ការពិនិត្យផ្ទៃពោះមុនសម្រាល គឺជាប្រការសំខាន់ណាស់ដែលស្ដ្រីមានផ្ទៃពោះគ្រប់រូបត្រូវអនុវត្ដឱ្យខាងតែបានដើម្បីសុខភាពខ្លួនឯងផ្ទាល់់ និងទារកដែលនៅក្នុងផ្ទៃ។ បើមានការយកចិត្ដទុកដាក់បានត្រឹមត្រូវនៅពេលតាំងគភ៌ ការសម្រាល អាចប្រព្រឹត្ដទៅបានសុវត្ថិភាព សុខសប្បាយ។ ទស្សនាវដ្ដី សុខភាពយើង ចង់ចូលរួមលើកកម្ពស់សុខភាពលោកស្រីអ្នកនាង តាមរយៈការផ្ដល់ព័ត៌មានអំពីក្បួនថែទាំសុខភាព។
លោកស្រីអ្នកនាងបានជ្រាបរួចមកហើយអំពីការពិនិត្យ និងតាមដានផ្ទៃពោះតាំងពីពេលតាំងគភ៌រហូតដល់ខែទី៩ដែលជាខែប្រសូតនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខមុនៗ។ នៅលើទំព័រលេខនេះ លោកស្រីអ្នកនាងសូមបន្ដជ្រាបជាមួយការត្រួត ពិនិត្យអមវេជ្ជសាស្ដ្រមុនពេលសម្រាល ឬជាការពិនិត្យតាមដានបន្ថែមដោយការឆ្លុះអេកូសាស្ដ្រ ការវិភាគទឹកភ្លោះ និងការឆ្លុះមើលទារក។ ការពិនិត្យមុនសម្រាលបន្ថែមនេះជួយត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដំណើរការនៃគភ៌ និងកាត់បន្ថយគ្រោះថ្នាក់សម្រាប់អនាគតមាតា និងទារក។
អេកូសាស្ដ្រ
ការពិនិត្យអេកូសាស្ដ្រនេះគឺជាទីពេញនិយមសម្រាប់អ្នកជំនាញខ្មែរ និងប្រជាពលរដ្ឋខ្មែរ។ បើគេនិយាយអំពីការតាមដាន ផ្ទៃពោះ និងចង់ដឹងភេទរបស់ទារក គឺមានតែមធ្យោបាយអេកូនេះទេដែលប្រើជាអាទិភាពនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ពេលនេះ ទារករបស់លោកស្រីអ្នកនាងគឺជាតារាដែលកំពុងលេចមុខបង្ហាញខ្លួនពេញអេក្រង់អេកូតែម្ដង។ គ្រូពេទ្យ ឬឆ្មប យកក្បាលឆ្លុះភ្ជាប់ខ្សែទុយោសម្រាប់បញ្ជូនអ៊ុលត្រាសុងមិនមានការឈឺចាប់ និងមិនមានផលប៉ះពាល់។ ក្បាលឆ្លុះ និងខ្សែទុយោដែល ភ្ជាប់ជាមួយឧបករណ៍អេកូ បានបញ្ចូលត្រឡប់ទៅវិញទៅលើអេក្រង់អេកូនូវឧបសគ្គទាំងឡាយដែលអ៊ុលត្រាសុងបានជួប គឺសារពាង្គ កាយរបស់ទារក។ ការពិនិត្យនេះមានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ និងតាមដានការលូតលាស់របស់ទារកក្នុងអាយុចន្លោះពី២ខែ ទៅ៩ខែ។ នៅក្នុងក្រឹត្យក្រមនៃការពិនិត្យអេកូនេះ មានអនុសាសន៍មួយបានលើកឡើងគឺដើម្បីសម្រួលដល់ការឆ្លុះ សូមស្ដ្រីមានផ្ទៃ ពោះចៀសប្រើប្រាស់ឡេ និងប្រេងលាបពីលើពោះ ក្នុងរយៈពេល២ថ្ងៃមុនពិនិត្យឆ្លុះ។
ថ្មីៗនេះនៅប្រទេសជឿនលឿនបានបង្កើតនូវអេកូសាស្ដ្រទំនើប តាំងពីសខ្មៅមកជាពណ៌ធម្មជាតិ ឆ្លុះពីលើពោះមកឆ្លុះ តាមទ្វារមាស។ ដោយឡែកនៅប្រទេសកម្ពុជាឃើញមានតែអេកូដែលឆ្លុះនៅលើពោះនៅឡើយទេដែលកំពុងប្រើប្រាស់។ សូមបញ្ជាក់ថា រូបភាពនៃការឆ្លុះអេកូដែលបានមកពីអេកូឆ្លុះតាមទ្វារមាសផ្ដល់រូបភាពស្អាតជាង និងច្បាស់ជាងការឆ្លុះអេកូធម្មតា។
ទាក់ទងនឹងបរិមាណឬចំនួននៃការឆ្លុះអេកូ គឺមិនទាន់បានកំណត់ច្បាស់លាស់ទេថា ត្រូវធ្វើប៉ុន្មានដងមុនសម្រាល។ នៅ ប្រទេសជឿនលឿន ស្ដ្រីមានផ្ទៃពោះត្រូវទទួលការពិនិត្យឆ្លុះអេកូសាស្ដ្រឱ្យបាន៣ដងយ៉ាងតិចបំផុតមុនពេលសម្រាលដោយមិនបង់ ប្រាក់ដោយស្ដ្រីមានផ្ទៃពោះឡើយ។ ក្នុងករណីតាមដានពិសេសណាមួយ គ្រូពេទ្យអាចតម្រូវឱ្យពិនិត្យអេកូបន្ថែមទៀត។ ហេតុនេះស្ដ្រី មានគភ៌អាចទៅពិនិត្យអេកូផ្ទៃពោះបានដល់ទៅ៣ដងទៅតាមលទ្ធភាពក្នុងការបង់សេវាកម្ម ឬតម្រូវការជាក់ស្ដែង។
១ . ការពិនិត្យអេកូលើកទី១
ការពិនិត្យអេកូលើកទី១ គួរធ្វើនៅចន្លោះពីសប្ដាហ៍ទី៧ទៅទី១២នៃការមានគភ៌ ពោលគឺនៅខែទី២និងទី៣។ ពិតជារំភើប ខ្លាំងណាស់សម្រាប់អនាគតឪពុកម្ដាយ ដែលបានឃើញបេះដូងរបស់ទារកចាប់ផ្ដើមច្របាច់លោតតឹកតាក់ៗ។ ការពិនិត្យអេកូលើកទី១ អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនផងដែរ ៖
– ស្គាល់កាន់តែច្បាស់អំពីការតាំងគភ៌ពិតប្រាកដ ព្រមទាំងអាចគណនាថ្ងៃខែនៃការសម្រាល និងកំណត់បាននូវការលូតលាស់របស់ទារកក្នុងផ្ទៃ។
– ដឹងបានថា ទារកមានតែម្នាក់ ឬមានច្រើននាក់។ ករណីកូនភ្លោះពីរនាក់ បីនាក់ ឬបួននាក់តម្រូវឱ្យមានការតាមដាន ពិសេសមួយ។
– ត្រួតពិនិត្យបានលឿននូវស្ថានភាពជីវិតរបស់ទារក។ ភាពវឌ្ឍនាលូតលាស់របស់ទារកយឺតយាវជាយថាហេតុ និងជម្ងឺពី កំណើតមួយចំនួនធំអាចត្រូវមើលឃើញដោយការឆ្លុះនេះ។
– តាមដានចង្វាក់បេះដូងរបស់ទារក។
២ . ការពិនិត្យអេកូលើកទីពីរ
ការពិនិត្យអេកូលើកទី២តម្រូវឱ្យធ្វើនៅចន្លោះពីសប្ដាហ៍ទី២០ទៅទី២៤ គឺខែទី៥ទៅខែទី៦។ ការឆ្លុះនៅចន្លោះនេះអាចឱ្យលោកស្រីអ្នកនាងបានឃើញក្បាល ដើមដៃ និងប្រអប់ដៃរបស់ទារក។ ការឆ្លុះមើលរូបរាងទារកនេះ គឺពិតជាគួរជាទីព្រឺព្រួចណាស់ ជាពិសេសលោកស្រីអ្នកនាងដែលចង់ដឹងអំពីរូបរាងរបស់ទារក គឺភេទរបស់ទារកផ្ទាល់តែម្ដង។ ជារួមអេកូឆ្លុះលើកទី២នេះអាចប្រាប់ ពីតុល្យភាពសុខភាពរបស់ទារកទាំងអស់ គឺប្រវែងដៃជើង ដំណើរសរីរាង្គ ការលូតលាស់នៃគ្រោងឆ្អឹងដងខ្លួនជាដើម។ ការពិនិត្យក៏អាចវាយតម្លៃផងដែរ ពីទំហំ ឬបរិមាណទឹកភ្លោះ និងសុក។
ទោះបីជាការពិនិត្យអេកូលើកទី២នេះអាចឱ្យឪពុកម្ដាយរបស់ទារកដឹងអំពីភេទរបស់ទារកក្ដី ប៉ុន្ដែមិនមែនមើលឃើញ ដោយស្វ័យប្រវត្ដិនោះទេ។ ពោលបើលោកអ្នកចង់ដឹងអំពីភេទរបស់ទារកត្រូវប្រាប់គ្រូពេទ្យជាមុនសិនអំពីគោលបំណង។ ការដែល មិនចង់ដឹងអំពីភេទរបស់ទារកមិនព្រមទៅឱ្យគ្រូពេទ្យពិនិត្យអេកូសាស្ដ្រគឺជាការមិនត្រឹមត្រូវ ហើយម្យ៉ាងទៀតការដែលយល់ឃើញ របស់ប្រជាពលរដ្ឋខ្មែរ ដែលថាការពិនិត្យអេកូគឺសំដៅស្គាល់តែអំពីភេទនោះ គឺជាការយល់ខុស។ ហេតុនេះអ្វីដែលសំខាន់បំផុត មុនឱ្យគ្រូពេទ្យឆ្លុះអេកូ អនាគតឪពុកម្ដាយត្រូវដឹងច្បាស់អំពីបំណងរបស់ខ្លួន អ្វីខ្លះដែលចង់ដឹង ត្រូវពិភាក្សាគ្នាតែពីរនាក់ប្ដីប្រពន្ធជាមុន មុនពេលពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីប្រាប់ពីបំណងរបស់ខ្លួន។
៣ . ការពិនិត្យអេកូលើកទី៣
អេកូលើកទី៣ធ្វើឡើងនៅចន្លោះពីសប្ដាហ៍ទី៣២ទៅទី៣៤ គឺនៅចន្លោះពីខែទី៨។ ការពិនិត្យលើកនេះ ប្រើសម្រាប់ត្រួត ពិនិត្យឡើងវិញនូវការវិត្ដន៍លូតលាស់ ចលនា ការដកដង្ហើមរបស់ទារក។ល។ វាអាចផ្ទៀងផ្ទាត់ផងដែរ អំពីស្ថានភាព ផ្សេងៗដែលទាក់ទងនឹងការត្រៀមសម្រាល ដូចជាទីតាំង និងទំហំរបស់ទារក កន្លែងតាំងនៅនៃសុក មិនមានទងសុករុំព័ទ្ធជុំវិញ កជាដើម។
សរុបជារួមមក អេកូមានអត្ថប្រយោជន៍ខ្លាំងណាស់។ សំខាន់បំផុតអេកូអាចជួយបុរសស្ដ្រីពីរនាក់ប្ដីប្រពន្ធបង់ក្លាយខ្លួន ប្ដូរ អារម្មណ៍ និងការគិតទៅជាអនាគតឪពុកម្ដាយ។ បើអាចធ្វើទៅបាន បុរសជាដៃគូគួរតែនាំភរិយាទៅពិនិត្យផ្ទៃពោះដោយផ្ទាល់ ពីព្រោះថាវត្ដមានរបស់ប្ដីសំខាន់ណាស់សម្រាប់ភរិយា នៅពេលពិនិត្យផ្ទៃពោះ។ សូមបញ្ជាក់ឡើងវិញថា គោលបំណងធំបំផុតនៃ ការឆ្លុះអេកូ គឺតាមដានសុខភាព និងការលូតលាស់របស់ទារក។
ការវិភាគទឹកភ្លោះ
ការវិភាគទឹកភ្លោះ ហាក់ដូចជាមិនទាន់ឃើញមានអនុវត្ដនៅឡើយទេនៅកម្ពុជា ព្រោះវាពុំមែនជាការវិភាគជាចាំបាច់ទូទៅ នោះទេ។ ដោយឡែកការវិភាគនេះច្រើនតែធ្វើឡើងសម្រាប់ស្ដ្រីដែលមានផ្ទៃពោះចាប់ពីអាយុ៣៨ឆ្នាំឡើងទៅ។ បច្ចេកទេសនេះ អាចរកឃើញតែករណីជម្ងឺពីកំណើតមួយចំនួនរបស់ទារក ដូចជាជម្ងឺម៉ុងហ្គោលី(ឬទ្រីសូមី) និងជម្ងឺតពូជមួយចំនួន។ ការវិភាគ នេះអាចប្រាប់ឱ្យដឹងអំពីភាពមិនស៊ីចង្វាក់គ្នានៃប្រភេទឈាមរវាងម្ដាយ និងទារក។ ការវិភាគនេះអាចធ្វើឡើងនៅរង្វង់សប្ដាហ៍ទី១៦ និងទី១៨ ម្ដុំខែទី៤នៃការមានគភ៌។ ចំពោះរបៀបរបបនៃការធ្វើ គឺគ្រូពេទ្យចាក់បញ្ចូលម្ជុលឆ្មារមួយចូលកាត់តាមពោះ ក្រោមការឆ្លុះ មើលតាមដានការចាក់ដោយអេកូសាស្ដ្រ។ ពេលនេះគ្រូពេទ្យអាចបូមយកទឹកភ្លោះតែបន្ដិចប៉ុណ្ណោះយកមកវិភាគ។ សូមបញ្ជាក់ថា ការបូមវិភាគនេះមិនមានការឈឺចាប់នោះទេ។
ការឆ្លុះមើលទារក
ការឆ្លុះមើលទារកគឺជាវិធីមួយដែលប្រើប្រាស់ទុយោ ឬបំពងទីបឆ្មារមួយ ដែលភ្ជាប់ទៅដោយកញ្ចក់អុបទិក និងអំពូលពន្លឺ ស៊កបញ្ចូលទៅក្នុងស្បូន។ រូបភាពនៃកាមេរ៉ាមីក្រូទស្សន៍នេះអាចបង្ហាញតាមប្រពន្ធ័អេក្រង់អេកូ។ ការឆ្លុះមើលទារកអាចផ្ទៀងផ្ទាត់ ការលូតលាស់មិនប្រក្រតីរបស់ទារក។ ការឆ្លុះនេះត្រូវធ្វើឡើងដោយប្រើប្រាស់ថ្នាំស្ពឹករយៈពេល៣០នាទី និងតម្រូវឱ្យមានការ សម្រាកពេទ្យជាច្រើនថ្ងៃទៀតផង។ ការពិនិត្យនេះអាចធ្វើឡើងតែក្នុងករណី ដើម្បីបញ្ជាក់អះអាងភាពមិនប្រក្រតីរបស់ទារក ដែលអេកូសាស្ដ្រមិនអាចប្រាប់បាន។
បណ្ដាំផ្ញើ ៖ លោកស្រីអ្នកនាងបានជ្រាបអំពីការពិនិត្យផ្ទៃពោះអមវេជ្ជសាស្ដ្រទាំងបីរួចមកហើយ។ ពិតជាមិនទាន់គ្រប់គ្រាន់នោះទេ នៅមានការត្រួតពិនិត្យតាមដានផ្សេងៗទៀត គ្រាន់តែវាតម្រូវឱ្យប្រើបច្ចេកវិទ្យាលំបាកជាងនេះ។ សូមអភ័យទោសដែលយើងខ្ញុំ មិនបានលើកយកមកបង្ហាញជូនលោកអ្នកទាំងអស់ ទុកតួនាទីទាំងនេះជូនគ្រូពេទ្យ និងឆ្មបក្នុងការពិភាក្សាទៅតាមករណីជាមួយ លោកអ្នក។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply