អង្គការសហប្រតិបត្ដិការដើម្បីស្ថិរភាពសង្គមកម្ពុជាបានជំរុញឱ្យសិស្សចំនួន៤ពាន់នាក់ ក្នុងសាលាទាំង១១នៅរាជធានីឱ្យអនុវត្ដនូវកម្មវិធីអប់រំសុខភាព និងការធ្វើអនាម័យទឹកស្អាត។
លោក ឡាយ សុជាតិ អ្នកសម្របសម្រួលគម្រោងគុណភាពជីវិតផ្ដោតលើការអប់រំសុខភាពអនាម័យ និងទឹកស្អាតនៃអង្គការសហប្រតិបត្ដិការដើម្បីស្ថិរភាពសង្គមកម្ពុជាបានប្រាប់ សុខភាពយើង កាលពីដើមខែមេសាថា លោកបានសាកល្បងអនុវត្ដគម្រោងគុណភាព ផ្ដោតលើការអប់រំសុខភាពអនាម័យទឹកស្អាតអស់រយៈពេល៤ឆ្នាំមកហើយ ក្នុងនោះបានធ្វើការគ្របដណ្ដប់សិស្ស ប្រហែល៤ពាន់នាក់ក្នុងសាលាចំនួន១១ នៃខ័ណ្ឌចំនួនពីរក្នុងរាជធានី។ លោកបន្ដថា “គម្រោងនេះបានប្រើប្រាស់ថវិកាអស់ច្រើនជាង ១៥ម៉ឺនដុល្លារ ដោយអនុវត្ដជាមួយសិស្សសាលាវិទ្យាល័យបឋមសិក្សា និងសិស្សសាលាគរុកោសល្យស្ថិតក្នុងខ័ណ្ឌឫស្សីកែវ និងខ័ណ្ឌដង្កោ”។ លោកបន្ថែមថា ការផ្សព្វផ្សាយទៅកាន់សិស្ស និងលោកគ្រូអ្នកគ្រូស្ដីពីសុខភាពអនាម័យ គឺជាផលប្រយោជន៍មួយសម្រាប់ សិស្សធ្វើការផ្សព្វផ្សាយបន្ដទៅកាន់សហគមន៍រស់នៅរបស់ពួកគេ”។
បើតាមមន្ដ្រីរូបនេះ ក្របខណ្ឌនៃគម្រោងគឺបានផ្ដោតមកលើទីក្រុង ដូច្នេះការជ្រើសរើសតំបន់ទាំងពីរមកអនុវត្ដក្នុង គម្រោងនេះ គឺដោយសារតែពួកគេបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ បានទាមទារឱ្យមានការអភិវឌ្ឍន៍ក្នុងតម្រូវការ ជាបន្ទាន់មួយ។ ដូច្នេះជំនួយសម្ព័ន្ធបានផ្ដោតទៅលើបញ្ហាអនាម័យ និងសុខភាពតាមសាលារៀន ដោយបង្កើតជាអាងទឹក ធ្វើបង្គន់ ធ្វើកន្លែងផ្ទុកសម្រាម និងផ្ដល់ធុងសម្រាម ឬសម្ភារៈអនាម័យ ដើម្បីប្រើប្រាស់ជាយុទ្ធសាស្ដ្រក្នុងការផ្ដល់ចំណេះដឹងឱ្យសិស្ស។
ទឹកគឺជាវត្ថុដែលចាំបាច់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិទាំងអស់នៅលើពិភពលោក
បច្ចុប្បន្ននេះ ការប្រែប្រួលនៃអាកាសធាតុបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើបញ្ហាទឹក ជាពិសេសទឹកសាបសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ដែលកំពុងប្រឈមនឹងការខ្វះខាត។ ម្យ៉ាងទៀតវាបណ្ដាលមកពីការបំពុលបរិស្ថាន ធ្វើឱ្យកម្ដៅផែនដីឡើងក្ដៅ ដោយសារ ការរីកចម្រើនផ្នែកវិទ្យាសាស្ដ្រ ដូចជាការបញ្ចេញចោលនូវកាកសំណល់ផ្សេងៗពីរោងចក្រ ការបញ្ចេញចោលនូវសារធាតុគីមី និងការ បំភាយឧស្ម័នពុលទៅលើលំហបរិយាកាសជាដើម ទាំងនេះបណ្ដាលឱ្យទឹកសាបនៅលើផែនដី ត្រូវទទួលរងផលប៉ះពាល់បាត់បង់ ឬខូចគុណភាព។
ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលអនុវត្ដ គម្រោងគុណភាពជីវិត ផ្ដោតលើការអប់រំសុខភាព អនាម័យនៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃម្សិលមិញថា ជាការពិតការអប់រំផ្នែក សុខភាព គឺជាកត្ដាសំខាន់បំផុត មុននឹងឈានទៅរកការប្រើប្រាស់នូវរាល់វិធានការនានា ក្នុងការទ្រទ្រង់សុខភាពឱ្យមានភាពប្រសើរ ឡើង ក្នុងនោះគឺបញ្ហាអនាម័យ។ លោកបន្ថែមថា “ដើម្បីចូលរួមចំណែកថែទាំ និងការចូលរួមថែរក្សាលំនឹងទឹកឱ្យបានប្រសើរនោះ ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមធ្វើការអំពាវនាវឱ្យមានការសហការគ្នាជាមួយអង្គការដៃគូនានា ដោយដាក់បញ្ចូល ការអប់រំអំពីការថែទាំ និងការប្រើប្រាស់ទឹកនៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតដល់សិស្សានុសិស្ស ដោយធ្វើយ៉ាងណាឱ្យពួកគេបានយល់ អំពីសារៈប្រយោជន៍របស់ទឹក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply