ស្ដ្រី​៣០ភាគរយ​បាន​បោះបង់​ចោល​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប

ក្នុង​ចំណោម​ស្ដ្រី​ចំនួន​១៨៤៣នាក់​រស់នៅ​ជនបទ មានស្ដ្រី​ប្រមាណ​តែ៣០​ភាគរយ​ប៉ុណ្ណោះ បាន​បោះបង់​ចោល​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប ដោយ​សារតែ​ផល​រំខាន​តិចតួច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឯកឧត្ដម អេង ហួត រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យស្ដ្រី​៣០ភាគរយ នេះឈប់​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប​ក៏ព្រោះ​តែមាន​ផល​រំខាន​តិចតួច។ ឯកឧត្ដម​ថ្លែងថា ៖ “យើងបាន​រកឃើញ​ថា ការ​យល់ដឹង​តាមរយៈ​ពាក្យ​ចចាម​អារ៉ាម​ដែល​និយាយ​តៗគ្នា​មិនពិត ការ​យល់ខុស​ទទួល​ព័ត៌មាន​មិន​ត្រឹមត្រូវ ការ​ភ័យខ្លាច​ចំពោះ​ផល​រំខាន​ដែល​កើតឡើង​ដោយ​អារម្មណ៍​អ្នក​ប្រើប្រាស់ ឬផល​រំខាន​ពិតប្រាកដ​នោះ វា​ត្រូវបាន​ចាត់ទុក​ថា ជា​មូលហេតុ​ចម្បង​នៃការ​បដិសេធ​ចំពោះ​ឱសថ​ទំនើប។

យោងតាម​ការសិក្សា​របស់​អង្គការ​ភ្សី ឆ្នាំ​២០១០​បានឱ្យ​ដឹងថា ក្នុង​ចំណោម​ស្ដ្រី​១៨៤៣​នាក់ មាន​ស្ដ្រី៤៦​ភាគរយ​បាន​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប ក្នុងនោះ​ស្ដ្រី​ច្រើន​ជាង៣០​ភាគរយ​បាន​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​បែប​បុរាណ រីឯ​ស្ដ្រី​ប្រមាណ​៣០ភាគរយ​ទៀតបាន​រាយការណ៍​ថា ពួកគេ​បាន​សម្រេចចិត្ដ​ឈប់​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​តាម​បែប​ទំនើប​នេះ។

កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១០ ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​អង្គការ PSI ដើម្បី​រៀបចំ​ពិធី សម្ពោធ​យុទ្ធនាការ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ដោយ​ផ្ដោត​យ៉ាងសំខាន់​លើផល​រំខាន​តិចតួច ដែល​បណ្ដាល​ឱ្យស្ដ្រី​ឈប់​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​នេះ។

អ្នក​ស្រី ឡុង ឌីអាន់ណា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃអង្គការ PSI បានប្រាប់​ទស្សនាវដ្ដី សុខភាពយើង កាលពី​ថ្ងៃទី១៧ ខែតុលា​ថា ការ​ពន្យារ​កំណើត​តាមបែប​ទំនើប​គឺបាន​សំដៅ​ទៅលើ​ការ​ប្រើប្រាស់​ថ្នាំគ្រាប់ ថ្នាំចាក់ កង​ដាក់ស្បូន និង​កងដាក់​ដៃជាដើម។ អ្នកស្រី​បន្ដថា ៖ “ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​វាបាន​ផ្ដល់​ប្រសិទ្ធភាព​នៅក្នុង​ការ​ការពារ​ស្ដ្រី​ពីការ​មាន​ផ្ទៃពោះ”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​លើក​កម្ពស់​សុខភាព​ស្ដ្រីលើ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ដ នៅឆ្នាំ​២០០៩​រហូត​មកដល់​បច្ចុប្បន្ន​នេះ ហើយ​នៅឆ្នាំ​២០១១​នេះ PSI នឹងបន្ដ​យុទ្ធនាការ​ដោយ​ផ្ដោត​ទៅលើ ផល​រំខាន​តិចតួច​នៃការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ទំនើប​ទៅកាន់​ស្ដ្រី​នៅតាម​ជនបទ

អ្នកស្រី ឡុង ឌីអាន់ណា ថ្លែង​ទៀតថា ៖ ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​មានផល​រំខាន​តិចតួច​ដូចជា​ក្ដៅខ្លួន វិលមុខ និង​ចង់ក្អួត​ចង្អោរ​ក្នុង​រយៈពេល​២-៣ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្ដែវា​មិនមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ។ ដូច្នេះ​ស្ដ្រី​អាច និង​មាន​ជីវភាព​ល្អប្រសើរ ព្រមទាំង​មាន​សុខភាព​មាំមួន និង​អាច​កាត់បន្ថយ​អត្រា​មរណៈ​មាតា និង​ទារក​បាន ប្រសិនបើ​ពួកគេ​មានការ​សម្រេចចិត្ដ​ដ៏ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *