បច្ចុប្បន្ននេះមិនថាក្មេងឬក៏មនុស្សចាស់នោះទេ តែងតែជួបនូវបញ្ហាឈឺថ្កាត់ផ្សេងៗ ដែលបង្កឡើងដោយសារមេរោគនានា ជ្រៀតចូលតាមប្រព័ន្ធចំណីអាហារឬតាមឈាម បង្កលក្ខណៈលំបាកលំបិន រហូតបង្កើតជាជាតិពុលយ៉ាងច្រើននៅក្នុងខ្លួនឬក្នុងឈាម បង្កឱ្យមានជម្ងឺខ្សោយតម្រងនោមដែលតម្រូវឱ្យធ្វើការព្យាបាលដោយការលាងឈាម។
ដើម្បីជូនជ្រាបអំពីបញ្ហាលាងឈាមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសជម្ងឺតម្រងនោម និងជាប្រធានមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម នៃមន្ទីរពេទ្យកាល់ម៉ែត។
លាងឈាម
ពាក្យថាលាងឈាមពេលនេះគឺជាវិធីព្យាបាលមួយបែបតាមក្បួនវេជ្ជសាស្ដ្រ គឺជាការច្រោះជាតិពុលចេញពីក្នុងឈាមរបស់អ្នកជម្ងឺដែលខ្សោយតម្រងនោមឬខ្សោយក្រលៀនស្រួចស្រាវ ឬរ៉ាំរ៉ៃ ដោយឆ្លងកាត់តម្រងម្យ៉ាង ដែលគេផលិតឡើងប្រហាក់ប្រហែលនឹងតម្រងនោមមនុស្សយើង មិនដូចមតិប្រជាពលរដ្ឋមួយចំនួនតែងចោទសួរថា លាងម្ដងត្រូវការឈាមប៉ុន្មានលីត្រនោះទេ។
មូលហេតុដែលបណ្ដាលឱ្យលាងឈាម
មូលហេតុដែលអ្នកជម្ងឺត្រូវតែលាងឈាមនោះ គឺបណ្ដាលមកពីអ្នកជម្ងឺមួយចំនួនមានជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ និងខ្សោយតម្រងនោមស្រួចស្រាវ។
1 . ចំពោះករណីខ្សោយតម្រងនោមស្រួចស្រាវ ៖ គឺជាកត្ដាមកពីជម្ងឺទូទៅច្រើនយ៉ាង ដែលកើតលើតម្រងនោមគ្មានជម្ងឺអ្វីពីមុនមកទេ ដូចជាការរាករូសដែលមិនបានព្យាបាលបង្គ្រប់ជាតិទឹកឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ និងជម្ងឺគ្រុនចាញ់ដែលប៉ះពាល់ដល់តម្រងនោមដោយផ្ទាល់ ធ្វើឱ្យអ្នកជម្ងឺគ្មានទឹកនោមសោះតែម្ដង ឬមានដែរ តែបន្ដិចបន្ដួចប៉ុណ្ណោះ តិចជាងកន្លះលីត្រក្នុងមួយថ្ងៃ។
2 . ករណីខ្សោយតម្រងនោមរ៉ាំរ៉ៃ ៖ ជម្ងឺនេះខុសអំពីករណីខ្សោយតម្រងនោមស្រួចស្រាវ។ កត្ដាដែលបណ្ដាលឱ្យមានជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ មានដូចជាជម្ងឺទូទៅ លើសឈាម ទឹកនោមផ្អែម ជម្ងឺរលាកតម្រងនោម ជម្ងឺទឹកនោមប្រៃ ក្រួសតម្រងនោម មានដុំសាច់ដុះក្នុងតម្រងនោមជាដើម។ ករណីជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនេះ គឺគ្រូពេទ្យត្រូវព្យាបាលដោយការប្រើថ្នាំព្យាបាល ដោយការលាងឈាម ព្យាបាលដោយការផ្សាំតម្រងនោមថ្មី ឬភាសាសាមញ្ញថា ប្ដូរក្រលៀន។ ក្រលៀន ឬតម្រងនោមមានតួនាទី សំខាន់ក្នុងការបញ្ចេញចោលនូវជាតិពុលនៅក្នុងឈាម ដូចជាជាតិក្រេអាទីនីន ជាតិអៀរ៉េ ប៉ូតាស្យូមជាដើម។ ប្រសិនបើក្រលៀន ខ្សោយហើយមិនអាចច្រោះចេញនូវជាតិទាំងនេះឡើយ ទោះបីអ្នកជម្ងឺនៅមានទឹកនោមក៏ដោយ។ មិនតែប៉ុណ្ណោះវាអាចធ្វើឱ្យក្រលៀនទាំងសងខាងរីកនឹងខូច កាលណាពិនិត្យឃើញខូចគ្រូពេទ្យមិនអាចព្យាបាលបាននោះទេ។ មានវិធីម្យ៉ាងគឺកាត់បោះចោល ប្រសិនបើខូចតែម្ខាង ហើយបើខូចទាំងសងខាងគឺត្រូវលាងឈាម ឬប្ដូរក្រលៀនចេញ ទើបអ្នកជម្ងឺអាចរស់រានមានជីវិតបាន។ បញ្ហាមួយទៀតវាអាចបណ្ដាលមកពីដុំគីសនៅក្នុងតម្រងនោមតែម្ដង ព្រោះដុំគីសនេះប្រសិនបើលោកអ្នកទុកយូរមានសភាពរីកបន្ដិចម្ដងៗ ធ្វើឱ្យដុះណែនពេញតម្រងនោម ធ្វើឱ្យតម្រងនោមមិនអាចច្រោះជាតិទឹកនោមចេញបាន។ ម្យ៉ាងទៀតមានករណីស្ទះសរសៃឈាមទៅចិញ្ចឹមតម្រងនោម ក៏អាចឱ្យលោកអ្នកខូចតម្រងនោមផងដែរ។ ភាគច្រើនកើតនៅលើមនុស្សវ័យក្មេងជំទង់ៗ ដែលធ្លាប់មានជម្ងឺលើសឈាមតាំងពីក្មេង។
រោគសញ្ញាដែលអាចបង្ហាញថាអ្នកជម្ងឺត្រូវទៅលាងឈាម
មានរោគសញ្ញាជាច្រើនដែលអ្នកជម្ងឺមកជួបគ្រូពេទ្យដូចជា ៖
- ហត់ដង្ហក់ខ្លាំង“ទឹកច្រាលចូលសួត”
- គ្មានទឹកនោម
- សម្ពាធឈាមឡើងខ្លាំង ដែលថ្នាំបណ្ដុះឈាមមិនអាចគ្រប់គ្រងបាន
- ក្អួតចង្អោរខ្លាំងជាដើម។
សញ្ញាទាំងនេះមិនប្រាកដថាត្រូវព្យាបាលដោយការលាងឈាមនោះទេ គឺត្រូវតែទៅជួបគ្រូពេទ្យឯកទេសខាងជម្ងឺតម្រង ទឹកនោម ទើបអាចវាយតម្លៃបាន។
វិធីព្យាបាលខណៈពេលលាងឈាម
អ្នកជម្ងឺព្យាបាលលាងឈាមដោយសារមានជម្ងឺខ្សោយតម្រងនោម តែការព្យាបាលមិនអាចទប់ស្កាត់ការវិវឌ្ឍន៍បាននោះទេ គ្រាន់តែពន្យារពេលដើម្បីឱ្យអ្នកជម្ងឺរស់បានយូរតែប៉ុណ្ណោះ។ ទន្ទឹមនឹងការព្យាបាលនោះដែរ ប្រសិនបើអ្នកជម្ងឺចេះយកចិត្ដទុកដាក់ថែរក្សាខ្លួនឱ្យបានល្អនឹងលេបថ្នាំឱ្យបានទៀងទាត់នោះការវិវឌ្ឍន៍របស់ជម្ងឺខ្សោយតម្រងនោម មានសភាពយឺតយ៉ាវ ហើយអ្នកជម្ងឺអាចមានសុខភាពល្អប្រសើរបានយូរអង្វែង។
វិធីការពារកុំឱ្យមានការលាងឈាម
មិនអាចការពារបាននោះទេ ព្រោះការលាងឈាមនេះជាវិធីប្រើនៅពេលអ្នកជម្ងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ តែប្រសិនបើធ្វើការការពារកុំឱ្យលាងឈាម លុះត្រាអ្នកជម្ងឺត្រូវការពារកុំឱ្យមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម និងជម្ងឺខ្សោយតម្រងនោម ប៉ុន្ដែជម្ងឺទាំងនេះមិនទប់ស្កាត់ឬព្យាបាលឱ្យជាសះស្បើយនោះទេ។ គ្រាន់តែធ្វើការការពារកុំឱ្យជម្ងឺទាំងនេះមានការវិវឌ្ឍន៍ទៅមុខលឿនតែប៉ុណ្ណោះ ដោយធ្វើការព្យាបាលដោយយកចិត្ដទុកដាក់។
ផលប៉ះពាល់ខណៈពេលដែលលាងឈាម
បន្ទាប់ពីមានជម្ងឺខ្សោយតម្រងនោម ហើយមិនធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ វាអាចធ្វើឱ្យទឹកច្រាលចូលសួត ចូលបេះដូង ធ្វើឱ្យអ្នកជម្ងឺហត់ និងមានឈាមឡើងពេលយប់។ មិនតែប៉ុណ្ណោះក្រលៀនទាំងសងខាងត្រូវបានខូចខាតទៀតផង។ លើសពីនេះអ្នកជម្ងឺអាចប្រឈមមុខនឹងការបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។
ដំបូន្មានអ្នកជំនាញ
ប្រសិនរកឃើញថា អ្នកជម្ងឺលាងឈាមដោយជម្ងឺខ្សោយតម្រងនោម ត្រូវអនុវត្តតាមកម្មវិធីមួយចំនួនដូចជាមិនត្រូវទទួលទានអាហារដែលមានជាតិប្រៃពេក និងទទួលទានទឹកឱ្យបានច្រើនជាងមួយលីត្រកន្លះក្នុងមួយថ្ងៃ។ ហាមទទួលទានផ្លែឈើ ដូចជាចេកជាដើម ព្រោះវាសម្បូរទៅដោយជាតិប៉ូតាស្យូម។ សូមប្រើថ្នាំបញ្ចុះសម្ពាធឈាមឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ ប្រសិនបើលោកអ្នកអនុវត្តបានដូចខាងលើនេះ លោកអ្នកពិតជាអាចធូរស្រាលមួយផ្នែកបន្ទាប់ពីលាងឈាម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply