វីតាមីនជាច្រើនមុខមកហើយ បានបង្ហាញខ្លួនជាសាធារណៈនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង នៅក្នុងឆ្នាំ២០១០នេះ។ វីតាមីននីមួយៗមានតួនាទី និងលក្ខណៈសម្បត្ដិរៀងៗខ្លួន។ ពេលនេះវីតាមីនដែលល្បីឈ្មោះខាងការប្រើប្រាស់ដើម្បីថែសម្រស់ស្បែក និងវ័យឱ្យនៅក្មេង បានចូលខ្លួនមកបង្ហាញហើយ គឺវីតាមីនអឺ។
តួនាទីវីតាមីនអឺ
វីតាមីនអឺឬវីតាមីនអ៊ី9បែ ឬហៅជាភាសាគីមីសាស្ដ្រថា តូកូផេរ៉ុល ឬតូកូទ្រីអេណុល។ អ្នកខ្លះបានដាក់ឈ្មោះវីតាមីនអឺថា ជាវីតាមីនបង្កើនអាយុ។
ប្រឆាំងអុកស៊ីដកម្ម ៖ ជារួមវីតាមីនអឺត្រូវបានចាត់ទុកជាក្រុមវីតាមីនប្រឆាំងអុកស៊ីដកម្ម។ អំណាចប្រឆាំងនឹងអុកស៊ីដកម្មរបស់វីតាមីនអឺមានកម្រិតធំធេងជាងវីតាមីនសេដល់ទៅ៣ដងឯណោះ រីឯសកម្មភាពជាចម្បងរបស់វាកើតឡើងតាមរយៈការការពារសារធាតុខ្លាញ់។
- ជួយបង្កើនអាយុ ៖ វីតាមីនអឺជួយបង្ការ ឬទប់ស្កាត់នូវអ្វីដែលកើតមានឡើងទាក់ទងនឹងការវិវត្ដន៍នៃវ័យ និងអុកស៊ីដកម្មនៃសារធាតុចិញ្ចឹមឬបំប៉នជាច្រើនដទៃទៀត។ វាក៏ប្រឆាំងផងដែរនឹងការបង្កើតរ៉ាឌីកាល់សេរី ដែលបណ្ដាលមកពីចំណីអាហារ ដែលសម្បូរទៅដោយសារធាតុខ្លាញ់ឆ្អែតភ្ជាប់ជាមួយអុកស៊ីសែន។ តាមរយៈសកម្មភាពដ៏ទូលំទូលាយនេះ វីតាមីនអឺពន្យារការឆាប់ចាស់នៃសព៌ាង្គកាយ និងការពារខ្លួនមនុស្សពីឥទ្ធិពលអាក្រក់នៃការបំពុលបរិស្ថាន។
- ជួយប្រឆាំងជម្ងឺមហារីក ៖ វីតាមីនអឺពង្រឹងសកម្មភាពរបស់វីតាមីនសេប្រឆាំងនឹងសារធាតុនីត្រូសាមីន ដែលសារធាតុបង្កបង្កើតឱ្យមានជម្ងឺមហារីក។
- ជួយបេះដូងសរសៃឈាម ៖ វីតាមីនអឺដែលជាមិត្ដរបស់បេះដូងទប់ស្កាត់ការបង្កបង្កើតជាកំណកឈាម ជាពិសេសទប់ស្កាត់ជម្ងឺខ្សោយសរសៃឈាមវ៉ែននៅជើង។ ម្យ៉ាងទៀតវាក៏ជួយកាត់បន្ថយផងដែរនូវវិបត្ដិបេះដូង ដោយបញ្ចៀសបាននូវការឡើងរឹង នៃសរសៃឈាម។
- តួនាទីផ្សេងៗទៀត ៖ ក្រៅពីតួនាទីសំខាន់ៗខាងលើ វីតាមីនអឺមានតួនាទីសំខាន់ផ្សេងទៀតគួរឱ្យកត់សម្គាល់ ជាអាទិវាជួយកាត់បន្ថយការហត់នឿយអស់កម្លាំង បង្ការការចុះខ្សោយលិង្គ ទប់ស្កាត់វិបត្ដិលិង្គមិនសូវឡើងរឹង(ឬងាប់) ធ្វើឱ្យការមានកូនរឹតតែប្រសើរឡើង(ឆាប់មានកូន) និងវីតាមីនអឺជួយជម្រុះចេញនូវជាលិកាដំបៅរលួយ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនអឺ
ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុងខ្លួនជាប្រចាំនូវវីតាមីនអឺក្នុងបរិមាណចំនួនប្រមាណ១២ឯកតា តូកូផេរ៉ុល ដែលជាតួលេខផ្លូវការណ៍សម្រាប់មនុស្សពេញវ័យទូទៅ។ តាមពិតតម្រូវការដែលអាចបង្ការ ឬការពារប្រកបទៅដោយប្រសិទ្ធភាព គឺត្រូវមានបរិមាណពី៥០ទៅ៨០ឯកតាតូកូផេរ៉ុល(១ឯកតាតូកូផេរ៉ុល=១មីលីក្រាម)។
កង្វះវីតាមីនអឺ នាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើមនុស្សយើងទទួលទានវីតាមីនអឺមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនេះរួមមានភាពអាកើតមាននៅលើមនុស្សប្រុសស្រីដែលកំពុងពេញវ័យ ឆាប់ចាស់មុនអាយុ កើតរោគខូចគ្រាប់ឈាម ក្រហមនៅលើទារក ការកើតមានឡើងនូវជម្ងឺចាស់មួយចំនួន(ជម្ងឺវង្វេងចាស់អាល់ហ្សែមម៊រ ជម្ងឺប៉ាកគីនសុនជាដើម) ព្រមទាំងភាពចាស់យ៉ីយ៉ាកនៃសាច់ដុំ។
ចំណីអាហារដែលមានជាតិវីតាមីនអឺ
វីតាមីនអឺមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាប្រេងរុក្ខជាតិ ស្លឹកដើមគ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែឈើមួយចំនួន ព្រមទាំងសណ្ដែកសៀង។
ពេលដែលគួរប្រើប្រាស់ថ្នាំវីតាមីនអឺ
ជំពូកមនុស្សដែលគួរតែប្រើប្រាស់ថ្នាំវីតាមីនអឺបន្ថែមមានដូចតទៅ ៖
- អ្នកកីឡា(ប្រើកម្រិតពី២០០ទៅ១០០០ឯកតាតូកូផេរ៉ុល ឬមីលីក្រាមក្នុង១ថ្ងៃ នាំឱ្យកម្លាំងនៃការខំប្រឹងប្រែងអាចមានរយៈពេលយូរ និងទ្រាំទ្របានប្រសើរជាងមុន ពីព្រោះថាវីតាមីននេះអាចជួយធ្វើឱ្យការដកដង្ហើមរបស់កោសិការឹតតែប្រសើរឡើង)
- មនុស្សវ័យចំណាស់(៥០មីលីក្រាមក្នុង១ថ្ងៃ)
- អ្នកដែលទទួលទានជាតិខ្លាញ់ច្រើន ករណីចង់កាត់បន្ថយអាស៊ីដជាតិខ្លាញ់ឆ្អែត(ប្រេងរុក្ខជាតិ ត្រីខ្លាញ់) នោះលោកអ្នក អាចបង្កើនការប្រើវីតាមីនអឺ
- ករណីស្ដ្រីដែលប្រើប្រាស់គ្រាប់ថ្នាំពន្យារកំណើត
- ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅដោះកូន
- អ្នកមានវិបត្ដិផ្លូវភេទ
- អ្នកទទួលទានបារី ឬថ្នាំជក់
- អ្នករស់នៅតំបន់បំពុលដោយបរិស្ថាន និងខ្យល់អាកាសពុល
- ករណីព្យាបាល ឬប្រើប្រាស់អ័រម៉ូន អឺត្រូសែនគីមី។
តម្រូវការថ្នាំវីតាមីនអឺជាប្រចាំថ្ងៃ
តម្រូវការរបស់យើងជាប្រចាំថ្ងៃនៃវីតាមីនអឺ ដែលជាតួលេខជាផ្លូវការគឺពី១២ទៅ១៥ឯកតាតូកូផេរ៉ុល ប៉ុន្ដែតាមការប្រើប្រាស់ជាក់ស្ដែងគឺមានតម្រូវការម្ដុំ៥០ឯកតា។ ជួនកាលតម្រូវការនេះអាចកើនឡើងដល់ទៅ១០០០ឯកតាទៅតាមអាយុ ភេទ និងជីវភាពរស់នៅ។ល។ ជាឧទាហរណ៍ បរិមាណដូសប្រើប្រាស់ត្រូវមានពី២០០ទៅ៤០០ឯកតាក្នុង១ថ្ងៃ ក្នុងករណីខ្សោយលិង្គ ឬពិបាកមានកូន(ភាពអា) ទាំងនៅលើមនុស្សស្រី ទាំងនៅលើបុរសភេទ។
សូមកត់ចំណាំ និងចងចាំថា ដើម្បីការប្រើប្រាស់វីតាមីនអឺប្រកបទៅដោយគុណប្រយោជន៍ខ្ពស់ ឬសកម្មភាពជាក់ស្ដែង វីតាមីនអឺគួរតែប្រើប្រាស់ជាមួយវីតាមីនសេ បែតតាការ៉ូទែន និងសារធាតុសេឡេនីយ៉ូម។ ការប្រើប្រាស់បែបនេះ មិនមានការពុលនោះទេ។ ផ្ទុយទៅវិញ ត្រូវធ្វើការប្រុងប្រយ័ត្នក្នុងករណីលោកអ្នកដែលកំពុងព្យាបាលដោយថ្នាំឃាត់ឈាម ព្រោះវីតាមីនអឺអាចធ្វើឱ្យហូរឈាមឬហូរឈាមរឹតតែខ្លាំង ក្នុងករណីប្រើប្រាស់វាក្នុងបរិមាណដូសប្រើប្រាស់ខ្ពស់។
អត្ថបទដោយ ៖ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply