ការវិវត្ដន៍របស់ទារកក្នុងផ្ទៃ គឺជារឿងមួយដែលគួរឱ្យចង់ដឹងខ្លាំងបំផុតពីសំណាក់គូស្វាមីភរិយាថ្មីថ្មោង ដែលទើបតែចាប់ផ្ដើមមានកូនដំបូង។ លោកអ្នកបានជ្រាបអំពីការកកើតកំណើតរបស់ទារកខ្លះរួចមកហើយនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខមុនៗ។ នៅពេលនេះសូមបន្ដជ្រាបអំពីការវិវត្ដន៍នៃទារកដែលមានអាយុកាល៣ខែ និង៤ខែជាបន្ដទៀត។
ទារកអាយុ៣ខែ ៖ អំប្រ៊ីយ៉ុងមានរូបរាងជាទារកហើយ
ពងដ៏ធំឬអំប្រ៊ីយ៉ុងបានបំពេញរូបរាងរបស់ខ្លួនហើយ សរីរៈទាំងឡាយបានបំបែកលេចជារូបរាងរៀងៗខ្លួន អ្វីៗទាំងអស់ចាប់លូតលាស់។ សាច់ដុំចាប់ផ្ដើមធ្វើការរីកលូតលាស់ ឆ្អឹងមានលក្ខណៈរឹងប៉ឹងខ្លាំង ទម្រង់រាងកាយចាប់លេចជារាងរ៉ូវច្បាស់ ខួរក្បាលនិងប្រព័ន្ធរ៉េផ្លិចក៏ចាប់ចាត់ចែងឡើងផងដែរ។ នៅខែទី៣នេះ ទារករបស់លោកស្រីអ្នកនាងចាប់មានកម្ពស់១០សង់ទីម៉ែត្រ (១តឹក) និងមានទម្ងន់៤៥ក្រាម(ជិតកន្លះខាំ)រួចស្រេចទៅហើយ។ ពេលនេះពងឬអំប្រ៊ីយ៉ុងរបស់លោកស្រីអ្នកនាងក្លាយជាទារក ឬហ្វឺទីសហើយ។ ពោលគឺជីវិតចាប់ផ្ដើមមានហើយ និងដំណើរការរបស់សរីរាង្គទាំងឡាយក៏ចាប់បំពេញរូបរាង និងតួនាទីរបស់ខ្លួនផងដែរ។ ធ្មេញដែលត្រូវដុះនៅពេលទារកកើតមកក៏ចាប់ផ្ដើមមានជាលំអានហើយដែរ ក្រចកដៃជើង និងរោមចាប់ផ្ដើមដុះផងដែរ។ល។ ប៉ុន្ដែការលូតលាស់មិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
ទារករស់ក្នុងថង់ទឹក
ទារករស់ក្នុងថង់ឬស្បោងមួយដែលបំពេញទៅដោយសារធាតុរាវ ដែលហៅទឹកភ្លោះឬទឹកអាម៉ូនីញ៉ាក។ បែបនេះអាចជួយឱ្យទារកស្ថិតនៅក្នុងស្ថានភាពក្ដៅឬមានកម្ដៅ និងជួយការពារទារកពីការប៉ះទង្គិច និងមេរោគបាក់តេរីនានាបាន។ សារធាតុរាវស្អាត បរិសុទ្ធប្រៀបដូចទឹកទទួលទានផងដែរ ដែលមានលក្ខណៈបន្សុតជាប្រចាំ។ ទារកអាចផឹកទឹកនេះបានផងដែរ ដោយគ្មានគ្រោះថ្នាក់។ តម្រងនោមរបស់ទារកចាប់ផ្ដើមដំណើរការរួចមកហើយ បំពេញតួនាទីច្រោះ និងបញ្ចេញចោលទឹកនោម និងសារធាតុនានាបានដែរហើយ។
ទារកចាប់កម្រើក
នៅអាយុប៉ុណ្ណេះ ទារកចាប់កម្រើកដៃកម្រើកជើងបាន បើគេចង់កម្រើក។ វាអាចងាកក្បាលវេចុះវេឡើងបាន ព្រមទាំងអាចជញ្ជក់មាត់បាន រហូតដល់ជញ្ជក់មេដៃបានទៀតផង។ ក្នុងខណៈនេះ ទារកគឺជាជើងឯកខាងសម្រាក។ លោកស្រីអ្នកនាងពិបាក នឹងដឹងថាទារកនេះកម្រើកខ្លួន ឬធ្វើកាយវិការណាមួយនោះទេ។
ទារកត្រូវការចំណីអាហារ
មនុស្សធំឬពេញវ័យរស់បានដោយពឹងផ្អែកទៅលើសារធាតុចិញ្ចឹម និងសារធាតុបំប៉ន ដែលមានសារជាតិស្ករ ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន សារធាតុរ៉ែជាដើម។ រីឯទារកក្នុងផ្ទៃដែលមានអាយុ៣ខែនេះក៏ចាប់ផ្ដើមត្រូវការសារធាតុចិញ្ចឹម និងសារធាតុបំប៉ន ទាំងនេះផងដែរ។ ជាអាទិវាត្រូវការជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម ជាតិអ៊ីយ៉ូដ ជាតិដែក ជាតិវីតាមីន និងអុកស៊ីហ្សែន។ សារធាតុទាំងអស់នេះអាចទៅដល់ទារកបានតាមរយៈបណ្ដាញសរសៃឈាមពិសេសមួយដែលមានឈ្មោះថា សុក។
តើសុកគឺជាអ្វី?
សុកអាចប្រៀបបាននឹងរោងចក្រដ៏អស្ចារ្យមួយ ដែលទទួលបន្ទុកសម្របតម្រូវការផ្លាស់ប្ដូររវាងសព៌ាង្គកាយរបស់លោកស្រីអ្នកនាងជាមួយទារកនៅក្នុងផ្ទៃរបស់លោកស្រីអ្នកនាង។ សុកបានរីកធំធាត់នៅក្នុងស្បូនរបស់ស្ដ្រីជាម្ដាយ។ ទារកដែលប្រៀបបាននឹងអ្នកងូតទឹកក្នុងសមុទ្រតូចល្អិតម្នាក់ភ្ជាប់ខ្លួនទៅនឹងសុកឬស្បូន តាមរយៈទងផ្ចិត ដែលប្រៀបបាននឹងខ្សែពួរដែលចងភ្ជាប់ច្រាំងទន្លេ និងកប៉ាល់។
សុកដើរតួនាទីជាច្រើន ជួនកាលអាចជាសួត ជាក្រពះ ពោះវៀន និងជាតម្រងនោមសិប្បនិម្មិត។ សុកតភ្ជាប់ទៅឈាមរបស់លោកស្រីអ្នកនាងដោយស្រូបយកអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមចាំបាច់ ដើម្បីការលូតលាស់របស់ទារក។ បន្ទាប់មកសុកបានបញ្ចេញចោលទៅក្នុងបណ្ដាញចរន្ដឈាមរបស់ស្ដ្រីជាម្ដាយដោយផ្ទាល់នូវកាកសំណល់ទាំងឡាយរបស់ទារក។ អ្វីៗទាំងអស់ត្រូវផ្ទេរចុះឡើងពីម្ដាយទៅកូនតាមរយៈពួរទងផ្ចិតនេះ បូករួមទាំងការស្រឡាញ់ដ៏អស្ចារ្យរវាងទារក និងម្ដាយ រវាងលោកស្រីអ្នកនាងជាមួយកូនរបស់ខ្លួនផងដែរ។
តួនាទីសំខាន់មួយទៀត សុកដើរតួនាទីជាអ្នកច្រោះដ៏សំខាន់ផងដែរ។ ជញ្ជាំងសុកអាចមានសមត្ថភាពបន្ទុចបង្អាក់ពពួក មេរោគ វីរុស និងបាក់តេរីដែលអាចបង្កជាបញ្ហាឬជម្ងឺដល់ទារក។ ប៉ុន្ដែវាមិនអាចទប់ស្កាត់នូវសារធាតុអាក្រក់មួយចំនួន។ ហេតុដូចនេះហើយបានជាគ្រូពេទ្យតែងតែណែនាំឱ្យលុបបំបាត់ចោលការទទួលទានសុរា ឬជាតិអាល់កុល និងបារី បូករួមទាំងឱសថឬថ្នាំពេទ្យមួយចំនួន ដែលអាចបង្កផលប៉ះពាល់ដល់ទារក។
ទារកអាយុ៤ខែ ៖ ទារកចាប់ពេញរូបរាង
ពេលនេះអ្វីៗទាំងអស់បានស្រេចអស់ហើយ។ រាល់សរីរៈទាំងអស់បានដាក់ឱ្យដំណើរការ និងធ្វើការហើយ។ ការរីកលូតលាស់ដ៏អស្ចារ្យសម្បើមនេះនៅតែត្រូវការការសម្របតម្រូវមួយចំនួន។ ក្នុងកំឡុងពេលនេះ បេះដូងទារករបស់លោកស្រីអ្នកនាង ច្របាច់ជាមធ្យមប្រមាណជា១៤០ដងក្នុង១នាទី។ រីឯលលាដ៍ក្បាលលែងសូវចំហ ឬខ័ណ្ឌជាផ្នែកទៀតហើយ សរសៃសក់ចាប់ផ្ដើមដុះ ហើយឆ្អឹងខ្ចីក៏ចាប់ដុះជាប់គ្នា។
សរសៃឈាមល្អិតចាប់រាយខ្វាត់ខ្វែងនៅលើស្បែកដែលស្ដើង និងរលោង។ វាហាក់ដូចជាមានពណ៌ក្រហមពាលលើខ្លួន ប៉ុន្ដែគាត់មានសុខភាពល្អទេ។ ខ្លួនប្រាណរបស់គាត់គ្របដណ្ដប់ទៅដោយរោមខ្ចីទន់ៗ។ យើងឃើញមានរោម ឬសំណល់រោមទាំងនេះជាប់នៅលើខ្លួនទារក ពេលដែលកើតឬប្រសូតចេញមកក្រៅ។
កូនប្រុស ឬកូនស្រី?
ការកំណត់ភេទបានចាប់ផ្ដើមលេចចេញជារូបរាងហើយ ក្រោយពីមានការផ្សំផ្គុំគ្នារវាងមេជីវិតបុរស(ស្ពែមម៉ាតូសូអ៊ីដ) និងមេជីវិតស្ដ្រី(អូវុល) រយៈពេលបួនខែមកនេះ។ នៅខែទីបួននេះ ទារកអាចមានលេចចេញជាភេទប្រុសឬស្រីច្បាស់តាមរយៈការឆ្លុះអេកូសាស្ដ្រ ប៉ុន្ដែទៅតាមទីតាំងរបស់ទារកផងដែរ។ លោកអ្នកពិតជាសប្បាយចិត្ដបើសិនជាបានឃើញកូនប្រុសឬស្រី តាមចំណង់បានរបស់ខ្លួន។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply