បើទោះជាជំងឺមិនឆ្លងបានក្លាយជាបញ្ហាសុខភាពសាធារណៈក្តី ប៉ុន្តែក្រសួងសុខាភិបាលមិនមានខ្ទង់ថវិការសម្រាប់ចំណាយលើការអប់រំ ព្យាបាល និងថែរទាំអ្នកជំងឺដែលកើតជំងឺមិនឆ្លងទ្បើយ។
លោកស្រី ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលមានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃសុក្រ ទី១៤ កញ្ញាកន្លងមកថា យើងមានគោលនយោបាយទាក់ទងនឹងការអប់រំ ថែរទាំព្យាបាល និងផែនការយុទ្ឋសាស្រ្តទប់ស្កាត់ ជំងឺមិនឆ្លងតាំងពី១០ឆ្នាំមុន ប៉ុន្តែដោយសារយើងមិនមានថវិការសម្រាប់ចំណាយលើផ្នែកនេះ ទើបការអប់រំដើម្បីទប់ស្កាត់ ឬកាត់បន្ថយហានិភ័យ បណ្តាលមកពីជំងឺនេះមិនសូវមានច្រើន។ លោកស្រីបន្តថា ក្រសួងសុខាភិបាលមិនមានខ្ទង់ថវិការសម្រាប់ចំណាយលើការងារនេះទេ ការបោះពុម្ពឯកសារកន្លងមកគឺទទួលបានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ។
លោកស្រីបន្តថា “ម្ចាស់ជំនួយមិនផ្តល់ជំនួយសម្រាប់ជំងឺមិនឆ្លងទេ គេផ្តល់សម្រាប់ប្រយុទ្ឋតែជំងឺឆ្លងប៉ុណ្ណោះ ហេតុនេះយើងមានសមត្ថភាពប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង ”។
អ្វីជាជំងឺមិនឆ្លង ជំងឺមិនឆ្លងជាជំងឺដែលកើតលើបុគ្គល ដែលមិនឆ្លងរោគពីអ្នកដទៃ ជំងឺមិនឆ្លងរួមមាន ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបះដូង ជំងឺខ្លាញ់ក្នុងសសៃឈាមជាដើម។
យោងតាមលទ្ឋផលអង្កេតប្រជាសាស្រ្ត និងសុខភាពឆ្នាំ២០១០បានបង្ហាញថាប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ២៥ឆ្នាំដល់៦៤ឆ្នាំ មានជំងឺទឹមនោមផ្អែម៣០០.០០០នាក់ ប្រជាជនក្នុងក្រុមអាយុដដែលនេះ មានជំងឺលើសសម្ពាធឈាមចំនួនប្រមាណ១.០០០.០០០នាក់។
លោកស្រី ប្រាក់ ពិសិដ្ឋរង្សី បានបន្តថា ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជាប្រមាណ៥ភាគរយកើតជំងឺមិនឆ្លង ដោយសារតែពួកគាត់មិនសូវមានការយល់ដឹង និងមិនគិតគូរដល់ខ្លួនឯងក្នុងជីវភាពរស់នៅ ដូចជាពួកគេផឹកស្រា ជក់បារីជាដើម។ ប្រសិនជាពួកគេប្រកាន់ឥរិយាបទបែបនេះ ទោះជាប្រើប្រាស់ថ្នាំយ៉ាងណាក៏មិនមានប្រសិទ្ឋិភាពនោះទេ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply