ស្ទើរតែពេញ១ឆ្នាំ២០១០មកហើយដែលទស្សនាវដ្ដី សុខភាពយើង បានលាតត្រដាងពីអាថ៌កំបាំងនៃសារជាតិវីតាមីនទាំងឡាយ។ តួនាទី និងលក្ខណៈសម្បត្ដិរវាងវីតាមីននីមួយៗមិនដូចគ្នានោះទេ។ ចុះវីតាមីនដេដែលមានឈ្មោះល្បីមិនចាញ់វីតាមីនដទៃដែរនោះ តើមានអាថ៌កំបាំងអ្វីដែរទៅ?
តួនាទីវីតាមីនដេ
វីតាមីនដេឬហៅជាភាសាគីមីសាស្ដ្រថា កាល់ស៊ីហ្វេរ៉ុល។ អ្នកខ្លះបានដាក់ឈ្មោះវីតាមីនដេថាជាវីតាមីនឆ្អឹង ឬវីតាមីនព្រះអាទិត្យ ដោយសារវាផលិតឡើងនៅពេលដែលស្បែកប៉ះជាមួយពន្លឺព្រះអាទិត្យ ជាពិសេសកាំរស្មីពណ៌ស្វាយ។ វីតាមីនដេស្ដុកទុកនៅក្នុងថ្លើម សាច់ដុំ និងសារធាតុខ្លាញ់។ ហេតុនេះហើយ បើគ្រាន់តែស្ថិតនៅហាលថ្ងៃគ្រប់គ្រាន់ ក្នុងកំឡុងពេលណាមួយ ខ្លួនប្រាណមនុស្សអាចមានវីតាមីនដេគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ ជាឧទាហរណ៍ជនជាតិអឺរុ់បដែលគ្រាន់តែដេកឬដើរហាលថ្ងៃតែប៉ុន្មានខែនៅខែក្ដៅ ឬខែមានពន្លឺព្រះអាទិត្យ ស្បែករបស់ពួកគេអាចផលិតវីតាមីនដេសម្រាប់តម្រូវការពេញមួយឆ្នាំបាន។ ក្នុង ករណីនេះ ការទទួលទានវីតាមីនដេចូលទៅក្នុងខ្លួនតាមរយៈចំណីអាហារមានអត្ថប្រយោជន៍តិចតួចបំផុត។ ផ្ទុយទៅវិញ សម្រាប់មនុស្សដែលមានស្បែកស្រអាប់ឬខ្មៅ អ្នកដែលមិនចូលចិត្ដចេញក្រៅញឹកញាប់(ដូចជាទារក កុមារ អ្នកជម្ងឺ និងមនុស្សចាស់ជរាជាដើម) និងអ្នកដែលមិនប៉ះថ្ងៃតែម្ដង ពេលនោះវីតាមីនដេចំណីអាហារផ្ដល់សារៈប្រយោជន៍។
បើក្រឡេកមើលពីអត្ថប្រយោជន៍របស់វា វីតាមីនដេមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនដូចតទៅ ៖
- ជួយឆ្អឹង និងធ្មេញ ៖ វីតាមីនដេនាំឱ្យមានការភ្ជាប់សារធាតុកាល់ស្យូមទៅនឹងឆ្អឹង និងធ្វើឱ្យគ្រោងឆ្អឹង និងរចនាសម្ព័ន្ធឆ្អឹងរឹងមាំ។ ម្យ៉ាងទៀតវាក៏នាំឱ្យមានការភ្ជាប់សារធាតុផូស្វ័រទៅនឹងឆ្អឹង ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់សុខភាព ការលូតលាស់នៃធ្មេញនិងឆ្អឹង ជាពិសេសបង្ការរោគពុកឆ្អឹង និងបាក់ឆ្អឹង។
- ជួយសាច់ដុំ និងប្រព័ន្ធការពារ ៖ យើងត្រូវការវីតាមីនដេផងដែរសម្រាប់ការពារភាពទន់ជ្រាយនៃសាច់ដុំ និងទទួលបាននូវប្រព័ន្ធការពាររាងកាយមួយប្រកបទៅដោយប្រសិទ្ធភាព។
- ជួយប្រព័ន្ធប្រសាទ ៖ វីតាមីនដេធ្វើឱ្យសុខភាពប្រព័ន្ធប្រសាទរឹតតែប្រសើរឡើង។
- ជួយបេះដូង និងប្រឆាំងនឹងមហារីកផ្លូវរំលាយអាហារ ៖ តួនាទីមួយក្នុងចំណោមតួនាទីមិនសូវលេចមុខមាត់ផ្សេងទៀត គឺវីតាមីនដេចូលរួមនៅក្នុងការសម្របតម្រូវចង្វាក់បេះដូង និងបង្ការបាននូវជម្ងឺមហារីកផ្លូវរំលាយអាហារមួយចំនួន។
របបអាហារូបត្ថ្ថម្ភប្រចាំថ្ងៃរបស់វីតាមីនដេ
ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលឬសំយោគទៅក្នុងខ្លួនជាប្រចាំនូវវីតាមីនដេ ក្នុងបរិមាណចំនួនប្រមាណ៥មីក្រូក្រាមជាមធ្យមសម្រាប់វ័យជំទង់ និងមនុស្សពេញវ័យ។ តួលេខនេះអាចកើតដល់ទៅ១០មីក្រូក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយដោះ ចំនួនពី១០ទៅ១៥មីក្រូក្រាមសម្រាប់មនុស្សវ័យចំណាស់។ វាអាចក្លាយជាជាតិពុល បើសិនជាប្រើប្រាស់លើសពី២៥មីក្រូក្រាម ក្នុងទម្ងន់ខ្លួនមួយគីឡូក្រាម។
កង្វះវីតាមីនដេនាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើមនុស្សយើងទទួលទានវីតាមីនដេមិនបានគ្រប់គ្រាន់ទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនោះរួមមានជម្ងឺក្រិនដែលអាចកើតមានលើកុមារ និងជម្ងឺឆ្អឹងពុកផុយ ឬឆ្អឹងខ្សោយកើតលើមនុស្សពេញវ័យ។
ចំណីអាហារដែលមានជាតិវីតាមីនដេ
វីតាមីនដេមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាស៊ុតពណ៌លឿង ថ្លើមត្រី ម៉រុយ ហ្វ្រូម៉ា កាំរស្មីព្រះអាទិត្យជាដើម។ កាំរស្មីព្រះអាទិត្យអាចផ្លាស់ប្ដូរកូឡេស្ដេរ៉ុលនៅលើស្បែកទៅជាជាតិវីតាមីនដេ។
ពេលដែលគួរប្រើប្រាស់ថ្នាំវីតាមីនដេ
ជំពូកមនុស្សដែលគួរតែប្រើប្រាស់ថ្នាំវីតាមីនដេបន្ថែមមានដូចតទៅ ៖
- ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅដោះកូន
- មនុស្សចាស់ ដែលដើរចេញក្រៅផ្ទះតិច ឬដែលមិនប៉ះពន្លឺព្រះអាទិត្យ និងដែលមានរបបអាហារមានវីតាមីនដេតិចតួចពេក
- មនុស្សដែលកំពុងតែព្យាបាលជម្ងឺទល់លាមកដោយប្រេងប៉ារ៉ាហ្វីន ដែលទប់ស្កាត់ការសំយោគឬស្រូបយកវីតាមីនដេ
- ស្ដ្រីដែលអស់រដូវ។
តម្រូវការថ្នាំវីតាមីនដេជាប្រចាំថ្ងៃ
ការប្រើប្រាស់វីតាមីនដេត្រូវស្ថិតនៅក្នុងកម្រិត៥មីក្រូក្រាម វាអាចប្រែប្រួលអាស្រ័យទៅតាមកាលៈទេសៈផងដែរ។ តម្រូវការអាចឡើងដល់ទៅ១០មីក្រូក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅដោះកូន។ មិនគួរប្រើប្រាស់ថ្នាំវីតាមីនដេក្នុង១ថ្ងៃឱ្យលើសពី២៥មីក្រូក្រាមឡើយ។ ការប្រើប្រាស់ថ្នាំវីតាមីនដេលើសអាចកើតមានឡើង និងអាចបង្កជាប្រតិកម្មធ្ងន់ធ្ងរនានា ដូចជាលែងឃ្លានអាហារ អស់កម្លាំង ទល់លាមក ចង្អោរ ក្អួត ស្រកទម្ងន់ កង្វះជាតិទឹកក្នុងខ្លួន លើសឈាម ទល់នោម កំណកជាតិកាល់ស្យូមខុសប្រក្រតីនៅតម្រងនោម និងនៅតាមសរសៃឈាម បេះដូង សួត សន្លាក់ជាដើម។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply