ដោយសារឆ្នាំនេះជាវដ្តនៃការផ្ទុះជំងឺគ្រុនឈាម ទើបគិតរហូតមកទល់ពេលនេះ មានកុមារចំនួន១៣៤នាក់បានស្លាប់ ក្នុងចំណោមកុមារធ្លាក់ខ្លួនឈឺសរុបចំនួនប្រមាណ៣២.០០០នាក់។
លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយករងមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រាង និងកែសម្រួលទ្បើងវិញនូវសម្ភារៈអប់រំសុខភាពកាលពីព្រឹកថ្ងៃអង្គារ ទី១៨កញ្ញាកន្លងមកថា អត្រាឈឺដោយសារជំងឺគ្រុនឈាមឆ្នាំនេះ មានការកើនទ្បើង៣០០ទៅ៣៥០ភាគយ ធៀបនឹងឆ្នាំ២០០៧ ដែលជាឆ្នាំផ្ទុះជំងឺគ្រុនឈាមដ៏អាក្រក់នៅកម្ពុជា ដែលបានសម្លាប់កុមារកម្ពុជារហូតដល់៤០០នាក់ និងមានកុមារឈឺរហូតដល់៣៧.០០០នាក់គិតក្នុងរយៈពេលដូចគ្នានាឆ្នាំនេះ។
លោកបន្តថា “អ្វីដែលជាមោទនភាពរបស់កម្មវិធីជាតិ គឺឆ្នាំនេះអត្រាស្លាប់មានត្រឹម០.៤ភាគរយ ដោយសារមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋទាំង២៤ខេត្តក្រុង ព្រោះប្រសិនជាពួកគាត់មិនបានចូលរួម យើងមិនទទួលបានជោគជ័យទេ”។ លោកបន្តថា “ការកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ទាមទារមានការចូលរួមពីសហគមន៍ ពីមាតាបិតាអាណាព្យាបាលកុមារ ទើបមានការថយចុះ ហេតុនេះយើងទាមទារអប់រំពួកគេ ពីការយល់ដឹងមកផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន ”។
លោក ច័ន្ទថា បានបន្តថា អត្រាស្លាប់ភាគច្រើន ដោយសារឪពុក ម្តាយអាណាព្យាបាលកុមារព្យាបាលកូនដោយខ្លួនឯង និងយកកូនទៅព្យាបាលនៅតាមសេវាឯកជនដែលគ្មានឳសថសម្ភារៈគ្រប់គ្រាន់ ហើយនៅពេលកុមារធ្លាក់ខ្លួនឈឺធ្ងន់ ទើបបញ្ជូនមកមន្ទីរពេទ្យសាធារណៈ ដែលធ្វើឲ្យគ្រូពេទ្យជួបការលំបាកក្នុងការព្យាបាល និងសង្រ្គោះ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត្រសាស្រ្ត និងបាណកសាស្រ្តក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រដ្ឋមានកាតព្វកិច្ចផ្តល់ព៌តមានត្រឹមត្រូវជូនសាធារណៈជន ប៉ុន្តែរដ្ឋមិនអាចបញ្ជូនមន្រ្តីចុះទៅជួយធ្វើអនាម័យ ជួយបញ្ជូនកូនរបស់ពួកគេមកមន្ទីរពេទ្យ ឬយករថយន្តសាម៊ុយដឹកកូនរបស់ពួកគេមកមន្ទីរពេទ្យបានទ្បើយ ព្រោះនោះជាកាតព្វកិច្ចរបស់សហគមន៍ ឪពុកម្តាយ ដែលត្រូវធ្វើដោយខ្លួនឯង ហើយយើងចង់ផ្ញើរសារនេះទៅសាធារណៈជនឲ្យយល់។
លោកបន្តថា “នៅលើពិភពលោកគ្មានប្រទេសណាមួយ បញ្ជូនមន្រ្តីរបស់ខ្លួនចុះសំអាតផ្ទះប្រជាពលរដ្ឋ និងជួយបញ្ជូនកូនរបស់ពួកគេមកកាន់មន្ទីរពេទ្យនោះទេ មានតែនៅប្រទេសសាំងហ្កាពួរ គេបញ្ជូនមន្រ្តីចុះទៅផាកពិន័យដល់ម្ចាស់ផ្ទះណា ដែលបណ្តោយឲ្យមានដង្កូវទឹកក្នុងផ្ទះរបស់ខ្លួន ”។ លោកបន្តថា “ខ្ញុំសូមឲ្យប្រព័ន្ឋផ្សព្វផ្សាយជួយបន្តអប់រំសារនេះ ទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងថា ការសំអាតលំនៅដ្ឋាន ការបញ្ជូនកូនទៅមន្ទីរពេទ្យជាកាតព្វកិច្ចរបស់ខ្លួន ”។
លោក ធីម៉ូធី ចនស្តុន(Timothy Jonhston)ប្រធានក្រុមការងារនៃធនាគារពិភពលោកបានមានប្រសាសន៍ថា យើងសូមប្រកាសថាធនាគារពិភពលោកប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ដល់ក្រសួងសុខាភិបាលពិសេសកម្មវិធីជាតិប្រយុទ្ឋនឹងជំងឺគ្រុនឈាម ដែលបានធ្វើការយ៉ាងប្រសើរលើការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងឆ្នាំនេះ។
លោកបន្តថា “យើងអាចធ្វើការរួមគ្នាលើការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារដោយសារជំងឺគ្រុនឈាម តាមរយៈការគ្រប់គ្រងមូសនិងការសំអាត និងធ្វើអនាម័យជុំវិញលំនៅដ្ឋានប្រជាពលរដ្ឋ ដោយផ្តល់សារអប់រំជាក់លាក់ជូនពួកគេ”។ លោកបន្ថែមថា “ខ្ញុំសូមលើកទឹកចិត្តចំពោះមន្រ្តីកម្មវិធីជាតិឲ្យបន្តខិតខំការងាររបស់ខ្លួន ដើម្បីគ្រប់គ្រងតាមដានការរីករាលដាលជំងឺគ្រុនឈាម ”។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply