ពោះវៀនជាសរីរៈមួយដែលរួមចំណែកសំខាន់សម្រាប់មនុស្ស និងសត្វ ហើយក៏ចាំបាច់ផងដែរក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើពោះវៀនមានបញ្ហដូចជាកើតមានជម្ងឺពោះវៀនដុះខ្នែងនោះ នឹងអាចមានផលវិបាកសម្រាប់មនុស្សយើងគ្រប់រូបផងដែរ ដូចជាអាចធ្វើឱ្យធ្លាយពោះវៀនដែលអាចជះឥទ្ធិពលទៅដល់ស្រោមពោះ។ តែបើសិនជាករណីមិនធ្លាយទេនោះ ក៏អាចធ្វើឱ្យពោះឡើងរឹងនៅត្រង់ចំណុចពោះវៀនខ្នែងនោះ ហើយអាចបណ្តាលឱ្យមានបូសឬអាប់សែតែម្តង។ ដូចនេះបើសិនជាលោកអ្នកមិនបានព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាចបង្កឱ្យលោកអ្នកកើតមានបញ្ហផ្សេងទៀតដែលពិបាកនឹងស្មានត្រូវ។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្តបន្ទាប់រួចមកហើយ។ ជាមួយគ្នានេះ ទស្សនាវដ្តី សុខភាពយើង បានជួបជាមួយលោក រ.ស អាយុ២៤ឆ្នាំ រស់នៅភ្នំពេញ។ លោកបានចូលរួមរៀបរាប់អំពីផលលំបាកនៃជម្ងឺពោះវៀនដុះខ្នែង ដើម្បីឱ្យមិត្តអ្នកអានបានជ្រាបកាន់តែច្បាស់អំពីបញ្ហនេះ។
លោក រ.ស បានរៀបរាប់ឱ្យដឹងថាលោកជាមនុស្សដែលចូលចិត្តទទួលទានផ្លែត្របែកណាស់ ជាពិសេសគឺគ្រាប់ត្របែកតែម្តង។ ម្តាយរបស់លោកតែងតែហាមលោកមិនឱ្យទទួលទានផ្លែត្របែកទាំងគ្រាប់នោះទេ ព្រោះអាចបណ្តាលឱ្យកើតពោះវៀនដុះខ្នែង តែលោកគិតថាវាគ្មានបញ្ហនោះទេ។ មានយប់មួយលោក រ.ស មានអារម្មណ៍ថាក្តៅខ្លួនជាខ្លាំង ហើយមានអារម្មណ៍ថាឈឺនៅចុងដង្ហើម និងចង់ក្អួតថែមទៀតផង។ នៅពេលនោះបងស្រីរបស់លោកបានកោសខ្យល់ឱ្យលោក ព្រោះស្មានតែលោកកើតខ្យល់។ បន្ទាប់ពីកោសហើយមិនបានប៉ុន្មានផងស្រាប់តែលោកក្អួត និងមានការឈឺចុកចាប់នៅក្នុងពោះថែមទៀតផង នៅពេលនោះម្តាយរបស់ លោកបានយកដៃទៅសង្គត់នៅផ្នែកខាងស្តាំនៃផ្ចិត ស្រាប់តែមានអារម្មណ៍ថាឈឺកាន់តែខ្លាំងស្ទើរតែទ្រាំមិនបាន។ ឃើញដូចនេះម្តាយរបស់លោកក៏បាននាំលោកទៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់ប្រហែលជាម៉ោង១១យប់។ នៅពេលដែលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានធ្វើការសាកសួរអំពីអាការ និងបានពិនិត្យ។ បន្ទាប់មកគ្រូពេទ្យបានធ្វើការពិនិត្យឈាម លទ្ធផលចេញមកលោកកើតមានជម្ងឺពោះវៀនដុះខ្នែង ហើយគ្រូពេទ្យក៏បានធ្វើការវះកាត់តែម្តង។ នៅពេលវះកាត់លោកមានអារម្មណ៍ថាភ័យខ្លាចណាស់។
លោក រ.ស បានបន្សែមទៀតថា នៅពេលនោះលោកបានត្រឡប់មកសម្រាកនៅផ្ទះបានហើយ។ លោកបានតមអាហារ ដែលគ្រូពេទ្យបានហាមមិនឱ្យទទួលទាន ហើយលោកនៅតែបន្តការទទួលទានថ្នាំមករហូតដែរ គឺមិនដែលធ្វេសប្រហែសទៀតឡើយ។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសផ្នែកវះកាត់ទ្រូងពោះ នៃមន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តី សុខភាពយើងថា ជម្ងឺរលាកពោះវៀនដុះខ្នែងអាចកើតចំពោះមនុស្សគ្រប់ប្រភេទ តែភាគច្រើនអាចកើតមានទៅលើមនុស្សពេញវ័យ និងមនុស្សចាស់។ ចំពោះអាការនៃជម្ងឺនេះ អ្នកជម្ងឺអាចមានការឈឺចាប់ពោះផ្នែកខាងស្តាំហើយមានក្តៅខ្លួន ឈឺប៉ះមិនបាន ជួនកាលអ្នកជម្ងឺអាចមានក្អួតចង្អោរ។ នៅពេលដែលអ្នកជម្ងឺទៅជួបជាមួយគ្រូពេទ្យ គ្រូពេទ្យបានធ្វើការវិនិច្ឆ័យរោគ និងមានឆ្លុះអេកូអាចឃើញមានពោះវៀនខ្នែងរីកធំ លើសពីនេះគេអាចពិនិត្យឈាមដោយឃើញគ្រាប់ឈាមសឡើងគួរឱ្យកត់សម្គាល់។ បន្ទាប់ពីដឹងថាអ្នកជម្ងឺមានជម្ងឺរលាកពោះវៀនខ្នែងហើយ គ្រូពេទ្យក៏បានធ្វើការវះកាត់ជាបន្ទាន់មិនអាចទុកយូរបាននោះទេ។ នៅក្នុងការវះកាត់គឺធ្វើឡើងដោយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ ដូចនេះសម្រាប់លោកអ្នកនាងកញ្ញា បើសិនជាមានអាការដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យ។ បើសិនជាលោកអ្នកទុកយូរអាចបងបាឱ្យរលាកស្រោមពោះ ដែលបណ្តាលមកពីពោះវៀនខ្នែងធ្លាយ ហើយអាចបណ្តាលឱ្យកើតមានអាប់សែនៅកន្លែងពោះវៀនដុះខ្នែង បណ្តាលឱ្យមេរោគជ្រាបចូលទៅក្នុងឈាមច្រើនអាចបណ្តាលឱ្យអ្នកជម្ងឺបាត់បង់ជីវិតបាន។
ដូចនេះអ្វីដែលល្អបំផុតនោះត្រូវមកជួបជាមួយគ្រូពេទ្យ ជាពិសេសមិនត្រូវជឿទៅលើអបិយជំនឿ ដូចជាកោសខ្យល់នោះទេ ព្រោះកាលណាកោសខ្យល់អាចបង្កឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ នៅក្រោយពេលវះកាត់ហើយ អ្នកជម្ងឺអាចទទួលទានចំណីអាហារដែលមានជាតិប្រូតេអ៊ីនច្រើន ជាពិសេសជាតិសាច់តែម្តង ដើម្បីជំរុញឱ្យអ្នកជម្ងឺ ឆាប់ជាពីជម្ងឺ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply