បច្ចុប្បន្ននេះ ខ្ញុំបម្រើការងារនៅក្នុងសណ្ឋាគារមួយ ដែលមានតួនាទីខាងផ្នែកទំនាក់ទំនងជាមួយនឹងអតិថិជន។
1 . ប៉ុន្ដែមាត់របស់ខ្ញុំមានក្លិនមាត់ (ធ្មេញតូចៗ ហើយកខ្វក់) ដូច្នេះខ្ញុំចង់ឱ្យលោកវេជ្ជបណ្ឌិតយើងជួយដោះស្រាយនូវបញ្ហានេះ។ អ្នកខ្លះបាននិយាយប្រាប់ខ្ញុំថា ឱ្យខ្ញុំទៅធ្វើការសម្អាតធ្មេញទៅ។
2 . ភរិយារបស់ខ្ញុំមានផ្ទៃពោះ ហើយនាងតែងតែមានអាការក្អួតចង្អោរជារៀងរាល់ថ្ងៃ ដូច្នេះសូមលោកវេជ្ជបណ្ឌិតយើង ជួយពន្យល់ប្រាប់ខ្ញុំផង។ ខ្ញុំសង្ឃឹមថាលោកវេជ្ជបណ្ឌិតនឹងឆ្លើយតបនូវចម្ងល់នេះក្នុងពេលឆាប់ៗនេះ។ សូមជូនពរឱ្យលោកវេជ្ជបណ្ឌិត មានសំណាងល្អ និងសុខភាពបរិបូរណ៍។
លោក ប. គ. ន នៅភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ ខ្ញុំសូមធ្វើការឆ្លើយតបនឹងសំណួររបស់លោកជា២ចម្លើយដូចតទៅ ៖
1. ក្លិនមាត់ ៖ ក្នុងជីវភាពរស់នៅ មនុស្សតែងតែមានទំនាក់ទំនងឬប្រាស្រ័យទាក់ទងគ្នាតាមរយៈសម្ដីសំដៅ ឬចាប់ដៃ ជើង ចៀសមិនផុតឡើយ។ ចុះបើមានក្លិនមាត់ ពិតជាពិបាកទ្រាំសន្ទនាជាមួយណាស់។ ករណីលោកដែលជាអ្នកបំពេញការងារជួប ភ្ញៀវរិតតែសំខាន់ណាស់ទៅទៀតចំពោះក្លិនមាត់នេះ។ ក្លិនមាត់ គឺចង់សំដៅទៅលើមាត់ដែលមានក្លិនមិនល្អ។ ក្លិនមាត់មិនល្អបណ្ដាល មកពីកត្ដា៣យ៉ាង គឺបញ្ហាមាត់ធ្មេញខ្លួនឯងផ្ទាល់ បញ្ហាច្រមុះ និងបញ្ហាក្រពះ។ មានន័យថាអ្នកដែលមានក្លិនមាត់អាចមកពីមានជម្ងឺ ឬបញ្ហានៅនឹងធ្មេញ នៅនឹងមាត់ ជួនដោយសារជម្ងឺច្រមុះ ឬដោយសារជម្ងឺក្រពះផងដែរ។ ដូច្នេះដំបូន្មានដែលឱ្យលោកអញ្ជើញទៅលាងធ្មេញ ក៏ជាដំបូន្មានត្រឹមត្រូវដែរ។
ដើម្បីជាប្រយោជន៍សម្រាប់លោក ខ្ញុំសូមជម្រាបជូនអំពីវិធីបំបាត់ក្លិនមាត់ដូចតទៅ។ បំបាត់បញ្ហាក្លិនមាត់ឱ្យទទួលបានជោគជ័យ ជាចាំបាច់ត្រូវរកឬសគល់ និងមូលហេតុឱ្យឃើញច្បាស់ជាមុនសិន។
- យ៉ាងណាម៉ិញ ប្រសិនបើមានបញ្ហាជាជម្ងឺដំបៅក្រពះ ត្រូវទៅព្យាបាលក្រពះ។
- បើមានបញ្ហារលាកច្រមុះ ត្រូវទៅព្យាបាលច្រមុះជាមួយគ្រូពេទ្យដែលមានជំនាញពិតប្រាកដ ដើម្បីទទួលបាននូវជោគជ័យកាន់តែប្រសើរ។
- ដោយឡែកបញ្ហាក្លិនមាត់ដែលបណ្ដាលមកពីមាត់ធ្មេញខ្លួនឯងផ្ទាល់ ត្រូវទៅពិគ្រោះ និងព្យាបាលជាមួយអ្នកដែលមាន ឯកទេសពិតប្រាកដដើម្បីសម្អាត និងព្យាបាលធ្មេញខូចដែលបង្កឱ្យមានបញ្ហាក្លិនមាត់នេះ។ ប៉ុន្ដែប្រការសំខាន់ដែលចាំបាច់គួរធ្វើដោយ ខានពុំបាន គឺខ្លួនឯងផ្ទាល់ត្រូវធ្វើអនាម័យធ្មេញឱ្យបានល្អ ដុសសម្អាតកម្ទេចកម្ទីចំណីអាហារដែលនៅជាប់នឹងធ្មេញឱ្យបានស្អាត និង ត្រឹមត្រូវ ដើម្បីកុំឱ្យធ្មេញខូច និងមានប្រហោង។
2 . ក្អួតចង្អោរចាញ់កូន ៖ ឆ្លើយតបនឹងសំណួរទី២ ដែលចង់សួរអំពីអាការក្អួតចង្អោរដែលជារោគសញ្ញាចាញ់កូននៅពេលមានផ្ទៃពោះរបស់ភរិយាលោក។ ខ្ញុំពិបាកឆ្លើយបន្ដិច ដោយសារមិនដឹងថាភរិយារបស់លោកមានផ្ទៃពោះប៉ុន្មានខែ និងមានស្ថានភាពសុខភាពបែបណា។ ដំបូន្មានខ្ញុំ លោកគួរនាំភរិយាទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងផ្ទៃពោះទើបប្រសើរ។ តែខ្ញុំក៏សូមជម្រាប ជូនអំពីប្រការគួរយល់ដឹង ដើម្បីទប់ទល់នឹងអាការក្អួតចង្អោរ ពេលចាញ់កូនដូចខាងក្រោមនេះផងដែរ។
អាការចង្អោរ និងក្អួតពេលចាប់មានផ្ទៃពោះ មានកម្រិតតិច ឬខ្លាំងទៅតាមស្ដ្រីម្នាក់ៗ។ អាការទាំងនេះកើតមាននៅខែ ទី១ ដល់ខែទី៣ នៃការតាំងគភ៌ ហើយស្ដ្រីមានគភ៌ជាង៥០ភាគរយ ទទួលរងការចាញ់កូន។ ស្ដ្រីខ្លះកើតមានអាការចាញ់មុនដំបូងតិច ក្រោយមកទើបខ្លាំង តែស្ដ្រីខ្លះទៀតកើតមានអាការចាញ់ខ្លាំងក្លាពិបាកទ្រាំតែម្ដង។ ខះទៀតកើតមានអាការចាញ់ខ្លាំងក្លាពិបាកទ្រាំតែម្ដង។ អាការចាញ់ក្អួតចង្អោរ បាត់ចាប់ពីចុងខែទី៣ នៃការតាំងគភ៌។ ស្ដ្រីភាគតិចបំផុតដែលនៅទទួលរងអាការចង្អោរ រហូតដល់ត្រីមាសទី២ និងត្រីមាសទី៣នៃគភ៌ ពោលចាប់ពីខែទី៤ ដល់សម្រាល។ ជាទូទៅ អាការចង្អោរក្អួតចាញ់កូននេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្ដ្រីជាមាតា និងសុខភាពកូនក្នុងផ្ទៃទេ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានអ្នកវិទ្យាសាស្ដ្រ រកឃើញដើមហេតុនៃអាការចាញ់នេះជាក់លាក់នៅឡើយ អ្វីៗស្ថិតនៅជាអាថ៌កំបាំង។ អាការចាញ់ចង្អោរ កើតមានជាញឹកញាប់នៅពេលព្រឹកព្រលឹម ពេលទើបនឹងងើបពីគ្រែ និងមិនទាន់បានបរិភោគអ្វីសោះ។ ហើយក៏មានស្ដ្រីទើបតែមានគភ៌មិនតិចនាក់ដែរទេ បានត្អូញត្អែរថា អាការចាញ់ចង្អោរនេះកើតមានពេញមួយថ្ងៃ។
ដើម្បីជាជំនួយខ្ញុំសូមជម្រាបជូនដំបូន្មានសម្រាប់ស្ដ្រីទើបតែមានផ្ទៃពោះដូចតទៅ។
- ដើម្បីទប់ស្កាត់អាការចង្អោរពេលព្រឹកព្រលឹម ប្រសិនបើអាច សូមកុំអាលងើបពីលើគ្រែ និងពិសាអាហារពេលព្រឹកនៅ លើគ្រែគេងនោះតែម្ដង។ រួចហើយសូមរង់ចាំឱ្យបាន១៥នាទី ទើបងើបពីលើគ្រែ តែសូមងើបដោយសន្សឹមៗ និងថ្នមៗ ចៀសវាង ការងើបដោយគំហុក។
- សូមកុំពិសាអាហារជាតិខ្លាញ់ និងអាហារលាយជាតិមិនរលាយលឿន។ ជាពិសេសនៅពេលព្រឹក កាហ្វេទឹកដោះគោ ឬតែទឹកដោះគោ គួរចៀសវាង។ សូមខិតខំពិសាចំណីអាហារស្ងួត ឬក្រៀម ដែលមានជាតិស្ករជ្រាបយឺតដូចជាបាយ នំប៉័ង គ្រាប់ធុញ្ញជាតិ នំស្រួយជាដើម។
- សូមបរិភោគតិចៗ តែច្រើនដង ជាពិសេសសូមបន្ថែមពេលបរិភោគពាក់កណ្ដាលព្រឹក (ប្រមាណជាម៉ោង១០) និងពាក់ កណ្ដាលរសៀល (ប្រមាណជាម៉ោង៣ ឬ៤) ដោយពិសានំស្រួយ ផ្លែឈើ យ៉ាអ៊ួរជាដើម។
- សូមប្រយ័ត្នចំពោះក្លិនផ្សេងៗ ជាពិសេសក្លិនថ្នាំជក់ ឬបារី ក្លិនទឹកអប់មួយចំនួន និងក្លិនចំណីអាហារខ្លះ ដែលអ្នកមិនចូលចិត្ដ។
- ប្រសិនបើក្អួតច្រើន សូមពិសាទឹក ឬភេសជ្ជៈបន្ដិចៗ និងញឹកញាប់។
- ព្រមទាំងសូមសម្រាកកាយឱ្យបានគ្រប់គ្រាន់។
ប្រសិនបើអាការចាញ់ក្អួតចង្អោរ នៅតែបន្ដមាន ឬក៏អាការទាំងនេះកើតមានបែបខ្លាំងក្លា ឬបែបញឹកញាប់មែនទែន សូមអញ្ជើញទៅសាកសួរប្រឹក្សា ឬដំបូន្មានជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។ គ្រូពេទ្យនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ថាមានផ្ទៃពោះមែន ទេ? បើជាករណី មានផ្ទៃពោះ ហើយចាញ់ គ្រូពេទ្យនឹងផ្ដល់ថ្នាំលេបប្រឆាំងអាការក្អួត។
ខ្ញុំសង្ឃឹមថាលោកនឹងអាចយកព័ត៌មានទាំងនេះទៅពិចារណា និងអនុវត្ដតាមយ៉ាងមានប្រសិទ្ធភាព។ វេជ្ជបណ្ឌិតយើងសូមជូនពរដល់លោក និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យរាល់ការងារទាំងឡាយ។ បើលោកនៅតែមានចម្ងល់ ឬមានចម្ងល់ ផ្សេងទៀត សូមសរសេរលិខិតមកទស្សនាវដ្ដី សុខភាពយើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply