នាងខ្ញុំមានសំណួរចង់សួរវេជ្ជបណ្ឌិតយើង។ បងស្រីរបស់នាងខ្ញុំគាត់ខ្វះឈាម តើលោកវេជ្ជបណ្ឌិតយើង អាចជួយប្រាប់ពីវិធីថែទាំខ្លួនប្រចាំថ្ងៃ ពេលគាត់ខ្វះឈាមបានទេ? ហើយតើចំណីអាហារបង្កឥទ្ធិពលខ្វះឈាមដែរ ឬទេ? កញ្ញា ស.ស.ភ អាយុ២៦ឆ្នាំ ខេត្ដកំពង់ឆ្នាំង
វេជ្ជបណ្ឌិតយើងៈ ពាក្យ“ខ្វះឈាម” ដែលប្រជាពលរដ្ឋខ្មែរយើងនិយមប្រើ អាចមានអត្ថន័យពីរយ៉ាងគឺ ជាការខ្វះឈាមពិតប្រាកដ និងសម្ពាធឈាមទាប។ សំណួររបស់ប្អូនស្រីនេះ ប្រហែលជាចង់សំដៅទៅរកការខ្វះឈាម ដែលមានសម្ពាធឈាមទាប។ សម្ពាធឈាមថយចុះ ឬ ទាប ស្ដែងចេញជាបែបសភាពចុះខ្សោយនៃសុខភាពរាងកាយ។ ជាឧទាហរណ៍ ពេលដែលអ្នកទទួលទានដំណេកស្ដូកស្ដឹង បន្ទាប់មកងើបបែបទាន់ហន់(រហ័សជ្រុល)។ ការចុះខ្សោយនេះ ជាលទ្ធផលនៃបម្រែបម្រួលសម្ពាធឈាម ក្នុងសរសៃឈាមអាកទែរ។ ពេលដែលដេក ម៉ាស ឈាមទាំងអស់បានចែករំលែកជាលក្ខណៈស្មើសាច់ នៅពាសពេញសព៌ាង្គកាយ។ ប៉ុន្ដែពេលងើបឡើងឈរ បើគិតទៅដល់ច្បាប់ទំនាញផែនដី ម៉ាសឈាមមាននិន្នាការកកកុញនៅប៉ែកខាងក្រោមនៃសព៌ាង្គកាយ។ វាជាហេតុផល ដែលឈាមរត់ចេញពីខួរក្បាល ឆ្ពោះមកដៃ និងជើង ពេលនោះមានអាការមិនស្រួលខ្លួន ធីងធោងបានកើតឡើង រហូតបណ្ដាលឱ្យដួលទៀតផង។ គ្រោះថ្នាក់បណ្ដាលមកពីសម្ពាធឈាមទាប រិតតែខ្លាំងក្លា សម្រាប់អ្នកដែលប្រើថ្នាំបញ្ចុះទឹកនោម។ ដើម្បីចៀសវាងបាតុភូតទាំងនេះ ដែលតែងកើតនៅពេលព្រឹកព្រលឹម គប្បីលើកជើងទាំងពីរ ឡើងលើសិន មុននឹងងើបឡើង បន្ទាប់មកងើបក្បាល និងដងខ្លួនសន្សឹមៗ និងអង្គុយមួយសន្ទុះសិនមុននឹងងើបឈរ។
ទាក់ទងនឹងសំណួរប្អូនស្រី ដែលថាតើចំណីអាហារបង្កឥទ្ធិពលខ្វះឈាម(សម្ពាធឈាមទាប)ដែរ ឬទេ។ ប្រការសំខាន់ទាក់ទងនឹងសារធាតុអំបិល(ជាតិប្រៃ) នៅក្នុងម្ហូបអាហារ។ ពោល បើបរិភោគចំណីអាហារមានជាតិអំបិលតិចជ្រុល(សាបជ្រុល) អាចបង្កឱ្យសម្ពាធឈាមចុះទាបបានដែរ។ វេជ្ជបណ្ឌិតយើង សូមផ្ដាំផ្ញើទៅបងស្រីរបស់ប្អូនស្រីថា ត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីវាស់សម្ពាធឈាម និងព្យាបាលបើមានរោគណាមួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply