ស្ដ្រីទូទៅហាក់បីដូចជាមិនសូវយកចិត្ដទុកដាក់ក្នុងការថែរក្សាសារជាតិដែកនៅក្នុងខ្លួនប៉ុន្មានឡើយ ខណៈពេលមានផ្ទៃពោះដើម្បីចិញ្ចឹមទារកក្នុងផ្ទៃឬជាជំនួយដល់សុខភាពខ្លួនផ្ទាល់។ សារជាតិដែកជួយសុខភាពទារកក្នុងផ្ទៃ ភាពរឹងប៉ឹង សុខភាពល្អ ក្រោយពេលសម្រាល និងទទួលបាននូវថាមពលគ្រប់គ្រាន់ក្នុងការការពារជម្ងឺឈឺថ្កាត់ផ្សេងៗដោយជាតិដែកក្នុងរាងកាយម្ដាយ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រីវេជ្ជបណ្ឌិត វង្ស វណ្ណៈ អនុប្រធានផ្នែកគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ប្រឹក្សាចំពោះស្ដ្រីគ្រប់រូបក្នុងការថែរក្សាជាតិដែកនៅក្នុងខ្លួន។
សារជាតិដែក
ដើម្បីរក្សាសារជាតិដែកឱ្យមានលំនឹងនៅក្នុងខ្លួន លុះត្រាតែមានអេម៉ូក្លូប៊ីន។ អេម៉ូក្លូនប៊ីនគឺជាសារជាតិដែករ៉ែខនិជ និងជាមីក្រូសារជាតិម្យ៉ាងសម្រាប់បង្កើតកោសិកាគ្រាប់ឈាមក្រហម និងជួយផ្ដល់ថាមពលសរីរាង្គកាយរបស់ស្ដ្រីដែលមានផ្ទៃពោះផងដែរ។ ស្ដ្រីមួយចំនួនហាក់បីដូចជាបង្ហាញអាការស្លេកស្លាំង គឺបណ្ដាលមកពីកង្វះអាហារូបត្ថម្ភដែលកើតជាទូទៅ និងច្រើនជាងគេនៅលើពិភពលោក ដែលបណ្ដាលមកពីកង្វះបរិមាណអេម៉ូក្លូប៊ីននៅក្នុងឈាម ព្រោះសារជាតិនេះដើរតួយ៉ាងសំខាន់នៅក្នុងគ្រាប់ឈាម ហើយក៏ជាសារជាតិដឹកនាំអុកស៊ីសែនទៀតផង។
មូលហេតុដែលបណ្ដាលឱ្យខ្វះជាតិដែក
ស្ដ្រីមួយចំនួនដែលខ្វះជាតិដែកបណ្ដាលមកពីពួកគេទទួលទានអាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ និងអាហារបំប៉នទាំងនោះមិនមែនជាអាហារដែលមានសារៈប្រយោជន៍ខ្ពស់ជួយដល់សុខភាព និងរាងកាយ។ កង្វះជាតិដែកអាចកើតឡើងដោយសារកោសិកាឈាម មិនធម្មតា ជម្ងឺគ្រុនចាញ់ ការបាត់បង់ឈាមពេលមានឈាមរដូវ និងពេលសម្រាល។ ស្ដ្រីមួយចំនួនអាចមានកូនញឹក ហើយសុខភាពទ្រុឌទ្រោម និងភាពស្លេកស្លាំង។
រោគសញ្ញាស្ដ្រីខ្វះជាតិដែក
ស្ដ្រីដែលពុំមានជាតិដែកគ្រប់គ្រាន់នោះ បានបង្ហាញឱ្យឃើញពីអាការ ដូចជាមុខ បបូរមាត់ ត្របកភ្នែកមានភាពស្លេកស្លាំង រាងកាយគ្មានកម្លាំង ខួរក្បាលមិនចងចាំ និងមានរាងកាយស្គមស្គាំង ប្រឈមមុខនឹងគ្មានទឹកដោះឱ្យទារកក្រោយពេលសម្រាលផងដែរ។ ស្ដ្រីអាចស្លាប់បើស្លេកស្លាំងធ្ងន់ធ្ងរ។
សារៈប្រយោជន៍នៃជាតិដែក
ប្រសិនបើស្ដ្រីគ្រប់រូបមានសារជាតិដែកគ្រប់គ្រាន់នៅក្នុងខ្លួន ឬក្នុងគ្រាប់ឈាម អាចជួយឱ្យស្ដ្រីគ្រប់រូបដូចជា ៖
- កាត់បន្ថយអត្រាឈឺ និងស្លាប់របស់ម្ដាយ និងកុមារ
- ជួយឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ទប់ទល់ប្រឆាំងនឹងជម្ងឺផ្សេងៗ
- ធ្វើឱ្យបញ្ហាឈាមដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់សារពាង្គកាយបានល្អ
- ស្ដ្រីដែលមានផ្ទៃពោះត្រូវទៅជួបគ្រូពេទ្យឱ្យបានញឹកញាប់ ដើម្បីយកថ្នាំមកទទួលទានកំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលសម្រាប់សុខភាពទារក និងម្ដាយការពារភាពស្លេកស្លាំង។
- លើកកម្ពស់ការបរិភោគផ្លែឈើដែលសម្បូរទៅដោយវីតាមីនសេ ព្រោះវាអាចជួយបំពេញនូវសារជាតិដែកបានមួយចំនួនធំ និងកាត់បន្ថយភាពស្លេកស្លាំង។
- ទទួលទានថ្នាំទម្លាក់ព្រូន ចំពោះស្ដ្រីមានផ្ទៃពោះ និងក្រោយសម្រាល ព្រោះព្រូនជាសត្វល្អិតម្យ៉ាងធ្វើឱ្យមានការរាំងស្ទះចំពោះការវិវឌ្ឍន៍នូវជាតិដែកក្នុងខ្លួន។
- មិនត្រូវទទួលទានអាហារជាតិដែកជាមួយតែ និងកាហ្វេឡើយ ព្រោះជាតិដែកដែលទទួលទានចូលនោះ នឹងមិនបានផ្ដល់ផលប្រយោជន៍ឱ្យយើងបានគ្រប់១០០ភាគរយឡើយ ដោយសារមានការទប់ស្កាត់ពីសារជាតិតែ និងកាហ្វេ។
- ធ្វើការព្យាបាលជម្ងឺគ្រុនចាញ់ ប្រសិនបើមាន។
វិធីការពារទប់ស្កាត់កង្វះជាតិដែក
ដើម្បីកាត់បន្ថយនូវភាពស្លេកស្លាំង និងរក្សាជាតិដែកឱ្យបានត្រឹមត្រូវនោះ ស្ដ្រីគ្រប់រូបគួរធ្វើដូចតទៅ ៖
- ត្រូវលេបថ្នាំទម្លាក់ដង្កូវព្រូនឱ្យបានត្រឹមត្រូវ
- ជ្រើសរើសយកអាហារូបត្ថម្ភណាដែលផ្ដល់នូវសារជាតិកាល់ស្យូម និងអាហារមួយចំនួនដែលអាចផ្ដល់នូវអត្ថប្រយោជន៍ សម្រាប់សុខភាព ដោយមានការណែនាំពីក្រុមគ្រូពេទ្យជាដើម
- ទទួលទានអាហារដែលមានជាតិដែក ដូចជាសាច់ ត្រី មាន់ ស៊ុត ថ្លើម ឈាម តៅហ៊ូជាដើម
- ទទួលទានបន្លែមានស្លឹកពណ៌បៃតង ដូចជាត្រកួន ស្លឹកផ្ទី ស្លឹកស្ពៃជាដើម
- ទទួលទានសណ្ដែកសៀង សណ្ដែកដី
- បរិភោគអាហារសម្បូរជីវជាតិសេឱ្យបានច្រើន ព្រោះងាយបឺតស្រូបយកជាតិដែកបានល្អ ដូចជាសម្លម្ជូរត្រកួនជាដើម
- ចំពោះស្ដ្រីឋិតក្នុងវ័យបន្ដពូជវិញ ត្រូវលេបថ្នាំជាតិដែក១គ្រាប់ក្នុងមួយសប្ដាហ៍ បានន័យថា១ខែ៤គ្រាប់
- ចំពោះស្ដ្រីមានផ្ទៃពោះ ត្រូវលេបថ្នាំមានសារជាតិដែកឱ្យបាន៩០គ្រាប់រយៈពេល៣ខែ មានន័យថា១ថ្ងៃលេប១គ្រាប់ឱ្យបានទៀងទាត់។
ផលប៉ះពាល់របស់ស្ដ្រីដែលខ្វះជាតិដែក
ស្ដ្រីដែលខ្វះជាតិដែកមានផលប៉ះពាល់ជាច្រើនដូចជា ៖
- ការអភិវឌ្ឍន៍រាងកាយ ផ្លូវចិត្ដរបស់កុមារដែលជាកូនមិនអាចរីកចម្រើន និងមានការធ្លាក់ចុះជាលំដាប់
- ចំពោះស្ដ្រីធ្លាក់ឈាមច្រើនពេលសម្រាលកូន អាចចម្លងរោគ និងមានមរណភាពមាតាជុំវិញកំណើត
- កូនកើតមានទម្ងន់មិនគ្រប់គីឡូ ក្រឡាភ្លើង
- កាត់បន្ថយនូវសមត្ថភាពការងាររហូតដល់៣០ភាគរយ។
ដំបូន្មានអ្នកជំនាញ
ដើម្បីរក្សាជាតិដែកនៅក្នុងគ្រាប់ឈាម ឬក្នុងខ្លួនឱ្យបានល្អ ស្ដ្រីគ្រប់រូបត្រូវជ្រើសរើសយកចំណីអាហារណាដែលទទួលបាននូវសារៈប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់សុខភាព។ ជាពិសេសស្ដ្រីដែលមានផ្ទៃពោះនៅត្រីមាសទី២ ត្រូវទទួលទានសាច់ ត្រី មាន់ ស៊ុត និងបន្លែដែលមានស្លឹកពណ៌បៃតងឱ្យបានគ្រប់គ្រាន់ ដើម្បីជួយបង្ការដល់ទារកក្នុងផ្ទៃឱ្យមានសុខភាពល្អ ហើយអាហារទាំងនេះ ក៏អាចជួយឱ្យមាតាទាំងអស់មានទឹកដោះល្អសម្រាប់ទារកផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply