សូមជម្រាបសួរ! នាងខ្ញុំសប្បាយចិត្ដណាស់ ពេលដែលបានដឹងថា នៅប្រទេសកម្ពុជាមានទស្សនាវដ្ដីអប់រំសុខភាព “សុខភាពយើង”។ នាងខ្ញុំមានសំណួរខ្លះចង់ឱ្យលោកវេជ្ជបណ្ឌិតជួយបកស្រាយដល់នាងខ្ញុំ។ សព្វថ្ងៃនេះ នាងខ្ញុំរៀបការរួចហើយ និងមានកូនប្រុសម្នាក់ តែនាងខ្ញុំចង់បានកូនស្រីម្នាក់ទៀត។ តើនាងខ្ញុំអាចធ្វើយ៉ាងម៉េចទៅ? ពីព្រោះថានាងខ្ញុំមិនធ្លាប់មានកូនជាយូរណាស់មកហើយ។ កាលពីនាងខ្ញុំអាយុបាន១៨ឆ្នាំ នាងខ្ញុំបានបែកបាក់ជាមួយស្វាមីមុនរបស់នាងខ្ញុំ។ ហើយឥឡូវនេះ នាងខ្ញុំមានអាយុ៣០ឆ្នាំហើយ និងបានរៀបការជាមួយស្វាមីមួយទៀត។ នាងខ្ញុំមិនដែលដាក់ចិត្ដស្រឡាញ់ប្ដីក្រោយរបស់នាងខ្ញុំនេះទេ នាងខ្ញុំរៀបការជាមួយគាត់គ្រាន់តែដើម្បីលុយ និងទ្រព្យសម្បត្ដិរបស់គាត់តែប៉ុណ្ណោះ។ តើនាងខ្ញុំអាចរួមភេទជាមួយគាត់យ៉ាងដូចម្ដេចទៅ? ជាពិសេសបើនាងខ្ញុំចង់បានកូនស្រីម្នាក់ទៀតបែបនេះ។ នាងខ្ញុំសូមបញ្ជាក់ថា គាត់ស្រឡាញ់នាងខ្ញុំខ្លាំងណាស់ ហើយគាត់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់។ តើឱ្យនាងខ្ញុំដោះស្រាយបញ្ហាទាំងនេះបែបណាទៅ? សូមលោកវេជ្ជបណ្ឌិតជួយផ្ដល់ជាដំបូន្មាន ចំពោះនាងខ្ញុំផង សូមអរគុណ។
លោកស្រី ដ. ភ. ច អាយុ៣០ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមអរគុណប្អូនស្រីដែលបានគាំទ្រទស្សនាវដ្ដី សុខភាពយើង។ តាមរយៈការរៀបរាប់ និងសំណួរជា ច្រើនរបស់ប្អូនស្រី ខ្ញុំបាទសូមធ្វើការសង្ខេបសំណួរជាពីរ ដើម្បីងាយស្រួលក្នុងការឆ្លើយ គឺវិធីសាស្ដ្ររស់នៅជាមួយមនុស្សដែលមិនស្រឡាញ់ និងធ្វើដូចម្ដេចទើបបានកូនស្រី។
ខ្ញុំបាទសូមឆ្លើយម្ដងមួយសំណួរ។ ទាក់ទងនឹងការរស់នៅ ឬរួមភេទជាមួយមនុស្សដែលមិនស្រឡាញ់ ពិតជាពិបាកដោះស្រាយខ្លាំងណាស់ ជាពិសេសគោលដៅនៃការរួមភេទប្រកបទៅដោយសេចក្ដីសុខ និងសុភមង្គល។ ពីព្រោះថាការរួមភេទ និងការរស់នៅជាមួយគ្នា ត្រូវការការយល់ចិត្ដគ្នា ការពេញចិត្ដពេញថ្លើមគ្នា និងការធ្វើអ្វីជាមួយគ្នាល្អូកល្អឺន។ ករណីប្អូនស្រី បើចង់រស់នៅជាមួយប្ដីទី២នេះឱ្យបានដល់គោលដៅ ត្រូវខំធ្វើចិត្ដ និងដាក់ចិត្ដស្រឡាញ់រូបគាត់បើទៅរួច។ ជាពិសេសត្រូវខិតខំយកអំពើល្អ និងការស្រឡាញ់របស់គាត់មកកត់ត្រាក្នុងចិត្ដ និងថតទុកក្នុងបេះដូង។ បន្ដិចម្ដងៗ ប្អូនស្រីនឹងអាចមានការស្រឡាញ់ទៅលើគាត់។ លើសពីនេះទៅទៀត ប្អូនស្រីត្រូវរកអ្នកជំនាញខាងជីវិតគូស្រករជួយផ្ដល់ជាយោបល់ និងចិត្ដសាស្ដ្រ។
ចំពោះរឿងចង់បានកូនប្រុសកូនស្រី គឺអាចធ្វើទៅបានដោយផ្អែកលើការរួមភេទ។ មានន័យថា ជាដំបូងប្អូនស្រីត្រូវមានការរួមភេទសិន ទើបអាចមានកូនបាន។ បន្ទាប់មក ទើបអនុវត្ដវិធីសាស្ដ្រដើម្បីទទួលបានកូនស្រីតាមបំណងប្រាថ្នា។ ខ្ញុំសូមអនុគ្រោះ ដោយមិនបានលើកមកយកពន្យល់ប្រាប់ជាថ្មី។ សូមស្វែងរកអានទស្សនាវដ្ដី សុខភាពយើង លេខមុនៗគឺលេខ០៣២, ០៣៣ និងលេខ ០៣៤ អំពីវិធីសាស្ដ្រទទួលបានកូនប្រុស និងកូនស្រីតាមប្រាថ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply