មន្រ្តីជំនាញបាននិយាយថា កម្ពុជាកំពុងត្រៀមបោះពុម្ពសៀវភៅផែនការយុទ្ឋសាស្រ្ត និងគោលនយោបាយទប់ស្កាត់គ្រឿងស្រវឹង នៅពេលកម្ពុជាកំពុងក្លាយជាប្រទេសឋានសួគ៌នៃការផ្សព្វផ្សាយគ្រឿងស្រវឹង។
លោក ឃុន សូគ្រីន ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃពុធ ទី៥ កញ្ញានេះថា ក្រុមមន្រ្តីកំពុងធ្វើពង្រាងពីផែនការយុទ្ឋសាស្រ្ត និងគោលនយោបាយអប់រំ និងទប់ស្កាត់គ្រឿងស្រវឹងនៅកម្ពុជា នៅពេលការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងមានច្រើននៅតាមប្រព័ន្ឋផ្សព្វផ្សាយនានា។ លោកបន្តថា យើងមិនទាន់ដឹងថា ពេលណាសៀវភៅនេះត្រូវបោះពុម្ពពិតប្រាកដទេ ព្រោះយើងកំពុងព្រាងវានៅទ្បើយ។ សៀវភៅនេះធ្វើទ្បើងដើម្បីអប់រំប្រជាជនឲ្យដឹងពីផលវិបាកនៃគ្រឿងស្រវឹង និងធ្វើជាមូលដ្ឋានសម្រាប់ស្រាវជ្រាវ។
លោកបន្តថា “នៅកម្ពុជាមានការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើន ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន ព្រោះកាលណាផ្សព្វផ្សាយច្រើនធ្វើឲ្យប្រជាជនមើលឃើញ ពួកគេទិញ និងឈានទៅប្រើប្រាស់ផលិតផលនោះ”។
លោក ឃុន សូគ្រីន បានបន្តថា រហូតមកទល់ពេលនេះ យើងមិនទាន់មានគំរោងសរសេរសេចក្តីព្រាងច្បាប់ទាក់ទងនឹងការទប់ស្កាត់ការប្រើប្រាស់ ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅទ្បើយ ព្រោះមិនទាន់មានសេចក្តីណែនាំពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសុខាភិបាល។
លោក សែម បញ្ញាវុឌ្ឈ ប្រធានគំរោងប្រព័ន្ឋទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោក នៃអង្គការជនពិការអន្តរជាតិបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ១៤ភាគរយបណ្តាលមកពីគ្រឿងស្រវឹង ហើយវាជាមូលហេតុទី២ នៃការបង្កឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវនៅប្រទេសកម្ពុជា បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ លោកបន្តថា កន្លងមកមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានធ្វើសេចក្តីព្រាងគោលនយោបាយពាក់ព័ន្ឋគ្រឿងស្រវឹងដាក់ជូនរដ្ឋាភិបាល ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង ហើយជាលទ្ឋផលរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុននាំចូល និងផលិតគ្រឿងស្រវឹងដាក់សារព្រមានសុខភាព ពេលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមប្រព័ន្ឋផ្សព្វផ្សាយនានា។
លោកបន្តថា “ការដាក់សារព្រមានសុខភាពដូចជា បើពិសារស្រាកុំបើកបរ គឺជាការពញ្ញាក់ដល់អ្នកបើកបរ កុំឲ្យពិសារគ្រឿងស្រវឹងនៅពេលបើកបរ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ”។
គ្រោះថ្នាក់ចរាចរនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់ ការពិសាគ្រឿងស្រវឹង ការបើកជែងគ្នា និងការមិនគោរពសិទ្ឋិអាទិភាពជាដើម។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply