តាមការស្រាវជ្រាវរបស់ក្រសួងផែនការនៅឆ្នាំ២០០៤បានឱ្យដឹងថាមានបុរសខ្មែរប្រមាណ៥៤% និងស្ដ្រីខ្មែរ៦% ជាអ្នក ជក់បារី។ តាមរយៈការស្រាវជ្រាវនេះយើងឃើញថាអត្រានៃការប្រើប្រាស់បារី ឬថ្នាំជក់មានកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ទោះជាយ៉ាងណាក្ដីផលប៉ះពាល់របស់ថ្នាំជក់់ចំពោះសុខភាពទោះជាបុរសក្ដីស្ដ្រីក្ដីមានកម្រិតធ្ងន់ធ្ងរដូចគ្នា។
កាលពីលេខ០១៦ ខែឧសភា ២០០៧ នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លោកអ្នកបានជ្រាបហើយនូវអត្ថបទបុរស ពិសាបារីនៅលេខនេះទស្សនាវដ្ដីសុខភាពយើងសូមលើកយកប្រធានបទស្ដីអំពីគ្រោះថ្នាក់នៃថ្នាំជក់ទៅលើសុខភាពស្ដ្រីជូនប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់បន្ថែម។ លោកស្រីវេជ្ជបណ្ឌិត រ៉ាយ រ៉ានី អនុប្រធានផ្នែកថ្នាំជក់ និងសុខភាពនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាលបានចូលខ្លួនមកបកស្រាយលើប្រធានបទនេះ។
មូលហេតុស្ដ្រីជក់បារី
មានហេតុផលជាច្រើនដែលបណ្ដាលឱ្យមនុស្សជក់បារី ឬប្រើប្រាស់ថ្នាំជក់់។ ពេលនេះយើងសូមលើកមកជម្រាបជូនបន្ថែមអំពីមូលហេតុជក់បារីរបស់ស្ដ្រី ស្ដ្រីដែលមានទម្លាប់ទទួលទានម្លូស្លា តែងតែចុកថ្នាំជក់ដើម្បីសម្អាតធ្មេញ និងបំបាត់ក្លិនមាត់។
នៅតាមជនបទស្រុកស្រែចម្ការ គេច្រើនសង្កេតឃើញស្ដ្រីខ្លះជក់បារីដោយយកតម្រាប់តាមស្វាមី។ នៅពេលដែលស្វាមី ប្រើឱ្យអុជបារីក្លិនផ្សែងបារីធ្វើឱ្យញៀនចង់ជក់បារីដែរ។ ការមានផ្ទៃពោះធ្វើឱ្យស្ដ្រីខ្លះចង់ជក់បារី ជាហេតុធ្វើឱ្យញៀនបារីបានដែរ។ មានហេតុផលខ្លះទៀត ស្ដ្រីជក់បារីដូចជាហេតុផលដេញមូស សត្វល្អិត ឬដើម្បីទប់ស្កាត់ភាពត្រជាក់(រងាជាដើម)។
ស្ដ្រីមួយចំនួនទៀតបានប្រើប្រាស់ថ្នាំជក់ ព្រោះយល់ថាថ្នាំជក់អាចសម្អាតធ្មេញ និងបំបាត់ការអផ្សុកបាន។
ផលវិបាកចំពោះស្ដ្រីដែលជក់បារី
ស្ដ្រីដែលស្រូបផ្សែងបារីពីគេទោះដោយអចេតនាក្ដីក៏ទទួលរងគ្រោះថ្នាក់ដូចគ្នានឹងស្ដ្រីដែលជក់ផ្ទាល់ដែរ។ ស្ដ្រីទាំងនោះភាគច្រើនជាសមាជិកគ្រួសារ ឬជាមិត្ដភក្ដិរបស់អ្នកដែលជក់បារីនោះតែម្ដង។ កម្រិតគ្រោះថ្នាក់នៃថ្នាំជក់ ឬបារីទៅលើសុខភាពស្ដ្រី គឺមានកម្រិតធ្ងន់ធ្ងរដូចបុរសដែរ។ ផលវិបាកទាំងនោះមានច្រើន ដូចជាមានសុកញំងមាត់ស្បូនធ្វើឱ្យស្ដ្រីមិនអាចមានកូនបានជាដើម។ ចំពោះស្ដ្រីមានផ្ទៃពោះដែលជក់បារីវិញធ្វើឱ្យសម្រាលកូនមិនគ្រប់ខែ ទារកមានការលូតលាស់យឺត កើតមកមិនគ្រប់គីឡូ អន់ថយភាព វ័យឆ្លាត ទារកកើតមកស្លាប់លើសពីនេះធ្វើឱ្យស្ដ្រីឆាប់អស់រដូវទៀតផង។
ក្រៅពីផលវិបាកខាងលើ តាមការសិក្សានៅក្នុងផ្សែងបារីមានសារធាតុគីមីជាង៤០០០ប្រភេទ។ ភាគច្រើននៃសារធាតុគីមីទាំងនោះគឺជាជាតិពុល និងជាជាតិដែលបណ្ដ្កាលឱ្យមានការរលាកដល់កោសិកា។ ក្នុងនោះមានជាតិគីមីប្រហែល៦០ប្រភេទ បណ្ដាល ឱ្យកើតជម្ងឺមហារីក។ ខាងក្រោមនេះជាសារធាតុគីមីមួយចំនួនដែលមាននៅក្នុងបារី ៖
1. ជាតិនីកូទីន៖ ជាសារធាតុបណ្ដាលឱ្យញៀន។ ជាជាតិពុលបណ្ដាលឱ្យមានរំញោចប្រព័ន្ធប្រសាទ បង្កើនសម្ពាធឈាមបង្រួមសរសៃឈាមតូចៗដែលនៅក្រោមស្បែកជាហេតុធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញ។
2. ជាតិជរ័ថា ឬជាតិជរ័កៅស៊ូថ្នល់៖ ជាសារធាតុស្អិតខ្មៅ ដែលជាមូលហេតុចម្បងដែលបណ្ដាលឱ្យកើតជម្ងឺមហារីកព្រមទាំងធ្វើឱ្យក្រចកដៃ ធ្មេញ និងជាលិកាសួតឡើងពណ៌លឿង។
3. កាបូនម៉ូណូអុកស៊ីត៖ ជាឧស្ម័នពុល ធ្វើឱ្យបរិមាណអុកស៊ីសែនក្នុងសព៌ាង្គកាយថយចុះ។
4. អ៊ីដ្រូសែនតានីត ៖ ជាឧស្ម័នពុលអាចចូលទៅបំផ្លាញរោមតូចៗ ដែលមាននៅក្នុងប្រព័ន្ធដង្ហើម។
5.– អង្គធាតុសមាសវិទ្យុសកម្ម៖ បង្កជម្ងឺមហារីក។
6. លោហៈធាតុ ៖ នីកែល អាសេនីក ជាជាតិពុលសម្លាប់ស្រមោច កាតម្ញូម ប្រើក្នុងអាគុយយានយន្ដ។
7. ដេដេតេ៖ ថ្នាំសម្លាប់សត្វល្អិត។
8. ប៊ុយតាន៖ ជាតិគីមីប្រីសម្រាប់់ចង្ក្រានឧស្ម័ន។
9. អាម៉ូញាក់៖ ជាជាតិគីមីប្រើសម្រាប់លាងរបស់ប្រើប្រាស់នៅក្នុងផ្ទះ។
10. តូលុយអែន៖ ជាធាតុរំលាយគីមីសម្រាប់ឧស្សាហកម្ម។
11. អាសេតូន៖ ជាទឹកថ្នាំប្រើសម្រាប់លាងក្រចក។
12. ណាប់តាលីន ៖ ជាថ្នាំសម្រាប់សម្លាប់សត្វកន្លាត។
វិធីដោះស្រាយចំណង់ចង់ជក់បារី
ដើម្បីបំបាត់ចំណង់ជក់បារី ជាពិសេសនៅរយៈពេល៤៨ម៉ោងដំបូង ត្រូវព្យាយាមតាមមធ្យោបាយទាំង៥យ៉ាង។
1. ប្រកាស៖ ចូរលោកអ្នកប្រកាសប្រាប់ទៅគ្រួសារ ឬមិត្ដភក្ដិអំពីការផ្ដាច់បារីរបស់លោកអ្នក ដើម្បីឱ្យជួយគាំទ្រ និងលើកទឹកចិត្ដដល់ការផ្ដាច់បារីរបស់លោកអ្នក។
2. ពន្យារពេល៖ នៅពេលនឹកចង់ជក់បារីមិនត្រូវបើកកញ្ចប់បារី ឬដុតបារីជក់ភ្លាមទេ។ បន្ទាប់ពីពន្យារពេលចង់ជក់បាន៥នាទីមកការចង់ជក់នឹងថយចុះ។ ហើយលោកអ្នកអាចតាំងចិត្ដដើម្បីលះបង់បារីបានដោយត្រូវធ្វើតាមរបៀបនេះជាបន្ដបន្ទាប់ទៀត។
3. ដកដង្ហើមវែងៗ៖ ចូរដកដង្ហើមវែងៗម្ដងហើយម្ដងទៀតឱ្យបានច្រើនដង។
4. ក្រេបទឹកតិចៗ៖ បៀមទឹកទុកក្នុងមាត់ឱ្យយូរបន្ដិចដើម្បីឱ្យដឹងរសជាតិ។
5. ធ្វើអ្វីផ្សេងៗ៖ ដើម្បីឱ្យឈប់គិតពីការជក់បារី លោកអ្នកអាចធ្វើសកម្មភាពផ្សេងៗ ដូចជាស្ដាប់ចម្រៀង ដើរកម្សាន្ដទូរសព្ទ័ទៅលេងមិត្ដភក្ដិ ឬអានសៀវភៅ អានកាសែតជាដើម។
ដំបូន្មានអ្នកប្រឹក្សា
តាមរយៈផលវិបាកទាំងនេះ ស្ដ្រីនិងបុរសទាំងឡាយមិនគួរជក់បារីទេ។ តោងដឹងថាបារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អ្នកនៅជុំវិញមានដូចជាកូនៗជាដើម។ ជាពិសេសស្ដ្រីត្រូវចេះជួយអប់រំលើកទឹកចិត្ដស្វាមីឱ្យ ផ្ដាច់បារីឱ្យបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply