ប្រេត​ទាំង១២​ទម្រង់

ឆ្នាំនេះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​មួយក្នុង​ចំណោម​បុណ្យ​ជាច្រើន​តាមបែប​សាសនា​សម្រាប់​ពុទ្ធសាសនិកជន និង​ប្រព្រឹត្ដ​ទៅចាប់តាំង​ពីថ្ងៃទី​១រោច​ដល់ថ្ងៃទី១៥​រោចខែភទ្របទ ហើយ​ថ្ងៃភ្ជុំបិណ្ឌធំ​ត្រូវនឹង​ថ្ងៃទី០៥​ដល់ថ្ងៃទី​១៩ខែកញ្ញា​២០០៩។ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ធ្វើឡើង​ក្នុងកិច្ច​បញ្ជូន​កុសល​ទាំងឡាយ​ទៅឱ្យ​ញាតិមិត្ដ ឪពុកម្ដាយ ឬ​បងប្អូន​ដែលបាន​ចែកឋាន​ទៅហើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថន័យ​របស់​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​បីយ៉ាងគឺ ៖

1 . ធ្វើបុណ្យ​ឧទ្ទិសកុសល​ចំពោះ​បុគ្គល មាន​មាតាបិតា​ញាតិកា​ទាំង៧សន្ដាន​ដែលបាន​ចែកឋាន​ទៅកាន់​បរលោក​ហើយ ទោះ​ទៅកើត​នៅទីណា កើតជាអ្វី​ក៏ដោយ។ លោកអ្នក​ខ្លះយល់​ច្រឡំ​ដោយ​ចំពោះ​ថាឧទ្ទិស​ទៅឱ្យ​ពួក​ប្រេត​ជាឧបាយិក​សត្វ​ទាំងនេះ មកពី​យល់មិនច្បាស់​អំពី​សព្ទថា​(បេតៈ ឬប្រេត)​ច្រើន​លើកយក​រឿងសត្វ​ប្រេតមក​ធ្វើជា​ប្រភពបុណ្យ។ ពាក្យថា​បេតៈ​ជាភាសា​បាលី សំស្ក្រឹត​ថាប្រេត ដែលអាច​ថាប្រេត​ដោយប្រែ​សេចក្ដីថា ៖ អ្នក​ទៅកាន់​បរលោក​ឬអ្នក​ដែលធ្វើ​មរណៈកាល​ទៅកាន់​បរលោក។ បើ​ប្រើ ជានាម​គឺសំដៅ​យកសត្វប្រេត​ក្នុង​អបាយភូមិ ប្រើ​ជាគុណនាម​សំដៅ​យកមនុស្ស​ដែលស្លាប់​ទៅហើយ។ គោលដៅ​របស់​បុណ្យ​នេះ មិន​ចំពោះ​តែធ្វើ​ឧទ្ទិស​សំដៅ​ទៅបេតបុគ្គល​ជាញាតិកា​ទាំងអស់ មាន​មាតាបិតា​ជាដើម ដែលស្លាប់​ទៅហើយ​ទៅកើត​ជាអ្វី​ក៏ដោយ បើកើត​ជាប្រេត នរក តិរច្ឆាន ឬ​អសុរកាយ ក៏​ឱ្យបាន​រួចដោះ​កម្មពៀរ​បានសុខ​ចម្រើន​ឡើង បើទៅ​កើតជា​មនុស្ស​ជាទេវតា​ក៏សូមឱ្យមាន​ជោគសិរិសួស្ដី​សុខចម្រើន​ក្រៃលែង​ទៅទៀត។

2 . ធ្វើ​ដើម្បី​ឱ្យសុខ​ចម្រើន​សិរីសួស្ដី ដែលកើត​ផលទាន​ដល់ខ្លួន។

3 . ធ្វើដើម្បី​បង្កើត​សាមគ្គី​របស់ជាតិ ទើបមាន​កំណត់ថ្ងៃ​ខែពេលវេលា និង​ទានវត្ថុ​មាន​នំអន្សម​ជាដើម ប្លែក​ជាងទាន​ទាំង អស់ ហើយ​ស្រុះស្រួល​គ្នាធ្វើ​ដូចៗគ្នា​ទាំងអស់។

ទម្រង់​នៃ​ប្រេត

បើតាម​ការ​ស្រាវជ្រាវ​នៅក្នុង​សៀវភៅ​ល្បើក​ប្រេត​បានសម្ដែង​ឱ្យដឹងថា ប្រេត​មាន១២​ពួកដែល​កំពុង​សោយផល​នៃបាបកម្មផ្សេងៗ​គ្នា ដែលមាន​ដូចជា ៖

1 . វន្ដាសា ៖ ពួកប្រេត​នេះមាន​មុខក្រញូវ វង់ភ្នែក​គ្រលួង ដុះរោម​ស្រមូវ មាត់​វៀចកំប៉ូវ ស្មងកោង​កំពួរ សក់រួញ​ក្រញង់ ពោះប៉ោង​កំប៉ង់ ខ្លួនធំ​ក្លិនខ្មួរ ដៃជើង​ក្រញង់ ធ្មេញដុស​ខុសជួរ សរសៃ​ដូចពួរព័ន្ធព័ទ្ធ​ពេញកាយ រាងខ្ពស់​ចង្គ្រោង ស្គមដូច​កុកគ្រោង ដំបៅពេញ​កាយ រាប់រយលាន​ឆ្នាំ​មិនដែល​ស្គាល់បាយ ទុក្ខឥត​រសាយ​ស៊ីតែ​កំហាក។ ប្រេតនេះ​កាលពី​មុនមិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ដជ្រះថ្លា ធ្វើដោយ​អំណាច​ចិត្ដកាច​ឫស្យា​ស្ដោះដាក់​អាហារ​ឱ្យអ្នក​សីលខ្ពស់។ ម្យ៉ាងទៀត​ជ្រះថ្លា​តែល្មើស​ក្នុងការ​ឱ្យទាន​មានមោះ​ចាត់ចែង ភោជនស្មោកគ្រោក​លើសលោះ​ឱ្យឥត​ពិគ្រោះ​កខ្វក់ក៏ឱ្យ។

2 . កុលបា ៖ ពួកប្រេត​នេះពោះ​ធ្លាក់​ត្រយោក មុខខ្លី​កំប៉ុក ភ្នែកប៉ុន​ត្រឡោក ចង្កា​យារស្ដោក ធ្មេញ​ធំប៉ុនចប។ សក់វែង​អូសដី ច្រមុះ​ខើចខ្លីក​ស្ដួចដូចដប ក្បាលធំ​ជាងខ្លួន​មិន​សមប្រកប គួរឱ្យ​ខ្លាចខ្លប​ពួកប្រេត​អប្រិយ។ ប្រេតនេះ​ក្លិនស្អុយ​អសោចិ ស៊ីតែ​សពខ្មោច​ស៊ីឥត​ប្រណី នាំគ្នា​អង្គុយ​ផ្ទាល់ដី​ចាប់ហែក​ទាញបោច។ ប្រេតនេះ​អត់បាយ​រាប់កោដិ​ឆ្នាំផ្លាយ ឃ្លាន​ស្ទើរហិនហោច​ខំស៊ី ខ្ទុះឈាម​នៃសាកសព្វ​ខ្មោចឥត​បាន​ប្រយោជន៍​ឱ្យបាត់អត់​ឃ្លានឡើយ។ ស៊ីណាស់​ឃ្លានណាស់ ព្រោះកម្ម​ផលចាស់​ដែលខ្លួន​បានធ្វើ​ចេះតែ​បណ្ដោយ​ឱ្យទុក្ខ​ឥតស្បើយ បើបាន​ស៊ីហើយ​ឃ្លានរឹត​លើសដើម។ ប្រេតនេះ​កាលពី​មុនមិនបាន​ធ្វើបុណ្យ​ជាមនុស្ស​ខូចឆ្នើម ឃើញ​កម្មអាក្រក់​មិនចេះ​រអើម​ឥតមាន​សម្បើម​ប្រមាទ​គ្រប់យ៉ាង មិនមាន​កោតខ្លាច​ឫទ្ធី​អំណាច​អ្នកមាន​សីលសាង បញ្ឆាត​អ្នកបួស​អ្នកមាន សម្អាង​ឱ្យសាច់​១០យ៉ាង​ខុសធម៌​វិន័យ ឱ្យ​ដោយ​ឫស្យា​ចិត្ដគ្មាន​មេត្ដា ឱ្យហើយ​បំភ័យ បំផ្លាញ​អ្នកបួស​ឱ្យខុស​វិន័យ ធ្វើ​សង្ឃ​ឱ្យភ័យរន្ធត់​ស្មារតី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ឈ្មោះ​គូទ ៖ ប្រេត​នេះមាន​ភ្នែកវិល​ទទឹង មាត់ខើច​សំញេញ ដុះរោម​ជិតឈឹង ច្រមុះ​ត្រង់ភ្លឹង កខ្លី​ដូចហ៊ីង។ ក្បាលធំ ក្រមាង សក់ដុះ​ខាងៗកណ្ដាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភឹ្លង រូបរាង​ស្គមរឹង ស៊ីតែ​លាមក។ ក្លិនស្ទុយ​ខ្មោះៗ សាច់​ក្រៀ​ក្រោះ ដៃជើង​ធំស្ទក់ ខំដើរ​ស្កាត់រក​គំនរលាមក ឃើញហើយ​ជញ្ជក់​លេប​ឥតគិតគន់ ច្រើនដើរ​តត្រុក​ក្រោមផ្ទះ​អ្នកស្រុក​នឹង​ទីបង្គន់ ឃ្លានបាយ​ខ្លាំងណាស់សោយ​ទុក្ខទោស​ធ្ងន់ ឥត​ប្ដីប្រពន្ធ​រស់សែន​វេទនា។ ប្រេតនេះ​រស់រង​ផលកម្ម​គឺពៀរវេរា កាលពី​ជាតិមុន​ជាជនពាលា​មិនមាន​ចិត្ដសទ្ធា​កោងកាច​អប្រិយ គម្រាម​អ្នកបួស​ឱ្យឆាន់​អាចម៍​ឈ្លូស​អាចម៍ក្របី។ អ្នក​បួសខ្លាច​អំណាច​លោកីយ៍​ចេះតែខំ​ឆីមិន​ហ៊ានតវ៉ា។ មួយទៀត​ខ្លួនមាន​មិនចំណាយ​ទាន​ឱ្យដល់​មាតាបិតា ជីដូនជីតា​ឱ្យលោក​ខ្លោចផ្សា។ លុះជន​នេះស្លាប់​ទៅ ធ្លាក់​នរក​ខ្ទះដែក សេសសល់ ផលកម្ម​កើតជា​ប្រេតប្លែក​ស្រេកឃ្លាន​អនេកកាយ​លាមកស៊ី។

4 . អគ្ខិជាល ៖ ប្រេតនេះ​ភ្លើងឆេះ​រោលរាល ភ្នែក​ហើមលាន ក្បាល​ងងក់​ស្រែកយំ ភ្លើងឆេះ​រន្ធមាត់។ ឆេះឆួល ក្នុង​កាយកម្ដៅ​ចំហាយ​ក្ដៅខ្លាំង​ឆេះចេញ​តាមមាត់​នៃ​ប្រេតចង្រៃ តែប្រេត​មិនក្ស័យ​ព្រោះ​កម្មកណ្ដាល។ ពួកប្រេត​នេះ​ស្រេកឃ្លាន អាហារ​ចុកសៀត​ដាល ណាមួយ​ស្រេកទឹក ណាមួយ​ឈឺក្បាល ទុក្ខធ្ងន់​មិនស្រាល​ទុក្ខច្រើន​ប្រការ។ ប្រេតនេះ​ច្រើននៅ​ក្នុងដង​ព្រៃជ្រៅ ក្បែរមាត់​សមុទ្រ​លើដុំ​សិលា ឬកោះ​ក៏មានដែរ។ ពពួក​ប្រេតនេះ កាលពី​ជាតិមុន​គំនិត​ស៊យស៊ុន​ជាមនុស្ស​ប៉ោឡែ លេងឥត​បើគិត។ ក្ដៅ​ថាត្រជាក់​បញ្ឆោត​ពេញវត្ដ​ដល់សង្ឃ​ទាំងឡាយ ឱ្យសង្ឃ​លូកចាប់ក្ដៅ​ញ័រសព្វកាយ រួចខ្លួន​សើចសប្បាយ​ថាសង្ឃ​ឆោត។ ហេតុនេះ​លោកអ្នក​គួរចាំ​ឱ្យជាក់​រឿងលេង​បញ្ឆោត​លើអ្នក​មាន​សីលល្អ គួរឱ្យ​កោតដុត​ប្រេតនេះ​សោតជាតួ​ភស្ដុតាង។ បើបាន​ដឹងហើយ​កុំធ្វើ តោះតើយ គួរ​ខំកសាង​កុសល​សីលទាន​ទុក្ខជា​សម្អាង​ជាព្រេង​សំណាង​កំដរអាត្មា។ តែបើ​ឡេះឡោះ​មុខជា​ភ្លាត់ថ្លស់​ខ្លួនខក​ខូចការ លុះដល់​ស្លាប់ទៅ​កម្ម​នាំជីវ៉ា​កើតប្រេត​នេះណា​ប្រាកដ​ជាក់ស្ដែង។

5 . សុចិមុខ ៖ ប្រេតនេះ​រងទុក្ខ​ព្រោះ​កម្មតាក់តែង មាត់ស្រួច​ដូចម្ជុល ក្បាលធំ​ត្រមែង រន្ធមាត់​នោះឯង​ប៉ុនរន្ធ​ក្ដិតម្ជុល។ ដៃជើង​ធំប្លែក​ធំណាស់​ចម្លែក​ធំពេក​ធំជ្រុល​ធំវែង​ខ្ពស់ស្ដុល​ឃើញស្មាន​ជាភ្នំ។ ភ្នែកលាន​ក្រឡោត ក្រចក​ដៃសោតស្រែង​ស៊ីសុសជុំ ដុះវែង​ក្រាស់ខុបចោត​ដូចជើង​ភ្នំ សាច់​ពកធំៗ​ប៉ុនធំ​ថ្មដា។ សាច់ស្បែក​គគ្រាត​ស្លែដុះ​ព្រោងព្រាត​ដូចសិលា សក់ក្បាល​ពុកមាត់ និង​ពុកចង្កា ដុះដូច​ព្រឹក្សាលតា​ទាំងឡាយ។ ពួកប្រេត​នេះច្រើន​នៅបព្វតា​ក្នុងព្រៃជ្រៅ​ឆ្ងាយ ស្រេកឃ្លាន​អាហារ ខ្លោច​ផ្សាពេកកូវ ចាក់ទឹក​មិនចូល ញាត់​បាយ​មិនទៅ ចេះតែ​រស់នៅ​រស់ដោយ​ផលកម្ម។ កាលពី​ជាតិមុន​មិនបាន​ធ្វើបុណ្យ មាន​ទ្រព្យសម្បត្ដិ កំណាញ់​រងកម្ម​លោភនៅប្រចាំ​ស៊ូអត់​ស៊ីឃ្លាន។ មាតាបិតា​ឱ្យលោក​ពិសា​កុំឱ្យឃ្លាន មិនដែល​បានធ្វើ​កូនបុណ្យ​កូនទាន ជាមនុស្ស​ស្រេកឃ្លាន​ចង់មាន​ភ្លេចស្លាប់។ ហេតុនេះ​លោកអ្នក​បើបាន​ជ្រាបជាក់​គួរ​ប្រែក្រឡាប់​ចិញ្ចឹម​មាតាបិតា។ ចាយ​ទ្រព្យ​តាមច្បាប់​មិនចេះ​ក្រឡើយ។

6 . កណ្ហជិ ៖ ដៃជើង​ធំៗ ខ្លួនធំ​ដូចយក្ស សាច់​សពព្លាក់​ពពាល​ឡើងចាំង។ កវែង ក្បាល​ផ្អៀង ភ្នែក​កែកស្រលៀង​ធំលៀន ម្ខាង ច្រមុះធំ​ខ្លីរោមដុះ ដៃជើង​ក្រញាង ស្រេកឃ្លាន​អាហារ ពោះញ័រ​ផ្សាក្ដៅ​ក្រៀម​ក្រំមួម៉ៅ​ព្រោះស៊ី​មិនបាន។ ស្រេកទឹក​ខ្លាំងណាស់ ឃើញបឹង​ឬស្រះ​នឹកថា​បានក្សាន្ដ​ថាបាត់​ស្រេកឃ្លាន​ដែលមាន​ក្នុងប្រាណ ទឹកនោះ​ក្លាយថ្កាន​ជាភ្លើង​ជាថ្ម ចំណី​អាហារ​បើឃើញ​កាលណា មាន​ចិត្ដត្រេកអរ ដល់ដើរ​ទៅជិត​ក្លាយជា​ក្រួសថ្មភ្លើង។ ប្រេតនេះ​ជាតិមុន​ជាមនុស្ស​ទុជន​មិនស្គាល់​ខុសត្រូវ ដឹកគោ​ចូលវត្ដ​បែកដី ស៊ីដំណាំ​សង្ឃ ឱ្យគោ​ផឹកទឹក​ស្រះ​ជុះនោម​ល្អក់អស់ទឹក​សង្ឃ។ សង្ឃបាន​ប្រាប់ហាម​រឹងណាស់ មិនតាម​ចចេសចង​ចិត្ដគំនុំ ហើយ​តាំងខំប្រើ​ធម៌មិន​ប្រសើរ​បំផ្លាញ​ចោលទឹក។ ហេតុនេះ​លោកអ្នក​កុំធ្វើ​រវឹក​ឱ្យគោ​ចូលវត្ដ ឱ្យស៊ី​ស្មៅផឹកទឹក​បំផ្លាញ​ទ្រព្យសង្ឃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

7. នជ្ឈា ៖ រូបកាយ​គ្រាំគ្រា​រងទុក្ខ​គ្មានស្បើយ ប្រេតនេះ​កម្មក្រាស់​ព្រួយឥត​ល្ហែល្ហើយ ស៊ី​មិនកើត​ឡើយ​មាត់ដុះ​កន្ទុយ។ រូបរាង​អាក្រក់ ពោះប៉ោង​កំប៉ក់ ផ្ចិតទល់​លៀនស្ទុយ ច្រមុះ​កញ្ឆត ភ្នែក​ដូចទីទុយ មុខដុះ​រោមស្គុយ មាត់ស្អុយ​ខ្មួរខ្មោះ សាច់ខ្មៅ ក្រងិត​រាងខ្ពស់​ស្គមស្វិត​ដៃជើង​កក្រោះ ម្រាមដុះ​ជាប់គ្នា​ជិតគ្មាន​ចន្លោះ​រាងដូច​ចបបបូរមាត់​ជ្រុង​ខាងលើ​សំយុង​ធ្លាក់​គ្របចង្កា ត្រចៀក បាក់ធ្លាក់ យារដាបដល់​ស្មា សក់ក្បាល​វែង​អាក្រក់​ក្រៃពេក។ ប្រេតនេះ​ច្រើន​នៅក្នុង​ដងព្រៃជ្រៅ​ឆ្ងាយ​ដាច់អាល័យ ឬ​នៅលើកោះ​ក្នុង ជលស័យ ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ដ​អាក្រក់​ជេរស្ដី​ទ្រគោះ។ ប្រេតនេះ​កាលពី​ជាតិមុន​និយាយ​ចាក់ដោត​ឡកឡាយ ធ្វើឱ្យ​អ្នកមាន​សីល អាប់​កិត្ដិយស ឃើញជន​ពិការស្ដី​ឡកឡាយ​ដាក់និយាយ​ឱ្យខ្មាស។ ហេតុនេះ​លោកអ្នក​បើបាន​ជ្រាបជាក់​គួរសាង​សីលទាន ធ្វើចិត្ដ​ឱ្យល្អ មាន​ករុណា ឃើញ​ជនពិការកុំឡកឡាយ តាំងចិត្ដ​ឱ្យធ្ងន់​និយាយ​ឱ្យទន់​កុំញុះ​មុខក្រោយ បំបែក​ពួក​បក្ខនិយាយ​កោសកោយ ប្រយ័ត្នផល​ឱ្យមាត់​ដុះកន្ទុយ។

8 . សព្វ​ចង្កា ៖ រូបរាង​ទុយមុយ ដំបៅ​ពេញកាយ សាច់សុទ្ធ​ពងរុយ ខ្ទុះដូច​ជ័រគុយ រុយរោម​អែអុក។ សាច់​ហើមភ្នែក ធំលៀន ធំក្លិន​ស្អុយ​គគ្រក់ ច្រមុះ​ធំវែង ពោះធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រងទុក្ខ​ឥតមាន​ស្រាកស្រាន្ដ។ ស្រេកឃ្លាន​អាហារ​ខំយក​ដៃខ្វាពាស ពេញ​ខ្លួនប្រាណ ក្រចក​វែងមុត​ខ្វេះហែក​សាច់បាន​ហែក​សាច់​ខ្លួនប្រាណ​ស៊ី​ជាអាហារ ស៊ីណាស់​ឃ្លានណាស់ ព្រោះ​ផលកម្ម​ចាស់អាក្រក់ ក្លៀវក្លា ហែក​សាច់ឯង​ស៊ីឈឺចាប់​ខ្លោចផ្សា តែ​ឥតបាន​ការឱ្យ​ឆ្អែត​បាត់ឃ្លាន។ ប្រេតនេះ​ច្រើននៅក្នុង​ព្រៃភ្នំ ជាតិមុន​មិនមាន​ធ្វើបុណ្យ ចិត្ដកាច​ឫស្យា​ដាល់តប់ម៉ែឪ​ជីដូន​ជីតា ឬ​ញាតិកា​អ្នកមាន​គុណលើ។ មិនមាន​កោតខ្លាច​ប្រព្រឹត្ដ​កោងកាច​កាន់​ឫកក្រពើ បំភ្លេច​គុណចាស់​អ្នកដែល​បានធ្វើ​ជាជន​ភ្លីភ្លើអកតញ្ញូ។ សូម​ជន​តាំងចិត្ដ​ឱ្យធ្ងន់​ខឹងខំ​បន្ធូរ ចំពោះ​ម៉ែឪ​ដូនតា និង​គ្រូកុំខឹង​តបស្នង​អ្នកមាន​គុណ។ ត្រូវតែ​គោរព​បូជា​ថ្ងៃយប់ បើបាន​ចំណី​ល្អគួរ​ជូនលោក​មុនទៅ ទើប​ហៅដឹង​គុណមាន​កតញ្ញូ។ បើមិន​ប្រព្រឹត្ដ​តាមពាក្យ​នេះពិត​ឥតមាន បន្ធូរ ស្លាប់​ទៅពេល​ណាមិន​បាច់គិតគូរ​របូត​ធ្លាក់​ប្រេត​នរក។

9 . បព្វង្កា ៖ ប្រេតនេះ​ដៃខ្លី​ជើងខ្លី ខ្លួនវែង​ធំខ្ពស់​ដូចភ្នំ​ឆេះ ដូចដុំដែក​ក្រហម​ក្ដៅញ័រ​កាយា​លំបាក​ពេកក្រៃ ក្នុង​ចិត្ដខ្លោច​ផ្សា ក្រៀម​ក្រំឱ​រ៉ាហៅ​មហាលំបាក។ ស្រេកឃ្លាន​អាហារ​រាប់កោត​សិបឆ្នាំ​ឃ្លាន​ឥតមាន​ស្រាក​តែមិន​ចេះស្លាប់ ព្រោះកម្ម​វិបាក​មិន​បរិច្ចាគ ធ្វើសីល​ឱ្យទាន។ ប្រេតនេះ​ច្រើន​នៅក្នុង​ដងព្រៃ​ជ្រៅ ប្រេតនេះ​ពីជាតិមុន​មនុស្ស​ទុជនិចិត្ដរឹង​ដូចដែក ខឹងចង​គំនុំ​ប្រឈ្លោះ​ប្រកែក កោងកាច​អនេក​គុំគួន​ព្យាបាទ។ អ្នកកាប់​សម្លាប់​មិនចេះ​ខ្លាចស្លាប់​ជាជន​ប្រមាទ បង្ហិន​បង្ហោច​ធ្វើឱ្យ​ខូចខាត ដុតព្រៃ និងផ្ទះ​សម្បែង ធ្វើឱ្យ​តែឈ្នះ​ចិត្ដកាចមានៈ​ឥតមាន​កោតក្រែង អំពើ​អាក្រក់​មិនខ្លាច​រអែង​ឃើញ​ផលជាក់​ស្ដែង​នៅនា​លោកីយ៍។ លុះដល់​ស្លាប់​ទៅធ្លាក់នរក​ជ្រៅ​ឈ្មោះ​អវីចីសេសសល់​ផលកម្ម​វិលឡើង​មកខ្មី​កើត​ប្រេត​អប្រិយ​ភ្លើងឆេះ​ជានិច្ច។ ហេតុនេះ​លោកអ្នក​បើបាន​ជ្រាបជាក់​ខិតខំ ខ្ចប់វេច កុំ​ចងគំនុំ​នាំឱ្យ​វិលរេច​ខឹងខ្លាំង​ខំធ្មេច​ភ្នែក​ទប់ចិន្ដា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

10 . អដតរៈ ៖ ក្បាលច្រើន​ប្រការ ខ្លួន​ជាពស់​ថ្លាន់ ក្បាល​ជាសត្វខ្លា ជួនក្បាល​ដូចឆ្មា​ជាគោក្របី។ ប្រេតនេះ​ចម្លែក មាន​រូបរាងប្លែក​ខុសប្រក្រតី ខ្លួន​ជាពស់​ថ្លាន់​ធំវាលើដី។ ម្ដងក្បាល​ជាខ្លា ម្ដងក្បាល​ជាស្វាដំរី​មៀម ម្ដង​ជាក្បាល​មាន់​ជាប្រើស​ខ្លាឃ្មុំ ភ្លើង​ឆេះព័ទ្ធ​រុំទាំងយប់​ទាំងថ្ងៃ។ ស្រេកឃ្លាន​អនេក ចេះតែ​ថ្ងូរស្រែក ទុក្ខ្ខខ្លាំង​ពេកក្រៃ ភ្លើងឆេះ​ជានិច្ច ឥតមាន​សំចៃ តែប្រេត​មិនក្ស័យ​ព្រោះកម្ម​ក្លៀវក្លា។ ប្រេតនេះ​ជាតិមុន​មិនបាន​ធ្វើបុណ្យ​ប្រព្រឹត្ដ​ប៉ោឡែ ព្រហើន​កោងកាច​ដុតផ្ទះ​ដុតស្រែ មិនខ្លាច​ឪម៉ែ​ជីដូនជីតា ដៀល​អ្នកមាន​សីល​មាត់ខូច​រអិល​ប្រទេច​ផ្ដាសា ជេរអ្នក​មានគុណ​ថា​ឆ្កែថាឆ្មា ព្រះសង្ឃ​ក្ដីណា​ក៏ជេរ​មិនខ្លាច។ លុះដល់​ស្លាប់ទៅ​កើតនរក​ជ្រៅភ្លើង​ឆេះចិញ្ចាច សេសសស់ផលកម្ម​អំពើ​កំណាច​ជាប្រេត​បិសាចក្បាល​ច្រើនប្រការ។

11 . វេមានិកៈ ៖ រូបធំ​ទ្រមឹង រាងធាត់​ក្រអាញ ដុះរោម​ជិតឈឹង ពោះប៉ោង​ត្រង់​ភឹ្លង​សម្បើម​អស្ចារ្យ។ សោយ​វេទនា​សុខ ទុក្ខ​ស្មើគ្នា តាម​ធម្មតា​ដៃកាន់​អាវុធ​ចិត្ដកាច​ក្លៀវក្លា​ប្រេតនេះ​ហៅយមរាជ។ ពេលដែល​សោយ​ទុក្ខចិត្ដ ពុះ​គគ្រុក​ក្ដៅផ្ទុះ​ដូចលាច​កាប់សត្វនរក ឈាម​ពីព្រឹក​ដល់ល្ងាច​ខឹងឥត​ស្រាកស្រាន្ដ។ អត់បាន​បាយអត់ទឹក​ខឹងញ័រ​គគ្រឹក​ទុក្ខព្រួយ​រំខាន វាយសួរ​ចម្លើយ​កាត់ទោស គ្រប់ឋាន នរក​ប៉ុន្មាន​ត្រួតត្រា​ទាំងអស់។ ពេលដែល​សោយ​សុខឃ្លាត​ឆ្ងាយចាក​ទុក្ខបាត់​សូន្យសោះ ក្លាយខ្លួន​ទៅជា​ទេវបុត្រ​កំលោះ រូបល្អ​ឥតខ្ចោះ​នៅក្នុង​ឋានសួគ៌។ ស្រីទេព​អប្សរ​រូបស្រស់​បវរ​ចោមរោម​ទាំងគូរ​សោយទិព្វ​សម្បត្ដិ​ខ្ចាត់ក្ដី​អាប់អួរ សោយសុខ​ក្នុងសួគ៌​សប្បាយ​ពេកក្រៃ។ ដល់ពេល​សោយទុក្ខ​ឃ្លានចាក​ក្ដីសុខ​កើតប្រេត​ចង្រៃ រងទុក្ខ​វេទនា​ទាំងយប់​ទាំងថ្ងៃ ទុក្ខខ្លាំង​ពេកក្រៃ​ដូចបាន​រៀបរាប់។ កាលពី​ជាតិមុន​ជាមនុស្ស​ដែលបាន​ធ្វើបុណ្យ​ផឹកស្រាសីល មិនបាន​សាងគឺ​បុណ្យ​ក៏ធ្វើបាប​ក៏ធ្វើ​គ្រប់យ៉ាង ធ្វើ​ទាំងពីរ​ខាងធ្វើ ក្នុង​ប្រមាទ។ លុះដល់​ស្លាប់ទៅ​កើតនរក​ជ្រៅ​សោយទុក្ខ​ពេញខ្នាត សេសសល់​ផលកម្ម​កើត​វិនិបាត​ជាប្រេត​សុទ្ធសាធ សោយផល​ទាំងពីរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

12 . មហិទ្ធិកៈ ៖ រូបល្អ​ពេញទី​ជាស្ដេច​នៃចក្រ អ្នកមាន​ឫទ្ធី​ល្អឥត​មានពីរ​ស្មើរូប​ទេព្ដា។ មានគ្រឿង​ស្លៀកពាក់ ស្រស់ល្អពេញ​វគ្គ មាន​ម្កុដសង្វារ​ចាំងចែង​ចិញ្ចាច​គួរចេតនា សាច់ល្អ​ភ្លឺថ្លា​ពណ៌ស្រស់​ប្រិមប្រិយ ទាស់តែ​ស្រេកឃ្លាន​រាប់ឆ្នាំ​សែនលាន​ឥតស្គាល់ ចំណី ឃ្លានស្រេក​យ៉ាងខ្លាំង​ដើរសព្វ​ផែនដី ខំដើរ​រកឆី​អាហារ​ភោជន បើឃើញ​ចំណី​អាហារ​អ្វីៗ​ត្រេកអរ​លើសលន់ ខំស្ទុះ​ទៅចាប់ ភ្លើងឆេះ​ពេកពន់​សោយទុក្ខ​យ៉ាងធ្ងន់​ស្ទើរក្ស័យ​ជីវ៉ា។ បើមិន​ដូចនោះ​ឃើញហើយ​ខំស្ទុះ​ចាប់កើប​ស្រវាបាន​ដាក់ក្នុង​មាត់​លេបទៅកាលណា​ស្រាប់តែ​ក្លាយក្លា​ជាដុំដែក​ក្ដៅ។ ដុំដែក​នោះឯង​ភ្លើងឆេះ​ចិញ្ចែង​ក្រហម​ច្រាលឆ្អៅ ឆេះឆាប​ក្នុងមាត់​ស្រែកយំ​សោកសៅ ដុំដែល​ឆេះក្ដៅ​ដុតក្នុង​កាយា។ ខ្លះស៊ី​លាមក​ស៊ីលេប​ជញ្ជក់​យល់ថា​អាហារ ស៊ីណាស់​ឃ្លានណាស់ ព្រោះកម្ម​ក្លៀវក្លា​ក្លិនស្អុយ​អស្ចារ្យ ល្អតែ​រូបកាយ។ ប្រេតនេះ​ជាតិមុន​បួសក្នុង​សាសនា តែមិន​ប្រព្រឹត្ដ​វិន័យ​ទាំងឡាយ​បួសឆាន់​តែបាយ​ញ៉ាំញី​សាសនា។ ប្រព្រឹត្ដ​អាក្រក់ គំនិត​តក់ម៉ក់​ធ្វើមិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់លាភ​សាសនា វិន័យ​សិក្ខាមិន​ប្រតិបត្ដិ។ ប្រើប្រាស់​បច្ច័យ ឆាន់ដេក​ដល់ថ្ងៃ ធ្វើឫក​ដូចសត្វ ពេលឆាន់​អាហារ​ចិត្ដវិល​រសាត់​មិនប្រតិបត្ដិ​តាមច្បាប់​ឱវាទ។ លុះដល់​ស្លាប់ទៅ​កើតនរកជ្រៅ​សោយទុក្ខ​ពេញខ្នាត សេសសល់​ផលកម្ម កើតប្រេត​រូបស្អាត​ដោយ​ផាតឱវាទ​នៃ​ព្រះសម្ពុទ្ធ។

អ្វីដែល​លើកមក​ជម្រាប​ជូន​លោកអ្នក​នៅពេល​នេះថ្វី​ត្បិតមាន​លក្ខណៈ​ជាកំណាព្យ​ខ្លះក្ដី ក៏ប៉ុន្ដែ​ទស្សនាវដ្ដី សុខភាពយើង ចងក្រង​ឡើងក្នុង​គោល​បំណង​ពញ្ញាក់​ស្មារតី​ដល់​លោកអ្នក​ទាំងឡាយ​ឱ្យខិតខំ​ធ្វើអំពើ​ប្រាសចាក​អំពើ​ទុច្ចរិត ដើម្បី​បានជាបុណ្យ​កុសល សម្រាប់​ជាតិមុខ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *