កន្ទាលត្រអាកជាជម្ងឺសើស្បែកមួយប្រភេទ ដែលកើតមានជាញឹកញាប់លើប្រជាពលរដ្ឋខ្មែរគ្រប់វ័យ។ ជម្ងឺនេះកើតឡើង ដោយមូលហេតុជាច្រើនផ្សេងៗគ្នា ដែលមូលហេតុខ្លះលោកអ្នកអាចកត់សម្គាល់ដោយខ្លួនឯងបាន។ ហេតុអ្វីបានជាកើតមានកន្ទាលត្រអាក? តើអាចព្យាបាលបានដោយវិធីណាទៅ?
ទស្សនាវដ្ដី សុខភាពយើង សូមបកស្រាយជូនប្រិយមិត្ដអ្នកអាន អំពីជម្ងឺកន្ទាលត្រអាកនេះ តាមរយៈការជួបសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជម្ងឺសើស្បែក និងកាមរោគ។
កន្ទាលត្រអាក ជាអ្វី?
កន្ទាលត្រអាកជាជម្ងឺសើស្បែកមួយប្រភេទ ដែលភាសាបរទេសហៅថា អៀទិខារៀ (Urticaria). ជម្ងឺនេះមិនមែនជាជម្ងឺឆ្លងទេ វាកើតឡើងដោយសារការមានប្រតិកម្មទៅនឹងអ្វីមួយ ឬជម្ងឺអ្វីមួយ។
រោគសញ្ញាកន្ទាលត្រអាក
នៅពេលចេញកន្ទាលត្រអាកលើស្បែក គេសង្កេតឃើញមានផ្ទាំងកន្ទួលប៉ោង ហើយរមាស់។ នៅពេលកាន់តែអេះ វាកាន់តែប៉ោងឡើង។ លក្ខណៈពិសេសរបស់វាគឺប៉ុន្មានម៉ោងក្រោយពីអេះ ផ្ទាំងកន្ទួលនោះស្រកទៅវិញដោយគ្មានបន្សល់ទុកនូវស្លាកស្នាម លើស្បែកទេ ហើយវាអាចចេញនៅកន្លែងផ្សេងទៀត។ វាអាចកើតនៅគ្រប់កន្លែងនៃរាង្គកាយរបស់មនុស្ស ហើយមានរាងប្លែកៗ ខ្លះចេញជាផ្ទាំងៗធំ មានរាងដូចជាផែនទី ខ្លះជាកន្ទួលតូចៗ។
មូលហេតុកើតកន្ទាលត្រអាក
មូលហេតុដែលនាំឱ្យកើតកន្ទាលត្រអាកមានច្រើនយ៉ាងដូចខាងក្រោមនេះ ៖
- បណ្ដាលមកពីមេរោគបាក់តេរី ដូចជាមានជម្ងឺរលាកបំពង់ក រលាកច្រមុះរ៉ាំរ៉ៃ រលាកពោះវៀន ឬរលាកនៅកន្លែងណា មួយដែលធ្វើឱ្យចេញកន្ទាលត្រអាក។
- កើតឡើងដោយសារពួកប៉ារ៉ាស៊ីត ដូចជាព្រូន ឬសត្វល្អិតក្នុងពោះវៀន។
- បណ្ដាលមកពីមេរោគផ្សិតនៅលើស្បែក ដូចជាអ្នកជម្ងឺភ្លឺ ឬស្រែង។
- បណ្ដាលមកពីមេរោគវីរុស ជាអាទិអាចកើតមានចំពោះអ្នកដែលមានជម្ងឺរលាកថ្លើមប្រភេទបេ ឬសេ ដែលពេលខ្លះ ធ្វើឱ្យចេញកន្ទាលត្រអាកដែរ។
- ប្រតិកម្មជាមួយថ្នាំពេទ្យមួយចំនួន (ជាប្រភេទកន្ទាលត្រអាកដែលមានលក្ខណៈធ្ងន់ធ្ងរ)
- ការប៉ះពាល់ជាមួយធាតុត្រជាក់ ឬក្ដៅ ជួនកាលអាចបណ្ដាលមកពីការត្រូវពន្លឺថ្ងៃផងដែរ
- អាលែស្ស៊ីជាមួយធូលី ឬលម្អងផ្កា
- រំញោចនៃស្បែក ដូចជាជូតដុសសម្អាតខ្លួនប្រាណខ្លាំងៗជាមួយកន្សែងជាដើម
- បញ្ហាផ្លូវចិត្ដ ដូចជាមួហ្មង ស្ដ្រេស្សជាដើម
- អ្នកជម្ងឺអូតូមីញូម ឬអ្នកមានដុំមហារីកខ្លះ ក៏កើតមានកន្ទាលត្រអាកលើស្បែកញឹកញាប់ផងដែរ។
- អាលែស្ស៊ីចំណីអាហារជាមូលហេតុមួយ ដែលគេច្រើនជួបប្រទះញឹកញាប់ជាងគេ។ ឧទាហរណ៍ទទួលទានទឹកក្រូច ជាតិ ហឹរ នំមានពណ៌ល័ក្ដ អាហារសមុទ្រ ស៊ុត។ល។ ក៏អាចធ្វើឱ្យកើតមានកន្ទាលត្រអាកដែរ។
ការព្យាបាលជម្ងឺកន្ទាលត្រអាក
ការព្យាបាលជម្ងឺកន្ទាលត្រអាក មិនមែនជាការងាយស្រួលឡើយ។ អ្នកជម្ងឺតែងតែត្អូញត្អែរថា នៅពេលអស់ថ្នាំលេបភ្លាមនោះ ផ្ទាំងរមាស់ក៏កើតមានវិញដែរ។ ហេតុដូចនេះហើយ ដើម្បីឱ្យការព្យាបាលប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវស្វែងរកមូលហេតុ របស់វាឱ្យឃើញ ជាពិសេសអ្នកជម្ងឺផ្ទាល់ត្រូវកត់សម្គាល់ខ្លួនឯងនូវមូលហេតុដែលបានរៀបរាប់ខាងលើ។ ជាឧទាហរណ៍អ្នកដែលកើតកន្ទាលត្រអាកដោយសារប៉ះធាតុត្រជាក់ គឺមិនត្រូវឱ្យប៉ះធាតុត្រជាក់់ដោយត្រូវងូតទឹកក្ដៅ ឬស្លៀកពាក់កម្ដៅ។
សម្រាប់ការព្យាបាលមិនយូរឡើយ ប្រើប្រាស់ថ្នាំតែពីរទៅបីម៉ោងប៉ុណ្ណោះ កន្ទាលត្រអាកនឹងស្រកទៅវិញ ហើយត្រូវបន្ដព្យាបាល និងតាមដានរកមូលហេតុរបស់វាតទៅទៀត។
ប្រសិនបើរកឃើញថាមានរលាកថ្លើម ត្រូវព្យាបាលជម្ងឺនោះ។ ប្រសិនបើមានសត្វល្អិតក្នុងលាមក ត្រូវប្រើថ្នាំទម្លាក់សត្វល្អិតចេញ ហើយប្រសិនបើរកឃើញថាកន្ទាលត្រអាកចេញដោយសារការទទួលទានអាហារណាមួយដែលមានប្រតិកម្ម គួរតមអាហារទាំងនោះ និងប្រើប្រាស់ថ្នាំបំបាត់រមាស់។ ប្រសិនបើរកមូលហេតុមិនឃើញនោះ កន្ទាលត្រអាកនឹងបន្ដចេញតទៅទៀតនៅពេលអស់ជាតិថ្នាំ។
ផលវិបាករបស់ជម្ងឺកន្ទាលត្រអាក
នៅពេលចេញកន្ទាលត្រអាកខ្លាំង ដាច់ខាតត្រូវតែព្យាបាលឱ្យទាន់ពេលវេលា ព្រោះវាអាចចេញគ្រប់កន្លែងតាំងពីត្របកភ្នែក បបូរមាត់ បំពង់ក បំពង់រំលាយអាហារជាដើម ជាហេតុនាំឱ្យអ្នកជម្ងឺពិបាកលេបចំណីអាហារ ពិបាកដកដង្ហើម ជួនកាលអ្នកជម្ងឺ ឈឺក្នុងពោះទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
ទោះបីជាលោកអ្នកមានជម្ងឺកន្ទាលត្រអាករ៉ាំរ៉ៃ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ប៉ុន្ដែអាចមានការរំខានមួយ ចំនួនដល់អ្នកជម្ងឺ ដូចជាពិបាកធ្វើការងារ ឬសម្រាន្ដមិនលក់ ដោយសាររមាស់។ ដូចនេះហើយទើបទាមទារឱ្យមានការរកមូលហេតុឱ្យឃើញ ទើបព្យាបាលមានប្រសិទ្ធភាព។
ផ្ទុយទៅវិញ ក្នុងករណីខ្លាំងក្លាស្រួចស្រាវ លោកអ្នកអាចហើមមុខ ហើមមាត់ ឬពិបាកដកដង្ហើម នោះលោកអ្នកគួរប្រញាប់ ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត ជាពិសេសក្នុងទម្រង់កន្ទាលត្រអាកដែលបង្កឡើងដោយសារ ប្រតិកម្មថ្នាំផ្សេងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply