សូមជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំមានចម្ងល់មួយចង់សួរលោកវេជ្ជបណ្ឌិត។ នាងខ្ញុំធ្លាប់ចាក់ថ្នាំសន្លប់២ដងរួចមក ហើយលើកទី១គឺវះកាត់ពេលសម្រាលបុត្រ និងលើកទី២ពេលធ្វើការឆ្លុះជម្ងឺដំបៅក្រពះ។ កាលពីសប្ដាហ៍មុន ពេលនាងខ្ញុំទៅមន្ទីរពេទ្យ គ្រូពេទ្យឱ្យខ្ញុំឆ្លុះក្រពះម្ដងទៀត។ នាងខ្ញុំបដិសេធ ដោយសារភ័យព្រួយពេក តើនាងខ្ញុំត្រូវធ្វើដូចម្ដេចទៅ? លោកស្រី ត. ស. ដ អាយុ៤០ឆ្នាំ ស្វាយរៀង
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ លោកស្រីពិតជាភ័យខ្លាំងណាស់មើលទៅ! តាមពិតការដាក់សណ្ដំឬថ្នាំសន្លប់ គឺជាសភាព ដេកលក់សិប្បនិម្មិត ដែលកើតមានក្រោយពីដាក់ថ្នាំចូលទៅក្នុងខ្លួន(តាមរយៈការចាក់តាមសរសៃ ឬការហិតតាមផ្លូវដង្ហើម)។ ការ ប្រើថ្នាំសន្លប់គឺធ្វើឡើងនៅពេលមានការវះកាត់ធំ ឬដោយការឈឺចាប់ខ្លាំង ក្នុងគោលបំណងកុំឱ្យអ្នកជម្ងឺឈឺចាប់។ ការធ្វើតេស្ដច្រើន តែអនុវត្ដឡើងនៅមុនពេលធ្វើការវះកាត់ ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាព និងអវត្ដមានប្រតិកម្មទៅនឹងធាតុផ្សំនៃឱសថសណ្ដំ ឬថ្នាំសន្លប់។ តាមពិតការដាស់ថ្នាំសណ្ដំឬសន្លប់មិនមានផលប៉ះពាល់ធំដុំនោះទេ លើកលែងតែផលប៉ះពាល់តិចតួចប៉ុណ្ណោះក្រោយពេលដឹងខ្លួនមកវិញ ដូចជាអាការៈក្អួតចង្អោរ ធ្ងន់ដៃធ្ងន់ជើង ឬស្ពឹកស្រពន់មួយរយៈប៉ុណ្ណោះ រមាស់កបណ្ដាលមកពីការស៊កបំពង់ស្នាម ក្រហមឬឈឺចាប់នៅម្ដុំត្រង់ស្នាមចាក់ ពិបាកប្រមូលអារម្មណ៍ ឬបាត់បង់ការចងចាំមួយរយៈជាដើម។ ទាំងនេះជាផលប៉ះពាល់ស្រាលៗ មិននាំឱ្យបាត់បង់ជីវិតនោះឡើយ។ ផ្ទុយទៅវិញ ឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតតិចតួចបំផុត ប្រមាណជា១ភាគ១សែន ប៉ុណ្ណោះ ដែលអាចមានប្រតិកម្មធ្ងន់ធ្ងរបណ្ដាលមកពីការប្រើថ្នាំសន្លប់ឬថ្នាំសណ្ដំ គឺជាករណីប្រតិកម្មទៅនឹងសារធាតុសណ្ដំ គាំងបេះដូង ឬគាំងដង្ហើម កើតមាននៅពេលប្រើថ្នាំសណ្ដំឬពេលដឹងខ្លួនមកវិញ។ ត្រង់នេះ សូមបញ្ជាក់ថាវាជាករណីកម្របំផុត សឹងតែមិនដែល ជួបប្រទះផង ពីព្រោះរាល់ពេលវះកាត់មានអ្នកជំនាញខាងថ្នាំសណ្ដំត្រឹមត្រូវអង្គុយតាមដាន។ ហេតុនេះ សូមលោកស្រីកុំមានការ បារម្ភអី ប៉ុន្ដែត្រូវទៅព្យាបាលនៅកន្លែងដែលមានជំនាញច្បាស់លាស់ ទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply