កុមារនៅក្នុងខេត្តចំនួន៥រងគ្រោះដោយសារជម្ងឺគ្រុនឈាមគិតច្រើនជាងគេ កុមារកម្ពុជារស់នៅក្នុងខេត្តចំនួន៥បានរងគ្រោះដោយសារជម្ងឺគ្រុនឈាមខ្លាំងជាងគេ ដែលរហូតមកទល់ពេលនេះ មានកុមារ១៤៦នាក់ហើយបានស្លាប់ដោយសារជម្ងឺនេះ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជម្ងឺគ្រុនចា ញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃពុធទី៣ តុលាកន្លងមកថាខេត្តដែលមានផ្ទុះជម្ងឺគ្រុនឈាមច្រើនជាងគេក្នុងឆ្នាំនេះមានចំនួន៥ គឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងខេត្តកំពង់ស្ពឺ។ អត្រាឈឺ និងស្លាប់ដោយសារជម្ងឺគ្រុនឈាមឆ្នាំនេះ បើធៀបជាមួយឆ្នាំផ្ទុះជម្ងឺឆ្នាំ២០០៧បានបង្ហាញថា ឆ្នាំ២០០៧មានកុមារកើតជម្ងឺគ្រុនឈាមសរុប៣៧.៧១៦នាក់ ប៉ុន្តែឆ្នាំនេះមានកុមារចំនួនត្រឹម៣៤.៤៨២ក្នុងនោះមានលាយទ្បំនឹងជម្ងឺគ្រុនឈីក ដែលបានផ្ទុះនៅកម្ពុជាក្នុងឆ្នាំនេះផងដែរ តួលេខនេះគិតត្រឹមរយៈពេល៣៨សប្តាហ៍នៃឆ្នាំនេះ។
លោកបន្តថា “ដោយសារឆ្នាំនេះរដូវវស្សាអូសបន្លាយយូរជាងឆ្នាំកន្លងមក ហេតុនេះយើងនៅតែបន្តប្រុងប្រយ័ត្ន និងបានចាប់ផ្តើមដាក់អាបេតជំហ៊ានទី២ ដល់ប្រជាពលរដ្ឋតាំងពីពាក់កណ្តាលខែកញ្ញាកន្លងមក ”។ លោកបន្តថា “សូមប្រ ជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន និងចាត់ទុកសកម្មភាពចូលរួមការពារទប់ស្កាត់ការផ្ទុះជម្ងឺគ្រុនឈាមជាកាតព្វកិច្ចរបស់ខ្លួន ព្រោះរដ្ឋបានត្រឹមតែជូនព៌តមានត្រឹមត្រូវជូនប្រជាពលរដ្ឋ និងមិនអាចជួយដឹកបញ្ជូនកូនរបស់ប្រជាពលរដ្ឋមកមន្ទីរពេទ្យបានទេ ”។
ទោះជាយ៉ាងណាមកដល់សប្តាហ៍ទី៣៨នេះជម្ងឺគ្រុនឈាមបានធូរស្បើយច្រើនមកហើយ ខុសពីក្នុងរយៈពេលបីសប្តាហ៍ទី២៦ដល់២៨ ដែលក្នុងមួយសប្តាហ៍ៗមានកុមារ២៤០០នាក់បានឈឺជម្ងឺនេះ។ ក្នុងសប្តាហ៍ទី៣៨មានកុមារចំនួន៨៩៥នាក់បានធ្លាក់ខ្លួនឈឺ និងកុមារពី៣ទៅ៥នាក់បានស្លាប់ជារៀងរាល់សប្តាហ៍និងអាចអូសបន្លាយយូរជាងឆ្នាំ២០០៧ ដោយសារការប្រែប្រួលអាកាសធាតុ ព្រោះបើតាមទិន្នន័យទឹកភ្លៀងដែលព្យាករណ៍ដោយនាយកដ្ឋានឧតុនិយមក្រសួង ធនធានទឹកបានបង្ហាញថា កំពស់ទឹកភ្លៀងក្នុងឆ្នាំនេះមានតិចជាងឆ្នាំ២០១១ ប៉ុន្តែមានភ្លៀងច្រើនថ្ងៃជាង ដោយឆ្នាំ២០១១មានចំនួនថ្ងៃភ្លៀង១៦១ថ្ងៃ ប៉ុន្តែឆ្នាំនេះចំនួនថ្ងៃភ្លៀងមានរហូតដល់១៨០ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីលោក ច ម៉េងចួ។
លោកបន្តថា ក្នុងឆ្នាំ២០១២នេះ មានកុមារ៤នាក់បានស្លាប់ក្នុងចំណោមកុ មារធ្លាក់ខ្លួនឈឺ១០០០នាក់ខណៈខុសពីឆ្នាំ២០០៧ក្នុងចំណោមកុមារ១០០០នាក់មានកុមារចំនួន១០នាក់បានស្លាប់។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២
Leave a Reply