នាងខ្ញុំរៀបការប្ដីបាន៥ឆ្នាំមកហើយ។ ពេលរៀបការហើយដំបូង ពួកយើងរួមភេទជាមួយគ្នាញឹកញាប់។ ប៉ុន្ដែរយៈពេលបី បួនខែក្រោយនេះ នាងខ្ញុំអស់អារម្មណ៍រលីងតែម្ដង ទោះបីនាងខ្ញុំអានទស្សនាវដ្ដីសុខភាពយើង ទំព័រសុខភាពផ្លូវភេទក៏ដោយ។ នាងខ្ញុំ បារម្ភណាស់!
លោកស្រី ស.ម អាយុ២៨ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ ដំបូងឡើយ ស្នេហាអាចអង្រួនតម្រេកផ្លូវភេទដោយគ្មានការលំបាក។ គ្រាន់តែគិតដល់ស្នេហាមានអារម្មណ៍ភ្លាម ជួនគ្រាន់តែអានអត្ថបទផ្លូវភេទ ឃើញរូបភាពស៊ិចស៊ី ឬការប៉ះខ្លួនប្រាណបន្ដិចបន្ដួច តម្រេកកាមពិតជាអាចពុះកញ្ជ្រោល។ ប៉ុន្ដែក្រោយមកខួរក្បាល និងខ្លួនប្រាណរបស់យើងច្របូកច្របល់ ដោយសារព្យុះអ័រម៉ូន និងសារធាតុគីមីផ្សេងៗ។ ធម្មជាតិក៏មិនខុសគ្នាដែរ ក្រោយពេលព្យុះភ្លៀង មេឃនឹងចាប់ផ្ដើមស្រឡះស្ងៀមស្ងាត់។ ថ្វីត្បិតតែករណីប្អូនស្រីទើបតែរៀបការហើយ៥ឆ្នាំសោះ តែបាត់បង់អស់កាមារម្មណ៍រយៈពេលបីខែថ្មីៗនេះ ជារឿងធម្មជាតិ ប៉ុន្ដែក៏ជារឿងមួយដែលគួរឱ្យបារម្ភដែរ។
ពេលនេះ សម្រាប់ប្អូនស្រីត្រូវតែគិតគូរឱ្យមែនទែនទៅលើចំណងស្នេហ៍ សូមកុំបន្ថែមសម្ពាធឱ្យសោះ។ ត្រូវលើកទឹកចិត្ដស្វាមី និងសូមឱ្យគាត់អត់ធ្មត់ ដោយពោលពាក្យផ្អែមល្ហែម “អូននៅតែស្រឡាញ់បង ស្នេហាយើងនៅតែគង់វង្ស គ្រាន់តែអូនមិនសូវមានអារម្មណ៍ផ្លូវភេទដូចមុនទេ”។ បន្ទាប់មកសូមកុំបណ្ដែតបណ្ដោយ ត្រូវរិះរកបរិយាកាសផ្លូវភេទថ្មីៗ ដែលសម្បូរទៅដោយតម្រេក ដាស់តណ្ហា។ ជាពិសេសសូមរួមគ្នាស្វែងរករសជាតិថ្មី។ ជាធម្មតាទេ កាលណាលែងឃ្លាន លែងចង់បរិភោគទៀត ហើយត្រូវមានរសជាតិថ្មី ទើបទទួលទានបានវិញ។ សូមចាប់ផ្ដើមប្ដូរជីវភាពផ្លូវភេទ ដោយបង្កើនការបបោសអង្អែល ដែលជាបច្ច័យបង្កើនអត្រាអ័រម៉ូន តេស្ដូស្ដេរ៉ូន។ សុខភាពយើង ធ្លាប់បានចេញផ្សាយរួចមកហើយនូវអត្ថបទ “នាងខ្ញុំអស់អារម្មណ៍” លេខ០០៥ ខែមិថុនា ២០០៦។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply