ស្រ្តីនៅកម្ពុជាបាននិងកំពុងរងគ្រោះដោយសារជម្ងឺរ៉ុយម៉ាទីសច្រើនជាងបុរស បើទោះជាជម្ងឺនេះមិនបណ្តាលមកពីមេរោគណាមួយក្តី ប៉ុន្តែប្រសិនជាអ្នកជម្ងឺបណ្តោយឲ្យមានអាការៈធ្ងន់ធ្ងរ វាអាចបង្កផលវិបាកជាច្រើនដល់សុខភាពរបស់ខ្លួន។
ដើម្បីឲ្យបានយល់ជ្រាបច្បាស់ពីបញ្ហានេះ លោក គង់ សូរិយា អ្នកយកព៌តមានផ្នែកសុខភាពនៃវេសាយសុខភាពកម្ពុជា បានជួបធ្វើបទសម្ភាសន៍ឆ្លើយឆ្លងជាមួយលោកវេជ្ជបណ្ឌិត ស៊ិក ធីរៈ ឯកទេសជម្ងឺសន្លាក់នៃគ្លីនីកឯកទេសឆ្អឹង ដែលមានទីតាំងនៅខាងក្រោយផ្សារសំណង់១២ ដើម្បីផ្តល់ជូនមិត្តអ្នកអានបានយល់ជ្រួតជ្រាប និងបង្ការជម្ងឺនេះ។
សំណួរ តើអ្វីជាជម្ងឺរ៉ូម៉ាទីស?
ចម្លើយ ជម្ងឺរ៉ូម៉ាទីសជាប្រភេទជម្ងឺម្យ៉ាង ដែលប្រព័ន្ឋភាពស៊ុំានៃរាងកាយទៅវាយប្រហារកន្លែងទីតាំងសន្លាក់ និងបណ្តាលឲ្យទីតាំងនោះរងការខូចខាតជាបន្តបន្ទាប់។
សំណួរ តើជម្ងឺនេះមានរោគសញ្ញាយ៉ាងដូចម្តេច?
ចម្លើយ ជម្ងឺនេះមានរោគសញ្ញា ដូចជាតឹងនៅម្រាមដៃ នៅតំបន់កដៃ ស្មានិងឆ្អឹងដងកាំបិតនៅពេលព្រឹក និងមានភាពធូរស្បើយប្រសិនជាយើងបានធ្វើការម៉ាស្សាវាឲ្យបានត្រឹមត្រូវ។
សំណួរ តើជម្ងឺនេះបង្កផលវិបាកអ្វីខ្លះ?
ចម្លើយ ជម្ងឺនេះបង្កផលវិបាកជាច្រើនដូចជា ឈឺ និងបណ្តាលឲ្យហើមនៅទីតាំងសន្លាក់ ម្រាមដៃជើង និងប្រឈមមុខនឹងការគាំងសន្លាក់ ទម្រង់ម្រាមដៃជើងមានភាពគំរីងគំរាំង ខូចទ្រង់ទ្រាយជាដើម។ កាន់តែធ្ងន់ធ្ងរវាអាចបណ្តាលឲ្យខូតសន្លាក់ ហើយធ្វើឲ្យអ្នកជម្ងឺមិនអាចធ្វើចលនាម្រាមដៃជើង និងមិនអាចដើរបាន។
សំណួរ តើក្រុមមនុស្សប្រភេទណារងគ្រោះព្រោះជម្ងឺនេះច្រើនជាងគេ?
ចម្លើយ ស្រ្តីរងគ្រោះដោយសារជម្ងឺនេះច្រើនជាងបុរស ដោយវាគ្របដណ្តប់ប្រមាណ៦០ភាគរយនៃអ្នកជម្ងឺសរុប ។ ប្រសិនជាជម្ងឺនេះកើតលើក្មេងស្រីវ័យ ជំទង់វាមានការវិវត្ត៍ខ្លាំង និងទាមទារការព្យាបាលឲ្យបានឆាប់រហ័ស។ ទោះជាយ៉ាងណាជម្ងឺនេះ កើតលើស្រ្តី និងបុរសវ័យកណ្តាលចាប់ពីអាយុ៤០ឆ្នាំទ្បើង។
សំណួរ តើគេអាចដឹង និងធ្វើរោគវិនិច្ឆ័ជម្ងឺនេះតាមរយៈអ្វី?
ចម្លើយ ជម្ងឺនេះយើងអាចរកឃើញតាមរយៈរោគសញ្ញាដូចពោលខាងលើតាមរយៈការថតកាំរស្មីអ៊ិច និងតាមរយៈការធ្វើវិភាគឈាម ទើបអាចរកសញ្ញាជម្ងឺនេះបាន។
សំណួរ តើជម្ងឺនេះអាចព្យាបាលជាសះស្បើយដែរឬទេ?
ចម្លើយ ជម្ងឺនេះមិនអាចព្យាបាលជាសះស្បើយបាន១០០ភាគរយទេ ប៉ុន្តែបើអ្នកជម្ងឺទទួលការព្យាបាលបានល្អ និងទាន់ពេលវេលា វាជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជម្ងឺសន្លាក់។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២
Leave a Reply