នៅពេលជំងឺផ្តាសាយបក្សីផ្ទុះនៅប្រទេសចិន និងកំពុងផ្ទុះនៅប្រទេសវៀតណាម មន្រ្តីជំនាញកម្ពុជាបានជំរុញឲ្យក្រុមឆ្លើយតបបន្ទាន់ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺនេះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បត៍ ទី២០កញ្ញានេះថាក្រុមមន្រ្តីឆ្លើយតបបន្ទាន់ ត្រូវបានជូនដំណឹងឲ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការផ្ទុះជំងឺផ្តាសាយបក្សី បន្ទាប់ពីជំងឺនេះបានផ្ទុះនៅប្រទេសចិន និងប្រទេសវៀតណាម។
លោកបន្តថា “ជាមួយនេះខ្ញំសូមអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន កុំប៉ះពាល់ និងទទួលទានបក្សីឈឺ ឬងាប់ ព្រោះជំងឺនេះអាចឆ្លងមកមនុស្សតាមរយៈសត្វបក្សី ”។
លោក សូវ៉ាន់ បានបន្តថា “រដូវផ្ទុះជំងឺផ្តាសាយបក្សីបានមកដល់ ការផ្ទុះជំងឺនេះចាប់ផ្តើមពីខែកញ្ញានេះ ដល់ខែមិថុនាខាងមុខ ហេតុនេះសូមប្រជាជនបង្កើនការប្រុងប្រយ័ត្ន ហើយប្រសិនជាមានអាការៈក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមសូមទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យជិតផ្ទះបំផុត និងរាយការណ៍ពីប្រវត្តិធ្លាប់ប៉ះពាល់បក្សីឈឺ ឬងាប់ ”។
មន្ទីរពេទ្យថ្នាក់ជាតិចំនួន២គមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានត្រៀមសម្រាប់ព្យាបាលជំងឺនេះ។ មន្ទីរពេទ្យថ្នាក់ខេត្តដូចជាមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម សៀមរាប កំពត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រៀមឆ្លើយតបចំពោះជំងឺនេះផងដែរ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តឲ្យដឹងថា បច្ចុប្បន្នយើងមានឳសថ សម្ភារៈគ្រប់គ្រាន់សម្រាប់ឆ្លើយតប ចំពោះអ្នកកើតជំងឺនេះគ្រប់គ្រាន់។ ជារៀងរាល់សប្តាហ៍មានមនុស្សចាប់ពី២ ទៅ៣នាក់ត្រូវបានសង្ស័យកើតជំងឺនេះ ប៉ុន្តែលទ្ឋផលនៃការធ្វើតេស្តសុទ្ឋតែអវិជ្ជមាន រកមិនឃើញពួកគេឆ្លងមេរោគH5N1នោះទេ។ លោកបន្តថា ប្រសិនជាប្រជាជនឃើញបក្សីឈឺ ឬងាប់ សង្ស័យកើតជំងឺផ្តាសាយបក្សីសូមរាយការណ៍មកលេខទូរស័ព្ទ ឆ្លើយតបបន្ទាប់ឥតគិតថ្លៃតាមរយៈ លេខ១១៥។
លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះ បានដាក់បំរាមមិនឲ្យមានការនាំចូលបសុបក្សី និងសុតបក្សីពីប្រទេសជិតខាង ដើម្បីបង្ការ និងការពារការចំលងមេរោគផ្តាសាយបក្សីមកបក្សីក្នុងស្រុក និងឆ្លងមកប្រជាពលរដ្ឋ។ កន្លងមកនេះគេហទំព័រសុខភាពកម្ពុជាបានសរសេរអត្ថបទជាច្រើនដែលទាក់ទងទៅនឹងជម្ងឺផ្ដាសាយបក្សី ដូចជា ជម្ងឺគ្រុនផ្ដាសាយបក្សីផ្ទុះឡើងសាជាថ្មី ជម្ងឺគ្រុនផ្ដាសាយបក្សីអាចព្យាបាលបាន កម្ពុជាទប់ទល់នឹងជម្ងឺគ្រុនផ្ដាសាយបក្សី ពលរដ្ឋប្រមាណ៣០ភាគរយក្នុងខេត្ដចំនួន៣នៅកម្ពុជាមិនទាន់ទទួលយកឥរិយាបថថ្មីស្ដីពីវិធានការបង្ការ ទប់ស្កាត់ជម្ងឺគ្រុនផ្ដាសាយបក្សី H5N1ជាដើម។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply