ក្រុមនិស្សិតមកពីសាលវិទ្យាល័យភូមិន្ទភ្នំពេញបានសម្តែងការព្រួយបារម្ភពីការបាត់បង់ជីវចម្រះ និងជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការណ៍ឲ្យបានម៉ីងម៉ាត់ចំពោះអ្នកប្រព្រឹត្តបទល្មើស។
យុវជន ឆន ស៊ីតារា សិក្សាឆ្នាំទី២ដេប៉ាតឺម៉ង់គីមីវិទ្យាដែលបានចូលរួមក្នុងវេទិកាលើកកំពស់ការយល់ដឹងជីវចម្រុះ ដែលប្រារពធ្វើនៅមជ្ឈមណ្ឌលកិច្ចសហការកម្ពុជាជប៉ុននាព្រឹកថ្ងៃសុក្រ ទី២១ កញ្ញាកន្លងមកថា ការបង្កើតកម្មវិធីនេះល្អ ដើម្បីឲ្យនិស្សិតមានការយល់ដឹងពីបរិស្ថាននៅកម្ពុជាថា មានការប្រែប្រួលយ៉ាងដូចម្តេច និងឲ្យនិស្សិតចូលរួមអភិរ័ក្ស និងថែរក្សាបរិស្ថាន ដែលកំពុងរងការបំផ្លិចបំផ្លាញនាពេលបច្ចុប្បន្នជាច្រើន។
យុវជនដដែលបន្តថា “ខ្ញុំមានការព្រួយបារម្ភព្រោះតាមបណ្តាញផ្សព្វផ្សាយបានបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានការកាប់បំផ្លាញធនធានព្រៃឈើរបស់យើងយ៉ាងខ្លាំង នាំឲ្យមានការប្រែប្រួលអាកាសធាតុធ្វើឲ្យប្រទេសយើងប្រឈមមុខនឹងបញ្ហាជាច្រើន”។ យុវជនដដែលបានបន្តថា “ជីវចម្រុះមានសារៈសំខាន់ណាស់ចំពោះជីវិត ព្រោះមនុស្សយើងមិនអាចរស់តែឯងបានទេ ហេតុនេះយើងត្រូវជួយការពារគ្នាទៅវិញទៅមក ព្រោះបរិស្ថានល្អការពារយើង កាលណាយើងបំផ្លាញវាៗនឹងបំផ្លាញយើង ”។
ឆន ស៊ីតារា បានបន្តថា ការទប់ស្កាត់បទល្មើសហាក់ដូចជាមិនសូវមានប្រសិទ្ឋិភាព គឺរដ្ឋាភិបាលមិនទាន់បានចាត់វិធានការគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បើចាប់ៗបានតែអ្នកតូចតាច តែអ្នកមានអំណាចប្រព្រឹត្តបទល្មើសតែងរួចខ្លួនជានិច្ច។
កញ្ញា ហែម ពិសី និស្សិតឆ្នាំទី២ ផ្នែកគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយឲ្យដឹងថា “ការបំផ្លាញជីវចម្រុះ ជាការបំផ្លាញជីវិតខ្លួនឯង ព្រោះបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុយ៉ាងច្រើន ព្រោះមានការកាប់បំផ្លាញធនធានព្រៃឈើច្រើន ជាងការដាំបន្ថែម ”។ កញ្ញាបន្តថា “ខ្ញុំមានការព្រួយបារម្ភ ពីការបាត់បង់ជីវចម្រុះ ព្រោះការបាត់បង់ធនធាននេះនឹងធ្វើឲ្យយើងរងផលប៉ះពាល់ និងប៉ះពាល់ដល់អ្នកជំនាន់ក្រោយទៀត ”។
កញ្ញាបន្តជំរុញរដ្ឋាភិបាលឲ្យចាត់វិធានការឲ្យបានតឹងរ៉ឹង និងអនុវត្តន៍ច្បាប់ឲ្យបានខ្លាំងចំពោះអ្នកប្រព្រឹត្តិល្មើស ដើម្បីឲ្យពួកគេខ្លាចលែងហ៊ានប្រព្រឹត្តបទល្មើសតទៅទៀត ព្រោះកាលណាពួកគេខ្លាចពួកគេនឹងបញ្ឈប់ទង្វើរបស់ពួកគេ និងចូលរួមថែររក្សាការពារ និងដាំបន្ថែមទៀត។
យុវជន សុផាត រស្មី និស្សិតឆ្នាំទី២ ដេប៉ាតឺម៉ង់ជីវវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសម្តែងចំណាប់អារម្មណ៍របស់ខ្លួនផងដែរថា កម្មវិធីនេះល្អ ព្រោះអាចធ្វើឲ្យយុវជនដឹងថា យើងអាចជួយអ្វីខ្លះដល់ធម្មជាតិ ហើយធម្មជាតិបានជួយអ្វីដល់យើងត្រលប់មកវិញ។ កាលណាយើងរំលោភលើធម្មជាតិថ្ងៃណាមួយធម្មជាតិនឹងបកត្រលប់មកយើងវិញ ព្រោះធម្មជាតិ និងមនុស្សផ្តល់ឲ្យគ្នាទៅវិញទៅមក ឧទាហរណ៍ជីវចម្រុះក្នុងស្រូវ កាលណាយើងថែររក្សាវា ស្រូវនឹងឲ្យផលមកយើងវិញ។
រស្មី បានបន្តថា “ខ្ញុំព្រួយបារម្ភមែនទែន ព្រោះការបាត់បង់ជីវចម្រុះវានឹងធ្វើឲ្យយើងជួបការលំបាក ហេតុនេះខ្ញុំសូមឲ្យរដ្ឋាភិបាលចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តបទល្មើស ដូចជាការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ”។ រស្មី បានបន្តថា “កុំឲ្យមានតែច្បាប់ តែមិនមានការអនុវត្តន៍ ព្រោះកន្លងមកមានក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើអស់ហើយ ទើបផ្តល់ឲ្យប្រជាពលរដ្ឋ ”។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply