បន្ទប់ទទួលភ្ញៀវជាបន្ទប់សំខាន់នៅក្នុងគេហដ្ឋាននីមួយៗ ព្រោះជាចំណុចទាក់ទាញភ្នែកអ្នកផងទាំងពួង ដែលមកដល់ផ្ទះ លោកអ្នកជាលើកដំបូង។ ដូចនេះការរៀបចំបន្ទប់ទទួលភ្ញៀវចាំបាច់ត្រូវតែផ្ចិតផ្ចង់ឱ្យបានល្អស្អាត។ ទាំងនេះអាស្រ័យទៅលើការចេះរៀបចំរបស់លោកអ្នកផងដែរ។ ទោះបីជាគេហដ្ឋានមានលក្ខណៈតូចចង្អៀតបន្ដិចមែន ប៉ុន្ដែបើចេះរៀបចំឱ្យបានរៀបរយល្អនោះ វានឹងគួរជាទីមនោរម្យចង់ឱ្យរស់នៅ។ តើគួររៀបចំបន្ទប់ទទួលភ្ញៀវបែបណាទើបប្រសើរ?
ដើម្បីស្វែងយល់់អំពីវិធីរៀបចំបន្ទប់ទទួលភ្ញៀវ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន មកជម្រាបជូនប្រិយមិត្ដអ្នកអាន។
ស្ថានភាពទូទៅរបស់បន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវជាទីកន្លែងសម្រាប់សម្រាកលម្ហែកាយ និងជាកន្លែងទទួលភ្ញៀវដែលមកលេងផ្ទះផង។ បន្ទប់ទទួលភ្ញៀវ ជាទីតាំងដែលត្រូវឆ្លងកាត់មុនគេ ដូច្នេះចាំបាច់ត្រូវតែរៀបចំឱ្យបានស្អាតជានិច្ច។ ការរៀបចំបន្ទប់ទទួលភ្ញៀវនេះអាស្រយ័លើចំណង់ចំណូលចិត្ដរបស់បុគ្គលម្នាក់ៗ។ តើចូលចិត្ដរស់នៅតាមបែបរាយប៉ាយ ភាពស្អាតបាត និងមានសណ្ដាប់ធ្នាប់? របៀបរៀបចំទៀតសោតក៏មានភាពខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ដ អ្នកខ្លះចូលចិត្ដទិញសម្ភារៈជាវត្ថុបុរាណ ឬវត្ថុមានតម្លៃដើម្បីដាក់តាំងលម្អ។ ឯអ្នកខ្លះទៀត ចូលចិត្ដសម្ភារៈសាមញ្ញតម្លៃសមរម្យ។ រីឯពន្លឺវិញអ្នកខ្លះមិនចង់ឱ្យមានពន្លឺភ្លឺ និងងងឹតពេកទេ ចង់បានពន្លឺព្រឿងៗតែប៉ុណ្ណោះ។
របៀបគួររៀបចំបន្ទប់ទទួលភ្ញៀវ
ប្រសិនបើលោកអ្នកជ្រើសរើសវត្ថុមកតាំង គួរជ្រើសរើសវត្ថុដែលមានតម្លៃបន្ដិចទើបជាការល្អ ព្រោះបន្ទប់ទទួលភ្ញៀវជាកន្លែងដែលត្រូវអង្គុយសម្រាកកាយជាញឹកញាប់។ ជាគុណប្រយោជន៍ នៅពេលដែលលោកអ្នកត្រឡប់មកពីបំពេញការងារមានភាពហត់នឿយអស់កម្លាំង លោកអ្នកអាចអង្គុយសម្លឹងមើលវត្ថុល្អៗ អាចជួយឱ្យលោកអ្នកមានអាម្មណ៍ជ្រះថ្លា ស្រស់ស្រាយ រំភើប និងបាត់នូវភាពនឿយហត់បានខ្លះៗដែរ។ ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកមានលទ្ធភាព អាចទិញកម្រាលព្រំទៀតនោះ រឹតតែប្រសើរ ដើម្បីយកមកក្រាលនៅលើកម្រាល។ នៅពេលដើរលើកម្រាលនោះ ហាក់មានអារម្មណ៍ទន់ល្មើយស្រួលខ្លួន។
1 . ការដាក់ទូរទស្សន៍ ៖ ការតាំងទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវ គឺអាស្រ័យទៅលើគ្រួសារនីមួយៗផងដែរ។ គ្រួសារខ្លះយល់ឃើញថាបុត្រធីតារបស់គាត់មើលច្រើនពេកនាំឱ្យខាតបង់ពេលសិក្សា គាត់មិនដាក់ទូរទស្សន៍ទេ។ ជាទូទៅ ទូរទស្សន៍ និងម៉ាញ៉េជាវត្ថុមិនអាចខ្វះបាននៅក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីប្រើសម្រាប់កំដរអារម្មណ៍។
2 . ការតាំងរូបភាពនៅលើជញ្ជាំង ៖ លោកអ្នកគួរដាក់់ជារូបថតពីរទៅបីសន្លឹកតាំងនៅលើជញ្ជាំង។ ប៉ុន្ដែមិនគួរតាំងរូបឱ្យច្រើនស្អេកស្កះពេកទេ ព្រោះនាំឱ្យរញ៉េរញ៉ៃ អាក្រក់មើលទៅវិញទេ។ ចំពោះរូបថតដែលតាំងនោះ គួរដាក់តាំងជារូបថតដែលមានលក្ខណៈគ្រួសារ ដូចជារូបថតប្ដីប្រពន្ធ ឬរូបថតឪពុកម្ដាយជាដើម។
3 . ការត់ាំងថូផ្កា ៖ គួរមានថូផ្កាសម្រាប់ដាក់ផ្កាស្រស់ៗ ដើម្បីឱ្យបន្ទប់មានសោភ័ណភាព និងស្រស់ស្រាយ។ លោកអ្នកមិនគួរដាក់ផ្កាជរ័ទេ ព្រោះមិនល្អមើលឡើយ។ ប្រសិនបើលោកអ្នកមិនចង់ចំណាយថវិកាក្នុងការទិញផ្កាស្រស់ជាប្រចាំទេ លោកអ្នកអាចដាំផ្កាតិចតួចនៅក្នុងបរិវេណផ្ទះ ក៏ជាការប្រសើរដែរ។
4 . ទូសម្រាប់តាំងវត្ថុផ្សេងៗ ៖ ចាំបាច់ត្រូវមានទូតូចមួយសម្រាប់ដាក់សៀវភៅខ្លះៗ ទុកសម្រាប់ភ្ញៀវអានកម្សាន្ដ។ តែមិនគួរដាក់សៀវភៅឱ្យច្រើនពេកទេ ព្រោះបន្ទប់ទទួលភ្ញៀវមិនមែនជាបណ្ណាល័យសម្រាប់ផ្ទុកសៀវភៅឡើយ។ ចំណែកឯសៀវភៅវិញ គួរជ្រើសរើសយកសៀវភៅណាដែលគួរជាទីទាក់ភ្នែកភ្ញៀវ។ សៀវភៅទាំងនោះអាចជាប្រភេទសៀវភៅដែលនិយាយអំពី ប្រាង្គប្រាសាទអង្គរវត្ដ ឬរូបភាពទេសភាពប្រទេសដ៏ទៃដែលលោកអ្នកធ្លាប់បានទៅកម្សាន្ដជាដើម។
5. ការដាក់សាឡុង ឬកៅអីវែង ៖ ប្រសិនបើបន្ទប់ទទួលភ្ញៀវរបស់លោកអ្នកមានទំហំធំ គួរដាក់សាឡុងវែងមួយ តុខ្លីដាក់នៅក្បែរបង្អួចសម្រាប់ដាក់តាំងវត្ថុផ្សេងៗ ដូចជារូបចម្លាក់ ឬរបស់ផ្សេងដែលមានទម្ងន់ធ្ងន់។ ចូរកុំដាក់វត្ថុដែលស្រាល ព្រោះវានាំឱ្យប៉ើងតាមខ្យល់ងាយធ្លាក់បែក។
6. ការដាក់វាំងនន ៖ លោកអ្នកគួរប្រុងប្រយ័ត្ន ប្រសិនបើផ្ទះលោកអ្នកមិនមានសុវត្ថិភាពគ្រប់គ្រាន់ លោកអ្នកមិន គួរបើកបង្អួចចំហចោលទេ។ ចំពោះវាំងនន លោកអ្នកគួរដាក់ដើម្បីបិទបាំង និងភាពស្រស់ស្អាត។ លោកអ្នកគួរជ្រើសរើសពណ៌វាំងនន ដែលស្រដៀងទៅនឹងពណ៌ជញ្ជាំងផ្ទះ ដើម្បីឱ្យស៊ីសង្វាក់គ្នា។
7 . ការតាំងទូ និងអាកាសធាតុ ៖ នៅក្នុងបន្ទប់ទទួលភ្ញៀវ លោកអ្នកក៏អាចមានទូតូចមួយសម្រាប់ដាក់តាំងដបស្រា ឬភេសជ្ជៈផ្សេងៗផងដែរ ដើម្បីជាការងាយស្រួលអាចរកទទួលទានបានភ្លាមៗ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ គួរតែមានអាកាសធាតុ ត្រជាក់ល្មម ដូចនេះលោកអ្នកចាំបាច់ត្រូវបើកទ្វារបង្អួចឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ អាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ជាជំនួយ។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីឱ្យបានផ្ទះក្លាយជាចំណតដ៏សុខសាន្ដ លោកអ្នកគួរចំណាយពេលវេលា និងថវិកាក្នុងការទិញសម្ភារៈមកតាំងលំអតុបតែងក្នុងផ្ទះ ឬអាចទៅពិគ្រោះជាមួយអ្នកជំនាញរៀបចំផ្ទះក៏ជាការប្រសើរ។ លោកអ្នកមិនចាំបាច់ចំណាយទៅលើវត្ថុមានតម្លៃពេកទេ ធ្វើយ៉ាងណាឱ្យតែលោកអ្នកយល់ថាសមល្មមនឹងអាចទទួលយកបានជាការត្រឹមត្រូវហើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply