ខ្ញុំបាទរៀបការ៥ឆ្នាំមកហើយ សព្វថ្ងៃខ្ញុំបាទមានកូនស្រីម្នាក់អាយុ២ឆ្នាំ។ រីឯប្រពន្ធខ្ញុំបាទមានផ្ទៃពោះកូនទី២ប្រមាណ៥ខែហើយ។ ខ្ញុំបាទឧស្សាហ៍ជក់បារីនៅក្នុងផ្ទះ។ តើផ្សែងបារីបង្កគ្រោះថ្នាក់ដល់ប្រពន្ធខ្ញុំ កូនដែលនៅក្នុងពោះ និងកូនស្រីរបស់ខ្ញុំបាទដែរ ឬទេ?
លោក អ.ស.ហ អាយុ៣៧ឆ្នាំ ខេត្ដកំពង់ធំ
វេជ្ជបណ្ឌិតយើងៈ ពិតជាមានគ្រោះថ្នាក់ ព្រោះថាសមាជិកក្រុមគ្រួសារ ប្ដីប្រពន្ធ កូន និងអ្នករួមដំបូលដទៃទៀត អាចទទួលរងផលប៉ះពាល់ ដូចអ្នកជក់បារីដែរ។ អ្នកជក់បារីងាយទទួលរងការកកើតជម្ងឺដុំសាច់ និងជម្ងឺមហារីក។ ដូច្នេះស្ដ្រីដែលមានផ្ទៃពោះ ជក់បារីក្ដី ហឺតផ្សែងបារីអ្នក ដទៃក្ដី ផ្សែងបារីបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់ខ្លួន និងគ្រោះថ្នាក់ដល់សុខភាពទារកក្នុងផ្ទៃ រហូតដល់អាយុជីវិតរបស់ទារកទៀត ផង។ បើលោកជក់បារី ប្រពន្ធកូន និងទារកក្នុងផ្ទៃ ក៏ជាអ្នកជក់បារីដែរ។ ស្ដ្រីមានផ្ទៃពោះ ដែលរងផលប៉ះពាល់ពីផ្សែងបារី អាចមានគ្រោះថ្នាក់ រលូតកូន ទារកស្លាប់ក្នុងផ្ទៃ ឬកើតមកមិនគ្រប់ខែជាដើម។ ម្យ៉ាងទៀត ទារកដែលប្រសូត្រពីឧទរម្ដាយជក់បារី ឬស្រូបផ្សែងបារី ច្រើនតែកើតមកមានទម្ងន់ស្រាលជ្រុល(មិនគ្រប់គីឡូ)។ ហើយទារកដែលកើតមិនគ្រប់គីឡូ ច្រើនតែមានជម្ងឺធ្ងន់ធ្ងរ ហើយអត្រាស្លាប់មានកម្រិត ខ្ពស់ជាងទារកដែលកើតមកមានទម្ងន់គ្រប់គីឡូ។
ព្រោះថា ផ្សែងបារីមានជាតិពុលជាច្រើនមុខ ដូចជាជាតិនីកូទីន កាបូនម៉ូណូអុកស៊ីដ ជាតិគួដ្រុងជាដើម។ ស្ដ្រីមានផ្ទៃពោះ ស្រូប ជាតិពុលទាំងនេះចូលទៅចរន្ដឈាម បន្ទាប់មកឆ្លងកាត់សុកម្ដាយ ហើយចូលទៅក្នុងសព៌ាង្គកាយទារកដែលនៅក្នុងផ្ទៃ។ ចំពោះកូនស្រីអាយុ ២ឆ្នាំរបស់លោក អាចទទួលរងផលប៉ះពាល់ដល់ការធំធាត់ ការលូតលាស់សួតរបស់ក្មេង ជម្ងឺបំពង់ខ្យល់ធ្ងន់ធ្ងរ ជម្ងឺសួត ជម្ងឺហឺត និងជម្ងឺ ត្រចៀក។ ពោល គឺកូនស្រីរបស់លោកក្លាយទៅជាអ្នកជក់បារីតាំងពីក្មេង ដូចឪពុកដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply