱ្យកុមារកើតម្ដងទៀតទេបន្ទាប់ពីជាសះស្បើយ។ នៅពេលកុមារមានអាការឈឺធ្ងន់ម្ដងទៀត វាមិនមែនជាការលាប់ឡើងវិញនោះទេ តែគឺជាផលវិបាកដែលបង្កឡើងដោយជម្ងឺកញ្ជ្រឹលដែលប្រជាពលរដ្ឋនិយមហៅថាលាប់កញ្ជ្រឹល។ ធម្មតាកុមារដែលកើតមានជម្ងឺកញ្ជ្រឹលប្រហែលជាពីប្រាំពីរទៅប្រាំបីថ្ងៃវានឹងជាសះស្បើយទៅវិញ តែមានកុមារមួយចំនួនក្រោយពីជាសះស្បើយហើយស្រាប់តែធ្វើទុក្ខឡើងវិញ។ ការធ្វើទុក្ខឡើងវិញនេះហើយគឺជាផលលំបាកនៃជម្ងឺកញ្ជ្រឹល។ ដូចនេះសូមអាណាព្យាបាលទាំងអស់គប្បីយកចិត្ដទុកដាក់ចំពោះបញ្ហានេះ។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ បានធ្វើការបកស្រាយ ពីមូលហេតុដែលធ្វើឱ្យកុមារមានផលវិបាកនៃជម្ងឺកញ្ជ្រឹលនេះ តាមរយៈបទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ផលវិបាកនៃជម្ងឺកញ្ជ្រឹល
ធម្មតាមេរោគកញ្ជ្រឹលចូលមកក្នុងខ្លួនក្នុងកំឡុងពីបួនទៅដប់ថ្ងៃ បានធ្វើឱ្យមានចេញរោគសញ្ញាក្ដៅខ្លួនពី៣៩ទៅ៤០អង្សា។ បន្ទាប់មានចេញរោគសញ្ញាផ្សេងៗនៃជម្ងឺកញ្ជ្រឹល។ ការចេញកន្ទួលលើស្បែកចាប់ចេញពីក្បាល មុខ ក ខ្លួន រហូតដល់ជើង នៅពេលចេញដល់ជើងលែងសូវក្ដៅ មានកម្ដៅធម្មតាវិញ។ តែមួយផ្នែកតូចបានធ្វើឱ្យកុមារមានផលលំបាក ដែលមានមេរោគចូលថ្មីមកទៀត ជាហេតុធ្វើឱ្យកម្ដៅចាប់ផ្ដើមក្ដៅឡើងវិញ។ មេរោគថ្មីដែលជាបាក់តេរីចូលមកនេះអាចបណ្ដាលឱ្យទៅជារលាកសួត និងរលាកបំពង់សម្លេងជាដើម។ ដូចនេះហើយទើបធ្វើឱ្យយល់ច្រឡំថាជាការលាប់កញ្ជ្រឹល តាមការពិតជាជម្ងឺដែលបង្កឡើងដោយមេរោគផ្សេង ដែលជ្រៀតចូលនៅពេលដែលជម្ងឺកញ្ជ្រឹលជិតជាសះស្បើយ។ ផលវិបាកនៃជម្ងឺកញ្ជ្រឹលនេះអាចកើតមានបន្ទាប់ពីជាសះស្បើយជម្ងឺកញ្ជ្រឹលក្នុងរយៈពេលខ្លី ប៉ុន្ដែមានផលវិបាកមួយចំនួនអាចនៅរយៈពេលយូរចំពោះកុមារ។
មូលហេតុលាប់កញ្ជ្រឹល
ដូចបានរៀបរាប់ជូនខាងលើហើយថា ពាក្យលាប់កញ្ជ្រឹលគ្រាន់តែជាពាក្យដែលប្រជាពលរដ្ឋនិយមហៅតៗគ្នាតែប៉ុណ្ណោះ តាមពិតជាផលវិបាកនៃជម្ងឺកញ្ជ្រឹលដែលបណ្ដាលមកពីមេរោគដទៃ។ មូលហេតុនៃផលវិបាកជម្ងឺកញ្ជ្រឹលបណ្ដាលមកពីកត្ដាមួយចំនួន ដែលសុទ្ធតែបង្កឱ្យកុមារប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ រាល់ពេលដែលកុមាររៀបជាសះស្បើយពីជម្ងឺមួយក៏ដូចជាជម្ងឺកញ្ជ្រឹលនេះដែរ គឺប្រព័ន្ធការពាររាងកាយរបស់កុមារនៅមានសភាពទន់ខ្សោយ ដូចនេះមេរោគផ្សេងៗដែលនៅជុំវិញខ្លួនងាយនឹងធ្វើឱ្យកុមារមានផលវិបាកផ្សេងៗ ដែលបណ្ដាលមកពីមេរោគទាំងអស់នោះ។ ការលាប់កញ្ជ្រឹលគឺបណ្ដាលមកពីមេរោគដែលកើតមានឡើងបន្ទាប់ ពីជម្ងឺកញ្ជ្រឹល មានដូចជាមេរោគរលាកបំពង់សម្លេង រលាកផ្លូវដង្ហើម រលាកសួត រលាកកែវភ្នែក ខ្វាក់ភ្នែក ឬមេរោគធ្វើឱ្យរលាកខួរក្បាលជាដើម។ ការរលាកបំពង់សម្លេងគឺបង្កឡើងដោយវីរុសនៃជម្ងឺកញ្ជ្រឹល វាមិនសូវជាធ្ងន់ធ្ងរទេ តែបើបង្កដោយមេរោគ វីរុសឬបង្កដោយបាក់តេរីផ្សេងគឺអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់កុមារ។ ការរលាកសួតគឺបណ្ដាលមកពីបាក់តេរី ដែលប៉ះពាល់ដល់ផ្លូវដង្ហើមរបស់កុមារ បើមិនព្យាបាលឱ្យបានត្រឹមត្រូវនោះទេ អាចធ្វើឱ្យកុមារគ្រោះថ្នាក់ផងដែរ។
ការការពារផលវិបាកនៃជម្ងឺកញ្ជ្រឹល
វិធីការពារផលវិបាកនៃជម្ងឺកញ្ជ្រឹលនេះ គឺមិនមានការការពារណាមួយទប់ស្កាត់មិនឱ្យកើតមានចំពោះកុមារនោះទេ ព្រោះនេះជាការវិវឌ្ឍន៍របស់ជម្ងឺ តែអ្វីដែលសំខាន់បំផុតនោះគឺគប្បីការពារកុមារដោយការចាក់ថ្នាំបង្ការជម្ងឺកញ្ជ្រឹលជាមុន។ ក្រៅពីនេះគឺទាមទារឱ្យឪពុកម្ដាយតាមដានពីសុខភាពរបស់កូន ឱ្យដឹងពីសភាពកូនថាបន្ទាប់ពីចុះកម្ដៅធម្មតាហើយ កុមារមានអាការលេង និងញ៉ាំធម្មតាឬទេ។ ប៉ុន្ដែបើសិនជាកម្ដៅក្មេងចាប់ផ្ដើមឡើងវិញ ហើយពិបាកដកដង្ហើម មានហត់ ដង្ហក់ខ្លាំង ដកដង្ហើមឮសូរញាប់ និងមានឈឺភ្នែកមើលមិនសូវឃើញពេលងងឹត ទាំងនេះសុទ្ធតែជាសញ្ញាអាចបង្ហាញឱ្យដឹងថាមានបញ្ហានៃផលវិបាករបស់ជម្ងឺកញ្ជ្រឹល ហើយ។ ដូចនេះនៅពេលដែលឃើញកុមារមានបង្ហាញសញ្ញាដូចដែលបានរៀបរាប់នេះ ត្រូវប្រញាប់នាំកុមារទៅជួបពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា។ ការតាមដានសុខភាពរបស់កុមារបន្ទាប់ពីជាសះស្បើយពីជម្ងឺកញ្ជ្រឹល គឺជាការការពារដ៏ប្រសើរបំផុត ដែលអាចតាមដានដឹងពីអាការរោគនៃផលវិបាកទាំងអស់នោះ ដើម្បីកុំឱ្យកុមារឈានដល់ដំណាក់កាល ធ្ងន់ធ្ងរនៃផលវិបាក ដែលបង្កឡើងដោយមេរោគដទៃ បន្ទាប់ពីការជាសះស្បើយជម្ងឺកញ្ជ្រឹល។
ប្រការគួរប្រតិបត្ដិចំពោះអាណាព្យាបាល
ប្រការដែលល្អជាងនេះទៅទៀត អាណាព្យាបាលគប្បីថែទាំ និងការពារសុខភាពរបស់កុមារឱ្យបានល្អ ព្រោះថាកាលណា កុមារកើតមានជម្ងឺកញ្ជ្រ៉ឹល គឺធ្វើឱ្យតម្រូវការនៃវីតាមីនអាមានការកើនឡើងខ្ពស់។ ដូចនេះបើសិនជាមិនបានផ្ដល់វីតាមីនអាឱ្យកុមារបានគ្រប់គ្រាន់នោះ កុមារអាចកើតមានជម្ងឺកង្វះវីតាមីនអាទៅជារលាកកែវភ្នែក ឈឺភ្នែក ឬភ្នែកក្រហម ហើយអាចបណ្ដាលឱ្យកុមារពិការភ្នែកបាន បើសិនជាមិនមានការព្យាបាលនោះ។
ដំបូន្មានអ្នកជំនាញ
អ្វីដែលគួរយកចិត្ដទុកដាក់ជាងគេសម្រាប់ឪពុកម្ដាយចំពោះកូននោះ គឺត្រូវតាមដានមើលសភាពជម្ងឺរបស់កូនឱ្យបានល្អ។ បើសិនជាមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ជូនខាងលើ សូមប្រញាប់នាំកុមារទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ព្រោះផលវិបាកបន្ទាប់ជម្ងឺកញ្ជ្រឹលមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ចំពោះកុមារ បើមិនព្យាបាលឱ្យបានទាន់ពេលវេលាទេ គឺអាចបណ្ដាលឱ្យមានគ្រោះថ្នាក់អាយុជីវិតទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply