ជម្ងឺដុំពោះកើតលើស្ដ្រីបណ្ដាលមកពីមូលហេតុអ្វី? តើបុរសមានជម្ងឺនេះដែរឬទេ? លោក ជ.ស.ព អាយុ ២៤ឆ្នាំ ភ្នំពេញ។
វេជ្ជបណ្ឌិតយើង(១) ៖ ជម្ងឺដុំពោះបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង។ ប៉ុន្ដែដុំពោះដែលចាប់អារម្មណ៍មានលក្ខណៈពីរយ៉ាងសំខាន់។
- ប្រភេទទី១ ៖ ដុំដែលមិនបង្កឱ្យទៅជាជម្ងឺមហារីក គឺជាដុំគីសធម្មតា វាកើតឡើងដោយឯកឯង។ នៅពេលស្ទាបប៉ះវា មិនមានការឈឺចាប់ទេ។ ដុំប្រភេទនេះមិនបង្កឱ្យមានផលវិបាកអ្វីឡើយ។
- ប្រភេទទី២ ៖ ដុំដែលបណ្ដាលមកពីជម្ងឺមហារីក ជាដុំដែលស្ទាបទៅរឹង ហើយធ្វើឱ្យមានការឈឺចាប់បន្ដិចបន្ដួច។ ដុំនេះអាចរាលដាលទៅសរីរាង្គផ្សេងៗទៀត ហើយបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនធ្វើការព្យាបាលវាទេ។ ជួនកាលដុំពោះ អាចបង្កឡើងពីការវិវត្ដនៃមេរោគអេដស៍ ឬរបេង ដែលខ្មែរយើងហៅថាកូនកណ្ដុរក្នុងពោះ។
ដុំពោះអាចមាននៅច្រើនកន្លែង ដូចជាដៃស្បូន ក្រពះ ពោះវៀន តម្រងនោម ប្លោកនោម ថ្លើម អណ្ដើក ប្រូស្ដាត ស្បូន មាត់ស្បូនជាដើម។ ដុំពោះអាចកើតមានទាំងលើបុរសទាំងស្ដ្រី។ ប្រសិនបើលោកអ្នកកើតមានដុំអ្វីមួយនៅកន្លែងដូចបានរៀបរាប់ ខាងលើឬសង្ស័យ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ព្រោះមានតែគ្រូពេទ្យទេទើបអាចធ្វើការវិនិច្ឆ័យដឹងថាជាជម្ងឺអ្វី បានពិតប្រាកដ។
(១) ចម្លើយនេះផ្ដល់ប្រឹក្សាដោយលោកវេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកឯកទេសខាងជម្ងឺមហារីក មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply