ខួរក្បាលជាប្រព័ន្ធបញ្ជាទូទៅមួយដែលមានតួនាទីសំខាន់បំផុត ហើយខួរក្បាលក៏ជាទីតាំងសំខាន់ផងដែរក្នុងការបែងចែកទៅគ្រប់ប្រព័ន្ធសារពាង្គកាយ និងសរីរាង្គកាយផ្សេងៗនៅក្នុងរាងកាយមនុស្សម្នាក់។ ប្រសិនបើខួរក្បាលនេះរងសម្ពាធដោយសារជម្ងឺផ្សេងហើយ លោកអ្នកនឹងម្រឈមមុខនឹងផលប៉ះពាល់យ៉ាងច្រើន អាចជួបគ្រោះថ្នាក់ដល់ជីវិតទៀតផង។
តើជម្ងឺមហារីកខួរក្បាលគឺជាអ្វី?
ទស្សនាវដ្តី សុខភាពយើង បានលើកយកជម្ងឺមហារីកខួរក្បាលតាមការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីលោក វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជម្ងឺមហារីកទូទៅប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មហារីកខួរក្បាលគឺជាដុំសាច់មួយប្រភេទមិនធម្មតា ដុះក្នុងខួរក្បាលលោកអ្នក ហើយរីកធំធាត់ឡើងយ៉ាងលឿន ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ជីវសាស្ត្រតាមធម្មជាតិរបស់ខ្លួនមនុស្សទូទៅឡើយ។ បន្ទាប់ពីការរីកធំទៅសាច់នេះសង្គត់ទៅលើខួរក្បាល បានធ្វើឱ្យមានការប្រែប្រួលមុខងារទាំងឡាយនៅលើសារពាង្គកាយ ហើយបង្កឱ្យអ្នកជម្ងឺមានអាការប្រកាច់ ឈឺក្បាលខ្លាំង សន្លប់ ហើយអាចឱ្យអ្នកជម្ងឺមានគ្រោះថ្នាក់ដល់ជីវិត។
រោគសញ្ញាជម្ងឺមហារីកខួរក្បាល
មុនដំបូងលោកអ្នកដែលមានជម្ងឺមហារីកខួរក្បាល ឬមហារីកទូទៅដែលកើតមានគ្រប់សារពាង្គកាយ មិនបានបង្អាញរោគសញ្ញាឱ្យដឹងនោះទេ។ ប្រសិនបើវាបង្ហាញរោគសញ្ញាមកខាងក្រៅពេលណានោះ អ្នកជម្ងឺបង្ហាញស្ថានភាពធ្ងន់ធ្ងរជិតដល់ថ្ងៃស្លាប់តែម្តង។ ជម្ងឺនេះ សូម្បីតែវេជ្ជបណ្ឌិតមួយចំនួនក៏លំបាកក្នុងការដឹងមុនផងដែរ ព្រោះដោយសារតែការវិវឌ្ឍន៍របស់វាមានសភាពស្ងប់ស្ងៀម ដោយមិនបង្អាញរោគសញ្ញាជាមុន។ លុះត្រាតែសាច់ដុះក្នុងខួរក្បាលឡើងរហូតដល់៣សងទីម៉ែត្រ ហើយអ្នកជម្ងឺចាប់ផ្តើមឈឺក្បាលខ្លាំង រហូតដល់ប្រកាច់តែម្តងទើបអាចដឹងបាន។ អាការបែបនេះលោកអ្នកមួយចំនួនយល់ថា ជាជម្ងឺឆ្គួតជ្រូកហើយប្រឹងប្រែង រកថ្នាំលេបដើម្បីកាត់បន្ថយ ប៉ុន្តែអាការប្រកាច់នៅតែមានរហូត។ លុះមកព្យាបាលនៅមន្ទីរពេទ្យ ទើបដឹងថាជាជម្ងឺមហារីកខួរក្បាល។ ម្យ្គាងទៀតរោគសញ្ញាបានបង្ហាញដែលមនុស្សទូទៅមិនបានចាប់អារម្មណ៍នោះ អ្នកជម្ងឺបានផ្លាស់ប្តូរបុគ្គលិកលក្ខណៈ ដូចជាលោកអ្នកមួយចំនួនធ្លាប់តែជាមនុស្សស្ងាត់ស្ងៀម ឬស្លូតបូត បែរក្លាយជាមនុស្សម្នាក់កាចសាហាវ ហើយនិយាយស្តីច្រើនដោយមិនដឹងថាខ្លួនឯងនិយាយត្រូវ ឬខុស។ មួយវិញទៀតអ្នកជម្ងឺមួយចំនួនបានបង្វែរចំណង់ចំណូលចិត្តទៀតផង ដូចជាពីមនុស្សចូលចិត្តញ៉ាំបង្អែម តែក្រោយមកបែរជាចូលចិត្តញ៉ាំម្ជូរវិញ។ អាការបែបនេះក៏បង្ហាញឱ្យដឹងថា លោកអ្នកដែលកែប្រែបែបនេះ គួរប្រញាប់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិគ្រោះជាមួយគ្រូពេទ្យព្យាបាល ដើម្បីស្វែងរកមុខសញ្ញាជម្ងឺនិងធ្វើការព្យាបាលឱ្យទាន់ពេលវេលា។
មូលហេតុបណ្តាលឱ្យមានជម្ងឺមហារីកខួរក្បាល
មកដល់ថ្ងៃនេះគ្មានការសិក្សាណាមួយរកឃើញមូលហេតុបង្កឱ្យមានជម្ងឺមហារីកខួរក្បាលនោះទេ។ ជម្ងឺនេះជាជម្ងឺសាហាវបំផុត បន្ទាប់ពីជម្ងឺមហារីកមាត់ស្បូនស្ត្រី។ ហើយការព្យាបាលជាទូទៅតែងតែទទួលនូវភាពបរាជ័យជានិច្ច ដោយសារតែគ្រូពេទ្យជំនាញមួយចំនួនមិនដឹងមូលហេតុច្បាស់លាស់។
វិធីសាស្ត្រព្យាបាលជម្ងឺមហារីកខួរក្បាល
វិធីព្យាបាលជម្ងឺនេះមានពីរយ៉ាង ដោយពេលខ្លះគ្រូពេទ្យជ្រើសរើសយកវិធីព្យាបាលដោយឯកឯង ឬយកវិធីព្យាបាលទាំងពីរគួបផ្សំគ្នាក្នុងពេលតែមួយ។
1 . វិធីព្យាបាលដោយវះកាត់ គឺវះកាត់យកដុំសាច់ដុះលើខួរក្បាលចេញឱ្យអស់ ប្រសិនបើមានដុំសាច់តូចអ្នកជម្ងឺមានឱកាសរស់កាន់តែយូរ។ បើដុំនោះធំអ្នកជម្ងឺកាន់តែកាត់បន្ថយនូវការរស់នៅដោយមានសង្ឃឹមតិចតួចណាស់ ដោយសារតែការវះកាត់ មិនអាចប្រព្រឹត្តទៅបាន។ បន្ទាប់ពីវះកាត់យកដុំសាច់ដុះលើខួរក្បាលហើយ គ្រូពេទ្យអាចប្រើវិធីបាញ់កាំរស្មីអ៊ិចគ្របពីលើដើម្បីសម្លាប់មេរោគមហារីក។ ដោយឡែកប្រសិនបើដុំមហារីកខួរក្បាលដែលគ្រូពេទ្យវះកាត់យកចេញអស់ អ្នកជម្ងឺមានសង្ឃឹមរស់នៅបានយូរ។ ការវះកាត់នេះសម្រាប់អ្នកជម្ងឺ១០០នាក់ មាន៨០ ឬ៩០នាក់ហើយដែលមិនអាចវះកាត់យកចេញអស់។
2 . វិធីព្យាបាលដោយកាំរស្មីអ៊ិច ភាគច្រើនប្រើប្រាស់ចំពោះអ្នកជម្ងឺដែលដុំសាច់ដុំខ្ពស់រហូតដល់១១ ឬ១២សង់ទីម៉ែត្រ ដែលគ្រូពេទ្យមិនអាចជ្រើសរើសយកវិធីវះកាត់ដើម្បីព្យាបាល។ ព្រោះប្រសិនបើវះកាត់យកដុំសាច់នេះចេញ អាចធ្វើឱ្យខួរក្បាលប្រហោង ហើយអ្នកជម្ងឺអាចស្លាប់នៅលើតុវះកាត់នេះតែម្តង ទើបគេជ្រើសរើសយកវិធីព្យាបាលតាមកាំរស្មីអ៊ិច ដើម្បីសម្លាប់មេរោគមហារីក បញ្ចៀសនូវការដុះសាច់មហារីកនេះបន្តទៅទៀតតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកជម្ងឺដែលមានកម្រិតដុះសាច់ខួរក្បាលខ្ពស់បែបនេះ គឺគេចមិនផុតពីការបាត់បង់ជីវិតឡើយ បើទោះបីជ្រើសរើសវិធីព្យាបាលតាមវិធីណាក៏ដោយ ព្រោះបរិមាណសាច់ដុះក្នុងខួរក្បាល មានកម្រិតខ្ពស់។
វិធីការពារជម្ងឺមហារីកខួរក្បាល
ដើម្បីការពារជម្ងឺនេះមិនឱ្យវិវឌ្ឍន៍ទៅមុខលឿន ហើយកាន់តែធ្ងន់ធ្ងរ អ្នកជម្ងឺត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីយកថ្នាំមកព្យាបាលពន្យារ។ ព្រោះអ្នកជម្ងឺមហារីកខួរក្បាលដែលកើតមានដល់កម្រិតខ្ពស់រហូតឡើងដល់១១ ឬ១២សង់ទីម៉ែត្រ ងាយនឹងប៉ះពាល់ដល់អាយុជីវិត បើរស់បានដោយមានរយះពេលខ្លី។
ផលប៉ះពាល់នៃជម្ងឺមហារីកខួរក្បាល
អ្នកជម្ងឺមហារីកខួរក្បាលនោះ ភាគច្រើនមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សរីរាង្គផ្សេងៗ ទៅតាមតំបន់ដែលទាក់ទងនឹងចលនាសរសៃឈាមរបស់អ្នកជម្ងឺ។ ឧទាហរណ៍ថា ប្រសិនបើមហារីកខួរក្បាលធ្វើឱ្យប៉ះពាល់ត្រង់តំបន់ងាប់មួយចំហៀងខ្លួន ធ្វើឱ្យអ្នកជម្ងឺងាប់មួយចំហៀងខ្លួន។ បើសិនប៉ះចំប្រព័ន្ធបញ្ជា ដូចជាប្រព័ន្ធសម្រាប់ការនិយាយស្តី ធ្វើឱ្យអ្នកជម្ងឺមិនអាចនិយាយបាន ព្រោះជម្ងឺនេះបានកាត់ផ្តាច់ទំនាក់ទំនងប្រព័ន្ធប្រសាទមួយចំនួនទៅតាមតំបន់ ឬទីតាំងនៃខួរក្បាល។ ដោយឡែកប្រសិនបើប៉ះចំតំបន់មជ្ឈមណ្ឌលសួត ឬបេហដូង អ្នកជម្ងឺនឹងងាយរងគ្រោះជាទីបំផុត ធ្វើឱ្យអ្នកជម្ងឺគាំងបេះដូង ហើយសួតលែងដំណើរការ ពេលនោះហើយអ្នកជម្ងឺនឹងស្លាប់មួយរំពេច។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមួយចំនួនដែលមានអាការក្អួតចង្កោរញឹកញាប់ ឈឺក្បាលខ្លាំង ឧស្សាហ៍ប្រកាច់ ឬអង្គុយសុខៗសរសៃទាញដៃ ឬជើង ឬបណ្តាលឱ្យវៀចមុខ ត្រូវប្រញាប់មកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យសេ្កនមើលខួរក្បាល ពិនិត្យ និងស្វែងរកជម្ងឺដុំសាច់ក្នុងខួរក្បាល ព្រោះអាការបែបនេះអាចបណ្តាលមកពីជម្ងឺមហារីកខួរក្បាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply