នាងខ្ញុំអាយុ២៥ឆ្នាំ។ នៅពេលសម្រាលកូន នាងខ្ញុំសម្រាលដោយប្រើឧបករណ៍បូមជាជំនួយ។ តើការសម្រាលកូនដោយបូមមានគ្រោះថ្នាក់អ្វីខ្លះដល់ម្ដាយនិងកូនដែរឬទេ? លោកស្រី ដ.ន អាយុ ២៥ឆ្នាំ តាកែវ
វេជ្ជបណ្ឌិតយើង(១)៖ ជាទូទៅស្ដ្រីជាម្ដាយមិនសូវមានគ្រោះថ្នាក់អ្វីទេ លើកលែងតែក្នុងករណីស្បូនបើកមិនទាន់អស់ ចាប់មិនចំ ក្បាលកូន។ ចំពោះការទាញក្បាលកូនមកដោយបង្ខំពេក ធ្វើឱ្យរហែកមាត់ស្បូន ឬក៏ទ្វារមាស។ ចំណែកគ្រោះថ្នាក់ដែលមានមកលើ កូន វាទាក់ទងទៅនឹងរយៈពេលដែលគ្រូពេទ្យដាក់ឧបករណ៍បូមយូរ ឬឆាប់ ចំនួនដងនៃការរបូត ដែលធម្មតាមិនត្រូវឱ្យលើសពី៣ដង ក្នុងរយៈពេល១០នាទីទេ។ បើផុតរយៈពេលនេះ គ្រូពេទ្យជំនាញនឹងផ្លាស់ប្ដូរវិធីសាស្ដ្រក្នុងការសង្គ្រោះ ដោយត្រូវប្រើជម្រើសចុងក្រោយគឺការវះកាត់។ ប្រសិនបើបូមច្រើនដង ធ្វើឱ្យក្បាលកូនខ្លោចរបកស្បែក ហើយការទាញខ្លាំងពេកធ្វើឱ្យឆ្អឹងក្បាលកូនបាក់ នាំឱ្យមានឈាមនៅចន្លោះស្បែក និងលលាដ៍ក្បាល។ ក្នុងករណីដែលកូននោះមិនគ្រប់ខែ ក្បាលកូននៅទន់ បើត្រូវសម្រាលដោយបូម អាចបណ្ដាលឱ្យកូននោះបាត់បង់ជីវិតបាន ដោយខួរក្បាលអាចដោយមកជាមួយនឹងប្រដាប់បូម ដែលធម្មតាបើអាយុនៃគភ៌ ឬទារកក្រោម ៣៦សប្ដាហ៍ មិនអាចបូមបានទេ។ ម្យ៉ាងទៀត បើក្បាលកូនដុះមិនទាន់ជិត ដែលខ្មែរយើងនិយមហៅថាបង្ហើយជ្រាយនោះ ក៏មិនអាច សម្រាលដោយបូមបានដែរ។ មានតែការសម្រាលដោយគ្រូពេទ្យជំនាញទេ ទើបមានសុវត្ថិភាពគ្រប់គ្រាន់។
(១) ចម្លើយខាងលើនេះផ្ដល់ប្រឹក្សាដោយវេជ្ជបណ្ឌិត ថៃហ្វា វ៉ីហ្គង់ អ្នកឯកទេសសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យព្រះកុសុមៈ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply