បច្ចុប្បន្ននេះ ការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងជារៀងរាល់ថ្ងៃនៅកម្ពុជា។ គ្រឿងញៀនត្រូវបានប្រើជាច្រើន រូបភាព ដូចជាការលេប ចាក់ ជក់ ហិតជាដើម។ បន្ដិចម្ដងៗគ្រឿងញៀនបានធ្វើឱ្យរាងកាយអ្នកប្រើទ្រុឌទ្រោម ធ្វើអ្វីមិនកើត មិនអាចម្ចាស់ការលើខ្លួនឯងបាន។ អ្នកប្រើប្រាស់ភាគច្រើនមិនបានយល់ដឹងអំពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់ឡើយ ហេតុនេះហើយទើបធ្វើឱ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់។
តាមរយៈការចេញផ្សាយរបស់ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ លោកអ្នកបានទទួលជ្រាបរួចមកហើយអំពីបញ្ហាមួយ ចំនួនរបស់គ្រឿងញៀន។ នៅពេលនេះ លោកអ្នកនឹងបានទទួលជ្រាបជាបន្ដទៀតអំពីអត្រាដែលគួរឱ្យកត់សម្គាល់នៅកម្ពុជាស្ដីពីកំណើននៃការប្រើប្រាស់គ្រឿងញៀន តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធានមន្ទីរពិសោធន៍គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។
វត្ដមានគ្រឿងញៀននៅកម្ពុជា
កម្ពុជាបានស្វាគមន៍គ្រឿងញៀនជាលើកដំបូងនៅឆ្នាំ១៩៩០ ដោយមានរូបភាពជាមេតំហ្វេតាមីន ឬយ៉ាម៉ា ដែលភាគច្រើន ត្រូវបានគេប្រើជាថ្នាំប៉ូវកម្លាំងសម្រាប់អ្នកធ្វើការងារធ្ងន់ ដូចជាអ្នកកាប់ឈើ អ្នកនេសាទ អ្នករត់ពន្ធ អ្នកបើកបរជាដើម។ ក្រោយមក ការនាំចូលគ្រឿងញៀនកាន់តែច្រើន ធ្វើឱ្យមានការប្រើប្រាស់កាន់តែរាលដាលទៅដល់យុវជន និងសិស្សសាលា។ គ្រឿងញៀនបានពង្វក់យុវជនសេពតាមរយៈការឃោសនាថាអាចជួយឱ្យសប្បាយ ឬបំបាត់ទុក្ខ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់មួយចំនួនត្រូវគេបង្ខំ ឬគំរាមឱ្យប្រើដើម្បីឱ្យអ្នករងគ្រោះបម្រើផលប្រយោជន៍ដល់ពួកគេ។
ស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀន
ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩០មក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើតជាលំដាប់។ រហូតមកដល់ឆ្នាំ២០០៥ មានអ្នកញៀនថ្នាំចំនួន៧០៧៤នាក់ហើយនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០០៦ មានអត្រាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥ ៧៨៤នាក់ ចំនួននេះកើនឡើងលើសឆ្នាំមុនគួរឱ្យព្រួយបារម្ភ។ ក្នុងចំណោមអ្នកញៀនគ្រឿងញៀនទាំងអស់នេះសុទ្ធសឹងជាកុមារ និងយុវវ័យមានអាយុពី១១ទៅដល់២៥ឆ្នាំ ដែលជាវ័យកំពុងលូតលាស់ក្នុងការក្រេបយកចំណេះដឹង និងបទពិ សោធន៍ទាំងឡាយក្នុងជីវិត។ ផ្ទុយទៅវិញពួកគេបែរជាខកខានពុំបានសិក្សា និងកំពុងឈ្លក់វង្វេងជាមួយគ្រឿងញៀនទៅវិញ។ តួលេខនេះជាតួលេខដែលសមត្ថកិច្ចរកឃើញតែប៉ុណ្ណោះ ចំនួនពិតប្រាកដអាចច្រើនជាងនេះ។ សូមបញ្ជាក់ផងដែរថាក្នុងប្រទេសកម្ពុជា មានមណ្ឌលអប់រំកែប្រែអ្នកញៀនថ្នាំចំនួន៧កន្លែងបង្កើតឡើងដើម្បីជួយព្យាបាលជនរងគ្រោះដោយគ្រឿងញៀន។
ដំបូន្មានអ្នកជំនាញ
ការប្រើប្រាស់គ្រឿងញៀនបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាបញ្ហាសង្គម បញ្ហាគ្រួសារ បញ្ហាជីវភាព សុខភាពជាដើម ។ បញ្ហាទាំងអស់នេះហើយដែលជួនកាលធ្វើឱ្យអ្នកដែលបានព្យាបាលគ្រឿងញៀនជាហើយត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនសាជាថ្មី ទៀត។ សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀននៅកម្ពុជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply