ខ្ញុំបាទមានអាយុ៣៥ឆ្នាំ រស់នៅទីក្រុងភ្នំពេញ សូមអនុញ្ញាតសួរលោកវេជ្ជបណ្ឌិតដូចតទៅ ៖
1. មូលហេតុអ្វីបានជារាល់ពេលយើងងូតទឹកហើយមានការរមាស់ពេញខ្លួន? តើមានវិធីណាដើម្បីបំបាត់ការរមាស់ទាំង នេះ?
2. តើស្រោមអនាម័យផលិតនៅប្រទេសកម្ពុជាយើងបានប្រើវាតាំងពីពេលណាមក?
3. ពេលខ្ញុំរួមភេទចេះតែហូរទឹកកាមចេញ តើមូលហេតុអ្វីទេ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរទាំងបីរបស់ប្អូនប្រុសពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីស្វែងយល់។ ខ្ញុំបាទសូមធ្វើការឆ្លើយជូនប្អូនប្រុសដូចតទៅ ៖
1. សំណួរនេះប្រហែលជាចង់សំដៅទៅលើរូបប្អូនប្រុស រាល់ពេលដែលងូតទឹកមានអាការរមាស់ពេញដងខ្លួន។ តាមពិតការ រមាស់នៅងូតទឹក មិនមែនសុទ្ធតែកើតនៅលើមនុស្សទូទៅនោះទេ។ បើប្អូនប្រុសមានអាការរមាស់បែបនេះនៅពេលងូតទឹក គឺអាច បណ្ដាលមកពីកត្ដាពីរ។ ទី១ គឺដោយសារទឹកដែលយកមកងូតនេះមិនស្អាត អាចមានជាតិពុល មេរោគ និងសារធាតុមិនល្អផ្សេងៗទៀត។ ទី២ គឺអាចបណ្ដាលមកពីខ្លួនប្រាណរបស់ប្អូនប្រុសមានស្ថានភាពមួយងាយប្រតិកម្មពេកជាមួយនឹងសារធាតុដែលមាននៅក្នុងទឹក ឬស្បែករបស់ប្អូនប្រុសងាយប្រតិកម្មពេក។ រីឯវិធីបំបាត់គឺត្រូវធ្វើការផ្លាស់ប្ដូរទឹក ជាទឹកស្អាត មិនមានមេរោគ គ្មានជាតិពុល និងមិនមានសារធាតុប្រតិកម្មនឹងស្បែករបស់ប្អូនប្រុស។ បើការរមាស់នោះមានសភាពធ្ងន់ធ្ងរ ប្អូនប្រុសត្រូវលេបថ្នាំព្យាបាលតាមរយៈវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិតសើស្បែកណាម្នាក់។ ការបណ្ដែតបណ្ដោយយូរនូវអាការរមាស់នោះអាចនាំឱ្យស្បែកមានជម្ងឺធ្ងន់ធ្ងរ ដូចជា រលាកស្បែក ត្រអក កមរមាស់ជាដើម។
2. តាមពិតនៅប្រទេសកម្ពុជាយើងមិនទាន់មានរោងចក្រដើម្បីផលិតស្រោមអនាម័យនៅឡើយនោះទេ។ ស្រោមអនាម័យដែលប្រើប្រាស់សព្វថ្ងៃផលិតនៅប្រទេសដទៃ ហើយនាំចូលមកលក់និងចែកចាយនៅក្នុងប្រទេសកម្ពុជា។ ប្រហែលជាប្អូនប្រុស ចង់សួរថា តើនៅប្រទេសកម្ពុជាចាប់ផ្ដើមប្រើប្រាស់ និងមានស្រោមអនាម័យចាប់តាំងពីពេលណាមកហើយមើលទៅ។ រហូតមកដល់សព្វថ្ងៃនេះមិនទាន់មានការកត់ត្រានិងឯកសារណាមួយបញ្ជាក់ថា នៅប្រទេសកម្ពុជាចាប់ផ្ដើមប្រើប្រាស់ស្រោមអនាម័យតាំងពីពេលណាពិតប្រាកដនោះទេ។ បើតាមការអង្កេតរបស់ខ្ញុំផ្ទាល់ ស្រោមអនាម័យនេះមានវត្ដមានដំបូងនៅប្រទេសកម្ពុជាកំឡុងទសវត្សរ៍ ១៩៨០ ប្រើដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកាមរោគ(ស្វាយប្រមេះ ស្វាយក្រាបជាដើម) និងដើម្បីជួយបង្កើតភាពស្រើបស្រាល(ស្រោម ពុកមាត់ពពែ ស្រោមមានថ្នាំជួយឱ្យរឹងបានយូរជាដើម)។ ចាប់តាំងពីឆ្នាំ១៩៩១មក ជាឆ្នាំដែលរកឃើញអ្នកផ្ទុកមេរោគអេដស៍ដំបូង គេនៅប្រទេសកម្ពុជា ពេលនោះហើយដែលស្រោមអនាម័យត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការណ៍ ដើម្បីទប់ទល់នឹងការរាតត្បាត នៃមេរោគអេដស៍។ រហូតពេលខ្លះមានការចែកស្រោមអនាម័យឱ្យប្រើប្រាស់ដោយឥតគិតថ្លៃទៀតផង។ សព្វថ្ងៃនេះមានប្រជាពលរដ្ឋខ្មែរភាគច្រើនយល់ដឹងនិងប្រើប្រាស់ស្រោមអនាម័យ ដើម្បីទប់ទល់នឹងការឆ្លងមេរោគអេដស៍ និងការមានកូន(ពន្យារកំណើត)។
3. ការហូរចេញទឹកកាមនៅពេលរួមភេទជារឿងធម្មជាតិ និងធម្មតាទេ។ ព្រោះថាពេលដែលលិង្គចាប់ផ្ដើមឡើងរឹង ពេល នោះទឹករំអិលភេទ ឬទឹកកាមក៏ចាប់ផ្ដើមជ្រាបតិចៗតាមក្បាលលិង្គ។ ការបាញ់ចេញទឹកកាមពេញទំហឹង គឺកើតមាននៅពេលឡើងរឹង ពេញទំហឹង និងទទួលអារម្មណ៍ស្រណុកស្រួលដល់កំពូល។ ហេតុនេះរឿងហូរចេញទឹកកាមទាំងពីរលើកពេលរួមភេទជារឿងធម្មតា នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply