ការឈឺចុកចាប់នៃដើមទ្រូងនៅពេលដែលលោកអ្នកធ្វើការធ្ងន់ ហើយឆាប់ហត់នៅពេលដែលលោកអ្នកធ្វើលំហាត់ប្រាណ ឬមានការឈឺចាប់នៅពេលដែលឡើងលើជណ្ដើរ ទាំងនេះគឺអាចបណ្ដាលមកពីលោកអ្នកមានជម្ងឺស្ទះសរសៃឈាមបេះដូង។ ជម្ងឺស្ទះសរសៃឈាមបេះដូង គឺជាជម្ងឺមួយប្រភេទដែលតែងតែគំរាមដល់ជីវិតលោកអ្នកបានគ្រប់ពេលវេលា។ ជម្ងឺនេះបណ្ដាលមកពីការរួមតូចនៃវិជ្ជមាត្ររបស់សរសៃឈាមបេះដូងដែលបណ្ដាលមកពីកំណកខ្លាញ់នៅក្នុងស្រទាប់សរសៃឈាមនោះ។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ជាមួយគ្នានេះទស្សនាវដ្ដី សុខភាពយើង ជួបជាមួយអ្នកស្រី រ ស រស់នៅកំពង់ចាម អាយុ៥៦ឆ្នាំ អំពីជម្ងឺស្ទះសរសៃឈាមបេះដូងដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
អ្នកស្រី រ ស បានរៀបរាប់ឱ្យដឹងថា អ្នកស្រីមិនដឹងខ្លួនថាកើតជម្ងឺនេះតាំងពីពេលណានោះទេ។ ប៉ុន្ដែនៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ អ្នកស្រីចេះមានអារម្មណ៍មានការឈឺចាប់នៅនឹងកណ្ដាលនៃដើមទ្រូង ជាពិសេស ស្មា ក ថ្គាម និងខ្នង។ ហើយអាការឈឺចាប់នេះមានរយៈពេលខ្លី គឺមានតែរយៈពេលពី៣ទៅ៥នាទី ហើយក៏បាត់ទៅវិញដោយឯងៗ។ ចំពោះការឈឺចាប់នេះគឺនៅពេលដែលអ្នកស្រីធ្វើការធ្ងន់ៗ ឬក៏ឡើងជណ្ដើរ ពេលរត់ និងពេលដើរទៅកន្លែងឆ្ងាយៗ។
អ្នកស្រីបានរម្លឹកបន្ថែមទៀតថា អ្នកស្រីធ្លាប់ធ្វើការព្យាបាលដោយទិញថ្នាំនៅតាមឱសថស្ថានយកមកប្រើប្រាស់ដែរ តែនៅតែមិនបានធូរស្បើយ។ ដោយអាការនេះចេះតែធ្វើទុក្ខអ្នកស្រីកាន់តែខ្លាំងឡើងៗ ដូចនេះហើយទើបអ្នកស្រីសម្រេចចិត្ដមកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង។ នៅពេលដែលពិនិត្យឃើញថា អ្នកស្រីកើតមានជម្ងឺស្ទះសរសៃឈាមបេះដូងដែលជាហេតុធ្វើឱ្យអ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះម្ដាយរបស់អ្នកស្រីក៏បានបាត់បង់ជីវិតដោយសារតែជម្ងឺស្ទះសរសៃឈាមនៅក្នុងបេះដូងនេះដែរ។ នៅពេលនេះអ្នកស្រីកំពុងតែធ្វើការព្យាបាលដោយខ្លួនឯងនៅផ្ទះ ដោយមានការណែនាំពីគ្រូពេទ្យឯកទេស។ ចំពោះការទទួលទានអាហារគឺអ្នកស្រីបានតមអាហារដែលសម្បូរទៅដោយសារជាតិខ្លាញ់ អ្នកស្រីបានធ្វើលំហាត់ប្រាណជាប្រចាំទៅតាមការណែនាំរបស់គ្រូពេទ្យផងដែរ អ្នកស្រីមិនដែលធ្វេសប្រហែសចំពោះការថែរក្សារសុខភាពនោះទេ។ អ្នកស្រីក៏សង្ឃឹមថា អ្នកស្រីនឹងអាចជាពីជម្ងឺនេះនាពេលឆាប់ៗ។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធានផ្នែកជម្ងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ថា កត្ដាដែលបង្កឱ្យមានជម្ងឺនេះគឺបណ្ដាលមកពីលោកអ្នកដែលកើតមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ធាត់លើសទម្ងន់ តំណពូជ ឬអាយុច្រើន មនុស្សប្រុសចាប់ពី៦៥ មនុស្សស្រីចាប់ពី៥៥ឡើងទៅ ទាំងនេះក៏ជាហេតុធ្វើឱ្យលោកអ្នកកើតជម្ងឺស្ទះសរសៃឈាមបេះដូង។ ចំពោះអ្នកដែលមិនសូវធ្វើពលកម្មឬក៏ធ្វើលំហាត់ប្រាណដើម្បីឱ្យចេញញើស ហើយពិសាបារី និងទទួលទានស្រាក៏ជាចំណុចមួយដែលអាចធ្វើឱ្យលោកអ្នកងាយនឹងកើតជម្ងឺនេះផងដែរ។ សម្រាប់លោកអ្នកដែមានជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវតែឧស្សាហ៍មកពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញឱ្យបានញឹកញាប់ដើម្បីតាមដានពីស្ថានភាពជម្ងឺ ព្រោះជម្ងឺនេះអាចកើតឡើងបានគ្រប់ពេលវេលា។ វិធីដែលល្អបំផុត គឺមានតែការការពារដោយអនុវត្ដតាមវិធីខាងលើទើបអាចជួយលោកអ្នកចៀសផុតពីការកើតជម្ងឺនេះបាន។ ជម្ងឺស្ទះសរសៃឈាមបេះដូងអាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតបានគ្រប់ពេលវេលាទាំងអស់។ នៅពេលដែលសរសៃឈាមដែលមានជាតិខ្លាញ់នោះប្រេះ រហែក បាក់ វាធ្វើឱ្យមានកកឈាមនៅក្នុងសរសៃឈាមបេះដូង ហើយកាលណាឈាមកក ជាហេតុធ្វើឱ្យស្ទះសរសៃឈាមបេះដូង ហើយធ្វើឱ្យលោកអ្នកមានអាការធ្ងន់ធ្ងរដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលវេលា។ លោកអ្នក ត្រូវតែគិតដល់ស្ថានភាពនេះ ប្រសិនបើការឈឺចាប់មានសភាពញឹកញាប់ជាងមុន ឬការឈឺចាប់មានសភាពធ្ងន់ធ្ងរ និងមានរយៈពេល យូរជាងមុនលើសពី២០ទៅ៣០នាទី ឬក៏ការឈឺចាប់នេះមិនធូរស្រានឬគ្មានប្រសិទ្ធភាពដោយសារប្រើថ្នាំដែលលោកអ្នកធ្លាប់ប្រើកន្លងមក លោកអ្នកគួរតែអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់។ បើមិនដូច្នេះទេអាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតគ្រប់ពេលវេលាទាំងអស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply