សេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូបមិនអាចដកហូតឬសាបសូន្យបានឡើយ ព្រោះថាសេចក្ដីថ្លៃថ្នូរគឺជាតម្លៃខ្លួនរបស់មនុស្ស ហើយមនុស្សកើតមកជាមួយនឹងសេចក្ដីថ្លៃថ្នូរនេះដូចៗគ្នា និងស្មើៗគ្នា។ សេចក្ដីថ្លៃថ្នូរមិនត្រូវបាននរណាម្នាក់បែងចែក ឬកាត់ផ្ដាច់ចេញពីសិទ្ធិណាមួយនៃប្រភេទសិទ្ធិពលរដ្ឋ នយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌បានឡើយ។ គ្រប់រូបវន្ដបុគ្គល និងនីតិបុគ្គល ត្រូវទទួលបាននូវសេរីភាពរួចចាក់ផុតពីការយាយី បំភិតបំភ័យ ទារុណកម្មគ្រប់រូបភាព និងត្រូវតែមានសេរីភាពទទួលបាននូវសេចក្ដីត្រូវការជាមូលដ្ឋាន។ និយាយរួមមក ការធានារ៉ាប់រង និងការគោរពចំពោះសេចក្ដីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ ត្រូវតែមានគ្រប់កាលៈទេសៈ ទោះជាបុគ្គលនោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ឬប្រទេសស្ថិតនៅក្នុងសភាពអាសន្នក៏ដោយក៏សិទ្ធិរបស់មនុស្សនៅតែមានជានិច្ច។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី លឹម មុនី ជាអនុប្រធានផ្នែកស្ដ្រីនៃសមាគមអាដហុក លោកស្រីនឹងបកស្រាយអំពីប្រវត្ដិខ្លះៗដែលនិយាយអំពីទិវាសិទ្ធិមនុស្ស ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានយល់កាន់តែច្បាស់ចំពោះបញ្ហានេះ។
ប្រវត្ដិនៃទិវាសិទ្ធិមនុស្ស
ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំបានជ្រួតជ្រាបច្រើន ស្ដីអំពីទិវាសិទ្ធិមនុស្ស។ ក៏ប៉ុន្ដែមានប្រជាពលរដ្ឋឬក៏មន្ដ្រីរាជការមួយចំនួនមិនទាន់បានជ្រាបច្បាស់ថា តើសិទ្ធិមនុស្សមានប្រវត្ដិយ៉ាងដូចម្ដេចខ្លះនោះទេ។ គ្រាន់តែដឹងថានៅថ្ងៃទី១០ខែធ្នូគឺជាថ្ងៃនៃទិវាសិទ្ធិមនុស្ស។ ដូចនេះដើម្បីឱ្យជ្រាបកាន់តែច្បាស់ យើងខ្ញុំសូមលើកយកនូវប្រវត្ដិខ្លះៗស្ដីអំពីទិវាសិទ្ធិមនុស្សដែលមានដូចតទៅ ៖
នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរឃើញថាមានប្រទេស និងប្រជាពលរដ្ឋនីមួយៗបានបែងចែកវណ្ណៈ និងអំណាច។ ឱ្យតែប្រទេសណាជាប្រទេសដែលខ្លាំង មានអំណាចខ្លាំងគឺជាអ្នកឈ្នះ សូម្បីតែក្នុងកុលសម្ព័ន្ធ អ្នកណាដែលខ្លាំងមានកម្លាំងអាចប្រយុទ្ធឈ្នះ អ្នកនោះគឺជាអ្នកឈ្នះ ជាអ្នកត្រួតត្រា ជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំជាដើម។ លើកឡើងពីប្រទេសសហរដ្ឋអាមេរិច គឺជាប្រទេសដែលមានអំណាចជាងប្រទេសអាហ្វ្រិច ក៏មានការទិញប្រជាពលរដ្ឋរបស់ជនជាតិអាហ្វ្រិចដែលជាជនជាតិស្បែកខ្មៅ យកមកធ្វើជាទាសករដាច់ថ្លៃ។ ស្របពេលជាមួយនឹងការមើលឃើញទៅនឹងការគាបសង្កត់ និងការប្រទូសរ៉ាយគ្នាផ្នែកសង្គ្រាមនេះនៅក្នុងឆ្នាំ១៩៤៥។ នៅពេលដែលសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់គ្រប់បណ្ដាប្រទេសនានាដែលជាអ្នកមើលឃើញនូវទុក្ខវេទនា ដែលជាអ្នកមានស្មារតីយល់ដឹងក៏បានរួបរួមគ្នាប្រជុំដើម្បីរកដំណោះស្រាយ ដើម្បីកុំឱ្យអ្នកដែលមានកម្លាំងដែលមានអំណាចធ្វើបាបអ្នកដែលគ្មានកម្លាំង ក៏បានបង្កើតទិវាសិទ្ធិមនុស្សនេះឡើង គឺនៅក្នុងថ្ងៃទី១០ខែធ្នូ ឆ្នាំ១៩៤៨ រហូតមកដល់សព្វថ្ងៃនេះតែម្ដង។
សិទ្ធិមនុស្ស
សិទ្ធិមនុស្សត្រូវបានគេឱ្យនិយមន័យផ្សេងៗគ្នាទៅតាមកម្រិតនៃការស្រាយបំភ្លឺរបស់មនុស្សម្នាក់ៗ ដើម្បីតម្រូវតាមការយល់ដឹងរបស់ក្រុមគោលដៅផ្សេងៗគ្នាក្នុងបរិបទសង្គមមួយជាក់លាក់។ យ៉ាងណាក៏ដោយក៏សកម្មជនខាងសិទ្ធិមនុស្សនៅពេលនេះ បានមូលមតិឱ្យនិយមន័យសិទ្ធិមនុស្សយ៉ាងសាមញ្ញថា“សិទ្ធិមនុស្សគឺជាអ្វីៗដែលសំខាន់ ចាំបាច់សម្រាប់ការរស់រានមានជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងភាពជាមនុស្ស”។ លោកអ្នកអាចអង្គុយសមាធិ ពិចារណា និងសួរខ្លួនឯងថា ការកើតមកជាមនុស្ស តើត្រូវមានអ្វីខ្លះ ដែលមនុស្សបានកើតមកជាមួយ និងមានសេចក្ដីត្រូវការអ្វីខ្លះជាមួយនឹងអ្វីដែលមនុស្សបានកើតមកជាមួយនេះ។ នោះលោកអ្នកនឹងយល់ថាតើសិទ្ធិរបស់មនុស្សម្នាក់ៗមានអ្វីខ្លះ និងត្រូវប្រើប្រាស់ និងការពារសិទ្ធិមនុស្សរបស់ខ្លួនយ៉ាងដូចម្ដេច។
ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗទាក់ទងទៅនឹងជំពូកធំពីរនៃសិទ្ធិមនុស្ស ដែលបានមកពីការសមាធិ និងការពិចារណាលើចលនាកម្រើកទាំងអស់នៃខ្លួនមនុស្ស ដែលបានប្រាប់លោកអ្នកនាងកញ្ញាថា តើមនុស្សមានសិទ្ធិមនុស្សអ្វីខ្លះ។
សិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
- សិទ្ធិរស់រានមានជីវិត
- សិទ្ធិគ្មានការរើសអើង
- សិទ្ធិមិនទទួលបានការចាប់ខ្លួន ឃុំខ្លួនតាមអំពើចិត្ដ
- សិទ្ធិសេរីភាពក្នុងការដើរហើរ
- សិទ្ធិមិនទទួលរងការធ្វើទារុណកម្ម
- សិទ្ធិមានការប្រជុំដោយសន្ដិវិធី
- សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
- សិទ្ធិបង្កើតគណបក្សនយោបាយ
- សិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន
- សេរីភាពនៅក្នុងការតាំងទីលំនៅ – សិទ្ធិមានចំណីអាហារហូបគ្រប់គ្រាន់
- សិទ្ធិទទួលបាននូវលក្ខខណ្ឌរស់នៅសមរម្យ
- សិទ្ធិមានការគាំពារខាងសុខភាព
- សិទ្ធិមានផ្ទះសម្បែង និងកម្មសិទ្ធិដីធ្លី
- សិទ្ធិទទួលបានការអប់រំ
- សិទ្ធិមានការងារធ្វើ
- សិទ្ធិមានប្រាក់កម្រៃស្មើគ្នាចំពោះការងារដូចគ្នា
- សិទ្ធិមិនរងនូវការបង្ខំឱ្យធ្វើការហួសកម្លាំង
- សិទ្ធិបង្កើតសហជីព
- សិទ្ធិសម្រាកលំហែវិស្សមកាល ឬមាតុភាព
- សិទ្ធិសម្ដែងសិល្បៈវប្បធម៌
ការដាក់ជាជំពូកធំទាំងពីរខាងលើនេះ ពុំមានន័យថាមានការបែងចែកដាច់ដោយឡែកពីគ្នានៃសិទ្ធិមនុស្សទេ ព្រោះថាជំពូកនេះមានការអាស្រ័យគ្នាទៅវិញទៅមក។ សិទ្ធិទាំងអស់នេះមានការទាក់ទងនឹងចលនាកម្រើករបស់មនុស្ស ហើយការកាត់ផ្ដាច់ ឬការគាបសង្កត់ទៅលើចលនាណាមួយអាចជាផលប៉ះពាល់ទៅដល់ចលនាមួយទៀត។ ដូច្នេះមនុស្សត្រូវតែតភ្ជាប់ការកាត់ផ្ដាច់នោះមកវិញ ឬត្រូវរើពីការគាបសង្កត់ ដោយការហ៊ានតស៊ូពុះពារ ដើម្បីកុំឱ្យមានការកាត់ផ្ដាច់ឬការគាបសង្កត់ និងដើម្បីឱ្យមានកិច្ចការពារជាស្ថិរភាព។ ការធ្វើកូដកម្ម បាតុកម្ម និងក្រោកតស៊ូប្រឆាំងទាំងឡាយ មិនទាំងអស់ទេ អាចមកពីការគាបសង្កត់ជិះជាន់ដែលមិនអាចស៊ូទ្រាំបាន។ មានទ្រឹស្ដីមួយបាននិយាយថា រដ្ឋាភិបាលនឹងត្រូវទទួលរងនូវការក្រោកប្រឆាំងពីគ្រប់ស្រទាប់នៃប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលមិនបម្រើដល់ពួកគេ ឬគាបសង្កត់លើចលនាអ្វីមួយរបស់មនុស្សដែលជាប្រជាពលរដ្ឋរបស់ខ្លួន។
យោបល់អ្នកជំនាញ
ភាពជាមនុស្សមិនមែនជារបស់នោះទេ មនុស្សមិនអាចលក់ដូរបាន មិនអាចកាប់សម្លាប់បាននោះទេ។ មនុស្សគ្រប់រូបត្រូវតែយល់ដឹងអំពីសិទ្ធិខ្លួនឯង ហើយត្រូវតែចេះថែរក្សាសិទ្ធិខ្លួនឯង និងត្រូវចេះគោរពសិទ្ធិអ្នកដទៃ។ កាលណាបើលោកអ្នកស្គាល់សិទ្ធិ ខ្លួនឯង តែលោកអ្នកមិនបានអនុវត្ដ្ដ មិនបានយកមកប្រើប្រាស់ ដោយបណ្ដោយឱ្យអ្នកដទៃបំពានលើខ្លួនលោកអ្នកបាន ហើយបែរជាយកគំនុំគុំកួន ឬក៏មានអំពើហិង្សាយកមកតបតវិញ នោះមិនមែនជាការគោរពសិទ្ធិមនុស្សឬក៏ការស្គាល់អំពីសិទ្ធិមនុស្សនោះទេ។ មនុស្សគ្រប់រូបត្រូវតែស្គាល់អំពីសិទ្ធិខ្លួន ហើយត្រូវយកសិទ្ធិទាំងនេះមកប្រើប្រាស់ ជាពិសេសត្រូវតែចេះគោរពសិទ្ធិអ្នកដទៃ និងសិទ្ធិប្រទេសជាតិផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply