ដើមឈើកាលណាជិតចេញផ្លែ វាត្រូវការទឹក និងជីយ៉ាងច្រើន។ រីឯមាន់ទាក៏ដូចគ្នាដែរ កាលណាវាស្ថិតនៅក្នុងវ័យបញ្ចេញពង វាត្រូវការការបំប៉នចំណីល្អដល់វាឱ្យបានឆ្អែតទើបវាពងបានស្មើហើយធំៗល្អ។ ចំណែកមនុស្សយើងក៏ដូចគ្នាដែរក្នុងពេលមានគភ៌ កាន់តែត្រូវការការបំប៉នចំណីអាហារឱ្យបានគ្រប់គ្រាន់ និងមានជីវជាតិទៀតផង ទើបអាចទប់ទល់នឹងបម្រែបម្រួលផ្សេងៗរបស់រាងកាយបាន។ តើចំណីអាហារបែបណាដែលស្ដ្រីមានផ្ទៃពោះគួរបរិភោគ?
សម្រាប់ប្រធានបទដែលទាក់ទងទៅនឹងស្ដ្រីមានផ្ទៃពោះ ទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយជាច្រើនច្បាប់រួចមកហើយ។ ដោយឡែកសម្រាប់ពេលនេះ អាហារបំប៉នសម្រាប់ស្ដ្រីមានផ្ទៃពោះជាប្រធានបទថ្មីមួយទៀតដែលបកស្រាយដោយលោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសខាងសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្រេចចិត្ដក្នុងការមានផ្ទៃពោះ
គ្រប់ស្ដ្រីទាំងអស់នៅពេលសម្រេចចិត្ដថាមានផ្ទៃពោះ គប្បីប្រតិបត្ដិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យនូវប្រការមួយចំនួន ដូចជាការទទួលថ្នាំដែលមានជាតិដែក និងការពិនិត្យសុខភាពមួយចំនួនទៀតជាការចាំបាច់។ បើសុភាពនារីចង់ជ្រាបច្បាស់សូមអានអត្ថបទ ការត្រៀមខ្លួនមានផ្ទៃពោះរបស់ស្ដ្រីដែលបានចេញផ្សាយកាលពីលេខ០១៧ ខែមិថុនា ឆ្នាំ២០០៧របស់ទស្សនាវដ្ដីសុខភាពយើង។
ការទទួលទាននៅដំណាក់កាលដំបូងនៃគភ៌
ក្នុងកំឡុងពេលបីខែដំបូង អ្នកម្ដាយគួរថែរក្សាសុខភាពរាងកាយឱ្យបានប្រសើរបំផុត និងបរិភោគអាហារក្នុងបរិមាណធម្មតា។ ប៉ុន្ដែរយៈពេលនេះជាពេលវេលាដែលស្ដ្រីភាគច្រើនជួបប្រទះនឹងអាការចាញ់កូនដែលធ្វើឱ្យលោកស្រីអ្នកនាងអស់កម្លាំង ល្ហិត ល្ហៃ ក្អួតចង្អោរទទួលទានអ្វីមិនបាន ជាហេតុធ្វើឱ្យស្ដ្រីមួយចំនួនត្រូវថមថយទម្ងន់រាងកាយ។ គ្រប់ស្ដ្រីទាំងអស់មិនគួរបរិភោគអាហារ ដែលមានជាតិហឹរខ្លាំងទេនៅរយៈពេល៣ខែដំបូងនៃគភ៌ ផ្ទុយទៅវិញគួរតែទទួលទានទឹកសណ្ដែក ឬបើអាចទទួលទានទឹកដោះគោបានកាន់តែប្រសើរ សូមព្យាយាមទទួលទានអាហារឱ្យបានច្រើនដើម្បីទប់ទល់នឹងអាការចាញ់កូន។
ការទទួលទាននៅដំណាក់កាលរីកចម្រើននៃគភ៌
សម្រាប់ស្ដ្រីមានផ្ទៃពោះក្រៅពីការថែទាំខ្លួនឱ្យបានល្អហើយនោះ ចាំបាច់ត្រូវយកចិត្ដទុកដាក់ទៅលើចំណីអាហារផងដែរ។ ជាពិសេសចំណីអាហារដែលផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ។ គ្រប់អាហារចាំបាច់ត្រូវមានជីវជាតិគ្រប់គ្រាន់ ទាំងប្រូតេអ៊ីន ទាំងលីពីត ទាំងគ្លុយស៊ីត ហើយមិនមែនសំដៅដល់ចំណីអាហារដែលមានតម្លៃខ្ពស់នោះទេ។ អាហារមានតម្លៃ ថោកក៏មានជីវជាតិអាចបំប៉នសុខភាពបានដែរ។ ទាំងនេះវាអាស្រ័យផងដែរទៅលើស្ដ្រីខ្លួនឯងផ្ទាល់ ការទទួលទានបានច្រើនរិតតែប្រសើរ។ មានស្ដ្រីមួយចំនួនទទួលទានអាហារច្រើនបរិបូណ៍ អ្នកខ្លះទៀតទទួលទានមិនបានឬក្អួតចេញមកវិញគ្មានសល់ពេលខ្លះ បណ្ដែតបណ្ដោយមិនអត់ធ្មត់ប្រឹងប្រែងទទួលទាន។ ផ្ទុយទៅវិញស្ដ្រីនៅតាមជនបទមួយចំនួន ពេលមានផ្ទៃពោះ មិនមានអ្វីទទួលទាន បរិបូណ៍ទេ តែពួកគាត់នៅតែមានសុខភាពល្អ ហើយទារកនៅតែមាំមួនគ្មានបញ្ហាអ្វីទាំងអស់។ ស្ដ្រីគ្រប់រូបអាចទទួលទានចំណីអាហារ គ្រប់ប្រភេទដែលមានប្រយោជន៍សម្រាប់សុខភាព ព្រោះវាអាចជួយបំប៉នការលូតលាស់របស់ទារកក្នុងផ្ទៃ ហើយថែមទាំងអាចជួយបង្កើនការផលិតទឹកដោះឱ្យបានគ្រប់គ្រាន់ រួមទាំងការសម្រាលបុត្រប្រកបដោយសុវត្ថិភាពទៀតផង។ ចំណីអាហារទាំងនោះត្រូវបានចែកចេញជាប្រភេទផ្សេងៗគ្នា។
- អាហារថាមពល ៖ មានដូចជាស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែកសៀង សណ្ដែកខៀវជាដើម។ គួរទទួលទានស៊ុតឱ្យបាន១ទៅ២គ្រាប់ក្នុងមួយថ្ងៃ ទឹកដោះគោ១ ឬ២កែវ ចំណែកឯតៅហ៊ូ និងទឹកសណ្ដែកក៏មានអត្ថប្រយោជន៍ផ្ដល់ប្រូតេអ៊ីន ដូចសាច់សត្វដែរ។ ដូចគ្នានេះដែរ បាយ ម្សៅ ស្ករ ខ្លាញ់ និងប្រេងរុក្ខជាតិគួរតែទទួលទានឱ្យបានសមល្មម រួមជាមួយអាហារដែលផ្ដល់ជាតិប្រូតេអ៊ីនខ្ពស់។ រាល់ការចម្អិនអាហារគួរប្រើប្រេងរុក្ខជាតិ ដូចជាប្រេងសណ្ដែក ប្រេងពោតជាដើម។ គប្បីទទួលទានអាហារដែលផ្ដល់ថាមពលឱ្យបានមួយថ្ងៃ៣០០០កាឡូរី។
- អាហារសរីរាង្គ ៖ សំដៅទៅលើប្រភេទបន្លែដែលមានស្លឹកពណ៌បៃតងគ្រប់ប្រភេទ ព្រមទាំងបន្លែផ្សេងៗទៀត ដូចជា ប៉េងប៉ោះ ល្ពៅជាដើម ដែលអាហារប្រភេទនេះជួយឱ្យរាងកាយដំណើរការបានល្អធម្មតា។ ក្រៅពីនេះមានផ្លែឈើគ្រប់ប្រភេទ ដូចជា ចេក ក្រូចពោធិ៍សាត់ ល្ហុង ត្របែកជាដើម អាចទទួលទានជាមួយគ្នាក្នុងពេលតែមួយបាន ដើម្បីឱ្យរាងកាយទទួលបាននូវកាកសរសៃ ជួយសម្រួលដល់ការបន្ទោរបង់ ព្រោះស្ដ្រីមានផ្ទៃពោះអាចជួបបញ្ហាទល់លាមក។ ថែមពីលើនេះទៀត គួរទទួលទានអាហារដែលមានជាតិកាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និងជាតិអ៊ីយ៉ូដ។ ចំពោះវីតាមីនវិញមានពពួកវីតាមីនដែលរលាយក្នុងខ្លាញ់បាន ដូចជាវីតា មីនអា ដេ អឺជាដើម និងវីតាមីនដែលរលាយក្នុងទឹក មានវីតាមីនបេ និងវីតាមីសេ។ ម្យ៉ាងវិញទៀតគ្រប់ស្ដ្រីមានផ្ទៃពោះត្រូវទទួលទានទឹកឱ្យបានយ៉ាងតិច៦កែវក្នុងមួយថ្ងៃ លើកលែងតែករណីមានការណែនាំពីវេជ្ជបណ្ឌិតជំនាញ។
ការទទួលទាននៅដំណាក់កាលចុងក្រោយនៃគភ៌
នៅពេលឈានចូលដល់ត្រីមាសទីបីនៃគភ៌ គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់មិនគួរបរិភោគអាហារដែលមានជាតិប្រៃទេ ព្រោះអាចបណ្ដាលឱ្យហើមជើងបាន។ ផ្ទុយទៅវិញបើបរិភោគអាហារដែលមានរសជាតិផ្អែមពេកក៏អាចមានផលវិបាកដែរបើមានអត្រាជាតិស្ករខ្ពស់។
ប្រភេទចំណីអាហារគួរចៀសវាង
ស្ដ្រីមានផ្ទៃពោះគួរគប្បីប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ព្រោះវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃបាន ដោយសារការឆ្លងមេរោគពីចំណីអាហារដែលមិនស្អាត។ មេរោគទាំងនោះអាចនាំឱ្យមានបញ្ហា ដូចជារលូតទារក សម្រាលមុនពេលកំណត់ ពិការតាំងពីកំណើត ឬប្រឈមមុខក្នុងការឆ្លងជម្ងឺកាចសាហាវផ្សេងៗ។ ដូច្នេះដើម្បីសុខភាព ស្ដ្រីមានផ្ទៃពោះគួរចៀសវាងចំណីអាហារមួយចំនួនដូចជាសាច់ក្រក សាច់ប្រឡាក់ ចំណីអាហារក្លាស្សេ ស៊ុតដែលមិនបានចម្អិនឱ្យឆ្អិនល្អមុននឹងបរិភោគជាដើម។ ជាមួយគ្នានេះ គ្រឿងស្រវឹងមានដូចជាស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិស្រវឹង គួរចៀសវាងដាច់ខាត។ ក្រៅពីនេះ តែ និងកាហ្វេ ក៏ពុំគួរទទួលទានឡើយ ប៉ុន្ដែគួរពិសាទឹកស្អាត និងទឹកផ្លែឈើស្រស់ទើបប្រសើរ។ ស្ដ្រីមានផ្ទៃពោះត្រូវចៀសវាងកុំពិសាបារី ព្រោះវាមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ស្ដ្រីខ្លួនឯង និងទារកក្នុងផ្ទៃទៀតផង ដូចជាធ្វើឱ្យទារកមានការរីកចម្រើនធំធាត់យឺត ហើយកើតមកមានរូបរាងតូចជាធម្មតា ឬអាចពិការផងក៏មាន។
ដំបូន្មានអ្នកជំនាញ
ក្រៅពីអ្វីដែលបានជម្រាបជូនខាងលើនេះ ស្ដ្រីមានផ្ទៃពោះគួរគប្បីទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពជាប្រចាំ ដើម្បីតាមដានសុខភាពខ្លួនឯងក៏ដូចជាការលូតលាស់របស់ទារកក្នុងផ្ទៃ និងស្វែងយល់នូវប្រការមួយចំនួនដែលស្ដ្រីមានផ្ទៃពោះគួរប្រតិបត្ដិ។ សូមចងចាំរយៈពេលមានផ្ទៃពោះ ព្រោះវាជាពេលវេលាដើម្បីថែរក្សាសុខភាពជាពិសេសមិនអាចប្រហែសបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply