ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមេសា កម្ពុជាតែងប្រារឰទិវាសុខភាពពិភពលោក ដើម្បីរម្លឹកដល់ថ្ងៃបង្កើតអង្គការសុខភាពពិភពលោក។ ទិវាសុខភាពពិភពលោកនៅក្នុងឆ្នាំ២០១១នេះ ត្រូវបានប្រារឰធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយជ្រើសរើសនូវ ប្រធានបទមានចំណងជើងថា ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ។
លោកវេជ្ជបណ្ឌិតពីតឺរ វ៉ាន ម៉ារ៉ែន បានថ្លែងនៅក្នុងពិធីនោះថា ជារៀងរាល់ឆ្នាំអង្គការសុខភាពពិភពលោកបានជ្រើសរើស បញ្ហាសុខភាពដែលមានសារៈសំខាន់មួយ ដែលជួយឱ្យទាំងអស់គ្នាបង្កើតនូវការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ ឋានៈទាំងអស់នៅជុំវិញពិភពលោកអំពីសារៈសំខាន់នៃបញ្ហាដែលត្រូវបានជ្រើសរើស ជាប្រយោជន៍ដល់សុខភាពល្អ និងសុខុមាលភាព របស់ពួកគេ។ លោកបន្ដថា អង្គការសុខភាពពិភពលោកបានផ្ដល់ឱកាសពិសេសមួយសម្រាប់សហគមន៍នានានៅជុំវិញពិភពលោក ដើម្បីមកជួបជុំគ្នាក្នុងរយៈពេលមួយថ្ងៃ ដើម្បីជំរុញឱ្យមានសកម្មភាពផ្សេងៗ ដែលអាចធ្វើឱ្យសុខភាពរបស់យើងកាន់តែប្រសើរឡើង។ លោកថ្លែងថា ៖ នៅឆ្នាំនេះយើងមានប្រធានបទគឺ ៖ ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ និងការរីករាលដាលរបស់វានៅជុំវិញពិភពលោក។ ដូច្នេះសាររបស់យើងគឺមានន័យថា “ការប្រយុទ្ធនឹងភាពស៊ាំនៃឱសថ! បើគ្មានសកម្មភាពនៅថ្ងៃនេះ ក៏គ្មានការព្យាបាលនៅថ្ងៃស្អែកដែរ”។
ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគជាញឹកញាប់ បណ្ដាលមកពីការប្រើប្រាស់មិនត្រឹមត្រូវនៃឱសថប្រឆាំងនឹងមេរោគ ដូចជាការប្រើប្រាស់មិនគ្រប់តាមកម្រិត ឬការប្រើប្រាស់មិនត្រឹមត្រូវ
លោកវេជ្ជបណ្ឌិតពីតឺរ វ៉ាន ម៉ារ៉ែន បានបញ្ជាក់ថា រាល់ការប្រើប្រាស់ឱសថមិនត្រឹមត្រូវ ឬមិនសមស្រប រួមមានការលេប ថ្នាំក្រោមស្ដង់ដា ឬការលេបថ្នាំមិនគ្រប់ចំនួនទៅតាមវេជ្ជបញ្ជាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ នៅមានឱសថខ្លះមានគុណភាពទាប និងជាឱសថក្លែងក្លាយផងដែរ។ ដូច្នេះទាំងអស់នេះបានរួមចំណែកថែមទៀតទៅនឹងការកើតឡើង និងការរីករាលដាលនៃភាពស៊ាំនៃថ្នាំ។
ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ជាវិជ្ជមានដោយសារភាពស៊ាំនៃឱសថទាំងនេះ
លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងពិធីនោះថា ក្នុងពេលបច្ចុប្បន្ន ការប្រយុទ្ធនឹងភាពស៊ាំនៃឱសថមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិទ្យាសាស្ដ្រ វេជ្ជបណ្ឌិត និងអ្នកជម្ងឺទូទាំងប្រទេស។ ប្រទេស កម្ពុជាយើងក៏ទទួលផលប៉ះពាល់ជាវិជ្ជមាន ដោយសារភាពស៊ាំនៃឱសថទាំងនោះដែរ ជាពិសេសគឺអ្នកជម្ងឺគ្រុនចាញ់ដែលមជ្ឈមណ្ឌល កម្ចាត់ជម្ងឺគ្រុនចាញ់បានខំប្រឹងប្រែងយកចិត្ដទុកដាក់សហការជាមួយអន្ដរជាតិ ក្នុងការប្រយុទ្ធនិងបំបាត់ភាពស៊ាំនៃឱសថគ្រុនចាញ់ ដែលកើតមាននៅតំបន់ភូមិភាគខាងលិចជាប់ព្រំប្រទល់ប្រទេសសៀម។ លោកបន្ដថា ភាគច្រើនយើងបានឃើញភាពស៊ាំនៃឱសថនេះ បានកើតមានទៅលើឱសថព្យាបាលជម្ងឺរបេង ជម្ងឺអេដស៍ និងឱសថដទៃទៀតដែលព្យាបាលជម្ងឺឆ្លងផងដែរ។ ដូច្នេះប្រសិនបើយើង មិនបង្កើនកិច្ចប្រឹងប្រែងប្រយុទ្ធនឹងបញ្ហាដែលលេចឡើងទាំងនេះទេ នោះប្រទេសយើងនឹងបាត់បង់នូវឱសថសំខាន់ៗយកមកព្យាបាល ជម្ងឺឆ្លងដែលធ្លាប់បានធ្វើកន្លងមក។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានខំប្រឹងប្រែងក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ តាមរយៈក្រុមអធិការកិច្ច ឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ និងគ្រឿងសម្អាង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply