វិធី​ថែរក្សា​បបូរមាត់

ស្នាម​ញញឹម​ស្រស់​អាស្រ័យ​លើ​បបូរមាត់​ដ៏មាន​មន្ដស្នេហ៍​របស់​លោកអ្នក ជាពិសេស​សម្រាប់សុភាព​នារី។ បបូរមាត់​ស្រស់ មាន​សុខភាពល្អ បង្កើន​នូវភាព​ទាក់ទាញ​បានមួយ​កម្រិត។ កម្រមាន​អ្នកដែល​មាន​បបូរមាត់​ស្អាត​ឥតខ្ចោះ​ដោយ​ប្រាស​ចាកពីការ​ថែរក្សា​ណាស់។ ស្ដ្រី​មួយចំនួន​មើល​រំលង​វិធីសាស្ដ្រ​ក្នុងការ​ថែរក្សា​បបូរមាត់​នេះ ដោយ​អ្នកខ្លះ​គិតថា​គ្រាន់តែ​លាបក្រែម​បន្ថែម​ពណ៌ឱ្យ​បបូរមាត់​នោះ ជាការ​ថែរក្សា​ហើយ។ មិនមែន​បែបនេះ​ទាំងស្រុង​ទេ ការ​ថែរក្សាមាន​វិធី​ជាច្រើន​ផ្សេងទៀត ដែល​ទាមទារ​ឱ្យ​លោកអ្នក​អនុវត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តាមរយៈ​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី សុខភាពយើង នៅលេខ​០០៣ ខែ​មេសា ២០០៦ អ្នកនាង​កញ្ញា​បាន​ទទួល​ជ្រាប​រួចមក​ហើយ​អំពីវិធី​លាប​បបូរមាត់ ដោយឡែក​សម្រាប់​លេខនេះ​អ្នកនាង​កញ្ញា​នឹងបាន​ជ្រាប​ជាបន្ដទៀត​អំពីវិធី​ថែរក្សា​បបូរមាត់​ឱ្យ​ស្រស់ស្អាត​វិញម្ដង។

វិធីថែទាំ​បបូរមាត់​ឱ្យស្រស់​ស្អាត

ស្រទាប់​បបូរមាត់ គឺជា​ច្រក​ខាងក្រៅ​របស់​មាត់។ បបូរមាត់ និងមាត់​ផ្សារភ្ជាប់​គ្នា ផ្អែក​ទៅខាងក្នុង​ជាប់នឹង​ធ្មេញ។ នៅលើ​បបូរមាត់​មាន​ស្រទាប់​ស្បែកស្ដើង​ដែល​ងាយរង​នូវ​ប្រតិកម្ម​ផ្សេងៗ​តាមរយៈ​ចំណី​អាហារ​ដែល​បរិភោគ​ប្រចាំថ្ងៃ និងការ​ប្រើប្រាស់ ក្រែម​សម្រាប់​លាបបបូរ​មាត់។ ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យមាន​សុខភាព​ល្អ អ្នកនាង​កញ្ញា​គួរជ្រើសរើស​ការ​ទទួលទាន​ទឹក បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ សូម​ចៀសវាង​នូវ​ប្រការ​មួយចំនួន។

  • កុំ​ឧស្សាហ៍​លិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះ​ជាតិអាស៊ីត​នៅក្នុង​ទឹកមាត់​អាចធ្វើ​ឱ្យ​បបូរមាត់ស្ងួត និង​ប្រេះបាន។
  • មុននឹង​សម្រេចចិត្ដ​ប្រើប្រាស់​ក្រែម​សម្រាប់​លាប​បបូរមាត់​ប្រភេទ​ណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់ ព្រោះ​បើការ​ជ្រើសរើស​ក្រែម​មិនបាន​ល្អ អាច​ធ្វើឱ្យ​បបូរមាត់ខូ​ចបាន ដូចជា​ធ្វើឱ្យ​បបូរមាត់​ប្រេះ ខ្មៅ ស្រអាប់​ជាដើម។ សុភាពនារី​ទាំងអស់​មិនគួរ​ប្រើក្រែម​ដែលស្ងួត​ពេកទេ ព្រោះមើល​ទៅ​ដូចជា​បបូរមាត់​ដែលមាន​ជម្ងឺ​ក្រៀម​ខ្សោះខ្វះ​ជីវជាតិ​ដូច្នេះ​ដែរ។
  • ទម្លាប់​ផ្លាស់ប្ដូរ​ពណ៌ក្រែម​លាប​បបូរមាត់​ញឹកញាប់ និងការ​លាប​ហើយជូតចេ​ញ រួចលាប​ទៀតច្រើន​ដងក្នុង​មួយថ្ងៃ ក៏អាច​ធ្វើឱ្យ​បបូរមាត់​មានបញ្ហា​ដែរ។

បញ្ហា​នៅលើ​បបូរមាត់

នៅលើ​បបូរមាត់​ច្រើនជួប​បញ្ហា​មួយចំនួន ដូចជា​ស្នាមប្រេះ ពង​ពណ៌លឿង​ប៉ុនគ្រាប់​អង្ករ ដែលយើង​និយម​ហៅថា​ចេញ ចំហាយ​ក្ដៅ។ ពងនេះ​ច្រើនកើត​លើ​បបូរមាត់​ផ្នែក​ខាងក្នុង ហើយ​មានការ​ឈឺផ្សា​នៅពេល​ទទួលទាន​ចំណី​អាហារ​ដែលមាន​ជាតិជូរ និង ប្រៃ ដែល​ធ្វើឱ្យ​បបូរមាត់​ស្ងួតរឹង​ពិបាក​កម្រើក។ ក្រៅពី​នេះ នៅមាន​ដុំពកតូច​ដែលច្រើន​កើតមាន​នៅលើ​បបូរមាត់ កើតឡើង​ដោយសារ​ចលនា​ឈាម​ច្របូក​ច្របល់។ ពក​នៅលើ​បបូរមាត់​នេះមាន​ពីរប្រភេទ គឺពកស្មើ និង​ពកអណ្ដែត។

  • ពកអណ្ដែត ៖ ដុំពក​ចេញមក​ក្រៅច្បាស់​ក្រឡែត​នៅលើ​បបូរមាត់​ទន់ ហើយ​មានពណ៌​ក្រហម​ក្រម៉ៅ។ បើ​សង្កេតឱ្យ​ច្បាស់លាស់​នោះ លោកអ្នក​នឹងឃើញ​សរសៃឈាម​តូចៗ ជាំ​ក្រម៉ៅអណ្ដែត​លើពក​នេះ។ ស្នាម​ពកនេះ​មាន​គ្រោះថ្នាក់​ណាស់ នៅពេល​ដែលខាំ ឬ​ប៉ះត្រូវ​បណ្ដាលឱ្យ​បែកដាច់​សរសៃ​ឈាម ព្រោះ​នៅលើ​បបូរមាត់​មាន​សរសៃឈាម​តូចៗ​ជាច្រើន អាចធ្វើ​ឱ្យឈាម​ហូរចេញ ពិបាក​ក្នុងការ​ឃាត់ឈាម។ ដោយការ​ពិបាក​រុំ ចាំបាច់​ត្រូវ​វះកាត់​ដុំពក​នោះចេញ ដើម្បី​ចៀសវាង​កុំឱ្យ​ដុំពក​រីកធំ និងមាន​គ្រោះថ្នាក់ ដោយ​អចេតនា​ណាមួយ។
  • ពក​ស្មើ ៖ គ្រាន់តែ​ជាស្នាមជាំ​នៅលើ​បបូរមាត់​តែប៉ុណ្ណោះ មិនពក​ឡើងខ្ពស់​លេចចេញ​មកក្រៅ​ទេ។ ពកនេះ​ច្រើន​កើតមាន​ឡើង​នៅក្នុង​បបូរមាត់ និងរីក​រាលដាល​បន្ដិចៗម្ដង​រហូតដល់​ពាសពេញ​បបូរមាត់។ បើ​ពកនេះ​មិនធ្ងន់ធ្ងរ​ទេ គេអាច​ព្យាបាល​ដោយ​កាំរស្មី។
  • មហារីក​បបូរ​មាត់ ៖ ជម្ងឺនេះ​កើតលើ​បបូរមាត់​ខាងក្រោម​ច្រើនជាង​បបូរមាត់​ខាងលើ ហើយអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​រហូតដល់​បាត់បង់​ជីវិត។ ហេតុនេះ​លោកអ្នក​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ រាល់​ស្លាកស្នាម​រលាក ឬ​ស្នាម​ដំបៅ​នៅលើ​បបូរមាត់ បើ​ព្យាបាល​តាម​ធម្មតា​មិនជា ត្រូវ​ប្រញាប់​ទៅរក​ពេទ្យ​ជំនាញ។ ជាពិសេស​បំផុត​ស្នាមតូចៗ​ជាំខ្មៅ ដែល​មើលទៅ​ដូចផ្កាខាត់​ណា ពេលប៉ះ​ត្រូវងាយ​ហូរឈាម ស្ថិតនៅ​ជុំវិញ​ស្នាម​រលាកនេះ​ហើយ​ដែល​បបូរមាត់​ចាប់ផ្ដើម​រឹងជា​បណ្ដើរ ដាច់ខាត​ត្រូវទៅ​រកគ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ មិន​អាច​បណ្ដែត​បណ្ដោយ​បានទេ ព្រោះ​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់។ ជាទូទៅ​ស្នាមនេះ​មិនសូវ បង្ក​ឱ្យមាន​ការ​ឈឺចាប់​ណាស់ណា​ទេ ដោយ​គ្រាន់តែ​លោកអ្នក​មាន​អារម្មណ៍​ផ្សាតិចៗ នៅពេល​ទទួលទាន​ចំណី​អាហារ និង​នៅពេល​ដែល​លោកអ្នក​ប្រឹង​និយាយ​ខ្លាំង។ ស្នាមនេះ​នឹងរីក​រាលដាល​ជាបណ្ដើរៗ រហូត​ដល់​ពាសពេញ​បបូរមាត់​តែម្ដង។
  • បបូរមាត់​ឆែប ៖ អាចឆែប​ពីកំណើត ដោយ​មេរោគ​ផ្សេងៗ ឬ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ។ គេអាច​កែលម្អ​បបូរ​មាត់ឆែប​នេះបាន​ដោយ​សារការ​វះកាត់​កែបបូរមាត់​ឱ្យស្រស់​ស្អាត​តាមចិត្ដ​បាន។ ប៉ុន្ដែ​អ្វីដែល​សំខាន់ គឺ​ត្រូវចេះ​ជ្រើសរើស​អ្នក​ជំនាញ សម្រាប់​កែលម្អ ព្រោះអ្នក​ដែលមាន​បបូរមាត់​ឆែបនេះ បើទុក​រយៈពេល​យូរ បណ្ដាល​ឱ្យការ​បញ្ចេញ​សម្លេង​មិនច្បាស់។
រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​តុបតែង​បបូរមាត់

ចំពោះ​សុភាពនារី ការ​តុបតែង​បបូរមាត់​ជារឿង​ដែល​មិនអាច​ខ្វះបាន គ្រាន់តែ​ការ​តុបតែង​ត្រូវ​បែងចែក​ទៅតាម​ពេលវេលា ទី​កន្លែង ពណ៌​សម្បុរ​ស្បែក សម្លៀក​បំពាក់​ជាដើម។ បើ​និយាយ​ពីការ​តុបតែង​បបូរមាត់​សម្រាប់​សុភាពនារី គឺ​ប្រាកដ​ជាសំដៅ​ទៅដល់​ការ​លាបក្រែម​មិនខាន​ឡើយ។ ក្រែមដែល​ជ្រើសរើស​យកមក​ប្រើ​ចាំបាច់​ត្រូវតែ​ផ្ចិតផ្ចង់ ដើម្បី​កុំឱ្យ​ពេលដែល​ប្រើ​ទៅប៉ះពាល់​ដល់ភាព​ស្រស់ស្អាត​នៃ​បបូរមាត់។ បច្ចុប្បន្ន​នេះ មានក្រែម​ជាច្រើន​ប្រភេទ ដូចជា​ក្រែមស្ងួត ក្រែម​រលោង​ជាដើម។

បណ្ដាំផ្ញើ

សូម​លោកអ្នក ជាពិសេស​សុភាព​នារី​ទាំងអស់ ចាំបាច់​ត្រូវ​យកចិត្ដ​ទុកដាក់​លើ​បបូរមាត់។ ថ្វីត្បិតតែ​ជាចំណុច​តូច តែអាច​បណ្ដាល​ឱ្យលោកអ្នក​បាត់បង់​សម្រស់​បាន។ ជាពិសេស​មុននឹង​សម្រេច​ចិត្ដ​វះកាត់​កែសម្ផស្ស លោកអ្នក​គប្បី​ពិចារណា​ទៅលើ​បញ្ហា គ្រូពេទ្យ​ជំនាញ​ជាមុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *