សិល្បៈនៃការរស់នៅ គឺជាសិល្បៈវិធីក្នុងការរៀបចំរបៀបរស់នៅទៅតាមបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។ ដើម្បីឱ្យការរៀបចំផ្ទះសមតាមបំណងប្រាថ្នានោះ វាមិនមែនជាការងាយនោះទេ។
តើធ្វើយ៉ាងណាដើម្បីឱ្យការរៀបចំផ្ទះសមតាមបំណងប្រាថ្នា?
ជាដំបូងយើងត្រូវរកឱ្យឃើញថាតើហេតុអ្វីបានជាធ្វើមិនបាន គឺមានកត្ដាមួយចំនួនដែលបណ្ដាលឱ្យមិនជោគជ័យនៅក្នុងការរៀបចំប្លង់ និងសាងសង់ផ្ទះ ដូចជាការមិនប្រាកដថាខ្លួនជាម្ចាស់ផ្ទះ ចង់បានម៉ូតអ្វីប្រាកដ។ ឧទាហរណ៍ ផ្ទះបុរាណ ផ្ទះទំនើប ឬពាក់កណ្ដាលទំនើបពាក់កណ្ដាលបុរាណ។ បើនិយាយដល់ចំណុចត្រង់នេះ រាល់ម្ចាស់ផ្ទះតែងតែឆ្លើយយ៉ាងលឿនថា ៖ គាត់ដឹងថាគាត់ ចង់បានអ្វីច្បាស់ណាស់! តាមពិតគាត់និយាយមិនខុសទេ ប៉ុន្ដែមិនទាន់គ្រប់គ្រាន់ត្រង់ថាគាត់ចង់បានត្រឹមកម្រិតណា។ ឧទាហរណ៍ ៖ បើផ្ទះបុរាណ ទំនើប ឬពាក់កណ្ដាលទំនើបនោះត្រឹមកម្រិតណា ជួនកាលបុរាណពេកឬក៏ទំនើបពេក ហួសពីកម្រិតដែលគាត់ទទួលយកបាន នេះគឺជាចំណុចពិបាក ពីព្រោះយើងគ្មានអ្វីវាស់វែងនៅក្នុងការស្រមើស្រមៃរបស់ម្ចាស់ផ្ទះ។
តើគួរធ្វើយ៉ាងណាដើម្បីរកឱ្យឃើញនូវតម្រូវការរបស់ម្ចាស់ផ្ទះ?
ចម្លើយមួយដែលសាមញ្ញគឺសួរទៅម្ចាស់ផ្ទះជាការស្រេច។ ប៉ុន្ដែអ្វីដែលលើសពីនោះ គឺយើងត្រូវចេះថ្លឹងថ្លែងឱ្យមានភាពស្មើគ្នារវាងការស្រមៃចង់បាន និងការពិត។ ឧទាហរណ៍ ៖ ការគិតរបស់គាត់ហួសពីកម្រិតលុយដែលបម្រុងទុក ឬកម្រិតសិល្បៈរបស់គាត់លើសពីកម្រិតស្ដង់ដារស្ថាបត្យកម្មដែលអាចធ្វើទៅបាន។ ដូច្នេះជាទូទៅយើងត្រូវសួរទៅដល់ម្ចាស់ផ្ទះ ៖
- តម្រូវការ
- ការរៀបចំមុខងាររបស់លំហខាងក្នុងឱ្យបានត្រឹមត្រូវ
- ប្រភេទផ្ទះ ឬរូបរាងរបស់ផ្ទះ
- ទំហំជាក់ស្ដែងរបស់ដី ឬលំហដែលត្រូវសាងសង់
- ថវិកាបម្រុងសម្រាប់សាងសង់
- ពេលវេលា
ចំណុចទាំងអស់ខាងលើនេះមិនអាចខ្វះបានឡើយ។
ផ្ទះល្អ ឬផ្ទះស្អាត
បើនិយាយពីផ្ទះស្អាត និងផ្ទះល្អមិនដូចគ្នាទេ។ ពាក្យពីរនេះវាប្រហាក់ប្រហែលគ្នា ប៉ុន្ដែបើប្រើនៅលើផ្ទះគឺខុសគ្នាស្រឡះ។
1 . ផ្ទះស្អាត ៖ គឺផ្ទះដែលម្ចាស់ផ្ទះស្រឡាញ់ មានន័យថាផ្ទះស្អាតមិនមែនស្អាតសម្រាប់ម្ចាស់ផ្ទះទូទៅទេ ពីព្រោះចំណង់ចំណូលចិត្ដខុសៗគ្នា។
2 . ផ្ទះល្អ ៖ គឺជាផ្ទះដែលគ្រប់តម្រូវការប្រើប្រាស់ស្រួល មានភាពរឹងមាំ រូបរាងផ្ទះត្រូវនឹងចំណង់ចំណូលចិត្ដ មិនប៉ះពាល់ដល់សាធារណៈ និងការប្រើប្រាស់លំហខាងក្នុងឱ្យសមស្របទៅតាមមុខងាររបស់កន្លែងនីមួយៗ។
បណ្ដាំផ្ញើអ្នកជំនាញ
ដើម្បីឱ្យការរៀបចំផ្ទះឬក៏ការសាងសង់ផ្ទះឱ្យបានជោគជ័យ សូមម្ចាស់ផ្ទះទាំងឡាយគួរតែសិក្សា និងពិភាក្សាប្លង់ឱ្យបានច្រើននៅលើក្រដាសមុនពេលសាងសង់ មុនកែប្រែសំណង់ឬវាយចោល ដូចនេះគួរតែពិភាក្សាដោយផ្អែកលើហេតុផល ឬស្ដង់ដារ ស្ថាបត្យករជាគោល។
សូមកុំប្រើការស្រមៃឬសិទ្ធិសម្រេចដោយគ្រាន់តែស្ដាប់អ្នកជុំវិញខ្លួនដែលមិនមែនជាអ្នកជំនាញផ្នែកសំណង់ ហើយគិតដល់ពាក្យស្លោកចាស់បុរាណពោលថា “កាត់អាវតម្រូវអ្នកពាក់” ដូចនេះទើបធ្វើឱ្យការសម្រេចចិត្ដបានល្អច្រើនទៅលើសំណង់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply