ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃមាន២ដំណាក់កាល គឺការប្រើប្រាស់ថ្នាំ និងការវះកាត់។
1. ការប្រើប្រាស់ថ្នាំ
ដើម្បីបំបាត់នូវមូលហេតុនានាខាងលើដែលស្គាល់ច្បាស់ ឬសង្ស័យចោល លោកអ្នកចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបន្ដក់ពពួកបន្ធូរច្រមុះ ព្រោះប្រសិទ្ធភាពវាអាចបន្ធូរច្រមុះបានតែមួយរយៈពេលតែប៉ុណ្ណោះ។ ក្រៅពីនេះលោកអ្នកត្រូវស្វែងយល់អំពីហេតុផលផ្សេងៗ ដូចជាបរិស្ថាន និងស្ថានភាពការងារប្រចាំថ្ងៃរបស់លោកអ្នក។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការដុត ឬលាបលើសាច់ដែលរីកធំដោយប្រើអាស៊ីតក្រូម៉ិកមួយភាគបី ឬអាស៊ីតទ្រីក្លអាសេទិក(ភាគច្រើនលើទួលសាច់ច្រមុះក្រោម)។
2 . ការវះកាត់
ទោះបីជាការរលាកច្រមុះដោយអាលែស្ស៊ីត្រូវព្យាបាលជាចម្បងដោយវេជ្ជសាស្ដ្រក៏ដោយ ក៏ការព្យាបាលដោយវះកាត់នៅតែជាចំណែកមួយជួយឱ្យបាននូវលទ្ធផលល្អ ប្រសិនបើសាច់រីករ៉ាំរ៉ៃនោះមានលក្ខណៈចាំបាច់ត្រូវអនុវត្ដន៍ និងធ្វើឡើងនៅពេលដែលការព្យាបាលដោយថ្នាំមិនអាចធូរស្បើយបាន។ ដើម្បីបន្ថយផ្ទៃរីកធំនៃទួលសាច់ច្រមុះក្រោម គ្រូពេទ្យអាចធ្វើការវះកាត់តាមវិធីជាច្រើនដូចខាងក្រោម។
- ការដុតដោយភ្លើង
- ការចាក់ថ្នាំក្រិនឱ្យវារួញ
- គ្រីយ៉ូដោយប្រើបំពង់តូចរត់ចូលដោយអាសូតរាវ
- ដុតដោយកាំរស្មីឡាស៊ែរ ដោយប្រើឧស្ម័នកាបូនិក ឬជាតិអាហ្គរ (Argor)
- ការកាត់សាច់ទួលច្រមុះក្រោមចេញ ដោយប្រើកន្ដ្រៃកាត់នៅផ្នែកក្រោមនៃទួលសាច់ច្រមុះក្រោម ឬនៅផ្នែកកន្ទុយ ឬក៏កាត់យកសាច់ដុះតូចៗចេញ ដោយប្រើធ្នាក់កឆ្កែ។
វិធីការពារជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃជាជម្ងឺដែលអាចបង្ការបានដោយលោកអ្នកត្រូវប្រតិបត្ដិនូវវិធីមួយចំនួន។
- លោកអ្នកមិនគប្បីប្រើថ្នាំបន្ដក់ច្រមុះរយៈពេលយូរ គ្មានវេជ្ជបញ្ជាត្រឹមត្រូវ លើសពី២សប្ដាហ៍ទេ ព្រោះថ្នាំនេះអាចធ្វើឱ្យច្រមុះមានសភាពតឹង
- បើមានអាការតឹងច្រមុះយូរក៏អាចបណ្ដាលមកពីការរលាកផ្នែកផ្សេងៗ ដូចជារលាកស៊ីនុសជាដើម។ លោកអ្នកត្រូវអញ្ជើញទៅឱ្យគ្រូពេទ្យពិនិត្យ ដើម្បីឱ្យព្យាបាលនូវជម្ងឺនោះជាសះស្បើយ ទើបការតឹងច្រមុះអាចបាត់ទៅតាមនោះដែរ។
- ការរលាកតឹងច្រមុះដោយរោគផ្ដាសាយឆ្លងនោះ លោកអ្នកក៏មិនគួរបារម្ភច្រើននោះទេ ព្រោះវានឹងអាចធូរស្រាលក្នុងរយៈពេលមួយអាទិត្យ។ ជាងនេះទៅទៀត ការប្រើថ្នាំមួយចំនួនអាចធ្វើឱ្យមានការតឹងច្រមុះបាន ដូចជាក្រុមថ្នាំបន្ដក់បន្ធូរច្រមុះ ក្រុមថ្នាំបញ្ចុះសម្ពាធឈាម ពពួកថ្នាំអាស្ពីរីនជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកមានអាការតឹងច្រមុះលើសពី២សប្ដាហ៍ឡើងទៅ ចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ចំណែកឯការកាត់ ឬដុតសាច់ច្រមុះមិនអាចធ្វើតាមចិត្ដបានទេ ព្រោះថាបើការកាត់នោះមានលក្ខណៈធំពេក ពេលនោះអ្នកអាចនឹងទទួលនូវការរលាកច្រមុះរ៉ាំរ៉ៃបន្ថែមទៀត គឺឫសដូងស៊ីច្រមុះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply